កំណើនសេដ្ឋកិច្ចអាមេរិកធ្លាក់ស្រុតចុះវិញយ៉ាងឆាប់រហ័ស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៣
ផលិតផលដុលនៅក្នុងសហរដ្ឋអាមេរិកនៅ ត្រីមាសទីពីរឆ្នាំ២០១០នេះបានកើនឡើងតែ២,៤%តែប៉ុណ្ណោះ ទល់នឹង៣,៧%នៅត្រីមាសទីមួយ។ ហេតុដូច្នេះហើយបានជាមូលនិធិរូបិយវត្ថុអន្តរជាតិFMIបានស្នើឲ្យ រដ្ឋបាលអាមេរិកាំងចាត់វិធានការថ្មីៗទៀតសម្រាប់ជួយជំរុញសេដ្ឋកិច្ច អាមេរិកាំងឲ្យមានសន្ទុះខ្លាំងឡើងវិញ។
សេដ្ឋកិច្ចអាមេរិកាំងដែលមានកំណើនតែ២,៤%នៅត្រីមាសទីពីរឆ្នាំ២០១០ពិតជាបានស្គាល់ការធ្លាក់ស្រុតចុះយ៉ាងឆាប់រហ័សមែន។ ប្រាក់អាមេរិកាំងដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានយកមកបោះទុនធ្វើវិនិយោគនិងយកមកចំណាយក្នុងវិស័យសាងសង់ក៏បានស្ទុះខ្លាំងដោយសារតែមានវិធានការសារពើពន្ធមកជួយជំរុញឲ្យមានកំណើន២,៤%ក្នុង១ឆ្នាំនៅត្រីមាសទី២ឆ្នាំ២០១០។ នេះជាការប៉ាន់ស្មានជាផ្លូវការនៅពេលថ្មីៗនេះ។ ថ្វីដ្បិតតែកំណើនសេដ្ឋកិច្ចអាមេរិកាំងនេះជាកំណើនមានលក្ខណៈមាំទាំ ក៏ប៉ុន្តែជាកំណើនសេដ្ឋកិច្ចពុំគ្រប់គ្រាន់ឡើយសម្រាប់ជួយកាត់បន្ថយចំនួនអ្នកឥតការងារធ្វើនៅសហរដ្ឋអាមេរិក។ នេះជាការទទួលស្គាល់របស់សេតវិមាន។
តួលេខនៃកំណើនសេដ្ឋកិច្ចអាមេរិកាំងនៅត្រីមាសទី២នេះបានធ្វើឲ្យគេរិតតែខកចិត្តបន្ថែមទៀត នៅខណៈដែលគេឃើញតួលេខនៃកំណើនសេដ្ឋកិច្ចនៅត្រីមាសទីមួយដែលមានដល់ទៅ៣,៧%។ ហើយជាងនេះទៅទៀត គេបានគ្រោងប្រមាណថា នៅត្រីមាសទី២ឆ្នាំ២០១០ សន្ទុះកំណើនសេដ្ឋកិច្ចអាមេរិកអាចមាន២,៧%។
កត្តាចម្បងដែលបានធ្វើឲ្យសន្ទុះកំណើនសេដ្ឋកិច្ចអាមេរិកធ្លាក់ស្រុតចុះឆាប់រហ័សគឺបណ្តាលមកពីការចំណាយទៅលើការទិញដូរហូបចុកផ្ទៃក្នុងបានស្គាល់ការធ្លាក់ចុះថមថយនៅត្រីមាសទី២។ តាមធម្មតា ការទិញដូរហូបចុកផ្ទៃក្នុងតំណាងដល់ទៅ២/៣នៃសកម្មភាពសេដ្ឋកិច្ចអាមេរិកាំង។ គួរកត់សម្គាល់ថា នៅត្រីមាសទី១ ការទិញដូរហូបចុកផ្ទៃក្នុងអាមេរិកាំងបានកើនឡើង១,៩% ហើយចាប់ពីខែមេសាមកទល់នឹងខែមិថុនាកន្លងទៅនេះ ការទិញដូរហូបចុកផ្ទៃក្នុងបានកើនឡើងតែ១,៦%ប៉ុណ្ណោះ។ ដូច្នេះគឺការថយស្រុតចុះនៃកំណើនទិញដូរហូបចុកផ្ទៃក្នុងនេះហើយដែលបានធ្វើឲ្យសេដ្ឋកិច្ចអាមេរិកជួបនឹងការធ្លាក់ស្រុតចុះ។
បញ្ហាអត្រាខ្ពស់នៃអ្នកឥតការងារធ្វើ ហើយនិងការខិតខំសងប្រាក់បំណុលពិតជាមូលហេតុដែលនាំឲ្យការទិញដូរហូបចុកផ្ទៃក្នុងអាមេរិកាំងស្គាល់ការស្រុតចុះថមថយ។ ដំណឹងល្អមានតែមួយគត់គឺការបោះទុនធ្វើវិនិយោគនៅក្នុងសហគ្រាសបានកើនឡើងដល់ទៅ១៧%ដែលជាអត្រាមួយគេពុំដែលឃើញមានចាប់តាំងពីដើមឆ្នាំ២០០៦មក។
ការនាំចេញរបស់សហរដ្ឋអាមេរិកបានស្គាល់សកម្មភាពថយស្រុតចុះ។ ចំណែកឯការនាំចូលអាមេរិកាំងវិញបានស្ទុះកើនឡើង២៨,៨%ដែលមានសន្ទុះបីដងលឿនជាការនាំចេញ។ សកម្មភាពថយស្រុតចុះនៃការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់ក្រៅប្រទេសបានធ្វើឲ្យសេដ្ឋកិច្ចអាមេរិកាំងបាត់បង់កំណើនអស់២,៧៨%។
សូមគូសបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចនិងស្ថានភាពហិរញ្ញវត្ថុពុំសូវល្អរបស់សហរដ្ឋអាមេរិកពិតជាកត្តាមួយដ៏សំខាន់ដែលបានធ្វើឲ្យគ្រួសារអាមេរិកាំងបាត់បង់ទំនុកចិត្តកក់ក្តៅ។ ការបាត់បង់ទំនុកចិត្តកក់ក្តៅនៃគ្រួសារអាមេរិកាំងនេះហើយដែលជាមូលហេតុនាំឲ្យការទិញដូរហូបចុកផ្ទៃក្នុងធ្លាក់ស្រុតចុះ។ បើយោងតាមការស្ទាបស្ទង់មួយរបស់មហាវិទ្យាល័យអាមេរិកាំងនៃរដ្ឋMichigan បានឲ្យដឹងថា ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០០៩មក គេពុំដែលឃើញសោះឡើយ ការបាត់បង់ទំនុកចិត្តកក់ក្តៅរបស់គ្រួសារអាមេរិកាំងដែលបានធ្លាក់មកនៅកម្រិតមួយដ៏សែនទាបបែបនេះ។
ដូច្នេះ ការថយស្រុតចុះនៃសកម្មភាពសេដ្ឋកិច្ចអាមេរិកាំងច្បាស់ជាបណ្តាលនាំឲ្យមានការតស៊ូមតិមួយនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីរិះរកបង្កើតឲ្យមានផែនការមួយថ្មីទៀតសម្រាប់ជំរុញឲ្យមានកំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ