អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​ប៉ាគីស្តង់​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​បារំាង ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​ប៉ាគីស្តង់ Asif Ali Zardari ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ចំនួន ៥​ថ្ងៃ​នៅ​ក្នុង​ប្រទេស​បារំាង។ ទស្សនកិច្ច​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​អាទិត្យ ទី​១ សីហា ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី៤ សីហា ឆ្នំា ២០១០។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​លើក​ទី​២​របស់​លោក Zardari នៅ​ក្នុង​ប្រទេស​បារំាង តំាង​ពី​លោក Zardari បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ប៉ាគីស្តង់​ក្នុង​ឆ្នំា ២០០៨។

ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ប៉ាគីស្តង់ Zardari ក្នុង​ប្រទេស​បារំាង
ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ប៉ាគីស្តង់ Zardari ក្នុង​ប្រទេស​បារំាង ©F. de La Mure
ផ្សាយពាណិជ្ជកម្ម

គោលដៅ​សំខាន់ គឺ​ពង្រឹង​ទំនាក់ទំនង​ជា​ឧភតោភាគី​នៅ​ក្នុង​សហប្រតិបត្តិការ​រវាង​ទីក្រុង​ប៉ារីស និង​ទីក្រុង​អ៊ីស្លាម៉ាបាត។ សហប្រតិបត្តិការ​នៅ​ក្នុង​តំបន់ និង​លើ​ពិភពលោក សហប្រតិបត្តិការ​នៅ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ និង​សហប្រតិបត្តិការ​នៅ​លើ​វិស័យ​វិទ្យាសាស្រ្ត និង​បច្ចេកវិជ្ជា។ល។ និង។ល។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក Zardari ក្នុង​ប្រទេស​បារំាង​កាល​ពី​ខែ​ឧសភា ឆ្នំា ២០០៩ បារំាង និង​ប៉ាគីស្តង់​ធ្លាប់​បាន​និយាយ​​អំពី​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល ដែល​បារំាង​ជា​ប្រទេស​នំា​ចេញ​នូវ​បច្ចេកវិជ្ជា​នុយក្លេអ៊ែរ​ស៊ីវិល។ កាល​ពី​ឆ្នំា ២០០៩ បារំាង​ជា​អ្នក​បំពាក់​ឲ្យ​ឥណ្ឌា​ដែល​ជា​គូសត្រូវ​របស់​ប៉ាគីស្តង់ នូវ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ស៊ីវិល​ពី ២ ទៅ ៤​ម៉ាស៊ីន។

និយាយ​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​បារំាង និង​ប៉ាគីស្តង់ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ទីក្រុង​ប៉ារីស និង​អ៊ីស្លាម៉ាបាត​ក្នុង​ឆ្នំា ២០០៩ មាន​ទឹកប្រាក់​រហូត​ដល់​ទៅ ១ ១០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

យ៉ាង​ណា​ក៏​ដោយ មាន​សំណុំរឿង​សៅហ្មង​ចំនួន​ពីរ​ដែល​បាន​និង​កំពុង​បំពុល​បរិយាកាស​នៃ​ទំនាក់ទំនង​រវាង​ទីក្រុង​បារីស និង​ទីក្រុង​អ៊ីស្លាម៉ាបាត​នា​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ។ ទី​មួយ៖ គឺ​ការ​ដែល​រដ្ឋសភា​បារំាង​ត្រៀម​នឹង​អនុម័ត​ច្បាប់​ហាម​មិន​ឲ្យ​ស្រី្ត​កាន់​សាសនា​អ៊ីស្លាម​ស្លៀកពាក់​គ្រប​ដណ្តប់​ពី​ក្បាល​ដល់​ចុង​ជើង​នៅ​តាម​កន្លែង​សាធារណៈ​ក្នុង​ប្រទេស​បារំាង។ ច្បាប់​ហាម​ប្រាម​នេះ​ត្រូវ​ប្រជាជន​ប៉ាគីស្តង់​ភាគ​ច្រើន​យល់​ឃើញ​ថា ជា​ការ​រំលោភ​សិទ្ធិសេរីភាព​របស់​ប្រជាជន​អ្នក​កាន់​សាសនា​អ៊ីស្លាម ឬ​ថា​ជា​ការ​ប្រឆំាង​នឹង​សាសនា​អ៊ីស្លាម។ ចំណុច​សៅហ្មង​ទី​ពីរ គឺ​ទាក់ទង​នឹង​អំពើ​ភេរវកម្ម​ក្នុង​​ទីក្រុង​ការ៉ាជី ប្រទេស​ប៉ាគីស្តង់​កាល​ពី​ឆ្នំា ២០០២ ដោយ​បាន​ផ្តាច់​ជីវិត​ពលរដ្ឋ​បារំាង​ចំនួន ១១​នាក់។ បច្ចុប្បន្ន មាន​ប្រជាជន​ប៉ាគីស្តង់​ជិត ៧​ម៉ឺន​នាក់​កំពុង​រស់​នៅ​ក្នុង​ប្រទេស​បារំាង។

ក្រៅ​ពី​សហប្រតិបត្តិការ​ជា​ឧភតោភាគី ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ប៉ាគីស្តង់​ក្នុង​ទីក្រុង​ប៉ារីស​នា​ពេល​នេះ ក៏​នឹង​អនុញ្ញាត​ឲ្យ​ភាគី​ទំាង​ពីរ​លើក​យក​មក​និយាយ នូវ​សំណុំរឿង​មួយ​ចំនួន​ទៀត​ដូច​យ៉ាង បញ្ហា​សន្តិសុខ និង​ការ​ប្រយុទ្ធ​ប្រឆំាង​នឹង​ភេរវនិយម។

លោក Julian Assange ស្ថាបនិក​គេហទំព័រ​ WikiLeaks
លោក Julian Assange ស្ថាបនិក​គេហទំព័រ​ WikiLeaks ©Reuters/Andrew Winning

ការ​លេង​ល្បែង​មុខ​ពីរ​របស់​ប្រទេស​ប៉ាគីស្តង់

កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ គេហទំព័រ​ព័ត៌មាន​មួយ​ឈ្មោះ Wikileaks បាន​ចុះ​ផ្សាយ​ឯកសារ​សម្ងាត់​របស់​ទាហាន​អាមេរិកំាង​ពាក់ព័ន្ធ​នឹង​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់។ ឯកសារ​សម្ងាត់​ដែល​មាន​រហូត​ដល់​ទៅ​ជាង ៩ម៉ឺន​ឯកសារ។ គឺ​ជា​ឯកសារ​សម្ងាត់​របស់​ទាហាន​អាមេរិកំាង​ពាក់ព័ន្ធ​នឹង​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់​ចន្លោះ​ឆ្នំា ២០០៤ និង ២០០៩។

អ្វី​ដែល​ធ្វើ​ឲ្យ​ទំាង​អស់​គ្នា​ចាប់​អារម្មណ៍​ជាង​គេ​នៅ​ក្នុង​ឯកសារ​សម្ងាត់​នោះ គឺ​ការ​លេង​ល្បែង​មុខ​ពីរ​របស់​ប្រទេស​ប៉ាគីស្តង់ ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម។ ឯកសារ​សម្ងាត់​នោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ អំពី​ការ​រួម​សហការ​​របស់​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ប៉ាគីស្តង់​ជាមួយ​ពួក​ឧទ្ទាម​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់។ យោង​តាម​ឯកសារ​សម្ងាត់​ដដែល ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ប៉ាគីស្តង់​ថែម​ទំាង​បាន​ផ្តល់​តំបន់​កុលសម្ព័ន្ធ​របស់​ខ្លួន​នៅ​តាម​បណ្តោយ​ព្រំដែន​ជា​មួយ​អាហ្វហ្កានីស្តង់ ឲ្យ​ពួក​មេ​តាលីបង់​ធ្វើ​ជា​មូលដ្ឋាន​របស់​គេ​ក្នុង​ការ​ជ្រើសរើស​សមាជិក​ថ្មី​របស់​ខ្លួន។ ធ្ងន់ធ្ងរ​ជាង​នេះ ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ប៉ាគីស្តង់ និង​មេតាលីបង់​បាន​ជួប​ប្រជុំ​គ្នា​ដោយ​សម្ងាត់​ជា​អចិន្ត្រៃយ៍ ដើម្បី​រៀប​ចំ​ផែនការ និង​យុទ្ធសាស្រ្ត​ក្នុង​ការ​វាយប្រហារ​ទាហាន​អាមេរិកំាង​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់។ ឯកសារ​សម្ងាត់​ដដែល​បាន​បញ្ជាក់​ពី​ការ​ឃុបឃិត​ជា​មួយ​ពួក​តាលីបង់ ក្នុង​ការ​ប៉ុនប៉ង​​ធ្វើ​ឃាត​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្តង់ Karzaï កាល​ពី​ឆ្នំា ២០០៨។

លោក  Asif Ali Zardari ប្រធានាធិបតី​ប៉ាគិស្តង់
លោក Asif Ali Zardari ប្រធានាធិបតី​ប៉ាគិស្តង់ ©Reuters

លោក​ប្រធានាធិបតី​ប៉ាគីស្តង់ Asif Ali Zardari ទើស​ទាល់​ចិត្ត

បច្ចុប្បន្ន ប្រទេស​បារំាង​មាន​ទាហាន​ប្រមាណ​ជា​ ៤០០០​នាក់​កំពុង​បំពេញ​បេសកកម្ម​ជា​មួយ​កម្លំាង​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់។ គោលដៅ គឺ​កំចាត់​ពួក​ឧទ្ទាម​តាលីបង់។ អ៊ីចឹង​ឃើញ​ថា បើ​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ប៉ាគីស្តង់​បាន​ឃុបឃិត​ជា​មួយ​ពួក​តាលីបង់​ដើម្បី​ប្រឆំាង​នឹង​ទាហាន​អាមេរិកំាង​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់ វា​ដូច​ជា​ការ​ប្រឆំាង​នឹង​វត្តមាន​របស់​ទាហាន​បារំាង​នៅ​ទី​នោះ​ដែរ។

រហូត​មក​ទល់​ពេល​នេះ ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ប៉ាគីស្តង់​បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ព័ត៌មាន Wikileaks។ តែ​បាន​ធ្វើ​សម្រាប់​លោក​ប្រធានាធិបតី​ប៉ាគីស្តង់ Zardarie ទើស​ទាល់​ចិត្ត​យ៉ាង​ខ្លំាង។ មិន​មែន​មាន​តែ​ប៉ាគីស្តង់​មួយ​ទេ ដែល​ពិបាក​និយាយ​ដោះស្រាយ សូម្បី​តែ​លោក​ប្រធានាធិបតី​អាមេរិក​ Obama ក៏​ពិបាក​នឹង​និយាយ​ដោះសា​ដែរ។ ជា​មួយ​នឹង​ការ​ថ្កោល​ទោស​ចំពោះ​អ្នក​ដែល​បាន​លួច​បញ្ជូន​ឯកសារ​សម្ងាត់​ទៅ​ឲ្យ Web Site Wikileaks លោក Obama បាន​ចាត់​ទុក​ព័ត៌មាន​ទំាង​នោះ​ថា គ្មាន​អ្វី​ថ្មី និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើលទេ។ មួយ​វិញ​ទៀត លោក Obama ថែម​ទំាង​បាន​ព្យាយាម​ពន្យល់​ពលរដ្ឋ​អាមេរិកំាង​ថា ដើម្បី​អាច​កំចាត់​បណ្តាញ​ភេរវនិយម​អាល់កៃដា​បាន គេ​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​បន្ត​សង្រ្គាម​នៅ​ប្រទេស​អាហ្វហ្កានីស្តង់។

យ៉ាង​ណា​ក៏​ដោយ រឿង​អាស្រូវ​ទំាង​នេះ​មិន​បាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​ប៉ាគីស្តង់ Zardari ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​បារំាង​ឈឺ​ក្បាល​ទេ។ លោក Zardari ដែល​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ប្រទេស​បារំាង លោក​នឹង​បន្ត​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ទៀត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ