កិច្ចព្រមព្រៀងរវាងអៀរ៉ង់ ប្រេស៊ីល និងទួរគីដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២០
ដោយមានកិច្ចព្រមព្រៀងជាមួយប្រទេសប្រេស៊ីលនិងទួរគី ប្រទេសអៀរ៉ង់បានយល់ព្រមកាលពីថ្ងៃចន្ទម្សិលមិញធ្វើការដោះដូរជាមួយបរទេសនូវជាតិUraniumចម្រើនធាតុតិចទាបរបស់ខ្លួនប្តូរនឹងវត្ថុធាតុឥន្ធនះសម្រាប់ប្រតិករនុយក្លេអ៊ែរ។
សេចក្តីប្រកាសសម្រេចបាននូវកិច្ចព្រមព្រៀងរវាងអៀរ៉ង់ ប្រេស៊ីល និងទួរគីដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរនេះ ធ្លាក់ចំពេលដែលប្រទេសលោកខាងលិចកំពុងរិះរកធ្វើការពង្រឹងដាក់ទណ្ឌកម្មទៅលើប្រទេសអៀរ៉ង់ដែលគេសង្ស័យថាកំពុងខិតខំផលិតអាវុធនុយក្លេអ៊ែរដោយលាក់បំពួនខ្លួននៅពីក្រោយកម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ខ្លួន។
កិច្ចព្រមព្រៀងរវាងអៀរ៉ង់ ប្រេស៊ីល និងទួរគីដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរនេះគឺជាលទ្ធផលនៃការសម្រុះសម្រួលរបស់ប្រទេសប្រេស៊ីលនិងប្រទេសទួរគីដែលជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ កិច្ចព្រមព្រៀងនេះបានត្រូវចុះហត្ថលេខានៅទីក្រុងតេហេរ៉ង់ដោយប្រមុខការទូតនៃប្រទេសទាំងបីដោយមានវត្តមានផងទៀតរបស់លោកប្រធានាធិបតីអៀរ៉ង់Mahmoud Ahmadinejad លោកប្រធានាធិបតីប្រេស៊ីលLuiz Inacio Lula da Silva និងលោកនាយករដ្ឋមន្ត្រីទួរគីRecep Tayyip Erdogan។
កិច្ចព្រមព្រៀងរវាងប្រទេសទាំងបីគ្រោងបញ្ជូនជាតិUraniumចម្រើនធាតុតិចទាបរបស់អៀរ៉ង់ពោលគឺមានកម្រិត(៣,៥%)ប្រមាណ ១២០០គីឡូក្រាមយកទៅស្តុកទុកនៅប្រទេសទួរគី ហើយប្តូរយកមកវិញនូវវត្ថុធាតុឥន្ធនះចម្រើនធាតុដល់កម្រិត២០%ប្រមាណ១២០គីឡូក្រាមដែលប្រតិករនុយក្លេអ៊ែរអៀរ៉ង់ត្រូវការ។ ដូច្នេះនៅខណៈនេះ បាល់ដែលត្រូវលេងគឺឋិតនៅខាងប្រទេសបស្ចិមលោក។
កិច្ចព្រមព្រៀងរវាងអៀរ៉ង់ ប្រេស៊ីល និងទួរគីដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរដែលបានប្រកាសឲ្យដឹងកាលពីថ្ងៃចន្ទទី១៧ឧសភាកន្លងទៅ បានត្រូវអ្នកនាំពាក្យនៃប្រធានាធិបតីអាមេរិកលោកRobert Gibbsចាត់ទុកថាជាជំហានមួយឈានទៅរកសភាពវិជ្ជមាន។ ក៏ប៉ុន្តែទីក្រុងតេហេរ៉ង់ត្រូវចាត់វិធានការចាំបាច់ដើម្បីធ្វើឲ្យសហគមន៍អន្តរជាតិមានជំនឿថាកម្មវិធីនុយក្លេអ៊ែរអៀរ៉ង់ជាកម្មវិធីនុយក្លេអ៊ែរមានគោលបំណងស៊ីវិល។ សហរដ្ឋអាមេរិកបារម្ភខ្លាចក្រែងទីក្រុងតេហេរ៉ង់យកកិច្ចព្រមព្រៀងរវាងអៀរ៉ង់ ប្រេស៊ីល និងទួរគីមកធ្វើជាលេសសម្រាប់ពន្យឺតការដាក់ទណ្ឌកម្មអន្តរជាតិជាថ្មីទៅលើប្រទេសអៀរ៉ង់។
ប្រទេសលោកខាងលិចឯទៀតៗនៅតែមានការប្រយ័ត្នប្រយែងពុំទុកចិត្តប្រទេសអៀរ៉ង់ឡើយ។ លោកស្រីCatherine Ashton ប្រមុខការទូតនៃសហភាពអឺរ៉ុបបានថ្លែងឲ្យដឹងថា កិច្ចព្រមព្រៀងរវាងអៀរ៉ង់ ប្រេស៊ីល និងទួរគីនេះគ្រាន់តែធ្វើការឆ្លើយតបមួយភាគទៅលើការទាមទារចង់បានរបស់ទីភ្នាក់ងារអន្តរជាតិខាងថាមពលអាតូមិកAIEA តែប៉ុណ្ណោះ។ ចំណែកឯប្រធាននៃសហភាពអឺរ៉ុបលោកHerman Van Rompuy វិញបានបញ្ជាក់ឲ្យដឹងថា ជំហររបស់សហភាពអឺរ៉ុបពុំប្តូរប្រែឡើយ។ គេនៅតែបារម្ភយ៉ាងខ្លាំងនឹងបញ្ហានុយក្លេអ៊ែរអៀរ៉ង់។
នៅថ្ងៃអង្គារនេះ ប្រទេសចិនបានសរសើរដល់កិច្ចព្រមព្រៀងដែលសម្រេចបានរវាងប្រទេសអៀរ៉ង់ ប្រេស៊ីល និងទួរគីដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរ ដោយបានធ្វើការកត់សម្គាល់ថា សាធារណរដ្ឋអ៊ីស្លាមអៀរ៉ង់បានសាងផ្ទេរជាតិUranium ចម្រើនធាតុមួយភាគធំរបស់ខ្លួនទៅបរទេស ដើម្បីប្តូរយកវត្ថុធាតុឥន្ធនះសម្រាប់ប្រើប្រាស់នៅក្នុងកម្មវិធីវិទ្យាសាស្ត្ររបស់ខ្លួន។
ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអ ស ប និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសអៀរ៉ង់ ប្រទេសចិនមានតួនាទីគន្លឹះក្នុងកិច្ចចរចានៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអ ស ប ដែលកំពុងរិះរកធ្វើការដាក់ទណ្ឌកម្មជាថ្មីទៅលើប្រទេសអៀរ៉ង់ដែលកំពុងបន្តកម្មវិធីចម្រើនធាតុUranium របស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ