អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដំណោះស្រាយ​វិបត្តិ​ស៊ីរី៖​អាមេរិក​កំពុង​សិក្សា​លើ​ជម្រើស​ផ្លូវទូត និង​ផ្លូវយោធា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក មួយ​ថ្ងៃ បន្ទាប់​ពី​បាន​ប្រកាស​ផ្អាក​កិច្ចចរចា​ជាមួយ​រុស្ស៊ី​ស្តីពី​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​ស៊ីរី​មក ក្រសួង​ការបរទេស​អាមរិក​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី៥ តុលា​ថា អាមេរិក​នឹង​បន្ត​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិស៊ីរី​ដោយ​កំពុង​ពិចារណា​មើល​លើ​គ្រប់​ជម្រើស​ទាំង​អស់ គិត​ទាំង​ជម្រើស​ផ្លូវទូត និង​ផ្លូវយោធា។ ការ​ប្រកាស​របស់​អាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រសួង​ការពារជាតិ​រុស្ស៊ី​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ផ្លូវអាកាស​ក្នុង​ទឹកដី​ស៊ីរី។

លោក Ashton Carter រដ្ឋមន្រ្តីការពារជាតិ​អាមេរិក
លោក Ashton Carter រដ្ឋមន្រ្តីការពារជាតិ​អាមេរិក TED ALJIBE / AFP
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​អាមេរិក​ផ្តើម​ពិចារណា​លើ​ជម្រើស​ផ្ទាល់ខ្លួន​សម្រាប់​ដោះស្រាយ​វិបត្តិ​ស៊ីរី​ពេល​នេះ គឺ​មក​ពី​អាមេរិក​ឆ្អែតឆ្អន់​នឹង​កិច្ចចរចា​ជាមួយ​អ្នកដទៃ ពិសេស​ជាមួយ​ភាគី​រុស្ស៊ី។ ដូច​យើង​ដឹង​ហើយ​ថា អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពោល​តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​គ្នា​ក្នុង​ឆ្នាំ ២០១១ មក សហគមន៍​អន្តរជាតិ មាន​អាមេរិក និង​រុស្ស៊ី​ផង​បាន​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិស៊ីរី។ តែ​លើក​ណា​ក៏​ដូច​ជា​លើក​ណា​ដែរ ការ​ខ្វែង​គំនិត​គ្នា​នៅ​បន្ត ហើយ​ស្ថានការណ៍​នៅ​ស៊ីរី​កាន់​តែ​ដុនដាប ពិសេស​ក្នុង​វិស័យ​មនុស្សធម៌​តែ​ម្តង។
 
ថ្មីៗ​ចុង​ក្រោយ​នេះ​ទៀត កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​អាមេរិក និង​រុស្ស៊ី​ជា​ប្រទេស​ហត្ថលេខី​ក្នុង​ថ្ងៃទី៩ កញ្ញា​ក៏​មិន​ត្រូវ​បាន​គោរព​ពេញ​លក្ខណៈ និង​និង​ដែល​ទីបំផុត​ទៅ អាមេរិក​ក៏​សម្រេច​ឈប់​ចរចា​អ្វី​ទាំង​អស់​ជាមួយ​រុស្ស៊ី។ នៅ​ឯ​វេទិកា​អង្គការសហប្រជាជាតិ​ក៏​ដូច​ជា​ក្រុមប្រឹក្សា​សន្តិសុខ​ទៀត​សោត អាមេរិក​ក៏​ពិបាក​និយាយ​បញ្ចុះបញ្ចូល​អ្នក​ផ្សេង ពិសេស​រុស្ស៊ី និង​ចិន​ឲ្យ​ទទួល​យក​នូវ​សេចក្តីសម្រេចចិត្ត​អ្វី​មួយ​ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​នៅ​ស៊ីរី។ គឺ​ផ្តើម​ពី​ចេញ​ពី​ហេតុផល​ទាំង​អស់​ខាង​លើ​នេះ​ហើយ​ដែល​បាន​បង្ខំ​អាមេរិក​ឲ្យ​ផ្តើម​ពិចារណា​លើ​ជម្រើស​ផ្ទាល់ខ្លួន។
 
នៅ​ថ្ងៃ​ពុធ ទី៥ តុលា​នេះ បណ្តា​ប្រមុខ​ទីភ្នាក់ងារ​អាមេរិក​ដែល​មាន​ជំនាញ​ខាង​សន្តិសុខ និង​នយោបាយ​ការបរទេស​ត្រូវ​រួម​ប្រជុំ​គ្នា​ដើម្បី​បញ្ជូន​ទៅ​ឲ្យ​លោក​ប្រធានាធិបតី​អូបាម៉ា​នូវ​គ្រប់​ជម្រើស​ទាំង​អស់​សម្រាប់​ដំណោះស្រាយ​វិបត្តិ​នៅ​ស៊ីរី។ ជម្រើស​ទាំង​នោះ​រួម​មាន ជម្រើស​ផ្លូវទូត ជម្រើស​ផ្លូវ​យោធា ជម្រើស​ផ្លូវស៊ើបការណ៍​សម្ងាត់ និង​ជម្រើស​សេដ្ឋកិច្ច។ តែ​យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​គូសបញ្ចាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​តាម​ផ្លូវនយោបាយ។

តើ​ទឹកដី​ស៊ីរី​កំពុង​ក្លាយ​ជា​សមរភូមិ​នៃ​ការ​ប្រឈម​មុខ​គ្នា​ផ្លូវអាវុធ​រវាង​អាមេរិក និង​រុស្ស៊ី​ឬ?

អ្វី​ដែល​ច្បាស់ និង​អាច​និយាយ​បាន​នៅ​ចំពោះ​មុខ​ពេល​នេះ​គឺ​ថា ទឹកដី​ស៊ីរី​កំពុង​ក្លាយ​ជា​សមរភូមិ​នៃ​ការ​បង្ហាញ​សាច់ដុំ​ដាក់​គ្នា​រវាង​មហាអំណាច​អាមេរិក និ​រុស្ស៊ី។ ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស​ប្រភេទ S-៣០០ នៅ​ស្រុក​កំពង់ផែ​តារទូ​ប៉ែក​ភាគពាយព្យ​ប្រទេស​ស៊ីរី។ នេះ​ជា​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស​ទី២ ដែល​រុស្ស៊ី​បាន​ដាក់​តាំង​ក្នុង​ទឹកដី​ស៊ីរី បន្ទាប់​ពី​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស​ទី១ ប្រភេទ S-៤០០ ដាក់​តាំង​នៅ​មូលដ្ឋាន​ទ័ពអាកាស​ក្នុង​ស្រុក​កំពង់ផែ​ម៉ីមីម​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៥។

ជាមួយ​នឹង​វត្តមាន​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស​ទាំង​ពីរ​នេះ រុស្ស៊ី​នឹង​អាច​ធានា​សុវត្ថិភាព​យុទ្ធនាការ​ផ្លូវអាកាស​របស់​ខ្លួន​ក្នុង​ទឹកដី​ស៊ីរី ពិសេស​ការពារ​មូលដ្ឋាន​ទ័ពអាកាស​ក្នុង​ខេត្ត​ឡាតាក់កេ​ដែល​រស្ស៊ី​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រមាណ​ជា ១០គ្រឿង យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ជា​ច្រើន​គ្រឿង។ បន្ទាប់​ពី​ការ​ប្រកាស​របស់​ក្រសួង​ការពារជាតិ​រុស្ស៊ី​របៀប​នេះ ក្រសួង​ការពារជាតិ​អាមេរិក​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ដោយ​ព្រមាន​ថា អាមេរិក​នឹង​ធ្វើ​ការ​វាយបក​ចាស់​ដៃ​ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​មីស៊ីល​ទាំង​នេះ​ដើម្បី​ប្រឆាំង​នឹង​យន្តហោះ​អាមេរិកាំង​នៅ​ស៊ីរី។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​លោក Peter Cook បាន​និយាយ​ទៅ​កាន់​រុស្ស៊ី និង​អ្នក​ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​ក្នុង​វិបត្តិស៊ីរី​ទាំង​អស់​ឲ្យ​យល់​ច្បាស់​ថា អាមេរិក​យក​ចិត្ត​ទុកដាក់​ខ្លាំង​ណាស់​ចំពោះ​សន្តិសុខ និង​សុវត្ថិភាព​អាកាសយានិក​អាមេរិកាំង។

ទ្វារ​នៃ​ដំណោះស្រាយ​តាម​ផ្លូវនយោបាយ​ឲ្យ​វិបត្តិស៊ីរី​នៅ​បន្ត​បើក​ចំហ

ទន្ទឹម​នឹង​ការ​បង្ហាញ​សាច់ដុំ និង​ដំឡើង​សម្លេង​ដាក់​គ្នា អាមេរិក និង​រុស្ស៊ី​សុទ្ធ​តែ​បាន​អះអាង​ថា ទ្វារ​នៃ​ដំណោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​នៅ​មិន​ទាន់​បាន​បិទ​ទាំង​ស្រុង​ទេ។ សម្រាប់​អាមេរិក លោក​ប្រមុខ​ការទូត​ចន ឃែរី​បាន​ថ្លែង​ពី​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ដោយ​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា អាមេរិក​មិន​បោះបង់​ចោល​ការ​ប្រឹងប្រែង​ស្វែង​រក​សន្តិភាព​ឲ្យ​ប្រទេស និង​ប្រជាជន​ស៊ីរី​ទេ។
 

00:56

ប្រសាសន៍​លោក ចន ឃែរី ប្រែសម្រួល​ដោយ សេង ឌីណា

សេង ឌីណា

« ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​គ្រប់​គ្នា​ដឹង​ច្បាស់​ថា យើង​មិន​បោះបង់​ប្រជាជន​ស៊ីរី​នោះ​ទេ... យើង​មិន​បោះបង់​ការ​ប្រឹងប្រែង​ស្វែង​រក​សន្តិភាពយើង​មិន​បោះបង់​កិច្ចខិតខំ​ប្រឹងប្រែង​ខាង​ការទូត​ពហុភាគី... យើង​នឹង​នៅ​តែ​បន្ត​ស្វែង​រក​ច្រកចេញ​ដើម្បី​ឈាន​ទៅ​បញ្ចប់​សង្រ្គាម​នេះ។
 
យើង​ក៏​មិនបោះបង់​ចោល​ដែរ​នូវ​ទំនាក់ទំនង​ជាមួយ​កងទ័ព​រុស្ស៊ី​ដើម្បី​បញ្ចៀស​រាល់​ការ​ប៉ះទង្គិចគ្នា និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។
 
យើង​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដូច​អ្វី​ដែល​យើង​ធ្លាប់​បាន​ធ្វើ​ពី​មុន​ដើម្បី​ធ្វើ​យ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​បទឈប់បាញ់​មួយ​ដែល​ធានា​បាន​នូវ​ការ​អនុវត្ត​នៅលើ​ដី​ជាក់ស្តែង និង​មាន​សុពលភាព​យូរអង្វែង ហើយ​ជា​បទឈប់បាញ់​ដែល​មាន​វិសាលភាព​ទូទាំង​ប្រទេស ក្នុង​នោះ​ក៏​មាន​ដែរ ការ​បញ្ចប់​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ពី​សំណាក់​កងទ័ព​រដ្ឋាភិបាល និង​​រុស្ស៊ី​ទៅ​លើ​តំបន់​មួយ​ចំនួន »។

ឃើញ​ថា​ពេល​នេះ ទ្រឹស្តី​ក៏​មាន ឆន្ទៈ​ក៏​មាន​ដែរ តែ​ការ​អនុវត្ត​ជាក់ស្តែង​យ៉ាង​ណា​នោះ គេ​ត្រូវ​រង់ចាំ​មើល​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ