អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី បោះឆ្នោត​សភា​ឌូម៉ានីតិកាលថ្មី ដែល​ពុំ​សូវ​មាន​ការ​ចាប់អារម្មណ៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអាទិត្យ ១៨កញ្ញានេះ អ្នកស្រុករុស្ស៊ី​ដែល​មាន​សិទ្ធិ​បោះឆ្នោត ចំនួន​១១១លាន ៦សែន​នាក់ នាំគ្នា​ទៅ​កាន់​ការិយាល័យ​បោះឆ្នោត ចំនួន​ជាង ៩ម៉ឺន​៤ពាន់​កន្លែង ដែល​បើក​នៅតាម​ខេត្ត​ទាំង​៨៥​ចំណុះ​សហព័ន្ធ​រុស្ស៊ី លាត​សន្ធឹង ពី​កើត​ទៅ​លិច ចម្ងាយ​ជាង ១ម៉ឺន​គ.ម. ទាល់​តែ​ខុស​ម៉ោង​គ្នា ដល់​ទៅ​១១​ម៉ោង​ឯណោះ។

សមាជិក​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រៀប​ចំ​ការិយាល័យ​បោះឆ្នោត ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ១៨ កញ្ញា ២០១៦
សមាជិក​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រៀប​ចំ​ការិយាល័យ​បោះឆ្នោត ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ១៨ កញ្ញា ២០១៦ Kirill KUDRYAVTSEV / AFP
ផ្សាយពាណិជ្ជកម្ម

 

គេបោះឆ្នោតដើម្បីរើសសភាឌូម៉ា​នីតិកាល​ថ្មី​មាន​៤៥០​អាសនៈ សម្រាប់ អាណត្តិ​៥​ឆ្នាំ​ទៅមុខទៀត ដែល​ស្រប​នឹង​ការស្ទង់​មតិ គឺ​បក្ស​កាន់​អំណាច​សព្វថ្ងៃ ឈ្មោះ​បក្ស​ប្រទេស​រុស្ស៊ី​រួម​ធ្លុង​មួយ ដែល​គាំទ្រ​បន្ទាត់​នយោបាយ​វិមាន​ក្រេមឡាំង​ពេញទី ដែល​នឹង​ទទួល​បាន​អាសនៈ ភាគច្រើន​ដដែល។ នេះ គឺ​ក្រោយ​ពី​បាន​ប្រព្រឹត្ត​ទៅ យុទ្ធនាការ​បោះឆ្នោត ដែល​មិន​សូវ​នាំ​ឲ្យ​បណ្តាជន​ចាប់​ភ្លឹក​ណាស់ណា​ទេ ក្នុង​ប្រទេស​រុស្ស៊ី​សព្វថ្ងៃ ញាំញី​ដោយ​សេដ្ឋកិច្ច​ក្នុង​ស្ថានភាព​​ដើរ​ថយ​ក្រោយ ទាំងក្រោម​សម្ពាធ​នៃ​ទណ្ឌកម្ម​បស្ចិម​លោក មកពី​រុស្ស៊ី បាន​ភ្ជាប់យក​ទឹកដី​គ្រីមេ ផ្តាច់​ចេញ​ពី​អ៊ុយក្រែន កាលពី​២​ឆ្នាំ​កន្លះមុន។

ម៉្លោះហើយ បាន​ជា​ការបោះឆ្នោត រើស​សភា​ឌូម៉ា លើក​នេះ ក៏​ប្រព្រឹត្តទៅ ទាំង​នៅ​លើ​ដែនដី គ្រីមេ​ផង ប៉ុន្តែ​អាជ្ញាធរ​ក្រុង​គៀវ បាន​អំពាវនាវ​បស្ចិមលោក​ទៅ​ហើយ កុំ​ឲ្យ​ទទួល​ស្គាល់ លទ្ធផល​នៃ​ការបោះឆ្នោត​នេះអី ដ្បិតវា​ប្រព្រឹត្ត​ទៅ នៅ​លើ​ដែនដី ដែល​អ៊ុយក្រែន​បន្ត​ចាត់ទុក​ជា​ដែនដី​ខ្លួន​ដដែល ដែល​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​ក្រុង​ម៉ូស្គូ​ទេ​តើ។

ការបោះឆ្នោតនៅរុស្ស៊ី​ថ្ងៃនេះ តាមដាន​ពិនិត្យ​មើល នៅ​ផ្ទាល់​នឹង​ការិយាល័យ​បោះឆ្នោត ដោយ​អ្នក​សង្កេតការណ៍​បរទេស ចំនួន ៦៧៤នាក់។

អំពីនីតិវិធី នៃការបោះឆ្នោតរើសភាឌូម៉ា 
 
ថ្ងៃអាទិត្យ ១៨កញ្ញានេះ តាំងពីម៉ោង៨ព្រឹក រហូតដល់​ម៉ោង​៨​យប់ ប្រព្រឹត្ត​ទៅ ការបោះឆ្នោត​រើស​សភា​ជាន់​ក្រោម​នៃ​រដ្ឋសភា​រុស្ស៊ី ហៅថា​សភា​ឌូម៉ា នីតិកាល​ថ្មី ដែល​តាម​លេខរៀង គិតពី​ឆ្នាំ​១៩៩៣​មក គឺ​ជា​នីតិកាល​ទី​៧។ បើគិត​ពី​ឆ្នាំ២០០៣​មក លើក​នេះ ជា​លើក ទី១ ដែល​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ តាម​ប្រព័ន្ធ​ចម្រុះ គឺថា ពី​ក្នុង​ចំណោម​អាសនៈ​ចំនួន​៤៥០ នៃ​សភា​ឌូម៉ា សម្រាប់​អាណត្តិ​៥​ឆ្នាំ​ទៅ​មុខ​ទៀត ៖ ២២៥​នាក់ ជ្រើសរើស​តាម​ប្រព័ន្ធ​សមាមាត្រ ២២៥​នាក់​ទៀត ជ្រើសរើស​តាម​ប្រព័ន្ធ​ឯកតនាម។ ចូល​ប្រឡូក​ក្នុង​ការបោះឆ្នោត តាម​ប្រព័ន្ធ​សមាមាត្រ គឺ មាន​គណបក្ស​ចំនួន​១៤ ដែល​បញ្ឈរ​ឈ្មោះ​បេក្ខជន​ខ្លួន​ដល់​ទៅ ជាង ៤.០០០ នាក់ ឬ​ជា​មធ្យម ១៥នាក់ ដើម្បី​ដណ្តើម​យក​បាន​១​អាសនៈ ហើយ តាម​ប្រព័ន្ធ​ឯកតនាម គឺ​បេក្ខជន ជាង ២.០០០នាក់ ឬ ជា​មធ្យម ៩នាក់​ដើម្បី​ដណ្តើម​យក​១​អាសនៈ។ សន្មត់ថា ជាប់ឆ្នោត តាម​ប្រព័ន្ធ​សមាមាត្រ លុះ​ណា​តែ​គណបក្ស នេះឬ​នោះ ចេះ​ទទួល​បាន​សម្លេង​គាំទ្រ​អ្នក​ស្រុក​ម្ចាស់​ឆ្នោត មិន​តិច​ជាង​៥%​ឡើយ។ ចំណែក​បេក្ខជនដែល​ឈរ​ឈ្មោះ​តាម​ប្រព័ន្ធ​ឯកតនាម នៅ​តាម​មណ្ឌល​បោះឆ្នោត​ចំនួន ២២៥​មណ្ឌល ដើម្បី​ជាប់​ឆ្នោត​មាន​អាសនៈ ប្រចាំ​នៅ​សភា​ឌូម៉ា ត្រូវ​ទទួល​ឲ្យ​បាន​សម្លេង​គាំទ្រ ក្នុង​ចំនួន​៥០%+១​សម្លេង​នៃ​អ្នកស្រុក​ម្ចាស់​ឆ្នោត​រស់​នៅ​ក្នុង​មណ្ឌល​នោះ។  

នៅរុស្ស៊ី អ្នកស្រុក​ដែល​មាន​សិទ្ធិ​បោះឆ្នោត មាន​ចំនួន ១១១​លាន​៦​សែន​នាក់ ពី​ក្នុង​បណ្តាជន​ទូទាំង​ប្រទេស​ក្នុង​ចំនួន​១៤៦​លាន​៥​សែន​នាក់។ នៅតាម​ខេត្ត​ទាំង​៨៥ ចំណុះ​សហព័ន្ធ​រុស្ស៊ី​មាន​បើក​ការិយាល័យ​បោះឆ្នោត ជាង ៩៤.០០០​កន្លែង។ តាមប្រសាសន៍ លោកស្រី Ella Panfilova ការបោះឆ្នោត​នេះ តាមដាន​ពិនិត្យ​ដោយ​អ្នកសង្កេតការណ៍​បរទេស ចំនួន​៦៧៤ នាក់។ លទ្ធផល​ត្រួសៗ​ជា​មុន នៃ​ការបោះឆ្នោត នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង គឺ​ក្រោយ ពី​នៅ​ឯ​ខេត្ត​ប៉ែក​ខាង​លិច​បង្អស់​នៃ​សហព័ន្ធ​រុស្ស៊ី ខេត្ត Kalinnongrad បិទ​ឲ្យ​ឈប់​ដំណើរការ​ការិយាល័យ​បោះឆ្នោត នៅ​ម៉ោង​៨​យប់ ដែល​ត្រូវ​នឹង​ម៉ោង ៩​យប់​ម៉ោង​នៅ រដ្ឋធានី​ម៉ូស្គូ។

គួរនិយាយថា ថ្ងៃអាទិត្យ ១៨កញ្ញានេះ ក៏​ប្រព្រឹត្ត​ទៅ ទាំង​ការបោះឆ្នោត​រើស​អភិបាល​ខេត្ត​ថ្មី ចំនួន៩ និង​រើស​សភា​ខេត្ត​នីតិកាល​ថ្មី ចំនួន ៣៩ ពី​ក្នុង​ចំណោម​ខេត្ត​ទាំង​៨៥ ដែល​ចំណុះ​សហព័ន្ធ​រុស្ស៊ី។

តើហេតុអ្វី​បាន​ជា​អ្នកស្រុក​ជា​ទូទៅ ហាក់បី​មិន​សូវ​អើពើ​ចាប់​អារម្មណ៍​ទៅលើ​ការបោះឆ្នោត​ថ្ងៃ​១៨​កញ្ញា​នេះ?

មូលហេតុ តាមមើលទៅមកពី​គេ​ដឹង​ជា​មុន​ទៅ​ហើយ​ថា បក្ស​កាន់​អំណាច ឈ្មោះ ប្រទេស​រុស្ស៊ី​រួម​ធ្លុង​មួយ គង់​នឹង​ឈ្នះ​ឆ្នោត​ដដែល​ជា​ដដែល ហើយ​គ្មាន​អ្វី​នឹង​ប្រែប្រួល ជា​ធំ​ដុំ​ទេ ក្នុង​ជីវភាព​រស់នៅ​របស់​គេ។ ប៉ុន្តែ​សំខាន់​សម្រាប់​បណ្តាជន ដែល​នឹង​បោះឆ្នោត ឲ្យ​បក្ស​កាន់​អំណាច​សព្វថ្ងៃ គឺ​កត្តា​ជា​គោល ដោយ​គេ​កក់ក្តៅ​ក្នុង​ចិត្ត​ថា បក្ស​នេះ​នឹង​ចេះ​រក្សា ស្ថានការណ៍​ក្នុង​ប្រទេស​ឲ្យ​មាន​ស្ថិរភាព មិន​បោក​កញ្ជ្រោក ដូច​នៅ​តាម​ប្រទេស​ជិត​ខាង​ណា ដែល​បាន​ឆ្លងកាត់​របស់​ដែល​ហៅ​ថា “បដិវត្តន៍​ពណ៌” តួយ៉ាង​អ៊ុយក្រែន ស៊ី​ជោរ​ទៅ​តាម​ពន្យុះ​របស់​បស្ចិមលោក ដែល​ជ្រោង​លើក​ឡើង នូវ​គោលការណ៍ “ប្រជាធិបតេយ្យ” សម្រាប់​ជា​នុយ​ទាក់​ទឹកចិត្ត​ប្រទេស ដែល​ធ្លាប់​បាន​ស្ថិត​ក្នុង​សហភាព​សូវៀត ហើយ​ស្គាល់​ដង្ហើម​សេរីភាព ក្រោយពី​បាន​ឯករាជ្យ​ពី​សហភាព​នេះ។

លោកពូទីន ប្រធានាធិបតី​រុស្ស៊ី ដែល​បន្ត​កេរ្ត៍​ពី​សហភាព​សូវៀត ក្នុង​បទ​អន្តរាគមន៍ តាម​កញ្ចក់​ទូរទស្សន៍ ទៅ​កាន់​ប្រជាជាតិ បាន​អំពាវនាវ​អ្នកស្រុក​ឲ្យ​ទៅ​កាន់​ហឹប​ឆ្នោត​ដោយ​ផ្ទាល់ ហើយ​ដោយ​មិន​អាស្រ័យ តើ​គេ​គាំទ្រ​ដល់​គណបក្ស​ណា​ឡើយ ដោយ​បំពេញ​កាតព្វកិច្ច​ខ្លួន ជា​ពលរដ្ឋ គឺ ត្រូវ​ទៅ​បញ្ចេញ​សម្លេង​ខ្លួន “ធ្វើ​ជម្រើស​របស់​ខ្លួន បោះឆ្នោត​ដើម្បី​ប្រទេស​រុស្ស៊ី​ទៅ”។

ជាការកត់សម្គាល់ លោកពូទីន ដែល​ប្រជាប្រិយភាព​គាត់ មិន​ដែល​ធ្លាក់​ចុះ​ក្រោម ៨០%​ឡើយ ក្នុង​សម្ភាសន៍​ពេល​ថ្មីៗ ទៅ​ទីភ្នាក់ងារ​ពត៌មាន Bloomberg បាន​ថ្លែង​ថា គាត់​នៅ​មិន​ទាន់​អារ​កាត់​ក្នុង​ចិត្ត​នៅ​ឡើយ តើ​គាត់​នឹង​បញ្ឈរ​ឈ្មោះ ជា​បេក្ខជន​ប្រធានាធិបតី ឬ​ក៏​ទេ ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៨ សម្រាប់​អាណត្តិ​ទី​៤ ពោល​គឺ​សម្រាប់​៦​ឆ្នាំ​ទៀត។  

ប៉ុន្តែ បើបក្សកាន់អំណាច ដែល​គាំទ្រ​បន្ទាត់​នយោបាយ​វិមាន​ក្រេមឡាំង ដណ្តើម​បាន​អាសនៈ ភាគច្រើន​ជា​ថ្មី​ទៀត ក្នុង​សភា​ឌូម៉ា វា​នឹង​ក្លាយ​ទៅ​ជា​សារ លើក​ទឹកចិត្ត​គាត់​ដែល ​ទោះបី​ឥឡូវ មាន​អាយុ ៦៣​ឆ្នាំ​ក្តី​ ឲ្យ​ឈរ​ឈ្មោះ​ជា​ថ្មី​ពុំ​ខាន។

គួរនិយាយថា ក្នុងការបោះឆ្នោត​សភា​លើក​នេះ ខុសពី​ការបោះឆ្នោត​សភា ឆ្នាំ​២០១១ វិមាន​ក្រេមឡាំង ប្តេជ្ញា​ផ្តល់​តម្លាភាព​ដល់​វា​ក្នុងក​ម្រិត​ធំធេង​ទូលំទូលាយ​ជាង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ