អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​មិនមែន​ជា​ឋានសួគ៌​នៃ​បក្ស​នយោបាយ​ទៀត​ទេ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការចុះឈ្មោះ​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី៥នឹង​ឈានចូល​មកដល់​នា​ចុងខែ​មេសា​នេះ។ ជាទូទៅ គេ​រំពឹងថា ចំនួន​គណបក្សនយោបាយ​នឹង​បន្ត​ថយចុះ​ទៀត​បើ​ធៀប​នឹង​ការបោះឆ្នោត​កាលពី​ឆ្នាំ ២០០៨ ដែល​កាលណោះ​មាន​គណបក្ស​ចំនួន ១១ ចូលរួម។ ការបន្ត​ថយចុះ​នៃ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត​បង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​លែង​ជា​ឋានសួគ៌​សម្រាប់​បក្សនយោបាយ​ទៀតហើយ។ យ៉ាង​ណា​ក៏​ដោយ សួន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក៏​មិន​សោះកក្រោះ​ពេក​ដែរ។

លោក អ៊ឹម សួស្តី (រូបកណ្តាល) ប្រធាន គ.ជ.ប
លោក អ៊ឹម សួស្តី (រូបកណ្តាល) ប្រធាន គ.ជ.ប ©Reuters
ផ្សាយពាណិជ្ជកម្ម

មាន​គណបក្ស​មិន​ដល់​១០ឡើយ​ដែល​គេ​រំពឹង​ថា អាច​ចូលរួម​ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃ២៨​កក្កដា​ខាងមុខ។ នេះ​គឺជា​ការ​រំពឹង​ទុក​របស់​ក្រុមអ្នកតាមដាន​ការបោះឆ្នោត​នៅ​កម្ពុជា។ កាល​ពី​ឆ្នាំ ២០០៨ មាន​គណបក្សនយោបាយ​ចំនួន ១១ ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ។ គេ​នៅ​ចាំ​បាន​ថា កាលពី១៥ឬ២០ឆ្នាំមុន​អ្នកនយោបាយ​ហាក់​សប្បាយ​នឹង​ការបង្កើត​គណបក្ស​ថ្មី​ដើម្បី​ប្រជែង​អំណាច​ខ្លាំងណាស់។ កាលណោះ ចំនួន​គណបក្ស​នយោបាយ​នៅ​កម្ពុជា​ធ្លាប់​កើន​ដល់​ជិត​៦០គណបក្ស​ឯណោះ។ ប៉ុន្តែ អំណឹះ​តទៅ កម្ពុជា​មិនមែនជា​ឋានសួគ៌​នៃ​គណបក្ស​នយោបាយ​ដែល​រីក​ស្គុះស្គាយ​ប្រៀប​ដូច​សួន​ឧទ្យាន​ក្នុង​និទាឃ​រដូវ​ដូច​កាល​ពី​មុន​ទៀត​ហើយ។

ជា​ការ​ពិតណាស់ ការ​បង្កើត​គណបក្ស​នយោបាយ​មួយ​អាច​ជា​ការ​ងាយស្រួល ប៉ុន្តែ ការ​ធ្វើ​ឲ្យ​គណបក្ស​នោះ​ដំណើរការ និង​ទទួលបាន​ការគាំទ្រ គឺ​ជា​បញ្ហា​ដ៏​លំបាក​បំផុត។ គណបក្ស​ខ្លះ​ក្ស័យធន ខ្លះ​អស់សង្ឃឹម​នឹង​លទ្ធផល​របស់ខ្លួន ខ្លះ​បែកបាក់​គ្នា​ដោយ​បញ្ហា​ផលប្រយោជន៍ និង​ខ្លះ​ទៀត​ក៏​រំលាយ​បញ្ចូល​គ្នា​ជា​គណបក្ស​តែមួយ។ ជាក់ស្តែង នៅ​ពេល​ការបោះឆ្នោត​ចូលមក​ដល់ ចលនា​រួបរួម​គ្នា​ធំៗ​ពីរ​បាន​កើត​ឡើង ទី១ ការ​រួម​បញ្ចូល​គ្នា​នៃ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចលនា​បក្សប្រឆាំង និង​ទី២ ការ​រួបរួម​គ្នា​រវាង​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម​ដែល​បែក​ចេញពី​គណបក្ស​នរោត្តម រណឫទ្ធិ​នៅ​ក្នុង​ចលនា​រាជានិយម។

និន្នាការ​រួមបញ្ចូល​គ្នា​នៃ​គណបក្សនយោបាយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ស្វែង​រក​មធ្យោបាយ​បង្កើន​កម្លាំង​ក្នុង​ចំណោម​គណបក្ស​តូចៗ​ដើម្បី​តទល់​ជាមួយ​បក្ស​កាន់អំណាច។ ប៉ុន្តែ មេរៀន​ក៏បាន​បង្ហាញ​ដែរ​ថា ការរួមបញ្ចូល​គ្នា​រវាង​គណបក្ស​នយោបាយ​ក៏​មិនមែន​ជា​ការងាយស្រួល​ប៉ុន្មាន​ដែរ។ ការបែកបាក់​សម្ព័ន្ធភាព​រវាង​គណបក្សនយោបាយ​ក៏​ជា​ព្រឹត្តិការណ៍​ដែល​ធ្លាប់​កើតឡើង​ជា​ហូរហែរ​រួចមកហើយ។ យ៉ាង​ណា​ក៏ដោយ​ចុះ ស្ថានការណ៍​ហាក់​ដូច​ជា​កំពុង​ចាប់​បង្ខំ​ឲ្យ​គណបក្ស​ដែល​មាន​និន្នាការ​ស្របគ្នា គួរ​តែ​បញ្ចូល​គ្នា​ជា​ចាំបាច់។

ប្រសិន​បើ​និន្នាការ​នេះ​បន្ត​ទៅ​មុខ​ដោយ​ជោគជ័យ ចំនួន​គណបក្សនយោបាយ​នឹងមាន​កាន់តែ​តិច។ ចំនួន​គណបក្សនយោបាយ​តិច​តែ​ខ្លាំង និង​មាន​គុណភាព​ត្រូវ​គេ​មើលឃើញ​ថា ជា​ស្ថានភាព​ល្អ​ទៅ​វិញ​ទេ សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ផ្ទុយ​ទៅ​វិញ ចំនួន​បក្សនយោបាយ​ដែល​មាន​ច្រើន​តែ​បរិមាណ តែ​ខ្វះ​គុណភាព​បក្ស​នយោបាយ​តូចៗ​ទាំង​នោះ មិន​ខុស​អ្វី​ពី​បុប្ផា​ដែល​ត្រូវ​គេ​ដាក់​តាំង​លម្អ​សួន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ឡើយ។ ដូច្នេះ ការ​ពង្រឹង​គណបក្សនយោបាយ​ឲ្យ​មាន​កម្លាំង​ខ្លាំង​គឺ​ជា​ការចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា។ ចាំបាច់​នៅត្រង់​ថា ភាពខ្លាំង​របស់​បក្សនយោបាយ ជា​ពិសេស​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​តែ​ម្តង នឹង​ជួយ​ជំរុញ​ឲ្យ​មាន​តុល្យភាព​នយោបាយ​នៅ​ក្នុង​រដ្ឋសភា។

ប៉ុន្តែ តើ​គណបក្សនយោបាយ​ទាំង​នោះ​អាច​ពង្រឹង​ខ្លួន​បាន​កម្រិតណា? នេះ​ជា​សំណួរ​ដ៏​ស្មុគស្មាញ​មួយទៀត​នៅក្នុង​បរិបទ​ដែល​ការធ្វើ​នយោបាយ​ត្រូវ​ឆ្លងកាត់​ការប្រកួតប្រជែង​គ្មាន​តុល្យភាព​ពោលគឺ​គណបក្ស​តូចៗ​គ្មាន​ធនធាន និង​មធ្យោបាយ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នកបោះឆ្នោត​បាន​ស្គាល់​ទូលំទូលាយ​ដូច​គណបក្ស​ធំៗ​នោះ​ឡើយ។ ទីបំផុត គណបក្ស​មួយ​ចំនួន​ត្រូវ​រលាយបាត់​ទៅវិញ​ដោយ​ឯកឯង ឬ​ក្រោម​ឥទ្ធិពល​លេប​ត្របាក់​ពី​សំណាក់​គណបក្ស​ធំ។

យ៉ាង​ណា​ក៏​ដោយ​ចុះ គណបក្ស​ខ្លះ​មិន​ព្រម​ចុះចាញ់​ព្រហ្មលិខិត​ដោយ​ងាយៗ​ឡើយ ហើយ​ក៏​មិន​ព្រម​ភ្ជាប់​ខ្លួន​ជាមួយ​គណបក្ស​ណា​ដែរ។ ពួកគេ​ប្រឹង​រស់​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​បន្តទៀត​ដើម្បី​សម្រេច​ឧត្តមគតិ​របស់​ខ្លួន ទោះ​ជា​ផ្លូវ​នៅ​វែង​ឆ្ងាយ​យ៉ាង​ណា​ក៏​ដោយ។ រីឯ​គណបក្ស​ខ្លះទៀត​ប្រឹង​រស់​ព្រោះ​ផលប្រយោជន៍​នយោបាយ ទោះ​ជា​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បក្ស​ផ្សេង​ក៏​ដោយ។ ដូច្នេះ ទោះ​ជា​កម្ពុជា​មិនមែន​ជា​ឋានសួគ៌​នៃ​គណបក្សនយោបាយ​ទៀត​ក៏​ដោយ ក៏​សួន​ប្រជាធិបតេយ្យ​នៃ​ប្រទេស​នេះ​មិន​ជា​សោះកក្រោះ​ពេក​ដែរ។ ផ្កា​ចម្រុះ​ពណ៌​នៅ​តែ​ដុះ​លម្អ​ជុំវិញ​ផ្កា​មួយទង ឬ​ពីរទង​ដែល​បាន​និង​កំពុង​លូត​ខ្ពស់​ហួស​ផុត​ពី​គេ​ឯង​យ៉ាង​កប់​ពពក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ