អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភាជប៉ុន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ​នេះ​ ប្រជាជន​ជប៉ុន​ត្រូវ​ចូល​រួម​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ ព្រឹទ្ធសភា​ជប៉ុន​ចំនួន​ពាក់​កណ្តាល​ពោល​គឺ​១២១នាក់​ក្នុង​ចំណោម​សមាជិក​ ទាំងអស់​២៤២នាក់។​ ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ជប៉ុន​លើកនេះ​មាន​លក្ខណៈ​ជា​”​ Test​”​មួយ​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្មី​ Naoto Kan ដែល​បាន​ឡើង​មក​កាន់​អំណាច​បាន​ប្រមាណ​មួយ​ខែ។  

ប្រជាជន​​ជប៉ុន​​ត្រូវ​ចូល​​រួម​ធ្វើ​ការ​​បោះ​ឆ្នោត​​ជ្រើសតាំង​​សមាជិក​​ ព្រឹទ្ធសភា​​នៅ​ថ្ងៃ​អាទិត្យ​​ទី១១​កក្កដាឆ្នាំ២០១០
ប្រជាជន​​ជប៉ុន​​ត្រូវ​ចូល​​រួម​ធ្វើ​ការ​​បោះ​ឆ្នោត​​ជ្រើសតាំង​​សមាជិក​​ ព្រឹទ្ធសភា​​នៅ​ថ្ងៃ​អាទិត្យ​​ទី១១​កក្កដាឆ្នាំ២០១០ ©reuters
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ជប៉ុន​លើកនេះ​ត្រូ​វគេ​ចាត់​ទុក​ថា​ជា​”​Test​”​មួយ​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្មី​ ​Naoto Kan​ បណ្តាល​មកពី​បក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន​( PDJ )​ដែល​បាន​ឡើង​មក​កាន់​កាប់​អំណាច​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ២០០៩​ ក្រោយពី​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​នាឱកាស​បោះឆ្នោត​សភា​នៅ​ប៉ុន្មាន​​ខែ​មុន​នេះ​ សង្ឃឹម​ថា​នឹង​អាច​ក្តោបក្តាប់​ព្រឹទ្ធសភា​ជប៉ុន​បន្ត​ទៅ​ទៀត​ ដោយ​មាន​ជំនួយ​គាំទ្រ​ពី​សំណាក់​សមាជិក​ព្រឹត្ធសភា​មក​ពី​គណបក្ស​ដទៃ​ទៀត។

 
ការិយាល័យ​បោះឆ្នោត​ចាប់​បើក​ទ្វារ​នៅ​ម៉ោង​៧ព្រឹក​ដើម្បី​ទទួល​ប្រជា​ជន​​ជប៉ុន​ប្រមាណ​១០៤លាន​នាក់​ឲ្យ​មក​ចូល​រួម​ធ្វើការ​បោះឆ្នោត​ជ្រើស​​តាំង​សមាជិក​ព្រឹទ្ធសភា​ចំនួន​ពាក់​កណ្តាល​ពោលគឺ​១២១នាក់​ក្នុង​ចំណោម​សមាជិក​ទាំងអស់​២៤២នាក់។​ ការិយាល័យ​នឹង​ត្រូវ​បិទ​ទ្វារ​​នៅ​ម៉ោង​៨យប់​ត្រូវជា​ម៉ោង​១១​ម៉ោង​សាកល។

ដើម្បី​រក្សា​ឲ្យ​បាន​មតិ​ភាគច្រើន​នៅ​ព្រឹទ្ធសភា​ជប៉ុន​ ក្រុម​បក្ស​ចម្រុះ​ដែល​​ក្នុង​នោះ​មាន​ បក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន​( PDJ )​ គណបក្ស​ថ្មី​របស់​ប្រជាជន​( NPP )​ និងគណបក្សអ្នកជាតិ​និយម​តូចៗ​ឯទៀត​ ត្រូវ​ទទួល​ឲ្យ​បាន​៥៦​​អាសនៈ​នៅ​ក្នុង​ចំណោម​អាសនៈ​ទាំងអស់​១២១​ដែល​​គេ​ដាក់​ប្រកួត​ប្រជែង។

បើ​យោងតាម​ការ​ស្ទាបស្ទង់​មតិ​នៅ​ពេល​ថ្មីៗ​កន្លង​ទៅនេះ​ ប្រជាជន​ជប៉ុន​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ដោយហេតុ​តែ​ លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្មី​Naoto Kan​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ អាច​មាន​ការ​ដំឡើង​ពន្ធ​ដារ​ទៅលើ​ការ​ទិញដូរ​ហូបចុក​ ដែល​បច្ចុប្បន្ន​នេះ​មាន​អត្រា​៥%។​ ដូច្នេះ​ហើយ​បាន​ជា​គេ​បារម្ភ​ខ្លាចក្រែង​សម្លេង​ឆ្នោត​ទាំងនោះ​អាច​បាត់បង់​រប៉ាត់​រប៉ាយ​រត់​ទៅ​ចូល​គណបក្ស​ដទៃ​ទៀត​ដែល​មាន​ចំនួន​ប្រាំបី។

សូមគូស​បញ្ជាក់ថា​ ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ជប៉ុន​លើក​នេះ​គឺ​ពិត​ជា​ជា​”​Test​”​មួយ​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្មី​Naoto Kan​ដែល​ជា​អតីត​សកម្មជន​នៃ​បក្ស​ឆ្វេងនិយម​ ហើយ​ឥឡូវ​នេះ​បាន​ប្រែមក​គាំទ្រ​នយោបាយ​ថវិកា​ត្បិតត្បៀត​ទៅវិញ។​ ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ជប៉ុន​លើកនេះ​ត្រូ​វគេ​ចាត់ទុក​ថា​ជា​”​Test​”​មួយ​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្មី​Naoto Kan​ដែល​មាន​អាយុ​៦៣ឆ្នាំ​ លោក​បាន​ឡើង​មក​ទទួល​តំណែង​តស្នង​ពី​លោក​អតីត​នាយក​រដ្ឋមន្ត្រី​Yukio Hatoyama​ដែល​បាន​លា​ចេញ​ពី​មុខ​តំណែង​​ក្រោយពី​បាន​ឡើង​មក​កាន់​អំណាច​បាន​តែ​៩ខែ​ ហើយ​ត្រូវ​បង្ខំ​ខ្លួន​ចាក​ចេញ​ពី​មុខ​តំណែង​ ដោយ​ហេតុតែ​អប្រជាប្រិយ​និង​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ប្រទេស។

បើ​ប្រសិន​ជា​ បក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន​( PDJ )​បាត់បង់​មតិ​ភាគច្រើន​នៅ​ព្រឹទ្ធសភា​មែននោះ​ បក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន​ត្រូវ​តែ​បង្ខំ​ខ្លួន​ស្វះ​ស្វែង​​​រក​ចង​សម្ពន្ធភាព​ជា​មួយ​គណបក្ស​ផ្សេង​ទៀត​ដើម្បី​អាច​បន្ត​គ្រប់​គ្រង​ប្រទេស។​ ដូច្នេះ​ សេរីភាព​និង​ការ​រិះរក​អនុវត្ត​នយោបាយ​របស់​បក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន​( PDJ )​ ក៏​អាច​ស្គាល់​ការ​រួញខើត​តាម​នោះ​ដែរ។​ ហេតុ​ដូច្នោះ​ហើយ​ បាន​ជា​បក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន​បាន​ធ្វើ​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ បក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន​ត្រូវតែ​បន្ត​អភិវឌ្ឍ​ប្រទេស​ដោយ​ឈរ​លើ​គោលការណ៍​និង​មូលដ្ឋាន​នយោ​បាយ​​​មួយ​ដែល​មាន​ស្ថិរភាព​ ប្រជាជន​ជប៉ុន​គួរតែ​បន្ត​ផ្តល់​សម្លេង​ឆ្នោត​គាំទ្រ​ឲ្យ​បក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន​( PDJ )​នៅ​ព្រឹទ្ធសភា​ជប៉ុន។

បក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន​( PDJ )​ក៏​បាន​ធ្វើការ​សុំទោស​ប្រជាជន​ជប៉ុន​ផងដែរ​ចំពោះ​រឿង​អាស្រូវ​ដែល​បាន​កើតមាន​ដោយហេតុ​តែ​មាន​បញ្ហា​ពុករលួយ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ហិរញ្ញប្បទាន​ដែល​បាន​កើត​មាន​អស់​រយៈ​ដប់ខែ​ ហើយនិង​រឿង​រញេរញៃ​ជុំវិញ​បញ្ហា​ប្តូរ​ទីតាំង​មូលដ្ឋាន​យោធា​​អាមេរិក​នៅកោះ​អូគីណាវ៉ា។​ លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្មី​Naoto Kan ដែល​បាន​ឡើង​មក​កាន់​អំណាច​បាន​ប្រមាណ​មួយខែ​ត្រូវការ​សម្លេង​គាំទ្រ​ពី​ប្រជាជន​ជប៉ុន​ដើម្បី​បើក​ទំព័រ​មួយ​ថ្មី​សម្រាប់​គ្រប់​គ្រង​ប្រទេស​ជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ