អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក​ចាប់បើក​នៅ​អាហ្វ្រ៊ិក​ខាង​ត្បូង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ពិភពលោក​បាន​ ចាប់​បើក​ហើយ នៅ​ក្នុង​ប្រទេស​អាហ៊្វ្រិក​ខាង​ត្បូង។ នេះ គឺ​ជា​លើក​ដំបូង​បង្អស់ ដែល​ប្រទេស​នៅ​ទ្វីប​អាហ៊្វ្រិក​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការប្រកួត​ នេះ។ សម្រាប់​រដ្ឋាភិបាល​អាហ៊្វ្រិក​ខាង​ត្បូង នេះ​គឺ​ជា​មោទនភាព​សម្រាប់​ទ្វីប​អាហ៊្វ្រិក​ទាំងមូល។ គេនៅ​រង់ចាំមើលថា តើ​មាន​ក្រុមជម្រើស​ជាតិ​អាហ៊្វ្រិក​ណាមួយ​អាច​ឈាន​ទៅ​ដល់​វគ្គ​ ផ្តាច់ព្រ័ត្រ​ដែរ​ឬក៏យ៉ាងណា?

ពិធីបើក​ការប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ពិភពលោក​ នៅ​ប្រទេស​អាហ៊្វ្រិក​ខាង​ត្បូង
ពិធីបើក​ការប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ពិភពលោក​ នៅ​ប្រទេស​អាហ៊្វ្រិក​ខាង​ត្បូង ©Reuters
ផ្សាយពាណិជ្ជកម្ម

អាហ៊្វ្រិក​ត្រូវ​រង់ចាំ​អស់ ៨០​ឆ្នាំ ទើប​​អាច​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​ការប្រកួត​បាល់ទាត់​ដ៏ល្បីល្បាញ​នេះ​ បាន។ ចាប់​តាំង​ពី​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ត្រូវ​បាន​បង្កើត​ឡើង កាល​ពី​ឆ្នាំ​១៩៣០ ការប្រកួត​ភាគច្រើន ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ទ្វីបអឺរ៉ុប និង​អាមេរិក​ឡាទីន។ កាល​ពី​ឆ្នាំ​២០០២ កូរ៉េ​ខាង​ត្បូង និង​ជប៉ុន គឺ​ជា​ប្រទេស​នៅអាស៊ី​ លើក​ដំបូង ដែល​​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការប្រកួត​ពានរង្វាន់​ពិភពលោក។

ក្រោយ​ពី​បាន​រង់ចាំ​អស់​រយៈពេល ៨០​ឆ្នាំ ទីបំផុត ព្រឹត្តិការណ៍​​ដ៏អស្ចារ្យ​នេះ​ក៏​បាន​មក​ដល់​អាហ៊្វ្រិក។ ពិធី​បើក​ការ​ប្រកួត​ពាន​រង្វាន់​ពិភពលោក​បាន​ចាប់​ផ្តើម​ធ្វើ កាល​ពី​ម៉ោង ២​រសៀល ម៉ោង​នៅ​អាហ៊្វ្រិក (ត្រូវ​នឹង​ម៉ោង​៧​យប់ ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា) នៅ​ក្នុង​ទីក្រុង Johannesburg ។ បន្ទាប់​ពី​​ពិធី​បើក​ការប្រកួតនេះ​បញ្ចប់ទៅ ក្រុមជម្រើស​ជាតិ​អាហ៊្វ្រិក​ខាង​ត្បូង​នឹង​ធ្វើ​ការ​ប្រកួត​បើក​ឆាក​ជាមួយ​ ក្រុម​ម៉ិចស៊ិក។

នៅ​ក្នុង​ប្រវត្តិ​បាល់ទាត់ ក្រុមជម្រើស​ជាតិ​អាហ៊្វ្រិក​ខាង​ត្បូង មិនដែល​ឆ្លង​ផុត​ពី​ការ​ប្រកួត​ជម្រុះ​នៅក្នុង​ពូល​នោះទេ។ ប្រសិន​បើ​នៅលើក​នេះ អាហ៊្វ្រិក​ខាង​ត្បូង​ឆ្លង​មិន​ផុត​ជុំទី១​នេះ​ទេ វា​នឹង​ក្លាយ​ជា​រឿង​ប្រវត្តិសាស្រ្ត ដែល​ម្ចាស់ផ្ទះ​ត្រូវ​ធ្លាក់​​តាំង​ពីជុំទី១។ ថ្វីដ្បិត​តែ​ នៅក្នុង​ការ​ប្រកួត​មិត្តភាព​ ១២​ប្រកួត កន្លងទៅ អាហ៊្វ្រិក​ខាង​ត្បូង​មិន​ដែល​ចាញ់ ក៏ប៉ុន្តែ នៅ​ក្នុង​ពូល​ A ជាមួយ​អាហ៊្វ្រិក​ខាង​ត្បូង សុទ្ធតែ​ជា​ក្រុម​ខ្លាំង គឺ អ៊ុយរុយហ្កាយ បារាំង និង​ម៉ិចស៊ិក។

ក៏ប៉ុន្តែ សម្រាប់​អាហ៊្វ្រិក​ខាង​ត្បូង ជោគជ័យ​ក្នុង​ការ​ប្រកួត មិនមែន​ជា​រឿង​សំខាន់​ទី១​នោះទេ។ អ្វី​ដែល​សំខាន់​ គឺ​​ជោគជ័យ​ក្នុង​ការ​រៀបចំ​ការប្រកួត តាំង​ពី​ដើម​រហូត​ដល់​ចប់។ រដ្ឋាភិបាល​អាហ៊្វ្រិក​ខាង​ត្បូង​ចង់​​ធ្វើ​ជា​តំណាង​ទ្វីប​អាហ៊្វ្រិក​ ទាំងមូល ដើម្បី​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ថា ប្រទេស​នៅ​អាហ៊្វ្រិក​​ក៏មាន​សមត្ថភាព​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​ បាល់ទាត់​​កម្រិត​ពិភពលោក​នេះ​ដែរ។

Didier Drogba ប្រធានក្រុម​កូតឌីវ័រ បាក់ឆ្អឹងដៃ ពេល​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិជប៉ុន
Didier Drogba ប្រធានក្រុម​កូតឌីវ័រ បាក់ឆ្អឹងដៃ ពេល​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិជប៉ុន ©Reuters

នៅ​ឆ្នាំ​២០១០​នេះ មាន​ក្រុម​​ជម្រើស​ជាតិ​មក​ពី​អាហ៊្វ្រិក​ដល់ទៅ៦​ក្រុម​ដែល​ចូលរួម​ប្រកួត​ ដណ្តើម​ពានរង្វាន់​ពិភពលោក៖ ​អាហ៊្វ្រិក​ខាង​ត្បូង កូតឌីវ័រ (Côte d’Ivoir) កាម៉េរូន ហ្កាណា នីហ្សេរីយ៉ា និង​អាល់ហ្សេរី។ នៅ​ក្នុង​ប្រវត្តិ​ការប្រកួត​ពាន់រង្វាន់​ពិភពលោក ក្រុម​ជម្រើស​ជាតិ​អាហ៊្វ្រិក​បាន​ទៅ​ឆ្ងាយ​បំផុត​​ត្រឹម​តែ​​​វគ្គ ១/៤​ផ្តាច់​ព្រ័ត្រ​ប៉ុណ្ណោះ (កាម៉េរូន កាល​ពី​ឆ្នាំ​១៩៩០)។ នៅ​ឆ្នាំ​នេះ នៅពេល​ដែល​ការប្រកួត​ត្រូវ​រៀបចំ​ធ្វើ​នៅ​​ទ្វីប​អាហ៊្វ្រិក គេ​រំពឹង​ចង់​ឃើញ​ក្រុម​ជម្រើស​ជាតិ​អាហ៊្វ្រិក​អាច​ឈាន​ទៅ​ដល់​វគ្គ​ ផ្តាច់ព្រ័ត្រ​នឹង​គេ​បាន​ម្តង។

នៅ​ក្នុង​ចំណោម​ក្រុម​ជម្រើស​ជាតិ​អាហ៊្វ្រិក ទាំង ៦ក្រុម​នេះ គេ​ឃើញ​ថា ក្រុម​ជម្រើស​ជាតិ​កូតឌីវ័រ មាន​សមត្ថភាព​អាច​ទៅ​បាន​ឆ្ងាយ​ជាងគេ។ ក៏ប៉ុន្តែ ជា​អកុសល តារា​ឆ្នើម​របស់​ក្រុម​នេះ គឺ Didier Drogba ត្រូវ​របួស​បាក់ដៃ ដែល​មិនដឹង​ជា​អាច​ប្រកួត​បាន​ឬ​ក៏អត់។ ម្យ៉ាង​ទៀត កូតឌីវ័រ​ស្ថិត​ក្នុង​ពូល​ខ្លាំង​បំផុត គឺ​ពូល G ជាមួយ​ ប្រេស៊ីល ព័រទុយហ្កាល់ និង​កូរ៉េ​ខាង​ជើង។ បន្ទាប់​ពី​កូតឌីវ័រ គឺ​កាម៉េរូន ដែល​ជា​ក្រុម​ខ្លាំង​មួយ​ដែរ ហើយ​ដែល​មាន​កីឡាករ​ លេង​​ឲ្យ​ក្លឹប​ល្បីៗ នៅ​អឺរ៉ុប។ កាម៉េរូន ស្ថិត​នៅ​ក្នុង​ពូល E ជាមួយ​ហុល្លង់ ដាណឺម៉ាក និង​ស៊ែរប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ