អានតួអត្ថបទ
អឺរ៉ុប

គណៈកម្មការ​អឺរ៉ុបថ្មី​ គណៈកម្មការ​សង្គ្រោះ ចាប់​ចូល​បំពេញ​ការងារ

ដល់​វេលា​ដែល​ត្រូវ​មូរ​ដៃ​អាវ​ លាត់​ជើង​ខោ​ធ្វើ​ការ​ហើយ ! គណៈកម្មការ​អឺរ៉ុប​ថ្មី ដឹក​នាំ​ដោយ​លោក Jean-Claude Juncker ត្រូវ​ចូល​​បំពេញ​តួនាទីចាប់ពី​ថ្ងៃ​សៅរ៍​ទី ១ វិច្ឆិកា​នេះ ជាមួយនឹង​អាទិភាព​​ ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​និង​ការងារ។ “គណៈកម្មការ​អឺរ៉ុប​ថ្មី​ត្រូវ​ឆក់​យក​សំណាង​ចុង​ក្រោយ​ឱ្យ​បាន ក្នុង​ការ​រុញ​ច្រាន​​​​អឺរ៉ុប​មាន​ខិត​ចូល​​គ្នា កាត់​បន្ថយ​ភាព​អត់ការងារ​ ឬ​បើ​មិន​ដូច្នោះ​ទេមាន​ន័យ​ថា​អឺរ៉ុប​បរាជ័យ”​ ! នេះ​ជា​សេចក្តី​ប្រកាស​របស់​​ប្រធាន​គណៈកម្មការ​​អឺរ៉ុប​នៅ​ចំពោះមុខ​សភា​សហភាព។

លោក Jean-Claude Juncker,ប្រធានគណៈកម្មការ​អឺរ៉ុប ចូល​កាន់​តំណែង​ថ្ងៃ​ទី ១ វិច្ឆិកា ២០១៤
លោក Jean-Claude Juncker,ប្រធានគណៈកម្មការ​អឺរ៉ុប ចូល​កាន់​តំណែង​ថ្ងៃ​ទី ១ វិច្ឆិកា ២០១៤ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ បញ្ជាក់​ពី​ចាប់​ផ្តើម​អាណត្តិ​៥​ឆ្នាំ​ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Jean-Claude Juncker បាន​សន្យា​ផ្តល់​សន្ទុះ​ចាប់​ផ្តើម​ថ្មី ដោយ​យល់​ថា​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​អឺរ៉ុប​ត្រូវ​ជំនះ​ឱ្យ​បាន​ ដោយ​គ្មាន​បង្អង់។

 

ស្ថានភាព​សេដ្ឋកិច្ច​ និង​សង្គម នៅ​ក្នុង​រង្វង់​សហភាព​អឺរ៉ុប​ដុនដាប​យ៉ាង​ខ្លាំង ! ​​គណៈកម្មការ​ថ្មី​មាន​អាទិភាព​ច្រើនត្រូវ​ដោះស្រាយ ៖លើ​ឆាក​អន្តរជាតិ​ អឺរ៉ុប​មាន​វិញ្ញាសា​ “វិបត្តិ​អ៊ុយក្រែន ភាព​តាន​តឹង​ជាមួយរុស្ស៊ី វិបត្តិ​នៅ​ដើម​បូព៌ា និង​នៅ​អាហ្វ្រិក កំពុង​រង់ចាំ ! ខាង​ផ្នែក​សេដ្ឋកិច្ច គណៈកម្មការអឺរ៉ុប​ចាំ​បាច់​ត្រូវ​តែ​បំផ្លែង​ផែនការ​សង្គ្រោះ​អឺរ៉ូ​ទៅ​ជា​ការ​ស្វែង​រក​ឥទ្ធិពល​នយោបាយ។

ផែនការ​របស់​គណៈកម្មការ​ថ្មី​ដឹក​នាំ​ដោយ​លោកJunker គឺ សេដ្ឋកិច្ច ៖ ត្រួតពិនិត្យ​ថវិការ​រដ្ឋ​ជា​សមាជិក​នៅ​ និង​ការ​វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់​ ៣០០​ពាន់​លាន​អឺរ៉ូ​សម្រាប់​រយៈ​ពេល​បី​ឆ្នាំ។ ប្រមុខ​ដឹកនាំ​បក្ស​នយោបាយ​ជា​អ្នក​សេរីប្រជាធិបតេយ្យ​រង់ចាំ​បំផុតផែនការ​នេះ ដោយ​បាន​ព្រមាន​ជាមុន​ថា “​មិន​មែន​គ្រាន់​តែ​បង្កើន​ទុន​នៅ​ធនាគារ​វិនិយោគអឺរ៉ុប​ទៅ​ គេ​អាចដើរ​ចេញ​ពីវិបត្តិ​ទេ ! ត្រូវ​តែ​ធ្វើ​អ្វី​ដែល​មាន​មហិច្ឆតា​ខ្លាំង ដៅ​ចំ​លើ​ចំណុច​ដែល​អឺរ៉ុប​មិន​សូវត្រូវ​គ្នា​ដូច​ជា​ខាង​ផ្នែក​ថាមពល​ ទូរគមនាគមន៍​ អ៊ីនធ័រនែត ទីផ្សារភាគហ៊ុន ។ល។ និង​។ល។” ជា​ទូទៅ ក្រុម​អ្នក​សេរី​និយម សង្គម​និយម ឬ​ ស្តាំ​និយម​ បាន​គាំទ្រ​ផែនការ​​របស់​គណៈកម្មការ​អឺរ៉ុប​ថ្មី តែ​ខាង​អ្នក​បរិស្ថាន​ប្រឆាំង។

តើ​គម្រោង​វិនិយោគ​ដ៏​ធំ​នេះ អាច​ឆ្លើយ​តប​បាន​​ទៅ​នឹង​ការរង់ចាំ​របស់​អឺរ៉ុប​ឬ​អត់ ?! គេ​នឹង​បាន​ដឹង​​ចម្លើយ​ក្នុង​ពេល​ដ៏​ឆាប់ៗ​ ព្រោះ​គណៈកម្មការ​គ្រោង​នឹង​បង្ហាញ​ផែនការ​វិនិយោគ​៣០០​ពាន់​លាន​អឺរ៉ូ ឱ្យ​មុន​ពេល​បុណ្យ​ណូអែល ឬគ្រិស្មាក់២០១៤​នេះ។

គណៈកម្មការ​នឹង​បើ​ក​ប្រជុំ​ពេញអង្គ​ជា​លើក​ទី​មួយ នៅ​ថ្ងៃពុធ។ ​ នៅ​ថ្ងៃ​អង្គារ គណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​កំណើន​សេដ្ឋកិច្ច​និង​​ការ​ប្រកួត​ប្រជែង នឹង​បង្ហាញ​អំពី​ការព្យាករណ៍​សេដ្ឋកិច្ច​ចុង​ឆ្នាំ របស់​អឺរ៉ុប និង​ជា​ឱកាស​សើរើ​មើល​ឱនភាព​ថវិកា​របស់​ប្រទេស​ជា​សមាជិក​ផង៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ