អានតួអត្ថបទ
អាស៊ី

អាស៊ី​ត្រូវតែ​បង្កើន​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់

ក្រុមអ្នកជំនាញ​ខាង​ជំងឺ​គ្រុនចាញ់​បាន​ចេញផ្សាយ​របាយការណ៍​មួយ នៅថ្ងៃ​សុក្រនេះ បង្ហាញ​ថា នៅ​ក្នុង​តំបន់​អាស៊ី មាន​ករណី​គ្រុនចាញ់​កើតឡើង​​ ​ប្រមាណ​ជា ៣០លាន​ករណី ក្នុង​មួយ​ឆ្នាំ​ៗ ដែលគេ​ចាំបាច់​ត្រូវ​តែ​ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​​ទប់ស្កាត់​ជំងឺ​ដ៏​កាចសាហាវ​មួយនេះ។ គិតរហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​​បាន​ផ្តោត​ភាគច្រើន​ទៅលើ​តំបន់​អាហ្វ្រិក ក្នុងពេល​ដែល​ប្រជាជន​​​ប្រឈមមុខ​នឹង​ជំងឺនេះ ភាគច្រើន​ រស់នៅ​ក្នុង​តំបន់​អាស៊ី។

ក្នុងមួយឆ្នាំៗ មាន​មនុស្ស​​​ប្រមាណ​ជា ៦៥ម៉ឺននាក់ ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​ នៅទូទាំងពិភពលោក
ក្នុងមួយឆ្នាំៗ មាន​មនុស្ស​​​ប្រមាណ​ជា ៦៥ម៉ឺននាក់ ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​ នៅទូទាំងពិភពលោក REUTERS/James Gathany
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បើទោះជា​វិស័យ​វេជ្ជសាស្រ្ត​មាន​ការ​រីកចម្រើន​ខ្លាំង​ក្តី ក៏​ពិភពលោក​នៅតែ​ប្រឈមមុខ​ខ្លាំង​នឹង​ជំងឺ​គ្រុនចាញ់​ដដែល។ គិតជា​មធ្យម ក្នុងមួយឆ្នាំៗ ករណីជំងឺ​គ្រុនចាញ់​បាន​កើតមាន​ឡើង ប្រមាណ​ជា ២១៦លាន​ករណី នៅ​ទូទាំង​ពិភពលោក ហើយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ៦៥ម៉ឺននាក់។

នៅក្នុង​តំបន់​អាស៊ី​ ករណី​គ្រុនចាញ់​កើតមាន​ឡើង​ប្រមាណ​ជា ៣០លាន​ករណី ក្នុង​មួយ​ឆ្នាំៗ ហើយ​មាន​អ្នក​ស្លាប់​ប្រមាណ​ជា ៤ម៉ឺន ២ពាន់នាក់។ នេះ​បើយោង​តាម​របាយការណ៍​របស់​ក្រុម​អ្នកជំនាញ​ខាង​ជំងឺ​គ្រុនចាញ់ ដែល​កំពុង​បើក​ធ្វើ​សន្និសីទ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។ នៅ​អាស៊ី ប្រទេស​ដែល​រងគ្រោះ​ដោយ​គ្រុនចាញ់​ខ្លាំងជាងគេ គឺ​រួមមាន ឥណ្ឌា ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ភូមា និង​ប៉ាពូអាស៊ី នូវែលហ្គីណេ។

របាយការណ៍​នេះ បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​នៅ​ក្នុង​តំបន់​អាស៊ី គិតគូរ​ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ដ៏​កាចសាហាវមួយនេះ។ រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​ជំងឺ​គ្រុនចាញ់នេះ បាន​សន្យាថា អូស្រ្តាលី​នឹង​ផ្តល់​​ថវិកា​ចំនួន ១០០លាន​ដុល្លារ សម្រាប់​រយៈពេល ៤ឆ្នាំ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វ៊ិក។

គួរបញ្ជាក់ថា ជាទូទៅ គេ​សង្កេតឃើញ​ថា គិតរហូតមកទល់ពេលនេះ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់ ច្រើន​តែ​ផ្តោត​អាទិភាព​ទៅលើ​តំបន់​អាហ្វ្រិក ដោយសារ​តែ​ក្នុងមួយឆ្នាំៗ ​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់ ក្នុង​តំបន់​នេះ មាន​ចំនួន​ច្រើន​ជាងគេ។

ក៏ប៉ុន្តែ ថ្វីដ្បិត​តែ​តំបន់​អាស៊ី រងគ្រោះ​តិចជាង​តំបន់​អាហ្វ្រិក​ក៏​ពិតមែន បើ​គិត​តាម​ចំនួន​​អ្នក​ស្លាប់ ប៉ុន្តែ បើ​គិត​តាម​ចំនួន​ប្រជាជន ដែលរស់នៅ​ប្រឈមមុខ​នឹង​មេរោគ​គ្រុនចាញ់​នេះ តំបន់​អាស៊ី​មាន​ការ​ប្រឈម​ខ្លាំងជាងគេ ពោលគឺ ក្នុង​ចំណោម​ប្រជាជន​​សរុប​ ៣ពាន់ ៣រយលាននាក់ ដែល​រស់នៅ​ប្រឈមមុខ​នឹង​មេរោគ​គ្រុនចាញ់​ មាន​ប្រមាណ​ជា ២ពាន់លាន​នាក់​ ស្ថិត​ក្នុង​តំបន់​អាស៊ី។

ម្យ៉ាងវិញទៀត មេរោគ​គ្រុនចាញ់​​នៅ​អាស៊ី ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា ជា​ប្រភេទ​មេរោគ ដែល​​​ស៊ាំ​នឹង​ថ្នាំពេទ្យ ពិបាក​ក្នុងការ​ព្យាបាល។ មេរោគ​គ្រុនចាញ់ ដែល​ស៊ាំ​នឹង​ថ្នាំពេទ្យនេះ ត្រូវបាន​គេ​រកឃើញ​ជា​ដំបូង​បង្អស់ កាល​ពី ៨ឆ្នាំមុន នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តាម​តំបន់​ជាប់នឹង​ព្រំដែនថៃ។ ក្រោយៗមកទៀត មេរោគ​ប្រភេទនេះ​ក៏​ត្រូវបាន​គេ​រកឃើញ​នៅតាម​​តំបន់​ផ្សេងៗ​ទៀត គឺ​នៅ​តាម​តំបន់​ព្រំដែន​រវាង​ថៃ និង​ភូមា និង​នៅ​ផ្នែកខ្លះ ក្នុង​ប្រទេស​វៀតណាម។

គិតមកទល់នឹង​ពេលនេះ ក្រុមគ្រូពេទ្យ​ជំនាញ​នៅតែមិនទាន់​រកឃើញ​មូលហេតុ​​ច្បាស់លាស់​ថា ហេតុអ្វី​បាន​ជា​ករណី​​មេរោគ​គ្រុនចាញ់​​ ដែល​ស៊ាំនឹង​ថ្នាំពេទ្យ បាន​ចាប់ផ្តើម​ផ្ទុះឡើង នៅ​កម្ពុជា។ ក៏ប៉ុន្តែ មាន​ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ប្រហែលជា​មក​ពី​កម្ពុជា​បាន​ចាប់ផ្តើម​ប្រើថ្នាំ​គ្រុនចាញ់​មុនគេ ពោលគឺ តាំង​ពី​ប្រមាណ​ជា ៣០ឆ្នាំ​មុន ហើយ​​ថ្នាំ​ដែល​ប្រើនេះ អាច​មាន​ថ្នាំ​ក្លែងក្លាយ​ច្រើន ដែល​មិនសូវ​មាន​ប្រសិទ្ធិភាព ឬមាន​អ្នក​ជំងឺ​​ខ្លះ​ប្រើ​ថ្នាំ​ពិតប្រាកដ​ដែរ ប៉ុន្តែ ប្រើ​មិន​គ្រប់​ទៅតាម​វេជ្ជបញ្ជា ទើប​​​ធ្វើ​ឲ្យ​មេរោគ​គ្រុនចាញ់​នេះ ចាប់ផ្តើម​ស៊ាំ​នឹង​ថ្នាំពេទ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ