អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​អ៊ុយក្រែន ៖​ រដ្ឋាភិបាល​បើក​យុទ្ធនាការ​បោស​សម្អាត​ក្រុម​ផ្តាច់​ខ្លួនភាគ​ខាង​កើត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ក្រុម​បះបោរ​ផ្តាច់​ទឹក​ដី​ស្និទ្ធ​នឹង​រុស្ស៊ី បាន​វាយ​ដណ្តើម​ កាន់​កាប់​ក្រុង​ ​មួយ​​ទៀត​ហើយ។ ទង់ជាតិ​រុស្ស៊ី កំពុង​បក់​រវិច​ទន្ទឹម​នឹង​ទង់​ជាតិ​តំបន់។ ជា​ចម្លើយ​តប​ រដ្ឋាភិបាល​អ៊ុយក្រែន បាន​ប្រកាស​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​បះបោរ នៅ​ស្លាវីយ៉ង់​ នា​ព្រឹក​ថ្ងៃ​សុក្រទី​២​ឧសភា​នេះ។ មាន​ស្លាប់​និង​របួស ឧទ្ធម្ភាគចក្រ​អ៊ុយក្រែន​មួយ​គ្រឿង​ត្រូវ​បាន​បាញ់​ធ្លាក់​ស្លាប់​អ្នក​បើក។ វិបត្តិ​អ៊ុយក្រែនឡើង​តាន​តឹង​កាន់​តែ​ខ្លាំង ដែល​ក្លាយ​ជា​ប្រធានបទ​ ដ៏​សំខាន់​ គ្រប​ស្ទើរ​ជិត​ឈឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ នៅ​សហរដ្ឋ​អាមេរិក។

ទាហាន​អ៊ុយក្រែន ចេញ​ធ្វើ​យុទ្ធនាការ​នៅ​  Slaviansk ថ្ងៃទី ២​ឧសភា ២០១៤
ទាហាន​អ៊ុយក្រែន ចេញ​ធ្វើ​យុទ្ធនាការ​នៅ​ Slaviansk ថ្ងៃទី ២​ឧសភា ២០១៤ REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

សំឡេង​កាំភ្លើង បាន​លាន់​ឮ​តាំង​ពី​ព្រលឹម ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​ផ្ទាល់​តែ​ម្តង ដែល​បាន​ប្រកាស​ថា​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​របស់​រដ្ឋាភិបាល​ បាន​រង​ការ​បាញ់​ទម្លាក់​ ដោយ​រ៉ុកកែត ! អ្នក​បើក​ម្នាក់​បាន​ស្លាប់ និង​ទំនង​ជា​មាន​អ្នក​របួស​ជា​ច្រើន​ផ្សេង​ទៀត។ នេះ​បញ្ជាក់​ឱ្យឃើញ​ថា ក្រុម​ផ្តាច់​ទឹក​ដី​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ពិត​ជា​មាន​ជំនួយ​​ពីយោធាបរទេស​ពិសេស​​នៅ​ផ្ទាល់​កន្លែង​តែ​ម្តង !

 
ការ​ប្រយុទ្ធ​គ្នា​មាន​លក្ខណៈ​សាហាវ​ខ្លាំង ​ទ្រង់ទ្រាយ​ក៏​ធំ​ និង​ពិបាក​យក​ឈ្នះ​បាន​ជាង​ការ​គិត​ទុក​ជា​មុន​ របស់​រដ្ឋាភិបាលផង ព្រោះ​ក្រុមអ្នក​បះបោរ​ មាន​កម្លាំង​អាច​ធន់​ទប់​ទល់​បាន​នឹង​កម្លាំង​យោធា​រដ្ឋាភិបាល។ ក្រុម​នេះ​ទំនង​ជា​មាន​ប្រើ​កាំភ្លើង​ធំ ប្រដាប់​ផ្លោង​គ្រាប់​បែក ឬ​រហូត​ដល់​មីស៊ីលបាញ់​យន្តហោះផង។

 
ហេតុ​អ្វីស្លាវីយ៉ង់ ?
 
ក្រុម​ផ្តាច់​ទឹកដី​ស្និទ្ធ​នឹង​រុស្ស៊ី​ ដែល​បាន​គ្រប់គ្រង​​ភាគ​ខាងកើត​ តាំង​ពី​ជាង​ពីរ​សប្តាហ៍មក​មាន​បំពាក់​អាវុធ​ច្រើន ធុន​ស្រាល ធុន​ធ្ងន់ បាន​ធ្វើ​ឱ្យ​យុទ្ធនាការ​ថ្ងៃ​នេះ កាន់​តែ​ស្មុគស្មាញ ហើយ​ជាង​នេះ​ទៅ​ទៀត ស្ថានការណ៍​មិនអំណោយ​ផល​សោះ សម្រាប់​ខាង​រដ្ឋាភិបាល ព្រោះ​អ្នក​សង្កេតការណ៍​​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការអឺរ៉ុប​ ៧នាក់​ជា​បរទេស​និង​បួន​នាក់​ជា​អ៊ុយក្រែន ជា​ចំណាប់​ថ្នូរ​ស្រាប់​ ក្នុង​កណ្តាប់​ដៃ​ពួក​បះបោរ​ ប្រចាំ​ក្រុង​ស្លាវីយ៉ង​នេះ​តែ​ម្តង មិន​ទាន់​ចរចា​ត្រូវ​ បាន​សេរីភាព​នៅ​ឡើយទេ។

អន្តរាគមន៍​យោធាថ្ងៃ​នេះ បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​សម្ពាន​កាន់​តែ​ឡើង​តាន​តឹង​ខ្លាំង​រវាង​អំណាច​កណ្តាល​អ៊ុយក្រែន និង​ក្រុម​អ្នក​បះបោរ​ភាគ​ខាង​កើត​និយាយ​ភាសា​រុស្ស៊ី​​តែ​ប៉ុណ្ណោះ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​គៀវ​ ប្រហែល​ជា​អស់​ជម្រើស​ហើយ ! រដ្ឋាភិបាល​នេះ បាន​រៀប​ជើង​ព្រួល​ ត្រៀម​ប្រយុទ្ធ​ជា​ច្រើន​ថ្ងៃ​មកហើយ តាម​រយៈ​ ការ​ប្រកាស​ « បើក​ប្រតិបត្តិការ ប្រឆាំង​នឹង​ភេរវជន » អាច​ថា​ជា​គំរាម កំឡា​ក្រុម​ប្រឆាំង តែ​គ្មាន​ប្រសិទ្ធិភាព​សោះ ស្ថានការណ៍​នៅតែ​ដុនដាប​ដដែល មិន​តែ​ប៉ុណ្ណោះនៅ​ល្ងាច​មិញ ក្រុម​បះបោរ​ប្រដាប់​អាវុធ​ថែម​ទាំងសម្រុក​ដណ្តើម​កាន់​កាប់​ក្រុង​ ដូណេត ដ៏​ធំ​និង​សំខាន់​បំផុត​ប្រចាំ​ភាគ​ខាង​កើត​ប្រទេស​ទៀត។ ដូច្នេះ រដ្ឋាភិបាល​អ៊ុយក្រែន​ ត្រូវ​តែ​បើក​យុទ្ធនាការ​មែន​ទែន​ទប់​ទល់​វិញ។

សម្រាប់​ក្រុង​គៀវ យុទ្ធនាការ​នេះ មាន​កម្មវត្ថុ​តែ​មួយ គឺ​ដើម្បី​រំដោះ​អ្នក​សង្កេតការណ៍​អន្តរជាតិ និង​ដក​អាវុធ​ និង​រំដោះ​មន្ទីរ​អាគារ​រដ្ឋ​ ពី​ពួក​បះបោរ បន្ត​ពី​ប្រតិបត្តិការ​ប្រឆាំង​ភេរវជន​ប៉ុណ្ណោះ។ ប៉ុន្តែ​អាច​ជា​សន្លឹក​បៀរ​ចុងក្រោយ ព្រោះ​គៀវ​ដឹងថាលែង​​អាច​គ្រប់គ្រង​កង​កម្លាំង​ប៉ូលិស​នៅ​ភាគ​ខាង​កើត​បាន​ ក្រុង​ដូណេត​ ធ្លាក់​ក្នុង​កណ្តាប់​ដៃ​សកម្មជន​ស្និទ្ធ​នឹង​ម៉ូស្គូ ! ក្រុម​នេះ ដែល​មិន​ទទួល​ស្គាល់ និង​ចង់​រំខាន​ឱ្យខាន​តែ​បាន​ ការ​រៀបចំ​បោះឆ្នោត​ជាតិ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២៥ឧសភា ​បាន​ប្រកាស​​ខ្លួន​ ជា​សាធារណរដ្ឋ​ប្រជាជន​ និង​ប្រកាស​រៀប​ចំ​ធ្វើ​ប្រជាមតិ ផ្តាច់ខ្លួន​នឹង​អំណាច​កណ្តាល​អ៊ុយក្រែន នៅ​ថ្ងៃ​ទី ១១​ ឧសភា សប្តាហ៍​ក្រោយ គឺ​ដូច​បេះដាក់​នឹង​ដំណើរ​ដើម​ទង​នៅ​​កើត​នៅ​គ្រីមេ។

ចរចា​មិន​ចេញ ឈរស្ងៀម​ចាំ​មើល​ភាគ​កើត​ដាច់​ទៅ​រុស្ស៊ី​ក៏​មិន​កើត គឺ​មាន​តែ​ប្រើ​កម្លាំង។ ម្សិលមិញ រដ្ឋាភិបាល​ក្រុង​គៀវ បាន​ចេញ​ក្រិត្យ​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​អ៊ុយក្រែន​ ពី​អាយុ ១៨ ឆ្នាំ​ដល់​២៥ឆ្នាំ បំពេញ​កាតព្វកិច្ច​យោធា​ ដោយ​ចាំបាច់​។

លោកស្រី អង់ហ្គេឡា មែរកិល ទៅ​សហរដ្ឋ​អាមេរិក​​ ដើម្បី​ជជែក​អំពី​វិបត្តិ​​អ៊ុយក្រែន​ និងកិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​អាមេរិក​-អឺរ៉ុប​
 

លោក​ស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា ត្រុវ​ពិភាក្សា​គ្នា​អំពី​វិបត្តិ​អ៊ុយក្រែន​នៅ​សេតវិមាន
លោក​ស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា ត្រុវ​ពិភាក្សា​គ្នា​អំពី​វិបត្តិ​អ៊ុយក្រែន​នៅ​សេតវិមាន REUTERS/Kim Hong-Ji/Thomas Peter

អ្នក​ដែល​បញ្ចេញ​ប្រតិកម្ម​មុន​គេ​ គឺ​រុស្ស៊ី ! សម្រាប់​ម៉ូស្គូ យុទ្ធនាការ​នេះ ជា​ការ​រំលាយ​កិច្ចព្រមព្រៀង​​សន្តិភាព​ហ្សឺណែវ និង​បាន​ស្នើ​សុំ​ឱ្យ​អង្គការ​សន្តិសុខ​ និង​សហប្រតិបត្តិការ​អឺរ៉ុប អូអេសសេអឺ ជួយ​ធ្វើ​អន្តរាគមន៍​ប្រាប់​ក្រុង​គៀវ​ឱ្យ​បញ្ឈប់​សកម្មភាព​ភ្លាម។

ចំណែក​ឯ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ប្រមុខ​ការទូត​អាល្លឺម៉ង់ នៅ​សហរដ្ឋ​អាមេរិក​វិញ គឺ​ពិត​ណាស់ ថា​នឹង​ផ្តល់​អាទិភាព​ចំបង​ដល់​វិបត្តិ​អ៊ុយក្រែន។ លោកស្រី​មែរកិល ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោក​អូបាម៉ា នៅ​សេតវិមាន នៅ​ល្ងាច​នេះ។ ​ ក្នុង​ខណៈ​ដែល​ទំនាក់ទំនង​រុស្ស៊ី និង​បស្ចឹម​លោក ប្រេះឆាដូច​សម័យ​សង្គ្រាម​ត្រជាក់​អាល្លឺមង់ និង​អាមេរិក ត្រូវ​ការ​បង្ហាញ កម្លាំ​ង​រួម​ និងរក​សិល្បវិធីរួម​​ដាក់​រសម្ពាធ​លើ​រុស្ស៊ីរបស់​លោក​ពូទីន។

នេះ​ជា​លើក​ទីមួយ គិតចាប់​តាំង​ពី​ធ្លាយ​រឿង​អាស្រូវ​​​ស៊ើបការណ៍អាមេរិក​​ លួច​ស្តាប់​ទូរស័ព្ទ​ថ្នាក់​ដឹកនាំ​អឺរ៉ុប ជា​សម្ពន្ធ​មិត្ត ជាពិសេស​គឺទូរស័ព្ទ​ដៃ​រូប​លោកស្រី មេរគែល ផ្ទាល់​តែ​ម្តង ដែល​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោក​អូបាម៉ា មួយទល់​នឹង​មួយ នៅ​វ៉ាស៊ីនតោន។ ប្រសិន​បើ​គ្មាន​វិបត្តិ​អ៊ុយក្រែនកើន​ឡើង​ទេ នោះ​លោកស្រី​មែរគែល ទំនង​ជា​ត្រូវប្រើ​ឱកាស​នេះ​​ជម្រះ​បញ្ជី​ជាមួយ​លោក​អូបាម៉ា​​ហើយ !​ ដូច្នេះ​បើ​និយាយ​ភាសា​បែប​អាក្រក់​ស្តាប់​បន្តិច​ អាមេរិក​គួរ​តែ​អរគុណ​រុស្ស៊ី​ អរគុណ​វិបត្តិ​អ៊ុយក្រែន​សម្រាប់​រឿង​នេះ។

ការ​ចំណេញ​មួយ​ទៀត គឺ​កិច្ចព្រមព្រៀង​​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី អន្តរ​អាត្លង់ទិក ដែល​អាមេរិក​និង​អឺរ៉ុប​បាន​ចរចា​បង្កើត​ ជា​យូរ​ខែ​ឆ្នាំ​មក​ហើយ។ នា​ឱកាស​ជួប​ពិភាក្សា​គ្នា​មួយ​ទល់​នឹង​មួយ នៅ​សេតវិមាន ប្រមុខ​ដឹកនាំ​អាមេរិក​ និងអាល្លឺម៉ង ត្រូវ​ជជែក​គ្នា​លំអិត​អំពី​ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​ ដែល​លោក​ស្រី មែរកិល​ រីក​រាយ​គាំទ្រ​ ដើម្បី​ប្រយោជន៍​សហគ្រាស​អាល្លឺម៉ង់។ ភាព​ជឿន​លឿន​នៃ​ការ​ចរចា​បង្កើត​​តំបន់​ផ្តោះ​ប្តូរសេរី​អាមេរិក​អឺរ៉ុប និង​លទ្ធភាព​អាច​បង្កើត​​ចេញ​បាន​នៅ​ឆ្នាំ​ក្រោយ អាច​នឹង​មាន​បញ្ជាក់​កាន់​ច្បាស់​​ក្នុង​ឱកាស​ជំនួប​នៅ​សេតវិមាន រវាង​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​និង​ប្រធានធិបតី​អាមេរិក​ល្ងាច​នេះ។ កន្លង​មកសហភាព​អឺរ៉ុប មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជា​មួយ​រុស្ស៊ី​ ខ្លាំង​ជាង​ជាមួយ​សហរដ្ឋ​អាមេរិក​។ អាមេរិក​អាច​ហ៊ាន​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗ​លើ​រុស្ស៊ី បាន​ ប៉ុន្តែ​ ​ រាល់ទណ្ឌកម្ម​ដាក់​លើ​រុស្ស៊ី តែង​បង្ក​ផលវិបាក​ ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុបវិញ ​ទៅ​តាម​កំរិត​នៃទំនាក់ទំនង​ប្រទេស​នោះ​ជាមួយ​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ