អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រមុខដឹកនាំ​អឺរ៉ុប​​ជួបជុំគ្នា​នៅ​ប៊ែលហ្ស៊ិក ​ដើម្បី​ប្រារព្ធ​ខួប​១០០ឆ្នាំ​នៃ​សង្រ្គាម​លោក​លើកទី១

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ចន្ទ​នេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ព្រមទាំង​គណៈប្រតិភូតំណាង​ប្រទេស​​ជាច្រើន​ផ្សេងទៀត សរុប​ទាំងអស់ ៨០ប្រទេស ​មក​ជួបជុំគ្នា នៅ​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក ដើម្បី​រំឭកខួប ១០០ឆ្នាំ នៃ​ការ​ផ្ទុះ​សង្រ្គាម​លោក​លើកទី១។ វិបត្តិ​នៅ​តំបន់​បាល់កង់​បាន​រាលដាល​ប៊ែលហ្ស៊ិក​ ដែល​កាលណោះ​ជា​ប្រទេស​អព្យាក្រឹត​ ត្រូវ​អាល្លឺម៉ង់​ចូល​ឈ្លានពាន នៅថ្ងៃ​ទី៤ សីហា ឆ្នាំ១៩១៤។

ពីឆ្វេង​ទៅស្តាំ៖ ព្រះអង្គម្ចាស់​ William និង​មហេសី តំណាង​រាជាណាចក្រ​អង់គ្លេស, លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង និង​លោក​ Joachim Gauck ប្រធានាធិបតី​អាល្លឺម៉ង់
ពីឆ្វេង​ទៅស្តាំ៖ ព្រះអង្គម្ចាស់​ William និង​មហេសី តំណាង​រាជាណាចក្រ​អង់គ្លេស, លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង និង​លោក​ Joachim Gauck ប្រធានាធិបតី​អាល្លឺម៉ង់ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រវត្តិសាស្រ្ត​​ គេតែងតែ​កំណត់​យក​ថ្ងៃ​ទី២៨សីហា ឆ្នាំ​១៩១៤​ ជា​ថ្ងៃ​ចាប់ផ្តើម​ជាផ្លូវការ​​នៃ​សង្រ្គាម​លោក​លើកទី១ ក្រោយ​ពី​​​ចក្រភព​អូទ្រីស​ហុងគ្រី​ប្រកាស​សង្រ្គាម​លើ​ស៊ែរប៊ី។ ក៏ប៉ុន្តែ រហូត​ទាល់តែ​ដល់​ដើមខែ​សីហា ទើប​​សង្រ្គាម​បាន​រាលដាល​ទៅជា​សង្រ្គាម​លោកពេញ​បន្ទុក គឺ​នៅក្រោយ​ពេល​ដែល​អាល្លឺម៉ង់​ប្រកាស​សង្រ្គាម​លើ​រុស្ស៊ី នៅថ្ងៃ​ទី១​សីហា និង​លើ​បារាំង នៅថ្ងៃ​ទី៣សីហា ហើយបន្ទាប់​មក​ទៀត ​អង់គ្លេស​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់ នៅថ្ងៃ​ទី៤​សីហា គឺ​នៅថ្ងៃ​ដែល​អាល្លឺម៉ង់​ចូល​ឈ្លានពាន​ប៊ែលហ្ស៊ិក ដែល​ជា​ប្រទេស​អព្យាក្រឹត។ គឺ​ថ្ងៃ​អាល្លឺម៉ង់​ចូល​ឈ្លានពាន​ប៊ែលហ្ស៊ិក​នេះ​ហើយ ដែល​ត្រូវ​បាន​គេ​យក​មក​រំឭកខួប​១០០ឆ្នាំ នៃ​ការ​ផ្ទុះឡើង​នៃ​សង្រ្គាម​លោកលើកទី១ នៅថ្ងៃ​ចន្ទ​នេះ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រមុខរដ្ឋ ឬ​ប្រមុខរដ្ឋាភិបាល​មក​ពី​បារាំង អាល្លឺម៉ង់ អេស្ប៉ាញ អូទ្រីស អារមេនី អៀរឡង់ ស៊ែរប៊ី ម៉ុងតេណេហ្គោ រូម៉ានី ប៊ុលហ្ការី និង​អាល់បានី។ ប្រតិភូ​តំណាង​រាជាណាចក្រ​អង់គ្លេស​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​ William។

 
គួររំឭកឡើងវិញ​ថា មូលហេតុ ដែល​បណ្តាល​ឲ្យ​ផ្ទុះ​សង្រ្គាម​លោក​លើកទីមួយ​ នៅ​ឆ្នាំ​១៩១៤ មាន​ឫសគល់​ពី​បញ្ហា​យ៉ាងច្រើន ដែល​កើតមាន​ឡើង​តាំង​ពី​រាប់សិបឆ្នាំ​មុន​សង្រ្គាម ដូចជា សង្រ្គាម​រវាង​បារាំង និង​ព្រុស្ស៊ី នៅ​ឆ្នាំ​១៨៧០-១៨៧១ ការ​លេចមុខ​នៃ​ចក្រភព​អាល្លឺម៉ង់ ដែល​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​ប្រទេស​មហាអំណាច​អាណានិគម ប្រជែង​ជាមួយ​នឹង​មហាអំណាច​អឺរ៉ុប​ផ្សេងៗ​ទៀត ការ​ងើបឡើង​នៃ​ចលនា​ជាតិនិយម នៅ​តាម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ ការ​ប្រជែង​សព្វាវុធ រវាង​អាល្លឺម៉ង់ និង​អង់គ្លេស ព្រមទាំង​ការ​បង្កើត​សម្ព័ន្ធមិត្ត​យ៉ាង​ប្រទាក់ក្រឡា​ រវាង​ប្រទេស​ដែល​ជា​គូប្រជែង។

ហេតុការណ៍ ដែល​ជា​ឆ្នួន​ដុតបញ្ឆេះ​សង្រ្គាម គឺ​កើតចេញ​ពី​ការ​លបធ្វើឃាត​ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់ ដែល​ជា​ទាយាទ​របស់​ចក្រភព​អូទ្រីស​ហុងគ្រី នៅ​ទីក្រុង​សារ៉ាយេវ៉ូ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩១៤។ ដោយសារតែ​ឃាតកម្ម​ទៅលើ​ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់​ត្រូវ​បាន​ធ្វើឡើង ដោយ​ក្រុម​​អ្នក​ជាតិ​និយម​ស៊ែរប៊ី ​អូទ្រីសហុងគ្រី ក៏ដូចជា​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត នៅពេលនោះ នាំគ្នា​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​ប្រទេស​ស៊ែរប៊ី ហើយ​អូទ្រីសហុងគ្រី​ ដែល​កំពុងតែ​មាន​ជម្លោះ​ជាមួយ​ស៊ែរប៊ីស្រាប់ ក៏​ចង់​ឆ្លៀតយក​ហេតុការណ៍នេះ​មក​ធ្វើ​ជា​លេស ដើម្បី​កម្ចាត់​ស៊ែរប៊ី។ អូទ្រីស​ហុងគ្រី​ក៏​បាន​ប្រកាស​សង្រ្គាម​លើ​ស៊ែរប៊ី នៅថ្ងៃ​ទី២៨ ខែ​សីហា ឆ្នាំ​១៩១៤។

ដោយសារ​តែ​សម្ព័ន្ធភាព​ប្រទាក់ក្រឡាគ្នា សង្រ្គាម​រវាង​អូទ្រីសហុងគ្រី និង​ស៊ែរប៊ី ក៏​បាន​រាលដាល​ទៅដល់​ប្រទេស​ផ្សេងៗ​ទៀត។ អាល្លឺម៉ង់​ដែលជា​សម្ព័ន្ធមិត្ត​របស់​អូទ្រីសហុងគ្រី​បាន​ប្រកាស​សង្រ្គាម​លើ​រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ែរប៊ី នៅថ្ងៃ​ទី១សីហា។ ២ថ្ងៃ​ក្រោយ​មក​ទៀត នៅថ្ងៃ​ទី៣​សីហា ដោយ​បារាំង ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី​មិនព្រម​ប្រកាស​រក្សា​អព្យាក្រឹត​នៅ​ក្នុង​ជម្លោះ​អាល្លឺម៉ង់-រុស្ស៊ី អាល្លឺម៉ង់​ក៏​បាន​ប្រកាស​សង្រ្គាម​លើ​បារាំង ហើយ​បាន​ទាមទារ​ឲ្យ​ប៊ែលហ្ស៊ិក​បើក​ផ្លូវ​ឲ្យ​ទាហាន​អាល្លឺម៉ង់​ឆ្លងកាត់ ដើម្បី​ចូល​ឈ្លានពាន​បារាំង។ ប៊ែលហ្ស៊ិក​ដែល​ជា​ប្រទេស​អព្យាក្រឹត​បដិសេធ អាល្លឺម៉ង់​ក៏​បាន​ចូល​ឈ្លានពាន​ប៊ែលហ្ស៊ិក ហើយ​អង់គ្លេស​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​បារាំង​ក៏​បាន​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់ នៅថ្ងៃ​ទី៤​សីហា។ វិបត្តិ​ដែល​កើត​ចេញ​ពី​នៅ​ក្នុង​ប្រទេស​តូចមួយ​ក្នុង​តំបន់​បាល់កង់ ក៏​បានរាលដាល​ទៅ​ជា​សង្រ្គាម​លោក​លើកទី១។
 
១០០ឆ្នាំ​ក្រោយ​មក ប្រមុខដឹកនាំ​នៃ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ទាំង​ប្រទេស​ដែល​ជា​អតីត​គូសត្រូវ​នឹងគ្នា​ក្នុង​សម័យសង្រ្គាម ​បាន​នាំគ្នា​ធ្វើ​ពិធី​រួមគ្នា ដើម្បី​រំឭក​ខួប​សង្រ្គាម​លោកលើកទី១ ដោយ​ផ្តោត​លើ​ប្រធានបទ​ដ៏​សំខាន់មួយ គឺ​ការ​ផ្សះផ្សា និង​ការ​បង្រួបបង្រួម​គ្នា។
 
គួរកត់សម្គាល់ថា សមត្ថភាព​ក្នុងការ​ផ្សះផ្សាគ្នា នៅ​ក្រោយ​សង្រ្គាម​លោក គឺ​ជា​ចំណុច​ខ្លាំង​របស់​អឺរ៉ុប។ បើគេ​​ពិនិត្យ​មើល​ទៅលើ​ប្រវត្តិសាស្រ្ត​ពិភពលោក​សម័យទំនើប គ្មាន​តំបន់​ណា​ដែល​មាន​ការ​ហែកហួរ​គ្នា​ដោយសង្រ្គាម ដូច​នៅ​អឺរ៉ុប​ទេ។ ប្រទេស​នៅ​ក្នុង​តំបន់​​អឺរ៉ុប​ច្បាំងគ្នា​ ទាំង​ក្នុង​សង្រ្គាមលោក​លើកទី១ និង​​​លើកទី២ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​រាប់សិបលាន​នាក់។ ក៏ប៉ុន្តែ នៅតែ​អាច​ផ្សះផ្សា​គ្នា បង្រួបបង្រួមគ្នា ហើយ​បង្កើត​ទៅ​ជា​សហភាព​អឺរ៉ុប ធ្វើ​សមាហរណកម្ម​ទាំង​ខាង​សេដ្ឋកិច្ច និង​នយោបាយ រហូត​លុបចោល​ព្រំដែនរវាង​គ្នា និង​គ្នា នៅ​ពេល​បច្ចុប្បន្ន​នេះ។ ទាំងនេះ គឺ​​ផ្ទុយស្រឡះ​ពី​នៅ​អាស៊ី ដែល​​រាប់សិបឆ្នាំ​ក្រោយ​សង្រ្គាម ប្រទេស​ជា​អតីត​គូសត្រូវ​ក្នុង​សង្រ្គាម នៅតែ​បន្ត​ហែកហួ​គ្នា ទាំង​ជុំវិញ​បញ្ហា​ប្រវត្តិសាស្រ្ត ទាំង​រឿង​ព្រំដែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ