អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

១៣០០ ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​វិនិយោគ ចំនួន ២ពាន់ នៅ​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅពេល​ចូល​កាន់តំណែង​ កាលពី​ខែ​វិច្ឆិកា លោក​ Jean-Claude Juncker​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថ្មី បាន​បង្ហាញ​ផែនការ​វិនិយោគ ដែល​មាន​តម្លៃ ៣១៥​ពាន់​លាន​អឺរ៉ូ។ តាមគម្រោង ទឹកប្រាក់​ដ៏​សន្ធឹកសន្ធាប់​នេះ នឹង​ត្រូវ​ប្រើ​សម្រាប់​ជំរុញ​ការវិនិយោគ នៅ​សហភាព​អឺរ៉ុប គិត​ចាប់​ពី​ឆ្នាំ ២០១៥​តទៅ។ បច្ចុប្បន្ន ផែនការ​របស់​លោក​ Juncker​បាន​​កត់ត្រា​ឃើញ​គម្រោង​វិនិយោគ​សរុប​ជាង​២​ពាន់ ដែល​គេ​ត្រូវ​ធ្វើ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅទ្វីប​អឺរ៉ុប​ដ៏​ចំណាស់​មួយ​នេះ។ 

លោក​Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថ្មី​ដែល​ផ្តោត​ចំបង​លើ​ការវិនិយោគ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​អឺរ៉ុប
លោក​Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថ្មី​ដែល​ផ្តោត​ចំបង​លើ​ការវិនិយោគ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​អឺរ៉ុប Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​កម្លាំង​ប្រកប​ដោយ​ថាមពល និង​ឆន្ទៈ ចង់ អូសទាញ​សេដ្ឋកិច្ច​អឺរ៉ុប​ឲ្យ​ងើប​ដើរ​ឡើងវិញ លោក Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថ្មី បាន​ដាក់​ចេញ​ផែនការ​ច្បាស់ គ្មាន​ស្រពិចស្រពិល។ ផែនការ Juncker​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ផែនការ​ដ៏​មាន​មហិច្ឆតា ព្រោះ​វា​បាន​ត្រូវការ​ទឹកប្រាក់​រហូត​ដល់​ទៅ ជាង ៣០០​ពាន់​លាន​អឺរ៉ូ ដើម្បី​អាច​កើត​ចេញ​ជា​រូបរាង​ឡើង។ តាម​លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប គេ​ត្រូវ​ប្រមូល​ថវិកា​ប្រមាណ​៣១៥​ពាន់​លាន​អឺរ៉ូ ដើម្បី ជំរុញ​ការវិនិយោគ​នៅ​សហភាព​អឺរ៉ុប ក្នុង​រយៈពេល​បីឆ្នាំ ដោយ​គិត​ចាប់​ពី ឆ្នាំ ក្រោយ​នេះទៅ។ តាមគម្រោង ផែនការ​វិនិយោគ​ Juncker​នឹង​ផ្តោត​សំខាន់​លើគម្រោង​វិនិយោគ លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ផ្នែក​បច្ចេកវិទ្យា និង​ថាមពល ដែល​បច្ចុប្បន្ននេះ កំពុង​ជាប់គាំង អាក់ខាន ដោយសារ​​វិបត្តិ​សេដ្ឋកិច្ច នៅ​អឺរ៉ុប។

 
តាម​លោក Juncker ផែនការ​ជំរុញ​ការវិនិយោគ​មាន​ទិសដៅ​ចំបង បង្កើត​ការងារ នៅ​អឺរ៉ុប ជា​ទី​ដែល​ចំនួន​យុវជន​គ្មាន​ការងារ​ធ្វើ បាន​កើន​ឡើង​ដល់​កម្រិត​មួយ គួរ​ឲ្យ​ព្រួយ​បារម្ភ។ ហើយ​បើសិន​ផែនការ​វិនិយោគ​ Juncker​ទទួល​ជោគជ័យ នោះ​គេ​នឹង​បន្ត គម្រោងនេះ សម្រាប់​រយៈពេល​៣​ឆ្នាំ តទៅមុខ​ទៀត (ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០១២)។

តាម​គណៈកម្មការ​អឺរ៉ុប ផែនការ​វិនិយោគ​ Juncker​បាន​ទាក់ទាញ​អ្នកវិនិយោគ​ជាច្រើន ដែល​បាន​ចុះឈ្មោះ ដាក់​បេក្ខភាព​របស់ខ្លួន ទៅ​គណៈកម្មការអឺរ៉ុប។ កាលពីថ្ងៃ អង្គារ​កន្លងទៅ គណៈកម្មការ​អឺរ៉ុប​បាន​បង្ហាញ​បញ្ជី​គម្រោង​វិនិយោគ​ប្រមាណ ជាង​២ពាន់ ដែល​ក្រុម​អ្នកជំនាញ​​មក​ពី​គណៈកម្មការ​អឺរ៉ុប និង​ធនាគារ​វិនិយោគអឺរ៉ុប បាន​ជ្រើសរើស​សម្រាប់​ផែនការ​វិនិយោគ​របស់​លោក​ Juncker។ ក្នុង​ចំណោម​គម្រោង​ទាំងនោះ គេឃើញ​មាន គម្រោង​សាងសង់​​កំពង់ផែ នៅ​ប្រទេស​ ម៉ាល់ត៍ ការសាងសង់​ភ្ជាប់​ខ្សែកាប​អុបទិក នៅក្រោម​សមុទ្រ​ពី​ព័រទុយហ្កាល់ ទៅ​ប្រេស៊ីល ឬ គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី នៅអាល្លឺម៉ង់។ តាម​អ្នកទទួល​បន្ទុក​ការជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​គណៈកម្មការ​អឺរ៉ុប ការចុះឈ្មោះ​របស់​គម្រោង​វិនិយោគ​រាប់ពាន់ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញថា មាន​គំនិត​ជាច្រើន ដើម្បី​ធ្វើការ​វិនិយោគ ដែល​ជា​ចរន្ត​រុញច្រាន​កំណើន​សេដ្ឋកិច្ច​អឺរ៉ុប ប៉ុន្តែ អ្វី​ដែល​គេ​ខ្វះ​នៅពេលនេះ គឺ​ថវិកា​សម្រាប់​វិនិយោគ​តែ​ប៉ុណ្ណោះ។

តាម​គណៈកម្មការ​អឺរ៉ុប គេត្រូវការ​ទឹកប្រាក់​ប្រមាណ ១៣០០ ពាន់​លាន​អឺរ៉ូ ដើម្បី​ធ្វើ​ឲ្យ​ការវិនិយោគ​ជាង ២ពាន់ អាច​លេច​ចេញជា​រូបរាងឡើង។ អឺរ៉ុប​ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច នឹង​បាន​ទឹកប្រាក់​ទាំងនោះ មក​ពីណា ដើម្បី​ជំរុញ​ការវិនិយោគ​រាប់ពាន់ ដែល​មាន​តម្លៃ រាប់សែន លាន​ដុល្លារ​នោះ?

សម្រាប់​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ Jean-Claude Juncker ទឹកប្រាក់​សម្រាប់​វិនិយោគ​នៅ​អឺរ៉ុប នឹង​មិន​ចេញ​ផ្ទាល់​ពី​ហោប៉ៅ​របស់​​រដ្ឋាភិបាល ដែល​ជា​សមាជិក​របស់​សហភាពអឺរ៉ុប​ទេ។ ហេតុផល​ដ៏​សាមញ្ញ​នោះ គឺ​រដ្ឋាភិបាល​គ្មាន​លុយ​គ្រប់គ្រាន់។ ប៉ុន្តែ យ៉ាងណាក៏ដោយ គណៈកម្មការ​អឺរ៉ុប​នៅតែ​បើកទ្វារ​សម្រាប់​ទទួល​វិភាគទាន បើសិន​ជា​រដ្ឋាភិបាល​ណាមួយ​មាន​លទ្ធភាព។ ដូច្នេះ ដើម្បី​បាន​ទឹកប្រាក់​សន្ធឹកសន្ធាប់​សម្រាប់​គម្រោង​វិនិយោគ នៅ​អឺរ៉ុប គេ​នឹង​ងាក​បែរ​ទៅ​រកក្រុម​អ្នកវិយោគទុន ដែល​ដាក់​លុយ​រាប់ពាន់​លាន​អឺរ៉ូ នៅ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ។ ដោយមើលឃើញ​ទឹកប្រាក់​របស់​ក្រុមឯកជន​មាន​សម្បូរ​ហូរហៀ នៅក្នុង​ទីផ្សារ ក្រុម​លោក​Juncker បាន​ខ្នះខ្នែង សម្រុក​រក​ការងារ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ឱកាស​ដ៏​ពិសេស​មួយនេះ។ គេ​បាន​សម្រេច​បង្កើត​មូលនិធិ​មួយ ដែល​មាន​ឈ្មោះ​ថា មូលនិធិ​អឺរ៉ុប​ដើម្បី​យុទ្ធសាស្រ្ត​វិនិយោគ។ មូលនិធិ​នេះ​នឹង​បាន​ប្រាក់​មក​ពី​ក្រុម​អ្នកវិនិយោគ​ផ្ទាល់ និង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ធនាគារ​អឺរ៉ុប​ដើម្បី​ការវិនិយោគ (BEI)។ ធនាគារ​អឺរ៉ុប​ដើម្បី​ការវិនិយោគ​អាច​ទៅរក​ខ្ចី​សាច់ប្រាក់​ពី​ទីផ្សារ​ហិរញ្ញវត្ថុ រហូត​ដល់​៦០​ពាន់​លាន​អឺរ៉ូ ដើម្បី​យក​មក​ផ្គត់ផ្គង់​បន្ថែម។ បន្ទាប់ពីនោះ គណៈកម្មការ​អឺរ៉ុប​គ្រោង​នឹង​យក​លុយ​មួយ​ចំនួន​ពី​កញ្ចប់​ថវិកា​អឺរ៉ុប សម្រាប់​ផែនការ​វិនិយោគ​Juncker។

ជារួម គណៈកម្មការ​អឺរ៉ុប​នឹង​ដើរ​តួ​ជា​អាជ្ញាកណ្តាល​ដើម្បី​រក​ទឹកប្រាក់​ឲ្យ​ក្រុមអ្នក​ដែល​មាន​គម្រោង​វិនិយោគ ឬ​ផ្ទុយមកវិញ ក៏​ជាអ្នកជួយ​រក​ផលចំណេញ បង្កើន​សាច់ប្រាក់​ឲ្យ​អ្នកដែល​មាន​ប្រាក់​ច្រើន ប៉ុន្តែ មិនដឹង​យក​ទៅប្រើ​ទៅលើ​អ្វី។ ដើម្បី​បញ្ចុះបញ្ចូល​ក្រុមអ្នកមាន​លុយឲ្យ​ ដាក់​ទុន​លើ​គម្រោង​វិនិយោគ គណៈកម្មការ​បាន​លើកឡើង​ពី​ការកសាង​ភាពជឿជាក់ និង​ភាពច្បាស់លាស់​របស់​គម្រោង​វិនិយោគ​នីមួយៗ ពោល​គឺ​បើទោះបី​ជា​គម្រោង​មានភាព​ប្រថុយប្រថាន​ក៏ពិតមែន ប៉ុន្តែ អ្នកវិនិយោគ​នឹង​ត្រូវ​បាន​ទទួល​ការធានា​មួយ​ថា ពួកគេ​នឹង​ខាតបង់ ទេ បើសិន​គេ​ដាក់​ប្រាក់​វិនិយោគ នៅក្នុង​ផែនការ​វិនិយោគJuncker។ ដើម្បី​បង្កើត​ភាពជឿជាក់​សម្រាប់​អ្នកវិនិយោគ គេចាប់ផ្តើម​ដំបូង​តាំងពី​លក្ខខណ្ឌ​ជ្រើសរើស​គម្រោង​វិនិយោគឡើង។ តាម​គណៈកម្មការ​អឺរ៉ុប ដើម្បី​ជៀសវាង​ភាពលំអៀង រដ្ឋាភិបាល​សមាជិក​អឺរ៉ុប​គ្មាន​សិទ្ធិ​លូកដៃ ចូលក្នុង​ដំណើរការ​ជ្រើសរើស​គម្រោង​វិនិយោគ​ទេ។ អ្នកជ្រើសរើស​គម្រោង គឺ​ជា​ក្រុម​អ្នកជំនាញ​ឯករាជ្យ និង​មិន​ប្រកាន់​បក្សពួក។ លើស​ពី​នោះ គម្រោង​ដែល​ត្រូវ​ជ្រើសរើស ទៀតសោត នឹង​មាន​ទាំង​ទាំង​នៅក្នុង​ប្រទេស​អ្នកមាន ឬ​អ្នកមិនសូវ​មាន នៅ​អឺរ៉ុប និង​ត្រូវ​តែ​ជា​គម្រោង​អាទិភាព ដែល​អាច​លេច​ចេញ​ជា​រូបរាង និង​ផ្តល់​ផល ​ក្នុង​រយៈពេល ដ៏​ឆាប់​មួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ