អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ Loukachenko ដែល​​ឈ្នះ​ឆ្នោត​ជា​ថ្មី លែង​ខ្វល់​នឹង​មតិ​ទិតៀន

ចុះផ្សាយ​នៅ​ថ្ងៃ៖

បស្ចឹមលោក​បន្ត​ទិតៀន​ថា ការបោះឆ្នោត​កន្លងទៅ​នៅបេឡូរុស្ស៊ីមិន​ឆ្លើយ​ស្រប​នឹង​ស្តង់ដារ​ប្រជាធិបតេយ្យ ហើយ​ថា​លទ្ធផលវា ​មិនអាចយកជាការបាន។ មិន​តែ​ប៉ុណ្ណោះ បស្ចឹម​លោក​ថ្កោលទោសកងកម្លាំងរបស់​រដ្ឋអំណាច​បេឡូរុស្ស៊ី ដែលបាន​វាយ​បង្ក្រាប​គ្មានប្រណី​ពួក​បាតុករ​​ខាងបក្ស​ប្រឆាំង​​ ដែល​បានត្រូវ​ចាប់ខ្លួនញាត់បញ្ចូល​ទៅក្នុងកន្លែងឃុំឃាំងដល់ជាង​៦០០នាក់​ឯណោះ។ លោក Loukachenko មិនខ្វល់​នឹង​មតិទិតៀនថែមទាំង​កំញើញ​ចេញផ្សាយ​ឯកសារ​សម្ងាត់នានា ដែលបរិហារ​អាក្រាត​​ រាល់នរណា​ដែលស្ថិតនៅ​ពីក្រោយខ្នងបក្សប្រឆាំង​នៅ បេឡូរុស្ស៊ីទៅផង។

លោក​ Alexandre Loukachenko រូបខាងឆ្វេងដៃ
លោក​ Alexandre Loukachenko រូបខាងឆ្វេងដៃ AFP/ NATALIA KOLESNIKOVA
ផ្សាយពាណិជ្ជកម្ម

ពួក​បាតុករ​ដែល​តាម​សំដី​លោក Loukachenko ផ្ទាល់ គឺ​មាន​គ្នា​ដល់ ៦៣៤​នាក់​ឯណោះ ថ្ងៃ​២១​ធ្នូ​ម្សិលមិញ ត្រូវ​បាន​តុលាការ​ក្រុង Minsk កាត់​ទោស ឲ្យ​នៅ​ជាប់​ក្នុង​កន្លែង​ឃុំឃាំង​នៃ​ពន្ធនាគារ​ទីក្រុង​នោះ ម្នាក់ៗ​គឺ​ពី​៥​ដល់​១៥​ថ្ងៃ ចំពោះ​ការ​ប្រព្រឹត្ត​បទល្មើស​រដ្ឋបាល​បង្ខូច​សណ្តាប់​ធ្នាប់​សង្គម កាល​ពី​ល្ងាច​ថ្ងៃ​១៩​ធ្នូ​កន្លង​ទៅ ពេល​គេ​តវ៉ា​ទល់​នឹង​លទ្ធផល​ដែល​ថា លោក Loukachenko ឈ្នះ​ឆ្នោត​ដោយ​មាន​សម្លេង​គាំទ្រ​ដល់​ជិត​៨០%​ស្អី​ណា។

គួរ​និយាយ​ថា ក្នុង​ចំណោម​នោះ មាន​ទាំង​ជាតិ​រុស្ស៊ី ៩​នាក់​ផង ដែល​ម្នាក់ៗ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ឃុំឃាំង​១០​ថ្ងៃ រួច​ម្សិលមិញ​ដដែល មាន​តំណាង​ស្ថានទូត​រុស្ស៊ី​បាន​ទៅ​សួរ​សុខទុក្ខ​គេ​ទៅ​ផង។ តាម​សំដី​ជាតិ​រុស្ស៊ី​ទាំង​នោះ ល័ក្ខខ័ណ្ឌ​ឃុំឃាំង​គេ គឺ​ធម្មតា​គ្មាន​អំពើ​ហិង្សា​អ្វី​ណា​លើ​រូប​គេ​ឡើយ។ ទាក់ទង​នឹង​រឿង​នេះ ក្រសួង​ការ​បរទេស​រុស្ស៊ី បន្ត​ទាមទារ​ពី​អាជ្ញាធរ​បេឡូរុស្ស៊ី​ឲ្យ​ដោះលែង​ពលរដ្ឋ​រុស្ស៊ី​ទាំង​នោះ​ជា​បន្ទាន់ ដោយ​ចោទ​ភាគី​បេឡូរុស្ស៊ី ថា​បំពាន​យ៉ាង​កម្រោល​លើ​សេរីភាព​បញ្ចេញ​វោហារ។ រីឯ ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី​៥​នាក់ ជា​មេ​ដឹកនាំ​បក្ស​ប្រឆាំង​នានា ដែល​ថ្ងៃ​នោះ​ឯងត្រូវ​បាន​ចាប់​ឃុំឃាំង​ដែរ ២នាក់​ត្រូវ​បាន​ព្រលែង​ឲ្យ​មាន​សេរីភាព​វិញ។ ព្រម​ជាមួយ​នេះ ក្រសួង​យុត្តិធម៌​បេឡូរុស្ស៊ី បាន​ព្រមាន​ថា នឹង​ហាម​ឲ្យ​ឈប់​ដំណើរការ បក្ស​ប្រឆាំង​ណា​ដែល​ហ៊ាន​បំបះ​គ្នីគ្នា​ខ្លួន ឲ្យ​ធ្វើ​បាតកម្ម បង្ខូច​សណ្តាប់​ធ្នាប់​សង្គម។

លោក​Loukachenko មិន​ខ្វល់​នឹង​ការ​ទិតៀន​របស់​បស្ចិមលោក​ឡើយ។ មូលហេតុ ជាបឋម គឺ​មក​ពី​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​របស់​បេឡូរុស្ស៊ី។ ដូច​គេ​ឃើញ​ស្រាប់ ប្រទេស​នេះ​ស្ថិត​នៅ​ប៉ែក​ខាង​លិច​បង្អស់​នៃ​អតីត សហភាព​សូវៀត គឺ​នៅ​ជាប់​នឹង​ព្រំប្រទល់​ខាងកើត​បំផុត របស់​ប្រទេស​ប៉ូឡូញ​ជាសមាជិក​បក្សសម្ពន្ធ​OTAN បាន​ន័យ​ថា គឺ​ពិត​ជា​ដែនដី​បេឡូរុស្ស៊ី​ដែល​ដើរ​តួ ជា​ទ្រនាប់​ម្យ៉ាង​ខ័ណ្ឌ​បក្ស OTAN ពី​ប្រទេស​រុស្ស៊ី។ អ៊ីចឹង​ហើយ បាន​ជា​លោក Loukachenko យល់​ដឹង​ក្នុង​ចិត្ត​ថា រុស្ស៊ី​តែង​ត្រូវការ​ ដែនដី​បេឡូរុស្ស៊ី​ជានិច្ច​សំរាប់​ដាក់​ឲ្យ​ប្រចាំ​ការ គឺ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ហៅថា​នៅ “ជួរមុខ” ​សំរាប់​ទប់​ស្កាត់​ជាមុន ​នឹង​ការ​វាយ​ប្រហារ​ជាយថាហេតុ​ពី​ខាង​កង​កាំជ្រួច​មីស្ស៊ីល​របស់ OTAN។ មិន​តែ​ប៉ុណ្ណោះ ដែនដី​បេឡូរុស្ស៊ី​ ក៏​ដើរតួ​សំខាន់​ដែរ សំរាប់​បង្ហូរ​ឧស្ម័ន​រុស្ស៊ី​ឆ្លង​កាត់​ ទៅ​ផ្គត់ផ្គង់​ឲ្យ​៣​ប្រទេស​នៃ​សហភាព​អឺរ៉ុប ពោល​គឺ លីទុយអានី ប៉ូឡូ្ញញនិង អាល្លឺម៉ង់ ទោះ​បី​ការ​បង្ហូរ​នេះ គឺ​តែ​ក្នុង​ទំហំ ២០%​ប៉ុណ្ណោះ ​នៃ​បរិមាណ​ឧស្ម័ន​ដែល​រុស្ស៊ី លក់​ទៅឲ្យ​សហភាព​អឺរ៉ុប​ទាំងមូល។​ដោយ​យក​ចិត្ត​បេឡូរុស្ស៊ី តាំង​ពី​សហភាព​សូវៀត​រលាយ​ទៅ​ក្នុង​ឆ្នាំ ១៩៩១ រុស្ស៊ី​តែង​លក់​ទៅ​ឲ្យ​ប្រទេស​នេះ នូវ​ឧស្ម័ន​ខ្លួន តាម​ថ្លៃ​ថោក​ជាង​គេ​ឆ្ងាយ។

រី​ឯ​បស្ចិម​លោក​វិញ ទោះ​បី​ចោទ​លោក Loukachenko ថា​ជា​អ្នក​កាន់​អំណាច​ផ្តាច់ការ​ក្តី ក៏​ប៉ុន្តែ ផល​ប្រយោជន៍​ផ្នែក​ភូម៌សាស្ត្រ​នយោបាយ​គឺ​មាន​ន័យ​ខ្ពស់​ជាង​លទ្ធិប្រជាធិបតេយ្យ​ដែល​គេ​តែង​ថ្លែង​ក្តែងៗ។ មិនមែន​ចៃដន្យ​ទេ ដែល​សហភាព​អឺរ៉ុប​បានសន្យា​ ផ្តល់​ជំនួយ​សេដ្ឋកិច្ច ទំហំ​ដល់ ៣.៦០០លាន​ដុល្លារ​អាមេរិក​ឯ​ណោះ ក្នុង​ករណី​បើការ​បោះឆ្នោត​នៅ​ទី​នោះ​បាន​ប្រព្រឹត្ត​ទៅ ដោយ​យុត្តិធម៌​ត្រឹមត្រូវ។ ប៉ុន្តែ ជំនួយនេះ​ដែល​តាំង​គោល​ដៅ ទាក់ទាញ បេឡូរុស្ស៊ី​ឲ្យ​ជំនិត​នឹង​បស្ចិម​លោក តាម​មើល​ទៅ នឹង​ពុំ​ត្រូវ​ផ្តល់​ទៅ​ទេ ព្រោះ​បេឡូរុស្ស៊ី មិន​គោរព​ឯណា​តាម​ស្តង់ដារ​ប្រជាធិបតេយ្យ​ ក្នុង​ការ​បោះឆ្នោត​កន្លង​ទៅ។

គោល​ជំហរ​ទីក្រុង​ម៉ូស្គូ ត្រូវ​បាន​រំលេច​ឲ្យ​ឃើញ ដោយ​លោក​ប្រធានាធិបតី​Medvedev​ ផ្ទាល់​គឺថា ៖“ ការ​បោះឆ្នោត​នៅ​បេឡូរុស្ស៊ី ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​នេះ​ទេ​តើ។ ខ្ញុំ​សង្ឃឹម​ថា ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ បេឡូរុស្ស៊ី​នឹង​ក្លាយ​ទៅ​ជា រដ្ឋ​ទំនើប​ទាន់​សម័យ ដែល​បន្ត​លូតលាស់ តាម​ផ្លូវ​ប្រជាធិបតេយ្យ​និង​ចង​មិត្តភាព​ជាមួយ​គ្រប់​ប្រទេស​ជិត​ខាង​ខ្លួន។ សំរាប់​រុស្ស៊ី ដោយ​មិន​អាស្រ័យ​ឡើយ តើ​នរណា​ជា​អ្នក​កាច់​ចង្កូត​ដឹក​នាំ​ប្រទេស​នេះ បេឡូរុស្ស៊ី បន្ត​ស្ថិត​នៅ​ជា​រដ្ឋ​មួយ​ដ៏​ជំនិត​បំផុត​របស់​រុស្ស៊ី ភ្ជាប់​ជាមួយ​រុស្ស៊ី ទាំង​ដោយ​ប្រវត្តិសាស្ត្រ ទាំង​ដោយ​វប្បធម៌ ទាំង​ដោយ​ភាសា ទាំង​ដោយ​ចំណង​សេដ្ឋកិច្ច ទាំងដោយ​ចំណង​រាប់ពាន់ រាប់ម៉ឺន រវាង​អ្នក​ស្រុក​ប្រទេស​ទាំង​២។ ប្រាកដ​ណាស់ ដែល​សំរាប់​រុស្ស៊ី មក​ពី​មូលហេតុ​ខាង​លើ ការ​អភិវឌ្ឍន៍​របស់​រដ្ឋ​បេឡូរុស្ស៊ី និង​ការ​អភិវឌ្ឈន៍​នៃ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​នេះ គឺ​មាន​ន័យ​សំខាន់​ណាស់។ ប៉ុន្តែ គោល​ជំហរ​របស់​រុស្ស៊ី គឺ​នៅ​ត្រង់ ឲ្យ​លទ្ធផល​ដែល​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​មុខ ពិត​ជា​ឆ្លុះ​ឲ្យ​ឃើញ​មែន​“ ឆន្ទៈអធិបតេយ្យ​របស់​ប្រជាជន​បេឡូរុស្ស៊ី “។

រី​ឯ​លោក​ខាង​លិច​វិញ ទិតៀន​ក្នុង​ទម្រង់​ខ្លាំង​តែ​ម្តង។ ជា​បឋម គឺ​សេចក្តី​សន្និដ្ឋាន​របស់​ក្រុម​អ្នក​សង្កេតការណ៍​របស់​អង្គការ​ដើម្បី​សន្តិសុខ​និង សហប្រតិបត្តិការ​នៅ​ទ្វីប​អឺរ៉ុប ហៅ​ថា OSCE ដែល​មាន​ឯកទេសកម្ម​ខាង​តាម​ដាន​ការ​បោះឆ្នោត នៅ​តាម​គ្រប់​តែ​៥៦​ប្រទេស​ជា​សមាជិក បូក​ទាំង​បេឡូរុស្ស៊ី​ផង។ OSCE ដែល​មាន​ទឹក​មាត់​ប្រៃ​ក្នុង​បញ្ហា​នេះ បាន​វាយ​តម្លៃ​ថា ការ​រាប់​សន្លឹក​ឆ្នោត​នៅ​បេឡូរុស្ស៊ី គឺ​មាន​លក្ខណៈ “ អាក្រក់ និង អាក្រក់​ណាស់ “។ លទ្ធផល​នេះ មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ទេ ហើយ​មិន​អាច​យក​ជា​ការ​បាន​ទេ។ មិន​តែ​ប៉ុណ្ណោះ តំណាង​ផ្លូវការ​នៃ​ក្រសួង​ការ​បរទេស បែប​យ៉ាង សរអា លីទុយអានី ប៉ូឡូញ នាំ​គ្នា​ចាត់​ទុក​ការ​បោះឆ្នោត​នោះ​ថា “ មិន​ប្រជាធិបតេយ្យ​ទេ “។

ចំណែក​ប្រទេស ដែល​ស្វាគម​អបអរ​ទៅ​ហើយ ចំពោះ​លទ្ធផល​ដល់​ទៅ ៧៩,៧% ដណ្តើម​បាន​ដោយ​លោក Loukachenko លើ​គូប្រជែង​ខ្លួន​៩​នាក់​ទៀត គឺ Iran Venezuela ចិន​Georgie រួច​ពិត​ជា​Georgie​នេះ​ឯង ដែល​ជា​សត្រូវ​របស់​រុស្ស៊ី គឺ​នឹង​ត្រូវ​លោក Loukachenko អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​មុន​គេ ក្នុង​ពេល​ខាង​មុខ។

យ៉ាង​ណា​ក៏​ដោយ លោក Loukachenko និយាយ​ដៀមដាម​ប្រជាធិបតេយ្យ នៅ​បស្ចិម​លោក ថា​ជា“ ប្រជាធិបតេយ្យ​គ្មាន​ដឹង​ខ្យល់ “ ហើយ​គាត់​សង្ឃឹម​ថា ក្នុង​ប្រទេស​បេឡូរុស្ស៊ី​របស់​គាត់​នឹង​លែង​មាន​ទៀត​ឡើយ ប្រជាធិបតេយ្យ​បែប​នេះ។ គាត់​ថែម​ទាំង​សន្យា​មួល​ខ្ចៅ​បន្តឹង​ការ​ត្រួត​ពិនិត្យ​លើ​អត្ថបទ​ពួក​អ្នក​កាសែត បូក​ទាំង​តាម​ទំព័រ Internet ផង។ មិន​តែ​ប៉ុណ្ណោះ គាត់​នឹង​វាយ​លុក​ទៅ​វិញ តាម​វិធី​ចុះ​ផ្សាយ ដូច​គេហទំព័រ Wikileaks អ៊ីចឹង នូវ​អត្ថបទ​សម្ងាត់​នានា ដែល​ស​ឲ្យ​ឃើញ​ពី​កលល្បិច​ពួក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បក្សប្រឆាំង​បេឡូរុស្ស៊ី ចង់​ផ្តួល​រំលំ​គាត់ ពី​មុខ​តំណែង​ប្រធានាធិបតី​។ គាត់ថា រដ្ឋនីមួយៗ ប្រជាជន​នីមួយៗ មានសិទ្ធិ​ជ្រើស​យក​មាគ៌ា​អភិវឌ្ឈន៍​របស់​ខ្លួន​ផ្ទាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ