អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហព័ន្ធ​អារ៉ាប់​យល់ព្រម​ឲ្យ​មាន​កិច្ចចរចា​ផ្ទាល់​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ កក្កដា ឆ្នំា ២០១០ ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​របស់​បណ្តា​ប្រទេស​ក្នុង​សហព័ន្ធ​អារ៉ាប់​បាន​បិទ ​បញ្ចប់​សម័យ​ប្រជុំ​នៅ​ក្នុង​ទីក្រុង Caire ប្រទេស​អេហ្ស៊ីព្ទ។ ប្រធានបទ​ចម្បង​នៃ​សម័យ​ប្រជុំ​គឺ​ស្វែង​រក​សន្តិភាព​រវាង​ភាគី​ជម្លោះ​ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ក្នុង​សំណុំរឿង​នេះ សហព័ន្ធ​អារ៉ាប់​បាន​ព្រមព្រៀង​គ្នា​ជា​គោលការណ៍ ឲ្យ​មាន​កិច្ចចរចា​ដោយ​ផ្ទាល់​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

ជំនួប​កំពូល​ប្រចាំឆ្នាំ​២០១០​របស់​បណ្តា​ប្រទេស​ក្នុង​សហព័ន្ធអារ៉ាប់​នៅ​ប្រទេស​អេហ្ស៊ីព្ទ
ជំនួប​កំពូល​ប្រចាំឆ្នាំ​២០១០​របស់​បណ្តា​ប្រទេស​ក្នុង​សហព័ន្ធអារ៉ាប់​នៅ​ប្រទេស​អេហ្ស៊ីព្ទ ©Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​២៩ កក្កដា បណ្តា​ប្រទេស​ក្នុង​សហព័ន្ធ​អារ៉ាប់​មិន​បាន​ស្តី​បន្ទោស ឬ​មួយ​ក៏​ចាប់​បង្ខំ​ភាគី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ឲ្យ​អនុវត្ត​តាម​វិធានការ​ណា​មួយ​ទេ។ អ្វី​ដែល​សហព័ន្ធ​អារ៉ាប់​បាន​ព្រមព្រៀង​គ្នា​ជា​គោលការណ៍ គឺ​ឲ្យ​មាន​កិច្ចចរចា​ដោយ​ផ្ទាល់​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​នៅ​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព​រវាង​គ្នា។ តែ​ទន្ទឹម​គ្នា​នេះ សហព័ន្ធ​អារ៉ាប់​បាន​ទុក​ឲ្យ​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas ជា​អ្នក​សម្រេច​ចិត្ក​ដោយ​ខ្លួន​ឯង។

ជម្រើស​របស់​សហព័ន្ធ​អារ៉ាប់​ឲ្យ​មាន​កិច្ចចរចា​ដោយ​ផ្ទាល់​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​នា​ពេល​នេះ ក៏​ជា​ជម្រើស​មួយ​ដែល​បាន​ស្នើ​ឡើង​ដោយ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​អង្គការសហប្រជាជាតិ​ដែរ។ មួយ​វិញ​ទៀត មាន​ប្រទេស​មួយ​ចំនួន ដូច​យ៉ាង​ប្រទេស​អេហ្ស៊ីព្ទ និង​ប្រទេស Jordanie ចង់​ឲ្យ​មាន​កិច្ច​ចរចា​ភ្លាមៗ តែ​មាន​ប្រទេស​ខ្លះ​ទៀត​ជំទាស់​យ៉ាង​ប្រទេស Syrie Qatar និង​ប្រទេស Algérie។

ការ​ដែល​សហព័ន្ធ​អារ៉ាប់​បាន​យល់​ព្រម​ឲ្យ​មាន​កិច្ច​ចរចា​ដោយ​ផ្ទាល់​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​នា​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ចរចា​ដោយ​ប្រយោល​មិន​បាន​ជោគជ័យ​រវាង​ភាគី​ជម្លោះ​ទំាង​ពីរ​ដឹក​នំា​ដោយ​អាមេរិក​តំាង​ពី​ខែ​ឧសភា​កន្លង​មក។

លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas (រូបឆ្វេង) និង​លោក Amr Moussa អគ្គលេខាធិការ​សហព័ន្ធ​អារ៉ាប់
លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas (រូបឆ្វេង) និង​លោក Amr Moussa អគ្គលេខាធិការ​សហព័ន្ធ​អារ៉ាប់ ©Reuters

ភាគី​ប៉ាឡេស្ទីន ជា​អ្នក​សម្រេច​ចិត្ត​ចុង​ក្រោយ

កន្លង​មក កិច្ចចរចា​ដោយ​ផ្ទាល់​រវាង​ភាគី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ធ្លាប់​មាន​ជា​ហូរហែ តែ​ត្រូវ​បាន​ព្យួរចោល​នៅ​ដំណាច់​ឆ្នំា ២០០៨ ពោល​គឺ​ក្រោយ​ពី​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ទៅ​លើ​តំបន់ Gaza ក្នុង​ទឹក​ដី​ប៉ាឡេស្ទីន។ ជា​រួម​ទៅ អ្វី​ដែល​ភាគី​ប៉ាឡេស្ទីន​ចង់​បាន​គឺ​រដ្ឋ​ប៉ាឡេស្ទីន​មួយ​ឯករាជ្យ រស់​ក្បែរ​រដ្ឋ​អ៊ីស្រាអែល។ លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas មិន​ជំទាស់​នឹង​ការ​បើក​កិច្ចចរចា​ជាថ្មី​ដោយ​ផ្ទាល់​ជា​មួយ​អ៊ីស្រាអែល​ទេ តែ​លោក Abbas បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​​បិទ​បញ្ចប់​អាណានិគមកិច្ច​របស់​ពួក Juif លើ​ដែនដី​ប៉ាឡេស្ទីន និង​ការ​ធានា​អំពី​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​អនាគត​រដ្ឋ​ប៉ាឡេស្ទីន។ លោក Abbas បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា លោក​នឹង​មិន​អង្គុយ​ចរចា​ទល់​មុខ​គ្នា​ជា​មួយ​អ៊ីស្រាអែល​ជា​ដាច់​ខាត ប្រសិន​បើ​អ៊ីស្រាអែល​មិន​ព្រម​បិទ​បញ្ចប់​អាណានិគមកិច្ច​របស់​ពួក Juif លើ​ទឹក​ដី​ប៉ាឡេស្ទីន និង​មិន​ព្រម​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​អនាគត​រដ្ឋ​ប៉ាឡេស្ទីន​ទេ​នោះ។

មិន​ថា​តែ​ភាគី​ប៉ាឡេស្ទីន​ម្នាក់​ទេ គឺ​ប្រទេស​អារ៉ាប់​សឹង​តែ​ទំាង​អស់​តែ​ម្តង​ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​លើក​យក​មក​ជជែក​ឡើង​វិញ អំពី​ខ្សែ​បន្ទាត់​ព្រំដែន​កាល​ពី​ឆ្នំា ១៩៦៧។ លោក Amr Moussa, អគ្គលេខាធិការ​សហព័ន្ធ​អារ៉ាប់​បាន​បញ្ជាក់​ថា មាន​លក្ខខណ្ឌ​ចំនួន​៣​ដើម្បី​អាច​ឲ្យ​កិច្ចចរចា​ផ្ទាល់​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​អាច​ចាប់​ផ្តើម​បាន ទីមួយ៖ ត្រូវ​មាន​ការ​ធានា​ជា​លាយលក្ខណ៍​អក្សរ​ពី​ភាគី​ពាក់​ព័ន្ធ​ជា​មុន​សិន ទីពីរ៖ កិច្ចចរចា​ត្រូវ​តែ​មាន​លក្ខណៈ​ប្រាកដប្រជា និង​ទី​បី៖ កិច្ចចរចា​ត្រូវ​តែ​លើក​មក​និយាយ​អំពី​លក្ខន្តិក​នៃ​អនាគត​រដ្ឋ​ប៉ាឡេស្ទីន និង​ផែនការ​សន្តិភាព។ យ៉ាង​ណា​ក៏​ដោយ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu បាន​បញ្ជាក់​ច្បាស់ៗ​ថា លោក​មិន​អាច​ទទួល​យក​លក្ខខ័ណ្ឌ​ទំាង​នេះ​បាន​ទេ។

លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas
លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas ©Reuters

លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas ស្ថិត​ក្រោម​គំនាប

ជាង​ពេល​ណាៗ​ទំាង​អស់ សហគមន៍​អន្តរជាតិ​ក្នុង​នោះ​មាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ កំពុង​ព្យាយាម​និយាយ​ជំនះ​ភាគី​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ឲ្យ​ត្រឡប់​មក​អង្គុយ​ចរចា​ទល់​មុខ​គ្នា​ឡើង​វិញ។ លោក​ប្រធានាធិបតី​អាមេរិក Obama ធ្លាប់​បាន​និយាយ​កាល​ពី​ដើម​ខែ​កក្កដា​នេះ​ថា លោក​សង្ឃឹម​ថា​កិច្ច​ចរចា​ដោយ​ផ្ទាល់​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​នឹង​អាច​ចាប់​ផ្តើម​ជា​ថ្មី​នៅ​មុន​ថ្ងៃ​ទី ២៦ កញ្ញា​ខាង​មុខ។ លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas ផ្ទាល់​ខ្លួន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​មួយ​ជីវិត​របស់​លោក លោក​មិន​ដែល​បាន​ទទួល​គំនាប​ពី​សហគមន៍​អន្តរជាតិ​ខ្លំាង​ដល់​ម្លឹង​ទេ។ តែ​លោក Abbas ក៏​បាន​រម្លឹក​ជា​ថ្មី​ទៀត​ថា អ្វី​ដែល​លោក​បាន​ទាមទារ​នា​ពេល​នេះ គឺ​​មិន​មែន​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ តែ​ដើម្បី​អនាគត​រដ្ឋ​ប៉ាឡេស្ទីន​មួយ រស់​ក្បែរ​រដ្ឋ​អ៊ីស្រាអែល​ដោយ​សន្តិភាព។ ជា​រួម​ទៅ អ្វី​ដែល​សំខាន់​មិន​មែន​ស្ថិត​លើ​គំនាប​របស់​អ្នក​នេះ ឬ​អ្នក​នោះ​ទេ តែ​វា​អាស្រ័យ​ទំាង​ស្រុង​លើ​ឆន្ទៈ​របស់​ភាគី​ដែល​ពាក់ព័ន្ធ គឺ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ