អានតួអត្ថបទ
កម្ពុជា

ព្រះសង្ឃ ធ្វើ​ធម្មយាត្រា ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់ នៃ​ជំងឺ​គ្រុនចាញ់

​ព្រះសង្ឃ​ជា​ច្រើន​អង្គ នឹង​ធ្វើ​ធម្មយាត្រា រយៈពេល​ប្រាំ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧​សីហា ដើម្បី​អប់រំ​ប្រជាជន​ចំណាកស្រុក ឲ្យ​យល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​គ្រុនចាញ់។ ធម្មយាត្រា​ដ៏​ធំ​ជា​លើក​ដំបូង នៅ​ខេត្ត​ប៉ៃលិន ជាប់​ព្រំដែន​ថៃ នឹង​ធ្វើឡើង ក្នុង​គោលបំណង កាត់​បន្ថយ​អត្រា​ស៊ាំ​ថ្នាំ ព្យាបាល​ជំងឺ​គ្រុនចាញ់ និង​កិច្ច​ការពារ ដោយ​សម្រាក​ក្នុង​មុង ដើម្បី​កុំ​ឲ្យ​មូស​ខាំ។

តំបន់​ដែល​ប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​គ្រុញ​ចាញ់​ខ្លាំង។ រូបថត  worldmalariaday.org
តំបន់​ដែល​ប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​គ្រុញ​ចាញ់​ខ្លាំង។ រូបថត worldmalariaday.org
ផ្សាយពាណិជ្ជកម្ម

 

​ធម្មយាត្រា ផ្សព្វផ្សាយ​ពី​កិច្ចការពារ​ជំងឺ​គ្រុនចាញ់ នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ ដោយ​មាន​ព្រះសង្ឃ ចំនួន ៦០​អង្គ យាយជី ១០​នាក់ តាអាចារ្យ ១០ នាក់ និង​អ្នកស្ម័គ្រចិត្ត​អប់រំ​ជំងឺគ្រុនចាញ់ តាម​ភូមិ​ចំនួន ១៣៨ នាក់ ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​រូប​ទៀត។​

សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១២ បង្ហាញថា ធម្មយាត្រា​ដ៏​ធំ​នោះ ធ្វើ​ឡើង បន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​កាលពី​ឆ្នាំ​មុន​ថា អត្រា​ស៊ាំ​ថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់ នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ នឹង​មាន​ការកើនឡើង​គួរអោយ​ព្រួយបារម្ភ។ មូលហេតុ ដែល​បណ្តាល​អោយ​មាន​ភាពស៊ាំ​ថ្នាំ​នេះ ជារឿយៗ បណ្តាល​មក​ពី​ការព្យាបាល មិន​បាន​ត្រឹមត្រូវ និង​ការរីក​រាលដាល​នៃ​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុនចាញ់​ក្លែងក្លាយ​នៅ​តំបន់​ទាំងនោះ។

សេចក្តីប្រកាស​ក៏​លើកឡើងថា ការធ្វើ​ធម្មយាត្រា​របស់​ព្រះសង្ឃ យាយជី តាអាចារ្យ​រាប់សិប​នាក់​នេះ បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការចូលរួម​ចំណែក​កាត់បន្ថយ​ភាពគ្រោះថ្នាក់​នៃ​ការ​ស៊ាំ​ថ្នាំ ក្នុង​សហគមន៍។ ព្រះសង្ឃ ក៏​មាន​បំណង​រួមចំណែក​លើក​កំពស់​ការយល់ដឹង​ពី​គ្រោះថ្នាក់ នៃ​ជំងឺ​គ្រុនចាញ់ ដល់​ប្រជាជន​ចំណាកស្រុក និង​ជំរុញ​ពួកគេ អោយទៅ​ធ្វើ​រោគវិនិច្ឆ័យ និង​ទទួល​ការព្យាបាល​អោយបាន​ទាន់ពេល និង​បង្ហាញ​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​ពី​សារៈសំខាន់ នៃ​ការ​សម្រាក​ក្នុង​មុង ជ្រលក់​ថ្នាំ ដើម្បី​កុំ​ឲ្យ​មូស​ខាំ។

សេចក្តីប្រកាស បាន​លើកឡើង​ថា នៅក្នុង​ប្រទេស​កម្ពុជា មាន​ប្រជាជន​ជាង ២ លាន​នាក់ រស់នៅ​តាម​តំបន់​ព្រៃភ្នំ ដែល​ជា​តំបន់​ប្រឈមមុខ​ខ្ពស់​ទៅ​នឹង​ការឆ្លង​ជំងឺគ្រុនចាញ់។
ខេត្ត​ប៉ៃលិន ត្រូវបាន​គេ​ចាត់ទុកជា ខេត្ត​ដែល​មាន​ការ​ប្រឈម​ខ្ពស់ ទៅ​នឹង​ជំងឺ​គ្រុនចាញ់ ហើយ​ខេត្ត​នេះ មាន​ប្រជាជន​ចំណាកស្រុក​ច្រើន មក​ស្វែងរក​ការងារ​ធ្វើ​នៅ​តំបន់​ព្រំដែន​ថៃ។

លោក សំ ឧសភា អ្នកសម្របសម្រួល​កម្ម​វិធី​គ្រុនចាញ់ ខេត្ត​ប៉ៃលិន នៅ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា "ព្រះសង្ឃ នឹង​ដើរ​តួ​ជា​អ្នក​អប់រំ​ពី​ជំងឺគ្រុនចាញ់ ពីព្រោះ​ព្រះសង្ឃ ត្រូវបាន​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ជឿជាក់ និង​គោរព។ ដូច្នេះ​សារ​អប់រំ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ព្រះសង្ឃ នឹង​មាន​ឥទ្ធិពល​ខ្លាំង​មកលើ​សហគមន៍ ហើយ​ប្រជាជន​នឹង​នាំ​គ្នា​សំរាន្ត ក្នុង​មុង​ជ្រលក់​ថ្នាំ ដើម្បី​ការពារ​មូស​ដែកគោល​ញី ខាំ"។

​លោក សំ ឧសភា បាន​បន្ថែមថា ព្រះសង្ឃ​នឹងធ្វើ​ធម្ម​យាត្រា​ចំនួន​ប្រាំ​ថ្ងៃ ដោយ​និមន្ត​ទៅ​តាម​ភូមិ និង​ចំការ ដែល​ត្រូវបាន​ជ្រើសរើស ហើយ​ព្រះសង្ឃ នឹង​ធ្វើ​ការអប់រំ​ជំងឺគ្រុនចាញ់ ដល់​ប្រជាជន​ចំណាកស្រុក អ្នក​ចំការ និង​ម្ចាស់​ចំការ​អោយ​យល់ដឹង​ពី​គ្រោះថ្នាក់ នៃ​ជំងឺ​គ្រុនចាញ់។ រីឯ​អ្នកស្ម័គ្រចិត្ត​ភូមិ​អប់រំ​ជំងឺគ្រុនចាញ់ និង​អ្នកស្ម័គ្រចិត្ត​អប់រំ​ជំងឺ​គ្រុនចាញ់​ចល័ត និង​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ដល់​អ្នក​ដែល​សង្ស័យ​កើត​ជំងឺគ្រុនចាញ់។

របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺគ្រុនចាញ់ ឆ្នាំ​២០១១ បាន​អោយ​ដឹង​ថា មាន​ករណី​ជំងឺ​គ្រុនចាញ់ ចំនួន ៦២.៦៩០ ករណី និង​បាន​សំលាប់​ប្រជាជន​កម្ពុជា​អស់ ៩៤ នាក់។ តួលេខ​នេះ នៅ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង ដូចជា ប្រទេស​ឡាវ ថៃ និង​វៀតណាម៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ