អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិរវាងក្រិកនិងសហភាពអឺរ៉ុបជុំវិញបំណុលក្រិច

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​ថ្មី​របស់​ក្រិក​ដែល​ទើប​នឹង​ជាប់​ឆ្នោត ហើយ​ដែល​ដឹកនាំ​ដោយ​លោក អាឡិចស៊ីស ស៊ីប្រា ​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ខ្វល់ខ្វាយ​យ៉ាងខ្លាំង ជា​ពិសេស​សហភាព​អឺរ៉ុប​តែ​ម្តង។ ខ្វល់ខ្វាយ​គឺ​ដោយសារ កន្លង​មក​គេ​បាន​ដឹង​យ៉ាង​ច្បាស់​ថា បន្ទាត់​នយោបាយ​របស់​លោក អាឡិចស៊ីស ស៊ីប្រា ​ដែល​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ ទៅ​លើ​នយោបាយ​រឹត​បន្តឹង​ ដែល​អឺរ៉ុប​បាន​ដាក់​គំនៀប​ ទៅ​លើ​រដ្ឋាភិបាល​ក្រិក ដើម្បី​ឲ្យ​ក្រិក​ ធ្វើ​កំណែ​ទម្រង់ នឹង​សង​បំណុល​ ដែល​មាន​ចំនួន​ ដ៏​ច្រើន​លើស​លប់។ ការ​ជួប​ចរចា​រវាង ​តំណាង​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​ថ្មី​ក្រិក បាន​ចាប់ផ្តើម​ធ្វើ​ឡើង បន្តែ​ម្នាក់ៗ​បន្តឹង​សរសៃ​ក​រៀងៗ​ខ្លួន។

លោក​ អាឡិចស៊ីស ស៊ីប្រា (Alexis Tsipras) ប្រមុខ​ដឹកនាំ​គណបក្ស Syriza ទើប​បាន​ឈ្នះ​ឆ្នោត ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​ថ្មី​របស់​ក្រិក
លោក​ អាឡិចស៊ីស ស៊ីប្រា (Alexis Tsipras) ប្រមុខ​ដឹកនាំ​គណបក្ស Syriza ទើប​បាន​ឈ្នះ​ឆ្នោត ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​ថ្មី​របស់​ក្រិក REUTERS/Marko Djurica
ផ្សាយពាណិជ្ជកម្ម

ការ​ចរចា ស្តី​ពី​បំណុល​ក្រិក ទើបតែ​បាន​ចាប់ផ្តើម​ ​ប៉ុន្តែ បើ​តាម​មើល​ទៅ គឺ​មាន​ការ​លំបាក​ណាស់​ ព្រោះ​ថា​ រដ្ឋាភិបាល​ថ្មី​របស់​ក្រិក​មាន​គោលជំហរ​រឹងមាំ​ណាស់។ បន្ទាប់​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក នៅឆ្នាំ២០០៨ មក ​ ក្រិក​បាន​រង​ផល​ប៉ះពាល់​ យ៉ាង​ធ្ងន់ធ្ងរ ជាង​គេ​នៅ​អឺរ៉ុប។ បំណុល​របស់​ក្រិក បាន​កើនឡើង​រហូត​ដល់ ១៧៥​ភាគរយ នៃ​ផលិត​ផល​សរុប​រួម។

 
ដើម្បី​ជួយ​ស្រោចស្រង់​ក្រិក ឲ្យងើប​ចេញ​ពី​វិបតិ្តនេះ សហភាព​អឺរ៉ុប បាន​បង្កើត​គម្រោង​មួយ​ហៅ​ថា​ គម្រោង ​Troïka ​ដោយ​មាន​ការ​ចូលរួម​ពី​បី​ភាគី ​ គឺ​សហភាព​អឺរ៉ុប​ផ្ទាល់ ធនាគារ​កណ្តាល​អឺរ៉ុប និង​មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ។ គម្រោង​នេះ គឺ​បាន​ព្រម​ព្រៀង​ផ្តល់​កញ្ចប់​ថវិកា​ជា​ដំណាក់ៗ ​ដើម្បី​ជួយ​ក្រិក​យក​ទៅ​សង​បំណុល​គេ។ ប៉ុន្តែ​ជាថ្នូរ រដ្ឋាភិបាល​ក្រិក​ត្រូវតែ​ធ្វើ​កំណែ​ទម្រង់ ជា​ច្រើនវិស័យ ជា​ពិសេស​ទាក់ទិន​ទៅនឹង​វិស័យ​ពន្ធដារ និង​ប្រព័ន្ធ​ការងារ​ជាដើម។ អឺរ៉ុប​តម្រូវឲ្យ​ក្រិក​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ និង​សេវា​សាធារណៈ​ផ្សេងៗ។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ នរណា​ដែល​ជា​អ្នក​រងគ្រោះ គឺ​ប្រជាជន​ក្រិក​តូចតាច​ ដែល​ជួប​ការ​លំបាក​ កាន់តែ​ខ្លាំង​ទៅៗ។

ក្រិកមិនត្រូវការលុយរបស់អឺរ៉ុបទៀតឡើយ៖
អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ ​មក​ហើយ ​ស្ថានភាព​នៅ​ក្រិក​មិនបាន​ល្អ​ប្រសើរ​ទេ ហើយ​បំណុល​​នៅ​តែ​មាន​ច្រើន​ដដែរ។ ប្រជាជន​ក្រិក​បាន​ត្អូញត្អែរ​ថា ​នយោបាយ​រឹត​បន្តឹង​ដែល​ដាក់​កំហិត​ដោយ​សហភាព​អឺរ៉ុប ​គឺ​ហាក់​ដូច​ជា​ច្របាច់​ក​ ប្រជាជន​ក្រិក​អញ្ចឹង។ អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​ក្រិក ​មាន​ចំនួន​ច្រើន​ណាស់ ហើយ​អ្នក​ដែល​មាន​ការងារ​ធ្វើ​ទៀតសោត បាន​ប្រាក់ខែ​តិចតួច​បំផុត។ ដូច្នេះ​ ម្នាក់ៗ​គ្មាន​ប្រាក់ ​បើ​រំពឹង​ទៅ​លើ​ជំនួយ និង​សេវា​សាធារណៈ​របស់​រដ្ឋ​ក៏​មិន​បាន ​ព្រោះអ្វីៗ​ត្រូវ​កាត់​ផ្តាច់ ​ដោយសារ​តែ​រដ្ឋ​ក្រិក​ ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ ​ស្ទើរ​គ្រប់​វិស័យ។ ទាំងអស់​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ ​ប្រជាជន​ក្រិក​ ក្រោក​ប្រឆាំង ​ហើយ​បាន​បោះឆ្នោត​ជ្រើសរើស​គណបក្ស​របស់ ​លោកអាឡិចស៊ីស ស៊ីប្រា(Alexis Tsipras)មក​ឲ្យ​ដឹកនាំ​ប្រទេស​ ដើម្បី​ប្រឆាំង​នឹង​គំនៀប​សង្កត់​របស់​សហភាព​អឺរ៉ុប។

កាល​ពីថ្ងៃសុក្រ ​ទី ​៣០ ​មករា ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ក្រិក បាន​ជួប​ជាមួយ​អ្នក​តំណាង​អឺរ៉ូគ្រុប​ របស់​សហភាព​អឺរ៉ុប នៅ​ក្រុង​អាតែន។ ក្រិក​បាន​ប្រកាស​ឲ្យដឹង​ពី​គោល​ជំហរ​របស់​ខ្លួន​ថា ខ្លួន​លែង​ចង់​បាន​ជំនួយ របស់​គម្រោង Troïka​របស់​អឺរ៉ុប​ទៀតហើយ។ តាម ធម្មតា សហភាព​អឺរ៉ុប នឹង ផ្តល់​ប្រាក់ ចំនួន​៧ពាន់​លាន​អឺរ៉ូ ទៅឲ្យ​ក្រិក​នៅ​ចុង​ខែ​កុម្ភៈ​នេះ។ ប៉ុន្តែ​ក្រិច​ថា មិន​ត្រូវការ​លុយ​នេះ​ទេ ហើយ​ថា​ខ្លួន​ ប្រាថ្នា​ចង់​ចរចា ជា​ថ្មី​ទាក់ទិន​ទៅ​នឹង របៀប​វីរៈ​ នៃ​ការ​សង​បំណុល។

ការ​ចង់បាន​របស់​ក្រិក៖ ស្តារ​ជីវភាព​ប្រជាជន ​និង​សុំ​ឲ្យ​លុប​បំណុល ២៣​ពាន់​លាន​អឺរ៉ូ
រដ្ឋាភិបាល​ថ្មី​ក្រិក​ បាន​ដាក់​ចុះ នូវ​គម្រោង​ជាច្រើន​ចំណុច ដើម្បី​ស្តារ​ប្រទេស​ឡើងវិញ។ លោក ស្តាថាគីស(Stathakis) ដែល​ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច និង​ជា​អ្នក​ផ្តួចផ្តើម​គំនិត កំណែ​ទម្រង់​សេដ្ឋកិច្ច​ក្រិក បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រិក​ត្រូវតែ​ឈរ​លើ​កម្លាំង​ខ្លួនឯង រស់​ដោយ​ខ្លួនឯង មិនមែន​ដក​ដង្ហើម ​ចាំតែ​ឲ្យ​គេ​ជួយ​ យ៉ាង​ត្រដរ ​ដូច​កន្លង​មក​នេះ​ទេ។ គាត់​និយាយ​នេះ​ គឺ​សំដៅ​ទៅ​លើ ​ជំនួយ​របស់​សហភាព​អឺរ៉ុប ធនាគារ​កណ្តាល​អឺរ៉ុប និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នេះឯង។

គម្រោង​ដែល ​រដ្ឋាភិបាល​លោក ស៊ីប្រា ​បាន​ដាក់​ចេញ ​គឺ​ធ្វើ​យ៉ាងណា ជួយ​ប្រជាជន​ក្រិក​ក្រីក្រ ​ឲ្យ​មាន​លទ្ធភាព ​និង​ជីវភាព ​ល្អ​ប្រសើរ​ឡើង​វិញ ​មាន​ជាអាទិ៍ តាម​រយៈ​ការ​តំឡើង​ប្រាក់ខែ​អប្បរមា  ​ការ​តំឡើង​ប្រាក់​ចូល​និវត្តន៍​ ដល់​មនុស្ស​ចាស់ និង​បន្ធូរ​បន្ថយ​ពន្ធ​​លើ​ប្រាក់​ចំណូល​ជាដើម។ ក្រិក​មាន​គម្រោង​តំឡើង​ប្រាក់ខែ​អប្បរមា ​ដល់​៧៥០ អឺរ៉ូ និង​ផ្តល់​ប្រាក់ខែ​ទី១៣​ ដល់​អ្នក​ចូលនិវត្តន៍​ ដែល​មាន​ប្រាក់​ខែ ក្រោម​៧០០​អឺរ៉ូ។ ចំណែក​ឯ​ពន្ធ​លើ​ប្រាក់​ចំណូលវិញ ​កាល​ពី​មុន ​អ្នក​ដែល​រក​ចំណូល​បាន​​ ​លើស​ពី​៥០០០​អឺរ៉ូ ​ក្នុង​មួយ​ឆ្នាំ ​ត្រូវ​បង់​ពន្ធ​ជូន​រដ្ឋ ​បន្តែ​ឥឡូវ ​ក្រិក​មាន​គម្រោង​តំឡើង​រហូត​ដល់ ១ម៉ឺន​២ពាន់​អឺរ៉ូ។​ គម្រោង​​នេះ បើ​គិត​ជា​ទឹក​ប្រាក់​ រដ្ឋ​ក្រិក​ត្រូវ​ចំណាយ​ប្រមាណ​ជា ១២ពាន់​លាន​អឺរ៉ូ។ យើង​សួរ​ថា តើ​ក្រិក​ បាន​ប្រាក់​មក​ពី​ណា ​ដើម្បី​អនុវត្ត​គម្រោង​នេះ?

លោក ​ស្តាថាគីស ​ដដែល​បាន​មាន​ប្រសាសន៍​ថា ​ក្រិក​នឹង​ធ្វើការ​ផ្ទេរ​ប្រាក់ ពី​មូលនិធិ​អឺរ៉ុប​របស់​ខ្លួន ដែល​មាន​ទឹកប្រាក់​ចំនួន ៦ពាន់​លាន​អឺរ៉ូ។ បន្ថែម​ពី​នេះ ក្រិក​សង្ឃឹម​ថា​ នឹង​ប្រមូល​ប្រាក់​ ប្រមាណ​ជា​៣ពាន់​លាន​អឺរ៉ូ ​ដែល​បាន​មក​ពី​ការ​ផាក​ពិន័យ​ដល់​ការ​គេចពន្ធ និង​ការ​កេង​ប្រវញ្ញ​ចំណូល​រដ្ឋ។ ដូច្នេះ វា​នៅ​សល់​តែ​៣ពាន់​លាន​អឺរ៉ូ​ទៀត​ប៉ុណ្ណោះ​ ដែល​ក្រិក​ត្រូវ​រក​ឲ្យ​បាន។ បើតាម​សម្តី​លោក​ ស្តាថាគីស ​ដដែល គាត់​ថា វា​មិន​សូវ​ជា​លំបាក​ប៉ុន្មាន​ទេ។ មួយ​វិញ​ទៀត រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្រិក បាន​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ ទី៣០ ​មករា ថា​ក្រិក​ចង់​សើររើ និយាយ​គ្នា​ជា​ថ្មី​ ទាក់ទិន​ទៅនឹង​របៀបវារៈ​ នៃ​ការ​សង​បំណុល។ តាម​ការ​កំណត់​ ក្រិក​ត្រូវ​សង​ប្រាក់ ២៣ពាន់​លាន​អឺរ៉ូ ក្នុង​ឆ្នាំ​២០១៥​នេះ។ ពេល​នេះ ក្រិក​ចង់​សុំ​ឲ្យ​ពិនិត្យ​ជាថ្មី ​បើ​អាច​ធ្វើបាន​ គឺ​សុំឲ្យ​លប់​បំណុល​នេះ​ ចោល​តែ​ម្តង។

អាល្លឺម៉ង់ថា លប់​បំណុល​មិន​បាន​ទេ៖
រហូត​មក​ដល់​ព្រឹក ថ្ងៃ​សៅរ៍​ទៅ ៣១​មករា លោកស្រី អង់ហ្គេឡា មែកគែល (Angela Merkel) បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា គេ​មិនអាច​លប់​ចោល​បំណុល ទាំង​២៣ពាន់​លាន​អឺរ៉ូ របស់​ក្រិក​ដោយ​ងាយៗ​បាន​ឡើយ។ កន្លង​មក ម្ចាស់​បំណុល គេ​បាន​ធ្លាប់​លុប​ចោល នឹង​សុខចិត្ត​ខាត​ ដោយ​បាន​ទទួល​យក​ ការ​ផ្លាស់​ប្តូរ​ភាគហ៊ុន​ថោកៗ​ របស់ក្រិក។ កាល​ពី​ឆ្នាំ ២០១២ ម្ចាស់​បំណុល​ឯកជន បាន​លុប​បំណុល​ក្រិក ប្រមាណ​ជា ១០០ពាន់​លាន​អឺរ៉ូ​ រួច​មក​ហើយ។ ដូច្នេះ ​គេ​មិន​អាច​ បន្ត​ធ្វើ​បែប​នេះ​ ត​ទៅ​ទៀត​បាន​ទេ។

អ្វីៗ​វា​ទើបតែ​ចាប់ផ្តើម​ប៉ុណ្ណោះ ការ​ចរចារ​រវាង ក្រិក និង​សហភាព​អឺរ៉ុប នៅ​បន្ត​យូរ​ត​ទៅទៀត។ លោក​នាយក​រដ្ឋមន្រ្តី​ក្រិក អាឡិចស៊ីស ស៊ីប្រា និង​ធ្វើ​ដំណើរ​ទៅ​បណ្តា​ប្រទេស​ធំៗ​នៅ អឺរ៉ុប ដូច​ជា​បារាំង ​អង់គ្លេស ​និង​អ៊ីតាលី ​ចាប់​ពី​ថ្ងៃ​ចន្ទ​ សប្តាហ៍​ក្រោយ​នេះ​ទៅ ដើម្បី​ស្វែងរក​ការ​គាំទ្រ។ ទោះ​បី​ជា​យ៉ាងណា គេ​មិន​បាន​បញ្ជាក់​ថា គាត់​មាន​គម្រោង​​ទៅ​ជួប​លោកស្រី អង់ហ្គេឡា មែកគែល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ទេ។ សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក លោក ស៊ីប្រា នេះ ធ្លាប់​បាន​រិះគន់​ទៅ​លើ​គោល​នយោបាយ​ របស់​អឺរ៉ុប ដែល​ដាក់​គំនៀប​មក​លើ​ក្រិក និង​ប្រទេស​ជាប់​បំណុល​ផ្សេង​ទៀត ហើយ​ថា នៅ​អឺរ៉ុប ស្អី​ក៏​ដោយ គឺ​តាមតែ​ការ​សម្រេច​របស់​លោកស្រី អង់ហ្គេឡា មែកគែល ទាំង​អស់ ដែល​​ធ្វើ​បែប​នេះ​វា អយុត្តិធម៌​ណាស់ ​សម្រាប់​ប្រទេស​តូចតាច ​ដែល​គ្មាន​សម្លេង​នឹង​គេ។

ទោះបី​ជា​យ៉ាងណា ​ពេល​នេះ មិនមែន​ជា​ពេល​ដែល​ត្រូវ​ឈ្លោះ​គ្នា​ទេ។ ក្រិក និង​សហភាព​អឺរ៉ុប ​ជិះទូក​ជាមួយ​គ្នា។ បើសិន​ជា​ក្រិក​ក្ស័យធន ​ហើយ​ត្រូវ​ដើរ​ចេញ​ពី​រង្វង់​ប្រទេស​ចាយ​លុយ​អឺរ៉ូ​ អ្នក​ដែល​ខាត​បះជើង គឺ​សហភាព​អឺរ៉ុប​ទាំងមូល​តែម្តង។ ទាំងក្រិក ​ទាំង​សហភាព​អឺរ៉ុប ត្រូវ​តែ​ចរចា​គ្នា រិះរក​វិធី​ស្រង់​សេដ្ឋកិច្ច​ក្រិក ​ឲ្យ​ងើប​ឡើងវិញ។ ស្តារ​សេដ្ឋកិច្ច ​មាន​ន័យ​ថា ស្តារ​ជីវភាព​ប្រជាជន​ក្រិក ដូច្នេះ ផល​ប្រយោជន៍​រួម និង​ការ​ចង់បាន​ របស់​ប្រជាជន​ក្រិក ត្រូវ​តែ​គិត​ជា​អទិភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ