អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អៀរ៉ង់​ត្រៀម​ជាស្រេច​នឹងចរចា​ជាមួយ​ក្រុមប្រទេស​៥+១​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​អៀរ៉ង់​បាន​ប្រកាស​ឲ្យ​ដឹង​កាល ​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​បាន​ត្រៀម​ជា​ស្រេច​នឹង​ចាប់​ធ្វើ​ការ​ចរចា​ ឡើងវិញ​ជាមួយ​ក្រុម​ប្រទេស​៥+១​នៅ​ខែ​កញ្ញា​ខាងមុខ​នេះ​ស្ដីពី​កម្មវិធី​ នុយក្លេអ៊ែរ។​ ក៏​ប៉ុន្តែ​លុះ​ត្រា​ណា​តែ​កម្មវត្ថុ​នៃ​កិច្ចចរចា​នោះ​មាន​លក្ខណៈ​ជាក់​ ច្បាស់​ជាមុន​សិន។ 

ប្រធាន​នៃ​ក្រុម​អ្នកចរចា​អៀរ៉ង់​លោក​Saïd Jalili ​
ប្រធាន​នៃ​ក្រុម​អ្នកចរចា​អៀរ៉ង់​លោក​Saïd Jalili ​ © Reuters)
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ គេ​បាន​ត្រៀម​ជា​ស្រេច​នឹង​ធ្វើការ​ចរចា​ជា​មួយ​ប្រទេស​អៀរ៉ង់​ លុះត្រា​ណា​តែ​សំណើ​របស់​អៀរ៉ង់​ដែល​ស្នើ​ចាប់​ធ្វើការ​ចរចា​ឡើងវិញ​ជាមួយ​ក្រុម​ប្រទេស​៥+១​នៅ​ខែ​កញ្ញា​ខាងមុខ​នេះ​ស្ដីពី​កម្មវិធី​នុយក្លេអ៊ែរ​មាន​លក្ខណៈ​ហ្មត់ចត់​ត្រឹម​ត្រូវ។​​ ចំណែកឯ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ដែល​មាន​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​នេតានយ៉ាហូ​បាន​ថ្លែង​ឲ្យ​ដឹងថា​ លោក​នៅ​តែ​ទាមទារ​ឲ្យ​បន្ត​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​អៀ​រ៉ង់​​ពាក់ព័ន្ធ​នឹង​បញ្ហ​នុយ​ក្លេអ៊ែរ​នេះ។​ ទាំងនេះ​ក្នុង​គោល​បំណង​បង្ខំ​ឲ្យ​ទីក្រុង​តេហេរ៉ង់​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ជាមួយ​សហគមន៍​អន្តរជាតិ​ ហើយនិង​ឲ្យ​អៀរ៉ង់​បញ្ឈប់​ទង្វើ​គំរាម​កំហែង​ទៅលើ​ប្រទេស​ជិតខាង។

 
សហភាព​អឺរ៉ុប​ឯណេះ​យល់ថា​ សំណើ​របស់​ប្រទេស​អៀរ៉ង់​គឺជា​ដំ​ណឹង​​ល្អ​ ក៏​ប៉ុន្តែ​ទីក្រុង​តេហេរ៉ង់​ត្រូវតែ​ចរចា​ឲ្យ​បាន​ហ្មត់ចត់​ពី​បញ្ហា​នុយ​ក្លេអ៊ែរ​ ហើយ​ពុំ​ត្រូវ​និយាយ​ចរចា​ពី​បញ្ហា​ដទៃ​ទៀត​ឡើយ។

ប្រធាន​នៃ​ក្រុម​អ្នកចរចា​អៀរ៉ង់​លោក​Saïd Jalili ​នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​លោក​ស្រី​ប្រមុខ​ការទូត​នៃ​សហភាព​អឺរ៉ុប​Catherine Ashton ​បាន​បញ្ជាក់​ថា​ “​នៅ​ខណៈ​ដែល​កម្មវត្ថុ​នៃ​កិច្ចចរចា​ពាក់ព័ន្ធ​នឹង​បញ្ហា​នុយ​ក្លេអ៊ែរ​មាន​លក្ខណៈ​ជាក់ច្បាស់​ ប្រទេស​អៀរ៉ង់​ត្រៀម​ខ្លួន​ជា​ស្រេច​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហគមន៍​អន្តរជាតិ។

គួរកត់​សម្គាល់​ថា​ ​លោក​ស្រី​Ashton ​ប្រមុខការទូតនៃសហភាពអឺរ៉ុប​បាន​សរសេរ​លិខិត​មួយ​ច្បាប់​កាលពី​ពាក់​កណ្តាល​ខែ​មិថុនា​ផ្ញើ​ទៅ​លោក​​ប្រធាន​ដឹកនាំ​កិច្ចចរចា​លោក​Saïd Jalili​ដើម្បី​ឲ្យ​ប្រទេស​អៀរ៉ង់​ចាប់​ធ្វើ​កិច្ចចរចា​ឡើងវិញ​ជាមួយ​ក្រុម​ប្រទេស​៥+១​ដែល​ក្នុង​នោះ​មាន​៖​ សហរដ្ឋ​អាមេរិក​ ប្រទេស​រុស្ស៊ី ​ប្រទេស​ចិន​ ប្រទេស​បារាំង​ ប្រទេស​អង់គ្លេស​ និង​ប្រទេស​អាល្លឺម៉ង់។​ ទាំងនេះ​ក្រោយពី​មាន​ការ​អនុម័ត​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​កាលពី​ថ្ងៃទី​៩​មិថុនា​កន្លងទៅ។

ប៉ុន្តែ​លោក​Saïd Jalili​បាន​បញ្ចេញ​លក្ខខណ្ឌ​ដែល​បាន​ដាក់​ដោយ​លោក​ប្រធានាធិបតី​អៀរ៉ង់​Mahmoud Ahmadinejad កាលពី​ថ្ងៃទី​២៨​មិថុនា​ទៅលើ​ប្រទេស​មហា​អំណាច។​ លក្ខខណ្ឌ​ទាំងនោះ​មាន៖​
-កិច្ចចរចា​ត្រូវមាន​កម្មវត្ថុ​ច្បាស់លាស់​ពោលគឺ​ត្រូវមាន​សហ​ប្រតិ​បត្តិ​ការ​​នឹង​គ្នា​ ឬ​ត្រូវ​បន្ត​ឲ្យ​មាន​អរិភាព​នឹង​គ្នា។
-ឬមួយ​ប្រទេសអៀរ៉ង់​ត្រូវបន្ត​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ក្នុង​វិស័យ​នុយក្លេអ៊ែរ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ