អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖ ថ្ងៃ​ឃោសនា​ចុងក្រោយ​​មកដល់ លោក​ម៉ាក្រុង សង្ឃឹម​ឈ្នះ​នាំមុខ​កាន់តែ​ច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសុក្រ​ទី​៥​ឧសភា​​ នេះ ​គឺ​ជា​ថ្ងៃ​ចុងក្រោយ ​ នៃ​ការ​ឃោសនា​បោះឆ្នោត ​របស់​បេក្ខជន​ប្រធានធិបតី​បារាំង ​ទាំង​ពីរ​រូប ​គឺ​លោកស្រី ​ម៉ារីន ឡឺប៉ែន ​និង​ លោក​ អេម៉ានុយអ៊ែល ​ម៉ាក្រុង។ ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ អាណត្តិ​នេះ ​ត្រូវ​បាន​គេ​តាម​ដាន​យក​ចិត្ត​ទុក​ដាក់​បំផុត ​ ជា​ពិសេស​ពី​សំណាក់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ ព្រោះ ​លោកស្រី ​ម៉ារីន ឡឺប៉ែន ​ដែល​មក​ពី​គណបក្ស​ស្តាំ​និយម​ជ្រុល​នេះ ​ បាន​ទទួល​សន្ទុះ​គាំទ្រ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ទេ។ សម្រាប់​សហភាព​អឺរ៉ុប ​ កម្មវិធី​នយោបាយ​របស់​លោកស្រី​ឡឺប៉ែន ​ គឺជា​នយោបាយ​បំផ្លាញ​សហភាព​អឺរ៉ុប​ និង​បំបែក​បំបាក់​សាមគ្គីភាព។ មាន​មន្ត្រី​សហភាព​អឺរ៉ុប ​កាន់តែ​ច្រើន ​ដែល​បាន​ចេញមុខ​មក​គាំទ្រ​បេក្ខភាព​លោក ​ អេម៉ានុយអ៊ែល ​ម៉ាក្រុង។

ខិតបណ្ឌកម្មវិធីនយោបាយ ​របស់បេក្ខ​ជន​ប្រធានាធិបតី​ទាំងពីរ
ខិតបណ្ឌកម្មវិធីនយោបាយ ​របស់បេក្ខ​ជន​ប្រធានាធិបតី​ទាំងពីរ REUTERS/Eric Gaillard
ផ្សាយពាណិជ្ជកម្ម

Greenpeace លួចចង​បដា​នៅលើTour Eiffel

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៥​ឧសភា ​ក្រុម​សកម្មជន​របស់​អង្គការ​ Greenpeace ​បាន​ឡើង​ទៅ​លើ​Tour Eiffel​ ហើយ​បាន​ចង​បដា ​សរសេរ​បវចនា​ជាតិ​បារាំង ​Liberté Egalité Fraternité។ តាម​រយៈ​បដា​នេះ​ អង្គការ​ Greenpeace ​បាន​បរិហារ​កម្មវិធី​នយោបាយ​របស់​លោកស្រី ​ឡឺប៉ែន ​ថា​អាច​ជា​គ្រោះថ្នាក់​ខ្លាំង​ ដល់​សង្គម​បារាំង ​ពោលគឺ​ ​តំលៃ​ធំៗ​ទាំងបី ​របស់​ស​ង្គម​បារាំង​ ដូចជា​ សិទ្ធិ​សេរីភាព ​ ភាព​ស្មើភាព​គ្នា ​ ព្រមទាំង​ការ​ស្រលាញ់​រួបរួម​គ្នា​ជា​បងប្អូន​ ក្នុង​សង្គម ​ដោយ​មិន​ប្រកាន់​ពូជសាសន៍​នោះ ​ អាច​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ បើសិន​ជា​លោកស្រី ​ម៉ារីន ឡឺប៉ែន ​ឈ្នះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។

សាលា​ក្រុង​ប៉ារីស​ បានចេញ​សេចក្តី​ប្រកាស​មួយ ​ ថ្កោលទោស​សកម្មភាព​របស់​ក្រុម​សកម្មជន​អង្គការ​ Greenpeace ​ថា​បាន​ធ្វើ​បំពាន​ច្បាប់​ បំពាន​លើ​វិធានការ​សន្តិសុខ ​ចូលទៅ​ទីតាំង​តំបន់​ទេសចរណ៍​ដ៏​ធំ​បែប​នេះ ​ដោយ​គ្មាន​ការ​អនុញ្ញាត។ ខាង​សាលាក្រុង​បាន​ចាត់​វិធានការ ​ស្វែងរក​ពី​ប្រភព​នៃ​ចំណុច​ខ្សោយ​ផ្នែក​ការពារ​សន្តិសុខ ​ដែល​បណ្តោយ​ឲ្យ​ក្រុមសកម្មជន​ទាំង​នោះ ​អាច​បន្លំ​ខ្លួន​ ឡើង​ទៅ​ចង​បដា​បាន។

ដោយឡែក ​សាលាក្រុង​ប៉ារីស​ បញ្ជាក់​ថា ​សាលាក្រុង​​គាំ​ទ្រ​ជានិច្ច​រាល់​សកម្មភាព​របស់​អង្គការ​Greenpeace ​ក្នុងន័យ​ការពារ​យុត្តិធម៌ ​សន្តិភាព ​និង​បរិស្ថាន ​ តែ​សាលាក្រុង​មិន​អាច​អត់ឱន​ឲ្យ​បានទេ ​ចំពោះ​ទង្វើ​ដែល ​អង្គការ​នេះ​ យក​ទីតាំង​Tour Eiffel​ ដែល​ជា​សម្បត្តិ​បិតិកភណ្ឌ ​មក​ធ្វើ​ជា​ឧបករណ៍​នយោបាយ។
 

បដា ដែលសកម្មជនអង្គការ​Greenpeace បានយកទៅ​ចង​នៅ​Tour Eiffel ថ្ងៃទី​៥ឧសភា​
បដា ដែលសកម្មជនអង្គការ​Greenpeace បានយកទៅ​ចង​នៅ​Tour Eiffel ថ្ងៃទី​៥ឧសភា​ Reuters/路透社


លោកស្រី​ឡឺប៉ែន ​បញ្ឆេះ​ពាក្យ​ចចាម​អារ៉ាម​ ថា​លោក​ម៉ាក្រុង​ មាន​គណនី​លាក់​លុយ
 
បើ​និយាយ​ពី​បរិយាកាស​ទូទៅ​ ​យើង​ឃើញ​ថា ​មាន​ភាព​ល្អក់​កករ​ខ្លាំង​ រវាង​ភាគី​ទាំង​ពីរ។ ភាព​ល្អក់​កករ ​គឺកើតឡើង​ខ្លាំង​បន្ទាប់​ពី​បេក្ខជន​ទាំងពីរ ​បាន​ធ្វើការ​ដេញដោល​យោបល់គ្នា​ នៅក្នុង​កម្មវិធី​ទូរទស្សន៍ ​កាល​ពី​ថ្ងៃ​ពុធ​​ទី​៣​ឧសភា។ ក្នុង​ឱកាស​នោះ ​លោកស្រី ​ម៉ារីន ឡឺប៉ែន ​បាន​និយាយ​ចោទ​ប្រកាន់​ ជាច្រើន​លើក​ច្រើនសា​ មក​លើ​រូបលោក ​អេម៉ានុយអ៊ែល ​ម៉ាក្រុង ​ដែល​ភាគ​ច្រើន​គឺ​ជា​ការ​ចោទ​ប្រកាន់ ​ដោយ​គ្មាន​មូលដ្ឋាន ​ ដោយ​គ្មាន​ភស្តុតាង ​ ហើយ​ថែម​ទាំង​បាន​និយាយ ​បែប​ស្មានៗ ​ បំប៉ោង ​ឲ្យ​កើត​ជា​ពាក្យ​ចចាម​អារ៉ាម។​ ជាក់ស្តែង ​ លោកស្រី ​ម៉ារីន ឡឺប៉ែន ​បាន​និយាយ​បែប​បញ្ឆិតបញ្ឆៀង​ថា​ លោក​ អេម៉ានុយអ៊ែល ​ម៉ាក្រុង ​ប្រហែល​ជា​មាន​បើក​គណនី​ធនាគារ​លួច​លាក់ ​នៅ​ក្រៅ​ប្រទេស​ ដើម្បី​លាក់​លុយ​គេចពន្ធ។

សម្តី​ក្នុង​ន័យ​បំផុស​ឲ្យ​ជា​រឿង​ចចាម​អារ៉ាម​នេះ ​ បាន​ហុច​ផល​ពិត​មែន ​ ដោយ​បន្ទាប់​មក​ភ្លាមៗ​ ​នៅ​តាម​បណ្តាញ​សង្គម​ មនុស្ស​ម្នា​ចាប់​ផ្តើម​និយាយ ​និង​ចែកចាយ​តៗគ្នា​ ពី​រឿង​នេះ។ អ្នក​ដែល​ចែកចាយ ​ បំប៉ោង​បន្ថែម​នៅ​តាម​បណ្តាញ​សង្គម ​គឺ​ភាគច្រើន ​សុទ្ធតែ​ជា​បណ្តាញ​បក្សពួក ​របស់​គណបក្ស​ស្តាំនិយម​ជ្រុល​នេះ​ឯង។

នៅព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក​អេម៉ានុយអ៊ែល ​ម៉ាក្រុង​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ក្រុង​ប៉ារីស ​ស្តី​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ​និង​បរិហារ​កេរ្តិ៍។ ខាង​រដ្ឋអាជ្ញា​បារាំង​ ក៏បាន​រៀបចំ​ចាត់ចែង​បើក​ការ​ស៊ើប​អង្កេត​ភ្លាមៗ​ដែរ។​ បើទោះបី​ជា​ក្នុង​បណ្តឹង ​គេ​មិន​លើក​ឡើង​ពី​ឈ្មោះ​លោក​ស្រី ​ម៉ារីន ឡឺប៉ែន ​ឬ​គណបក្ស​ស្តាំ​និយម​ជ្រុល ​ថា​ជា​ប្រភព​នៃ​ពាក្យ​ចចាម​អារ៉ាម​នេះ​ក៏ដោយ ​ ​តែ​វា​ពិត​ណាស់ ​ដែល​ថា​បណ្តឹង​របស់​លោក ​អេម៉ានុយអ៊ែល ​​ម៉ាក្រុង ​បាន​សំដៅ​វាយ​ប្រហារ​តប​ទៅ​វិញ​ ទៅ​នឹង​យុទ្ធសាស្ត្រ​ របស់​លោកស្រី​ ម៉ារីន ឡឺប៉ែន។ នៅថ្ងៃ​សុក្រ​នេះ ​បេក្ខជន​ទាំង​ពីរ​ បាន​ត្រៀម​ផ្តល់​បទសម្ភាសន៍ ​ជាមួយ​នឹង​អ្នក​កាសែត ​ជាច្រើន​នាក់។

ចរិក​មិន​សម​ ក្លាយ​ជា​ប្រធានាធិបតី
 
ការ​ជជែក​ដេញដោល ​មួយ​ទល់​មួយ ​រវាង​បេក្ខជន​ឈរ​ឈ្មោះ​ទាំងពីរ ​គឺ​ជា​ឱកាស ​ដែល​អាច​ឲ្យ​ប្រជាជន​ ជាពិសេស​អ្នក​បោះឆ្នោត ​ដែល​មិន​ទាន់​ធ្វើការ​សម្រេចចិត្ត​ច្បាស់​នោះ ​អាច​ពិចារណា ​ជ្រើសរើស​បេក្ខជន​ណាមួយ។ តាម​រយៈ​ការ​ជជែក​ដោល​គ្នា​នេះ ​យើង​អាច​ឃើញ​ពី​បុគ្គលិក​លក្ខខណៈ ​គំនិត​ប្រាជ្ញា ​ភាព​ឆ្លៀស​វៃ ​និង​អំណះអំណាង​របស់​បេក្ខជន​នីមួយ។ ហើយវា​គឺ​ជា​ឱកាស ​ដែល​បេក្ខជន​ម្នាក់ៗ ​ត្រូវ​ពន្យល់​ពី​កម្មវិធី​នយោបាយ​រៀងៗ​ខ្លួន ​ ថា​ចង់​ធ្វើ​យ៉ាងណា ​ហេតុអ្វី​បាន​ជាច​ង់ធ្វើ​បែប​ហ្នឹង​ ហើយ​ធ្វើ​ដោយ​វិធី​ណា​ជាដើម។

ក៏ប៉ុន្តែ ​មតិ​ទូទៅ​ជារួម​ សង្កេត​ឃើញ​ ថា ​លោកស្រី​ ម៉ារីន ​ឡឺប៉ែន ​គឺជា​អ្នក​បរាជ័យ ​ក្នុង​ការ​ដេញដោល​យោបល់​កាល​ពី​ថ្ងៃ​ពុធ ​ទី​៣​ឧសភា។ លោកស្រី ម៉ារីន ឡឺប៉ែន​បរាជ័យ​ ព្រោះ​លោកស្រី ​មិន​បាន​យក​វេទិកា​នេះ​ មក​បង្ហាញ​ពី​កម្មវិធី​នយោបាយ​គាត់​ទេ ​តែ​បាន​យក​វេទិកានេះ​ ដើម្បី​ឆក់​ឱកាស​វាយ​ប្រហារ​ និង​ចោទ​ប្រកាន់​គូប្រកួត ​ ទាំង​ដែល​ការ​ចោទ​ប្រកាន់​ខ្លះ ​គ្មាន​មូលដ្ឋាន ​មិន​សម​ហេតុ​ផល។​ មិនត្រឹម​តែប៉ុណ្ណោះ ​គេ​សង្កេត​ឃើញ​ថា​លោកស្រី ​ឡឺប៉ែន​ មិនមាន​ការ​យល់ដឹង​ច្រើន​ទេ ​ក្នុង​សំណុំ​រឿង​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ។

ក្នុង​ក្រសែរ​ភ្នែក​ប្រជាជន​ទូទៅ​ភាគ​ច្រើន​ លោកស្រី​ឡឺប៉ែន​ បាន​បញ្ចេញ​ឥរិយាបថ​ កាច​ ច្រង៉េង​ច្រង៉ាង​គ្មាន​ហេតុ​ផល​ ក្រអឺតក្រទម ​មិន​ផ្តល់​តំលៃ​និង​កិត្តិយស​ដល់​គូប្រកួត។ ពោល​គឺ​មាន​ចរិក​ មិន​សម​នឹង​ក្លាយ​ជា​មេដឹកនាំ​ប្រទេស​ទាំង​មូល​ទេ។ សូម្បី​តែ​មនុស្ស​ក្នុង​បក្ស​លោកស្រី ​ក៏​បាន​រិះគន់ ​ពី​បរាជ័យ​នេះ​ដែរ។

យ៉ាងណាមិញ ​យោង​តាម​ស្ទាបស្ទង់​មតិ ​នៅ​មួយ​ថ្ងៃ​ក្រោយ​វេទិកា​ដេញដោល​នេះ ​ យើងឃើញ​ថា​ចេតនា​បោះឆ្នោត​ឲ្យ​លោក​ស្រី​ឡឺប៉ែន​ របស់​ប្រជាជន​បារាំង​ បាន​ថយ​ចុះ ​មក​ត្រឹម​តែ​៣៨% ​ ហើយ​ចំណែក​លោក​ម៉ាក្រុង​វិញ​ មាន​ការ​គាំទ្រ​ប្រមាណ​៦២%។ ​តែ​យ៉ាងណា ​បក្ស​ទាំងពីរ​ កំពុង​តែ​ព្យាយាម​ឃោសនា​អូសទាញ ​អ្នក​បោះឆ្នោត​ ដែល​ធ្លាប់​បាន​បោះឆ្នោត​ឲ្យ​បេក្ខជន​ផ្សេង​ទៀត ​កាល​ពី​ជុំ​ទីមួយ​ មាន​ដូច​ជា​អ្នក​គាំទ្រ ​លោក ​ហ្វ៊ីយ៉ុង ​និង​អ្នក​គាំទ្រ​លោក​ ម៉េឡង់ឆុង។ បើតាម​ការ​ស្ទាបស្ទង់​មតិ ​ អ្នក​បោះឆ្នោត​ទាំង​នោះ ​អាច​នឹង​បោះឆ្នោត​ស​ភាគ​ច្រើន ​ពោលគឺ​មិន​បោះ​ឲ្យ​នរណា​ទាំង​អស់ ​រឺ​មិន​ទៅ​បោះ​តែ​ម្តង​ក៏​មាន​ដែរ។

ម្នាក់ចង់​បំផ្លាញ​អឺរ៉ុប ​ម្នាក់​ចង់​លើក​ស្ទួយ​នឹង​កែទំរង់​អឺរ៉ុប ​ឲ្យកាន់​តែ​ល្អ
 
ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​មាន​សមាគមន៍​សិល្បៈករ​ គ្រូ​បង្រៀន ​រឺ​មន្ត្រី​រដ្ឋការ​បារាំង ​នឹង​ឥសរជន​ជា​ច្រើន​នាក់ ​បាននាំគ្នា​អំពាវនាវ ​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត ​ដើម្បី​ធ្វើ​យ៉ាងណា ​បង្អាក់​កុំឲ្យ​លោកស្រី​ម៉ារីន ឡឺប៉ែន ​ដែល​មក​ពី​បក្ស​ស្តាំនិយម​ជ្រុល​នេះ ​អាច​ឈាន​ទៅ​កាន់​អំណាច​បាន​ឲ្យសោះ។ យ៉ាងណាមិញ ​ លោក​ បារ៉ាក់ អូបាម៉ា ​ទើប​បាន​ធ្វើ​សារ​វីដេអូ ​ថ្លែង​គាំទ្រ​បេក្ខភាព​លោក ​អេម៉ានុយអ៊ែល ម៉ាក្រុង​ដែរ។

ការ​បោះឆ្នោត​បារាំង​លើក​នេះ ​ត្រូវ​បាន​សហភាព​អឺរ៉ុប​ តាម​ដាន​យ៉ាង​ជាប់​ស្អិត​បំផុត ។ វាមិនមែន​ សំខាន់​​សម្រាប់​តែ​បារាំង​ខ្លួន​ឯង​ទេ ​តែក៏​សំខាន់​សម្រាប់​​សហភាព​អឺរ៉ុប​ដែរ។ ជាក់ស្តែង​វេទិកា​ជជែក​​ដេញ​ដោល​របស់​បេក្ខជន​ទាំងពីរ​នេះ​ ត្រូវ​បាន​ផ្សាយ​ផ្ទាល់​នៅ​អាល្លឺម៉ង់​ទៀងផង។ បារាំង​និង​អាល្លឺម៉ង់ ​គឺ​ជា​បង្គោល​ធំ​បំផុត ​ដែល​ទ្រទ្រង់​សហភាព​អឺរ៉ុប។

កម្មវិធី​នយោបាយ​របស់​បេក្ខជន​ទាំងពីរ​ មាន​លក្ខណៈ​ផ្ទុយគ្នា​ស្រលៈ​មេឃ​នឹង​ដី។ ម្ខាង​លោក​ម៉ាក្រុង​ ដែល​មាន​គំនិត​សេរី​និយម​ គាំទ្រ​សហភាព​អឺរ៉ុប​ និង​សកលភាវូបនីយកម្ម។ តែ​សម្រាប់​លោកស្រី ​ឡឺប៉ែន​វិញ ​ មាន​កម្មវិធី​នយោបាយ ​ដែល​បិទ​ទ្វារ​បារាំង ​បិទ​ទ្វារ​ព្រំដែន​ ចាក​ចេញ​ពី​តំបន់​ចាយប្រាក់​អឺរ៉ូ ​ហើយ​អាច​នឹង​នាំ​បារាំង ​ឲ្យ​ចេញ​ពី​សហភាព​អឺរ៉ុប​ផង ​ក៏ថា​បាន។

សម្រាប់​លោក​ Michel Barnier  ​អតីត​រដ្ឋមន្ត្រី​និង​ជា​អ្នក​តំណាង​ឲ្យ​សហភាព​អឺរ៉ុប​ក្នុង​ការ​ចរចា​លែងលះ​ជាមួយ​អង់​គ្លេស​នោះ ​ បាន​មាន​ប្រសាសន៍ ​បារាំង​អាច​ខ្លាំង​បាន​ អាច​មាន​ទំងន់​លើ​ឆាក​អន្តរជាតិ​បាន ​ លុះណា​តែ​បារាំង​នៅ​ជាមួយ​សហភាព​អឺរ៉ុប។ ការ​ដើរចេញ​ពី​សហភាព​អឺរ៉ុប​ ការ​ឈប់​ចាយ​ប្រាក់​អឺរ៉ូ ​ នឹង​ធ្វើ​ឲ្យ​បារាំង ​ទន់​ជង្គង់ ​នៅតែ​ម្នាក់ឯង​ គ្មាន​បង្អែក ​ខណៈ​ដែល​ប្រទេស​ដ៏ទៃ​គេ​រួបរួម​សាមគ្គី​គ្នា។ អ្នក​ជំនាញ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ជាច្រើន ​សុទ្ធតែ​បាន​អះអាង​ថា​ កម្មវិធី​នយោបាយ​របស់​លោកស្រី ​ឡឺប៉ែន ​គឺជា​កម្មវិធី​នយោបាយ ​បំផ្លាញ ​ផ្តួល​រំលំ​អឺរ៉ុប ​បំបែក​បំបាក់​សាមគ្គី ​បំផុស​គំនិត​ជាតិនិយម​ជ្រុល​ដែល​បន្តិច​ម្តងៗ​ វា​នឹង​ក្លាយ​ជា​ការ​ប្រឈមមុខ​ដាក់​គ្នា។

ដូច្នេះហើយ​ បាន​ជា​អ្នក​ជំនាញ ​ និង​មន្ត្រី​ធំៗ​នៅ​សហភាព​អឺរ៉ុប​ទាំងអស់ ​បាន​អំពាវនាវ​គាំទ្រ​លើ​បេក្ខភាព​របស់ ​អេម៉ានុយអ៊ែល ម៉ាក្រុង។ លោក​ម៉ាក្រុង ​បាន​ស្នើ​ឲ្យ​អឺរ៉ុប​ធ្វើ​កំណែទំរង់​ជាច្រើន ​ដើម្បី​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច ​ដូចជា​ការ​បង្កើត​ឲ្យ​មាន​សភា​សម្រាប់​ប្រទេស​ចាយ​ប្រាក់​អឺរ៉ូ​ បង្កើត​ឲ្យមាន​តំណែង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចាយ​ប្រាក់​អឺរ៉ូ​ ជាដើម។ ទាំងអស់​នេះ ​ សុទ្ធតែ​ជា​ចំណុច​វិជ្ជមាន​ ដែល​សហភាព​អឺរ៉ុប​សង្ឃឹម​ថា ​រដ្ឋាភិបាល​លោក​ម៉ាក្រុង ​ប្រាកដ​ជា​ចាប់​ដៃ​គ្នា​ ជាមួយ​អាល្លឺម៉ង​ ជួយ​ជ្រោមជ្រែង​សហភាព​អឺរ៉ុប​ ឲ្យ​ដំណើរការ​ល្អ​ឡើង​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ