អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ធនាគារ​អឺរ៉ុប​ចំនួន​៧​អាច​នឹង​រលំ​បើ​មាន​វិបត្តិ​សេដ្ឋកិច្ច​ផ្ទុះឡើង​ម្តងទៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មាធិការ​ត្រួតពិនិត្យ​ធនាគារ​សហភាព​អឺរ៉ុប (Committee of European Banking Supervisors) បាន​​រកឃើញ​ថា ក្នុង​ចំណោម​ធនាគារចំនួន ៩១ នៅ​ក្នុង​សហភាព​អឺរ៉ុប មាន​ធនាគារ ៧ ដែល​មាន​ភាព​ផុយស្រួយ​​ផ្នែក​ហិរញ្ញវត្ថុ អាច​នឹង​ដួលរលំ ប្រសិន​បើ​កើតមាន​វិបត្តិ​សេដ្ឋកិច្ច​សាជាថ្មីទៀត។ គឺ​ជា​លទ្ធផល​គួរ​ជា​ទីពេញ​ចិត្ត សម្រាប់​សហភាព​អឺរ៉ុប។ ក៏ប៉ុន្តែ មជ្ឈដ្ឋាន​ទីផ្សារ​ភាគហ៊ុន​ហាក់​ដូច​ជា​មិន​ចាប់អារម្មណ៍​នឹង​លទ្ធផល​​នេះ​ ទេ។

ធនាគារ Caixa de Sabadell របស់​អេស្ប៉ាញ​ ដែល​ធ្លាក់​ Stress Tests
ធនាគារ Caixa de Sabadell របស់​អេស្ប៉ាញ​ ដែល​ធ្លាក់​ Stress Tests ©REUTERS/Gustau Nacarino
ផ្សាយពាណិជ្ជកម្ម

សហភាព​អឺរ៉ុប​បាន​រៀបចំ​ធ្វើ​តេស្ត​មួយ ហៅ​តាមភាសា​អង់គ្លេសថា Stress Tests ដើម្បី​ពិនិត្យ​មើល​ថា តើ​ធនាគារ​នៅ​ក្នុង​សហភាព​អឺរ៉ុប​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​រឹងមាំ​គ្រប់គ្រាន់ ធន់​នឹង​វិបត្តិ​សេដ្ឋកិច្ច ដែល​អាច​នឹង​កើតមាន​នៅថ្ងៃ​អនាគត ដែរ​ឬទេ។

ក្នុង​ចំណោម​ធនាគារ​ទាំង ៩១ ដែល​គេ​ធ្វើ​តេស្ត មានតែ​ធនាគារ ៧ ប៉ុណ្ណោះ (៥ នៅ​អេស្ប៉ាញ ១ នៅ​ក្រិក និង​១ នៅ​អាឡឺម៉ង់) ដែល​គេ​រកឃើញ​ថា មាន​ស្ថានភាព​ហិរញ្ញវត្ថុ​មិនសូវ​រឹងមាំ ហើយ​គួរ​តែ​បង្កើន​ដើមទុន ប្រមាណ​ជា ៣ ០០០ លាន​អឺរ៉ូ​ បន្ថែម​ទៀត។ ធនាគារ​ភាគច្រើន​បាន​ឆ្លង​ផុត​ Stress Tests ប្រកប​ដោយជោគ​ជ័យ ដែល​​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប យល់ថា គឺ​ជា​ដំណឹង​ល្អ​មួយ។

ក៏ប៉ុន្តែ មាន​អ្នកវិភាគ​ជា​ច្រើន​យល់ថា ការធ្វើ​តេស្ត​នេះ មិនបាន​ធ្វើ​ទៅ​ដោយ​ម៉ត់ចត់​​នោះទេ។ ខ្លះទៀត​យល់ថា ធនាគារ​កណ្តាល​នៃ​បណ្តា​រដ្ឋ​ជាសមាជិក​សហភាព​អឺរ៉ុប​​ត្រូវរ៉ូវ​គ្នា កំណត់​ស្តង់ដា​ឲ្យ​បាន​ទាប ព្រោះ​ខ្លាច​ធ្វើ​តេស្ត​ទៅ ឃើញ​មាន​ធនាគារ​ច្រើន​ ដែល​មាន​បញ្ហា។

គួរ​បញ្ជាក់ថា សហភាព​អឺរ៉ុប​​រៀបចំ​​ធ្វើ​តេស្ត​លើ​ធនាគារនេះ នៅពេលដែល​​អ្នកវិនិយោគ​អន្តរជាតិ កំពុង​តែ​មានមន្ទិល​សង្ស័យ​លើ​​សមត្ថភាព​របស់​ធនាគារ​អឺរ៉ុប ក្រោយ​ពី​​ផ្ទុះ​វិបត្តិ​នៅ​ប្រទេស​ក្រិក។ ថ្វីដ្បិត​តែ សហភាព​អឺរ៉ុប និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ចំណាយ​លុយ​រហូត​ដល់​ទៅ ១១០ ០០០ ​លាន​អឺរ៉ូ ដើម្បី​ជួយ​ក្រិក​ក៏ដោយ ក៏ប៉ុន្តែ គេ​នៅតែ​មាន​ការបារម្ភ​ខ្លាច​ប្រទេស​ផ្សេងទៀត ដូចជា ព័រទុយហ្កាល់ អៀរឡង់ និង​អេស្ប៉ាញ ជាដើម ដែល​កំពុង​តែ​ជំពាក់​បំណុល​គេ​ច្រើន​ដែរ​​នោះ អាច​នឹង​​មាន​បញ្ហា​ដូចជា​ប្រទេស​ក្រិក​ដែរ។ អ្នក​វិនិយោគ​អន្តរជាតិ​កំពុង​បារម្ភ​ថា ធនាគារ​ជាច្រើន​នៅ​អឺរ៉ុប បាន​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​ទៅ​រដ្ឋាភិបាល​ខាងលើនេះ ហើយ​ធនាគារ​ទាំងនេះ កំពុង​តែ​ប្រឈមមុខ​នឹង​ការ​ខាតបង់​ធ្ងន់ធ្ងរ ប្រសិន​បើ​ប្រទេស​ទាំងនេះ​មិន​អាច​សង​បំណុល​បាន។

ក្នុង​បរិបទ​នេះ​ហើយ ដែល​សហភាព​អឺរ៉ូប​រៀបចំធ្វើ​តេស្ត​ធនាគារ ដើម្បី​​ស្តារ​ទំនុកចិត្ត​ពីសំណាក់​អ្នកវិនិយោគ​បរទេស​លើ​​វិស័យ​ធនាគារ​អឺរ៉ុប​ឡើង​វិញ។ ក៏ប៉ុន្តែ នៅក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​នេះ ទីផ្សារ​ភាគហ៊ុន​ហាក់ដូចជា​មិន​​អរសប្បាយ​នឹង​លទ្ធផល​នេះ​ប៉ុន្មាន​ទេ។ គេ​សង្កេត​ឃើញ​ថា ​នៅ​ល្ងាច​ថ្ងៃ​សុក្រ នៅពេល​បិទ​ការ​លក់​ដូរ ​ទីផ្សារ​ភាគហ៊ុន​​នៅ​អឺរ៉ុប និង​នៅ​សហរដ្ឋ​អាមេរិក​ មាន​ការកើន​ឡើង​បន្តិច​បន្តួច​ក៏ពិតមែន ក៏ប៉ុន្តែ ភាគហ៊ុន​របស់​ធនាគារ​មាន​ការ​ធ្លាក់​ចុះ។ ម្យ៉ាងវិញ​ទៀត លុយ​អឺរ៉ូ ដែល​កាល​ពី​ព្រឹក​មាន​ការ​កើន​ឡើង ស្រាប់តែ​ពេលបិទការ​លក់​ដូរ បែរ​ជា​ធ្លាក់​ចុះ​ទៅវិញ។

ទោះជាយ៉ាងណា គេ​មិន​ទាន់​អាច​ធ្វើ​ការសន្និដ្ឋាន​អ្វី​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយទេ នៅពេលនេះ ពីព្រោះ​ថា លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ធនាគារ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​សុក្រ ហើយ​ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ​ ផ្សារភាគហ៊ុន​នឹង​ត្រូវ​បិទទ្វារ។ ដូច្នេះ គេ​ត្រូវ​​ចាំ​​ដល់​សប្តាហ៍​ក្រោយ ដើម្បី​អាច​ដឹង​កាន់តែ​ច្បាស់ថា តើ​មជ្ឈដ្ឋាន​ទីផ្សារ​ភាគហ៊ុន​មាន​ប្រតិកម្ម​អ្វី​ខ្លះ ចំពោះ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ធនាគារ​នៅ​អឺរ៉ុប​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ