អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រជាជន​អេកូស​ភាគច្រើន​បាន​សម្រេច​មិន​ផ្តាច់ខ្លួន​ចេញ​ពី​ប្រទេស​អង់គ្លេស​ទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​ប្រជាជន​អេកូស​ភាគច្រើន​បាន​សម្រេច​ចិត្ត​មិន​ផ្តាច់​ខ្លួន​ចេញ​ពី​ប្រទេស​អង់គ្លេស​ទេ។ យោង​តាម​លទ្ធផល​ផ្លូវការ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃសុក្រ ទី១៩ កញ្ញា​នេះ​ឲ្យ​ដឹង​ថា អត្រា​នៃ​អ្នក​មិន​ចង់​បាន​ឯករាជ្យ​មាន​ជាង ៥៥% ទល់​នឹង​អ្នក​ដែល​ចង់​បាន​ឯករាជ្យ​ដែល​មាន​ជាង ៤៤%។ ការ​កត់​សម្គាល់​មួយ​ទៀត អត្រា​នៃ​អ្នក​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​មាន​រហូត​ដល់​ទៅ​ជាង ៨០%។ ប្រតិកម្ម​ភ្លាមៗ លោក​នាយករដ្ឋមន្រ្តី​អេកូស​អាឡិច សាលម៉ុង​ដែល​ជា​សកម្មជន​ទាមទារ​ឯករាជ្យ​ម្នាក់​បាន​ប្រកាស​ទទួល​ស្គាល់​ភាព​បរាជ័យ រីឯ​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ដេវីដ កាមេរ៉ូន​បាន​សន្យា​ធ្វើ​កំណែទម្រង់ និង​ផ្តល់​ស្វ័យភាព​ទូលំទូលាយ​បន្ថែម​ទៀត​ឲ្យ​តំបន់​អេកូស។

ប្រជាជន​អេកូស​ភាគច្រើន​បាន​សម្រេច​មិន​ផ្តាច់ខ្លួន​ចេញ​ពី​ប្រទេស​អង់គ្លេស​ទេ
ប្រជាជន​អេកូស​ភាគច្រើន​បាន​សម្រេច​មិន​ផ្តាច់ខ្លួន​ចេញ​ពី​ប្រទេស​អង់គ្លេស​ទេ REUTERS/Dylan Martinez
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោតប្រជាមតិ​នៅ​អេកូស​បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​ប្រជាជន​អេកូស​ចំនួន ៥៥,៣% បាន​បោះឆ្នោត​ប្រឆំាង​នឹង​ឯករាជ្យ ទល់​នឹង​អ្នក​ដែល​ចង់​បាន​ឯករាជ្យ​ចំនួន ៤៤,៧%។ ប្រតិកម្ម​មុន​គេ គឺ​លោក​នាយករដ្ឋមន្រ្តី​អេកូស​អាឡិច សាលម៉ុង​ដែល​បាន​ប្រកាស​ទទួល​ស្គាល់​ភាព​បរាជ័យ​របស់​ខ្លួន និង​អរគុណ​ចំពោះ​ប្រជាជន​អេកូស​ដែល​បាន​បោះឆ្នោត​គំាទ្រ​ឯករាជ្យ។ លោក​អាឡិច សាលម៉ុង​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​អរគុណ​ចំពោះ​ប្រជាជន​អេកូស​ទំាង ១លាន ៦សែន​នាក់​ដែល​បាន​បោះឆ្នោត​គំាទ្រ​ឯករាជ្យ។ ឥឡូវ​នេះ​យើង​បាន​ដឹង​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​ដើម្បី​ឲ្យ​ប្រជាជន​អេកូស​ជ្រើសរើស​រវាង​ឯករាជ្យ និង​មិន​ឯករាជ្យ។ លទ្ធផល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មាន​ប្រជាជន​អេកូស​ភាគច្រើន​បាន​សម្រេច​មិន​ឲ្យ​ដែនដី​អេកូស​ក្លាយ​ជា​ប្រទេស​ឯករាជ្យ​ទេ។ ខ្ញុំ​ទទួល​ស្គាល់​ចំពោះ​លទ្ធផល​ប្រជាមតិ​នេះ និង​សូម​អំពាវនាវ​ដល់​ប្រជាជន​អេកូស​ទំាង​អស់​ឲ្យ​ទទួល​យក​លទ្ធផល​ដែល​ចេញ​ពី​សម្លេង​ភាគច្រើន​របស់​ប្រជាជន​អេកូស »។

ទន្ទឹម​នឹង​ការ​ថ្លែង​អំពាវនាវ​ឲ្យ​ប្រជាជន​អេកូស​គោរព​តាម​មតិ​ភាគច្រើន លោក​អាឡិច សាលម៉ុង​ក៏​បាន​ឆ្លៀត​អំពាវនាវ​រដ្ឋាភិបាល​អង់គ្លេស​ឲ្យ​គោរព​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ដែល​យល់ព្រម​ផ្តល់​អំណាច​បន្ថែម​ទៀត​ដល់​តំបន់​ស្វ័យត​អេកូស។

លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ដាវីដ កាមេរ៉ូន​សប្បាយចិត្ត​ចំពោះ​លទ្ធផល​បោះឆ្នោត

បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​ផ្លូវការ​ភ្លាម លោក​កាមេរ៉ូន​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​សម្តែង​ក្តី​រំភើប​រីករាយ​ដែល​បាន​ឃើញ​ប្រជាជន​អេកូស​ភាគច្រើន​សម្រេចចិត្ត​មិន​ចង់​ផ្តាច់​ខ្លួន​ចេញ​ពី​អង់គ្លេស។ លោក​កាមេរ៉ូន​បាន​ថ្លែង​ថា លោក​សប្បាយចិត្ត​ខ្លំាង​ដែល​បាន​ទុក​ឲ្យ​ប្រជាជន​អេកូស​សម្រេច​ជោគវាសនា​ដោយ​ខ្លួន​ឯង​តាម​គន្លង​ប្រជាធិបតេយ្យ។ យោង​តាម​លោក​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​ដដែល អ្វីៗ​លែង​ស្រពិចស្រពិល​ទៀត​ហើយ​នៅ​អេកូស និង​ដែល​វា​ល្មម​ដល់​ពេល​ដែល​អង់គ្លេស​ទំាង​មូល​ត្រូវ​រួបរួម​គ្នា​ដើម្បី​អនាគត​រុងរឿង។ គួរ​ជម្រាប​ជូន​ថា គឺ​លោក​កាមេរ៉ូន​រូប​នេះ​ឯង​ដែល​បាន​លេងល្បែង​ដ៏​ប្រថុយប្រថាន​មួយ​នៅ​ក្នុង​សំណុំរឿង​អេកូស ដោយ​លោក​បាន​សម្រេច​ឲ្យ​​អេកូស​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ជម្រើស​រវាង​ឯករាជ្យ និង​មិន​​ឯករាជ្យ។

សំណាង​ល្អ​ដែល​ប្រជាជន​អេកូស​ភាគច្រើន​មិន​ចង់​បាន​ឯករាជ្យ បើ​ពុំ​នោះ​សោត​ទេ លោក​កាមេរ៉ូន​ខ្លួន​ឯង​ត្រូវ​បង្ខំ​ចិត្ត​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី និង​ដែល​គេ​ហ៊ាន​ទំាង​និយាយ​ថា ជីវិត​នយោបាយ​របស់​លោក​ត្រូវ​ចប​ផង បើ​អង់គ្លេស​បាត់បង់​ដែនដី​អេកូស​នោះ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ដើម្បី​អាច​ទាញ​អេកូស​កុំ​ឲ្យ​ចេញ​ពី​អង់គ្លេស​បាន លោក​កាមេរ៉ូន​បាន​សន្យា​ធ្វើ​សម្បទាន​ច្រើន​ណាស់​ឲ្យ​ប្រជាជន​អេកូស។ ជាក់ស្តែង​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ថ្ងៃ​រៀបចំ​បោះឆ្នោត លោក​កាមេរ៉ូន​បាន​សន្យា​ផ្តល់​ឲ្យ​រដ្ឋអំណាច​អេកូស​នូវ​បុព្វសិទ្ធិ​ផ្នែក​ពន្ធដារ​ដែល​ទីក្រុង​ឡុងដ៍​បាន​បដិសេធ​មក​ដល់​សព្វថ្ងៃ។ លោក​កាមេរ៉ូន​បាន​សន្យា​បង្កើន​ប្រាក់​ចំណាយ​ឲ្យ​ប្រជាជន​អេកូស​លើស​ប្រជាជន​អង់គ្លេស​ចំនួន ១៩%។ សម្បទាន​បន្ទាប់​មក​ទៀត ទីក្រុង​ឡុងដ៍​សន្យា​ដល់​ប្រាក់ឧបត្ថម្ភ​ផ្នែក​សុខាភិបាល និង​អប់រំ​ដល់​ប្រជាជន​អេកូស។ ទំាង​នេះ​មិន​ភ្លេច​ទេ ការ​ផ្តល់​ស្វ័យភាព​​ទូលំទូលាយ​បន្ថែម​ទៀត​ឲ្យ​រដ្ឋអំណាច​អេកូស។

អង់គ្លេស​បាន​ទាញ​មេរៀន​ពី​អេកូស​ដើម្បី​តំបន់​ផ្សេង​ទៀត

គួរ​ជម្រាប​ជូន​ថា ចក្រភព​អង់គ្លេស​ដែល​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា
United Kingdom ត្រូវ​បាន​ចែក​ចេញ​ជា ៤រដ្ឋ គឺ​អង់គ្លេស អេកូស ឬ Scotland Walesនិង អៀឡង់ខាងជើង។ រហូត​មក​ដល់​ពេល​នេះ អេកូស Walesនិង អៀឡង់ខាងជើង គឺ​រដ្ឋ​ដែល​ទទួល​បាន​ស្វ័យភាព​ពី​ទីក្រុងឡុងដ៍​ដូច​គ្នា ដោយ​មាន​សភា​ដាច់​ដោយ​ឡែក​របស់​ខ្លួន និង​ទទួល​បាន​បុព្វសិទ្ធិ​គ្រប់គ្រង​ខ្លួន​ឯង​លើ​វិស័យ​មួយ​ចំនួន។ ដូច្នេះ ការ​រំជើបរំជួល​នៅ​ក្នុង​តំបន់​អេកូស​ចង់​បាន​ឯករាជ្យ​អាច​ជា​ជំងឺ​ឆ្លង​រាតត្បាត​ចូល​ទៅ​ក្នុង​រដ្ឋ Wales ឬ​អៀឡង់ខាងជើង។ នេះ​ហើយ​ជា​ផលវិបាក​ដែល​រដ្ឋាភិបាល​ទីក្រុង​ឡុងដ៍​ត្រូវ​ប្រយ័ត្នប្រយែង​ជា​ទីបំផុត។

អ្វី​ដែល​បាន​កើត​មាន​នៅ​អេកូស​ពេល​នេះ​អាច​ជា​មេរៀន​មួយ ឬ​ថា​ជា​ការ​ដាស់​ស្មារតី​ឲ្យ​រដ្ឋអំណាច​អង់គ្លេស​ផ្តើម​គិតគូរ​ឡើង​វិញ​អំពី​គោលនយោបាយ​របស់​ខ្លួន​ចំពោះ​តំបន់​ទំាង​នោះ ដោយ​ធ្វើ​ណា​ចៀសវាង​ព្រឹត្តិការណ៍​ដូច​នៅ​អេកូស។ អ៊ីចឹង​ហើយ​ជា​លោក​នាយករដ្ឋមន្រ្តី​ដេវីដ កាមេរ៉ូន​បាន​ថ្លែង​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ប្រជាជន​អង់គ្លេស ប្រជាជន Wales និង​ប្រជាជន​អៀឡង់ខាងជើង​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​យោបល់​របស់​ខ្លួន និង​ថា លោក​បាន​យល់ បាន​ស្តាប់​ឮ និង​បាន​ដឹង​ពី​តម្រូវការ​របស់​តំបន់​នីមួយៗ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ និង​អ្វី​ដែល​លោក​កាមេរ៉ូន​បាន​សន្យា​ចំពោះ​ប្រជាជន​អេកូស​ពេល​នេះ អាច​ជា​គំរូ​មួយ​ដើម្បី​រក្សា​​តំបន់​ផ្សេង​ទៀត​ឲ្យ​ស្ថិត​ក្នុង​គ្រួសារ​អង់គ្លេស​តែ​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ