អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ការចំណាយ​របស់​គណបក្ស​ក្នុង​ពេល​បោះឆ្នោត​មាន​ឥទ្ធិពល​លើ​កំណើន​សេដ្ឋកិច្ច​ដែរ​ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដូវ​បោះឆ្នោត​បាន​មកដល់។ ដូច​រៀងរាល់អណត្តិ នៅ​ក្នុង​អំឡុងពេលនៃ​ការ​ឃោសនា អ្នកនយោបាយតែងតែ​បញ្ចេញ​ថវិកា​យ៉ាងគំហុក ដើម្បី​ទាក់ទាញអ្នក​បោះឆ្នោត។ មន្ត្រី​គ្រប់គណបក្ស​នយោបាយ​ត្រូវ​បញ្ចេញ​ថវិកា​ទៅ​តាម​លទ្ធភាពរបស់ពួកគេ​រៀងៗខ្លួន។ តើ​ការ​បញ្ចេញ​ថវិកា​នៅ​ពេលនេះ នឹង​ចូលរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដែរឬទេ? ប្រសិនបើ​វា​បានរួមចំណែកមែននោះ តើ​ការ​ចូលរួម​ចំណែកនោះមាន​ទំហំ​ប៉ុណ្ណា?

អ្នកគាំទ្រ​គណបក្ស​សង្រ្គោះជាតិ
អ្នកគាំទ្រ​គណបក្ស​សង្រ្គោះជាតិ ©reuters
ផ្សាយពាណិជ្ជកម្ម

 

មិន​ដែល​មាន​ការសិក្សា ឬ​ការ​ផ្សព្វផ្សាយ​ជា​ផ្លូវការ អំពី​ទំហំ​ទឹកប្រាក់​ដែល​ត្រូវបាន​ចំណាយដោយ​គណបក្ស​នយោបាយ​ក្នុង​រដូវ កាលបោះឆ្នោត ពិសេស​ក្នុងអំឡុង​ពេល​ឃោសនា​បោះឆ្នោត​នោះឡើយ។ ប៉ុន្តែ​ តាម​រូបភាព​ជាក់ស្តែង គ្រប់គ្នា​អាច​មើលឃើញ​ថា ការចំណាយ​ទាំងនោះ​ មិន​មែន​តិចតួច​ឡើយ។

មន្ត្រី​គណបក្ស​នយោបាយ​ចូលរួមបោះឆ្នោត​ទាំង​៨​គណបក្ស តិច ឬច្រើនសុទ្ធតែបាន​ត្រៀម​ថវិកា​ចំណាយ​ទៅតាម​លទ្ធភាព​របស់​ពួកគេ។ ចំណាយ​លើការ​ទិញ​វត្ថុ​អនុស្សារវីយ មាន​មួក អាវយឺត សារ៉ុង ថ្នាំពេទ្យ និង​វត្ថុ​ប្រើប្រាស់​ផ្សេងៗ។ ការទិញ និង​ផ្តល់​អំណោយ​ទាំងនេះ ត្រូវបាន​ធ្វើឡើង​នៅទូទាំងប្រទេស ឬ​ក៏​នៅគ្រប់​ឃុំ សង្កាត់ ទាំង ១៦៣៣ ឃុំ​សង្កាត់ ដែល​ជាទូទៅ មន្ត្រី​គណបក្ស​នយោបាយ ចែក​ជា​ក្រុម​ការងារ​ ដើម្បី​ទាក់ទាញ​ម្ចាស់​ឆ្នោត។

ក្រៅពី​ការទិញ​ដូរ​ទំនិញ​ទាំងនេះហើយ មន្ត្រី​គណបក្ស​នយោបាយ​ក៏​នៅ​ចំណាយ​សម្រាប់​ធ្វើ​ដំណើរ​របស់​ខ្លួនឯង​ផងដែរ។ ការ​ចំណាយ​ទាំងនេះ មានដូច​ជា​ ប្រេងសាំង ការស្នាក់នៅ​ និង​ការ​បរិភោគ​ជា​ដើម។ មើលទៅ ការ​ចំណាយ​ទាំងនេះ​ហាក់ដូច​ជា​កំប៉ិកកំប៉ុកទេ ប៉ុន្តែ​សូមកុំភ្លេចថា មន្ត្រីគណបក្ស​នយោបាយ​ទាំង៨ ពិសេស​គណបក្ស​កាន់អំណាច ដែល​មានលទ្ធភាព លើសគេ កំពុង​ធ្វើសកម្មភាពទាំងនេះ បញ្ចេញ​ការ​ចំណាយ​ទាំងនេះ នៅទូទាំងប្រទេស។ ដូច្នេះ​គេ អាច​មើល​ឃើញទំហំ​ទឹកប្រាក់​ច្រើន​ក្រាស់ក្រែល​មួយ​ដែល​កំពុង​មាន​ចលនា​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា។

ផ្ទុយទៅវិញ ការ​ចំណាយ​ទាំងនេះ​ មិន​មាន​ផល​ជំរុញ​កំណើន​សេដ្ឋកិច្ច​ខ្លាំង​នោះ​ឡើយ។ ពីព្រោះថា ការ​ចំណាយ​ទាំងនេះ វា​មិន​មែនជា​ប្រភេទ​ចំណាយ​បែប​វិនិយោគ ដែល​ហុចផល​យូរអង្វែង និង​បាន​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​ពិត​ប្រាកដ​ឡើយ។

ជាការ​ពិត អ្នកសេដ្ឋកិច្ច​ទទួល​ស្គាល់​ថា ក្នុង​ឱកាស​រដូវ​កាល​បោះឆ្នោតនេះ ការ​ចំណាយ​របស់​អ្នកនយោបាយ​បាន​ផ្តល់​ប្រយោជន៍​ខ្លះ​ដល់​ប្រជាពលរដ្ឋ​មែន ពោលគឺ​ប្រជាពលរដ្ឋ​បាន​ទទួល​វត្ថុអនុស្សាវរីយ៍​បន្តិចបន្តួច​ ហើយ​អាជីវករ​មួយ​ចំនួន​ដូចជា អ្នកលក់ដូរ អាវយឺត មួក អ្នកបោះពុម្ព ម្ចាស់រថយន្ត​ដឹកជញ្ជូន​ជាដើម ក៏​ទទួល​បាន​ផលចំណេញ​ខ្លះ​ក្នុង​រយៈពេល​ខ្លី​នេះ​ដែរ។

សរុបមកវិញ ប្រសិន​បើ​ គេគិតគូរ​តែ​អំពីការ​ចំណាយដើម្បី​ទិញ​វត្ថុអនុស្សាវរីយ៍​ចែក​ជូន​អ្នកបោះឆ្នោត​នោះ ការចំណាយ​នេះ​ មិន​បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​ខ្លាំង​នោះឡើយ។ អ្នកសេដ្ឋកិច្ច​មួយ​ចំនួន​អត្ថាធិប្បាយ ការ​ចំណាយ​ប្រភេទ​នេះ មាន​ទំហំ​តិច​ជាង​ ក្នុង​ពេល​​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​ចូលឆ្នាំ​​ដែល​មនុស្ស​ទូទាំង​ប្រទេស​ត្រូវ​ចំណាយ​ថវិកា​យ៉ាងគំហុក​ផង។

ផ្ទុយទៅវិញ គឺ​នៅ​មាន​ការ​ចំណាយ​មួយ​ប្រភេទទៀត ដែល​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច និងកាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​នោះ។ នោះគឺ​ការ​កសាង​ហេដ្ឋារចនាសម័្ពន្ធ​ផ្លូវថ្នល់ ប្រព័ន្ធ​ប្រឡាយទឹក​ជាដើម។ អ្នកសេដ្ឋកិច្ច​បានសង្កេតឃើញ​ថា មន្ត្រី​គណបក្ស​កាន់អំណាច​ បើទោះជា​គេ ពិបាក​នឹង​បែងចែក​រវាង​តួនាទី​ជា​មន្ត្រី​គណបក្ស និងមន្ត្រី​ក្នុង​រដ្ឋាភិបាល​ក៏ដោយ ពួកគេ​មួយ​ចំនួន​បាន​ដឹកនាំ​កសាង​ផ្លូវ​ថ្នល់​ក្នុង​ភូមិ ជួសជុល និង​កសាង​ប្រព័ន្ធ​ស្រោចស្រពជាដើម។ សមិទ្ធិផល​ទាំងនេះ​ហើយ ដែល​ផ្តល់​ប្រយោជន៍​ពិតប្រាកដ​ដល់​ពលរដ្ឋ។ នៅពេល​មាន​ផ្លូវ​ថ្មី ការចំណាយ​របស់​ពលរដ្ឋ ក្នុង​ការដឹក​ជញ្ជូន​ទំនិញ​ត្រូវបាន​កាត់បន្ថយ ហើយ​និង​ចំណេញ​ពេលវេលា​ទៀត។ ប្រព័ន្ធ​ប្រឡាយទឹក​ក៏​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ការដាំដុះ​របស់​ពួកគេ​ទៀត។ ហើយថា​ផលប្រយោជន៍​ទាំងនេះ ជា​ផល​ប្រយោជន៍​យូរអង្វែង​សម្រាប់ពលរដ្ឋ។

ដូច្នេះ មិនមែន​ថា ការ​ផ្តល់វត្ថុ​អនុស្សាវរីយ៍ ដូចជារបស់របរ​ប្រើប្រាស់​មួយ​ចំនួន​នោះ មិន​មានសារៈសំខាន់ឡើយ ប៉ុន្តែ​ដើម្បី​ប្រយោជន៍សេដ្ឋកិច្ច​រួម​ និង​យូរអង្វែង មន្ត្រី​គណបក្ស​នយោបាយ​ដែល​កំពុង​ឃោសនា​រក​សំឡេងឆ្នោត គួរ​ផ្ទេ​ទំហំ​ទឹកប្រាក់​ដែល​គ្រោងចំណាយ​ទៅលើការ​ទិញ​វត្ថុអនុស្សារីយ៍​ ទៅលើការ​កសាង​ហេដ្ឋារចនាសម័្ពន្ធ​ណា​ដែល​ចូលរួម​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ពិតប្រាកដ​របស់​ពលរដ្ឋ ហើយ​ដែល​​នេះ ក៏​ជា​ការចូលរួម​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ទៀតផង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ