អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការ​ដេញដោល​​មតិ​​បេក្ខជន​​ប្រធានាធិបតី​​បារាំង​​ពោរពេញ​​​​ដោយ​​ភាព​​តានតឹង​ និង​​ពាក្យ​​​សម្តី​​វាយ​ប្រហារ​​គ្នា​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បារាំង​ត្រូវបោះឆ្នោត​ប្រធានាធិបតី​ជុំទី២ ​ថ្ងៃ​អាទិត្យ៧ឧសភា​នេះ។ ការ​តស៊ូ​មតិ​ទល់មុខគ្នា​ រវាង​បេក្ខជន​​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង និង​ម៉ារីន ឡឺប៉ែន​​ ​​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ ​យប់​ថ្ងៃពុធ​ម្សិលមិញ ពោរពេញ​​​ដោយ​ភាពតានតឹង និង​ពាក្យស​ម្តី​វាយប្រហារ​គ្នា។ សារ​ព័ត៌មាន​​​បារាំង​ធំៗ​បានប្រដូច​ការដេញដោល​មតិ​នេះ ទៅនឹង​សង្វៀន​កីឡា​​​ប្រដាល់​​។ បេក្ខជន​និន្នាការ​​​កណ្តាល​​​​ ម៉ាក្រុង និង​បេក្ខនារី​បក្ស​ស្តាំ​និយម​ជ្រុល​ ឡឺប៉ែន ​មិន​បាន​បង្ហាញ​កម្មវិធី​នយោបាយ​បាន​​​​ស៊ីជម្រៅ​ ដូច​ដែល​សាធារ​ណជន​ទន្ទឹង​ចាំ​ទេ។ 

លោកស្រី​ឡឺប៉ែន និង​លោក​ម៉ាក្រុង​ ថតរូប​ជាមួយ​គ្នា ​មុន​ពេល​ដេញ​ដោល​មតិ​គ្នា​យប់ថ្ងៃពុធ​​៣ ឧសភា ២០១៧
លោកស្រី​ឡឺប៉ែន និង​លោក​ម៉ាក្រុង​ ថតរូប​ជាមួយ​គ្នា ​មុន​ពេល​ដេញ​ដោល​មតិ​គ្នា​យប់ថ្ងៃពុធ​​៣ ឧសភា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ការដេញដោល​មតិ​នេះ ​ការ​ស្ទាបស្ទង់​មតិ​បង្ហាញថា ពលរដ្ឋ​​៦៣ភាគរយ ​យល់ថា ​លោក​ម៉ាក្រុង​មាន​ប្រៀប​ជាង​លោកស្រី​ឡឺប៉ែន។

ការដេញដោល​​មតិ​រវាង​​​លោក​ម៉ាក្រុង និង​លោកស្រី​ឡឺប៉ែន ​អាច​​​​​​​​​​តានតឹង​​ជាង​​ការ​​ដេញ​ដោល​មតិ​​​​ក្នុង​​​ការបោះឆ្នោត​​​មុនៗ
ការ​តស៊ូ​មតិ​រវាង​​​​បេក្ខជន​និន្នាការ​កណ្តាល លោក​ម៉ាក្រុង និង​បេក្ខជន​បក្ស​ស្តាំនិយម​ជ្រុល ​លោកស្រី ឡឺប៉ែន ចាប់ផ្តើម​ភ្លាម គឺ​លោកស្រី​ឡឺប៉ែន ​ប្រើសំដី វាយ​ប្រហារ​លោក​ម៉ាក្រុង​ភ្លាម​តែម្តង។ ម្ល៉ោះហើយ​ ការដេញដោល​គ្នា​ក៏​ក្លាយទៅ​ជា​សង្វៀន​កីឡា​ប្រដាល់ ព្រោះ​លោក​​ម៉ាក្រុង​ត្រូវ​​ការពារ​ខ្លួន​វិញ​​ដែរ ប្រឈម​​​នឹង​ពាក្យសំដី​វាយប្រហារ​របស់​លោកស្រី ឡឺប៉ែន។

ចាប់ផ្តើម​តស៊ូ​មតិ​ភ្លាម លោកស្រី​ឡឺប៉ែន​ចោទ​លោក​ម៉ាក្រុង​ភ្លាម​ថា លោក​​ជា​បេក្ខជន​សកល​ភាវូបនីយកម្ម​បែប​កំរោល ដែល​យើង​​ហៅថា បែប​ព្រៃ​នោះឯង។ ​លោក​ម៉ាក្រុង​វិញ ​​ចោទ​ថា​ លោកស្រីឡឺប៉ែន​​បង្ហាញ​ការ​ស្អប់ខ្ពើម និង​ភូត​កុហក។ ​​និយាយ​​រួម​ទៅ យប់មិញ​នេះ ពិធីករ​ជា​អ្នកសារព័ត៌មាន​ទាំង២រូប ដែល​សួរសំណួរ​បេក្ខជន​ទាំង២ មិនបាន​មាត់ក​​ច្រើនទេ ព្រោះ​បេក្ខជន​​​ទាំង២ អោយ​តែ​ឆ្លើយ​សំណួរ​មួយៗ គឺ​មិនភ្លេច​វាយប្រហារ​សំដី​គ្នា​ទេ។

​​ដោយសារ​លោកអេម៉ានុយអែល ម៉ាក្រុង ធ្លាប់​ធ្វើ​រដ្ឋមន្ត្រី​សេដ្ឋកិច្ចរបស់​បក្ស​កាន់អំណាច​សង្គមនិយម​សព្វថ្ងៃ​ ហើយ​សព្វថ្ងៃ​ប្រជាជន​គ្មានការងារចេះតែ​កើនឡើង​ ​លោកស្រី​ឡឺប៉ែន​​​លើកឡើង​ថា លោក​ម៉ាក្រុង​ជា​បេក្ខជន​​​បំផ្លាញ​សេដ្ឋកិច្ច ជា​បេក្ខជន​​​​ធ្វើ​សង្គ្រាម​ប្រឆាំង​មនុស្ស​គ្រប់គ្នា។ សម្រាប់​លោកស្រី​ឡឺប៉ែន លោក​ម៉ាក្រុង​ជា​អតីត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច លោក​ច្បាស់ជា​​លម្អៀង​ទៅរក​សហគ្រាស​​រកស៊ី​​​​ធំៗ ភ្លេចគិត​​ប្រជាជន​ក្នុងស្រុក។ លោកស្រី​អួតខ្លួន​ឯង​​ថា លោកស្រី​ជា​បេក្ខជន​តំណាង​ប្រជាជន​បារាំង។

ឆ្លើយ​សំណួរ​ទាក់ទង​ការ​ប្រយុទ្ធប្រឆាំង​​ភេរវកម្ម លោកស្រី​​​លើកឡើង​ពី​​កម្មវិធី​​​រឹតបន្តឹង​ព្រំដែន និង​​​សន្យា​បណ្តេញ​​​ជនបរទេស​ដែល​ជាប់​សង្ស័យ​ថា ​​ជា​ជន​ជ្រុលនិយម​អ៊ីស្លាម គំរាម​កំហែង​សន្តិសុខ​ អោយពួកគេ​​ចេញ​ពី​ទឹកដី​បារាំង។ ​លោកស្រី​ថែមទាំង​ឆ្លៀត​ចោទ​ថា លោក​ម៉ាក្រុង​គ្មាន​កម្មវិធី​នយោបាយ​បែបនេះ​ទេ- ចោទថា លោក​ម៉ាក្រុង​អនុគ្រោះ​ជនជ្រុលនិយម​អ៊ីស្លាម។

លោក​ម៉ាក្រុង​​តប​វិញ​ថា ​ការ​ត្រួតពិនិត្យ​ព្រំដែន​ គឺ​មាន​រួចមកហើ​យ​​ ផ្ទុយទៅវិញ គឺ​បក្ស​រណសិរ្ស​ជាតិ​របស់​លោកស្រី​ឡឺប៉ែន​ទេ ដែល​មិនដែល​បាន​បោះឆ្នោត​អ្វីសោះ ទាក់ទង​នឹង​ច្បាប់​ប្រឆាំង​ភេរវកម្ម ទាំង​នៅ​សភា​បារាំង ទាំងនៅ​សភា​អឺរ៉ុប។ ​ម្ល៉ោះហើយ បាន​ជា​​លោក​ម៉ាក្រុង​​ ​ចោទ​ថា លោកស្រី​ឡឺប៉ែន ​​​ភូត​កុហក និង​បង្ក​ការ​ភ័យខ្លាច​។

​​បេក្ខជន​ទាំង២​មិនបាន​បង្ហាញ​កម្មវិធី​​​​​ស៊ីជម្រៅ តាម​ការទន្ទឹង​រង់ចាំ​របស់​ពលរដ្ឋ​​​
នេះ​ដោយសារ​តែ​លោកស្រី​ឡឺប៉ែន និង​លោក​ម៉ាក្រុង​គិតតែ​វាយប្រហារ​សំដី​គ្នា​ពេក អញ្ចឹងទៅ​ ​​ម្នាក់ៗ ​មិនបាន​បង្ហាញ​កម្មវិធី​នយោបាយ​អោយ​ដិតដល់​រៀងៗខ្លួន។ អោយតែ​ឆ្លើយ​សំណួរ​ពិធីករ​ជា​អ្នកសារព័ត៌មាន​​ម្តងៗ គឺ​ម្នាក់ៗ​​ឆ្លៀត​​ប្រហារ​​​សំដី​គ្នា​​ជានិច្ច។   

លោកស្រី​ឡឺប៉ែន​​​​​​​​លើកឡើង​​ថា​ ​លោក​ម៉ាក្រុង​​មាន​គណនី​ធនាគារ​នៅ​បាហាម៉ាស ក្រៅ​ស្រុក។ លោក​ម៉ាក្រុង​វិញ​តបថា លោក​គ្មាន​​រឿងពាក់ព័ន្ធ​ផ្លូវ​​​ច្បាប់ ដូច​លោកស្រី​ទេ។ សូមរំលឹក​ថា ​​​មន្ត្រី​​​បក្ស​រណសិរ្ស​ជាតិ​របស់​លោកស្រី​ឡឺប៉ែន ​ច្រើន​រូប មានទាំង​លោកស្រី​ផងដែរ ​កំពុង​​ជាប់​រឿង​អាស្រូវថា​ ​បន្លំ​យក​​លុយ​សភា​អឺរ៉ុប​រាប់លាន​អឺរ៉ូ តាំងពី​ឆ្នាំ​២០១៥មក​ សម្រាប់​បង់​ប្រាក់ខែ​​បុគ្គលិក​ជំនួយការ​បក្ស ខណៈ​បុគ្គលិក​ទាំងនេះ​គ្មានវត្តមាន​​នៅ​សភា​អឺរ៉ុប។ ​​​

លោកស្រី​ឡឺប៉ែន​​ចង់​អោយបារាំងដើរចេ​ញ​ពី​អឺរ៉ុប​ដូច​អង់គ្លេស​ ចង់​អោយ​​​ចាយលុយជាតិ ឈប់​ចាយ​លុយ​អឺរ៉ូទៀត តែ​​​មិនបានប្រាប់​​​​​​ថា ​ធ្វើយ៉ាងម៉េច​ទើប​​អាច​ដំណើរការ។ លោក​​​ម៉ាក្រុង​រំលឹក​លោកស្រី​ឡឺប៉ែនថា ​អង់គ្លេស​ចេញ​ពីអឺរ៉ុប គឺ​​អង់គ្លេស​ត្រូវបង់លុយ​អោយ​អឺរ៉ុប​រាប់សិប​លាន​អឺរ៉ូ។​ សម្រាប់លោក​ម៉ាក្រុង​ជា​​បេក្ខជន​និន្នាការ​កណ្តាល​ លោកស្រី​ឡឺប៉ែន គ្មាន​កម្មវិធី​នយោបាយ​​ប្រាកដ​ប្រជា​ទេ។

ទាក់ទង​នឹង​ការចង់​អោយ​បារាំង​ដើរចេញ​ពី​អឺរ៉ុប លោកស្រី​ឡឺប៉ែន​ចោទ​លោក​ម៉ាក្រុង​ថា អោន​លំទោន​ចំពោះ​អាល្លឺម៉ង់ ចំពោះ​លោកស្រី​មែរគែល។ លោកស្រី​លើកឡើង​​​ថា បើ​បារាំង​មិនស្ថិត​ក្រោម​ការ​​គ្រប់គ្រង​របស់​លោកស្រីទេ​ គឺ​បារាំង​ស្ថិត​ក្រោម​លោកស្រី​​មែរគែល។ ​​

លោកស្រី​ឡឺប៉ែន​មិនចេះ​ចាប់​ឱកាសធ្វើអោយ​លោក​ម៉ាក្រុង​​​មាន​ប្រៀបជាង​
ការ​ស្ទាបស្ទង់​មតិបង្ហាញ​ថា ពលរដ្ឋ​៦៣ភាគរយ​គិតថា ​លោកម៉ាក្រុង មា​នប្រៀបជាង។ ​មាន​តែ​៣៣ភាគរយ​ទេ​​គិតថា លោកស្រី​ឡឺប៉ែន​មានប្រៀបជាង​លោកម៉ាក្រុង។ ​​​អ្នកបោះឆ្នោត​​​ជុំទី១ ដែល​បាន​បោះ​អោយ​បេក្ខជន​ឆ្វេងនិយម​ ម៉េឡង់ស្ហុង និង​​បេក្ខជន​ស្តាំ​និយម​ហ្វ៊ីយ៉ុង ភាគច្រើន​យល់ថា លោក​ម៉ាក្រុង​មានប្រៀបជាង​។​ ​​យុវជន​តាម​ទីក្រុង ប្រជាជនមាន​​ជីវភាព​​មធ្យម ​និង​អ្នក​រកស៊ី​ ពេញចិត្ត​នឹង​លោក​ម៉ាក្រុង​។ ចំណែក​លោកស្រី​ឡឺប៉ែន ​ទាក់ទាញ​ប្រជាជនតាម​​ជនបទ និង​អ្នក​គ្មាន​ការងារធ្វើ។

យប់មិញ ​លោក​ម៉ាក្រុង ទោះបី​ត្រូវ​​ប្រហារ​សំដី​តបទៅ​លោកស្រី​ឡឺប៉ែន​វិញ ក៏​លោក​បាន​ឆ្លៀត​លើកឡើង​​ពី​កម្មវិធី​នយោបាយ​របស់​លោក​បានគួរសម​​​​ដែរ។ ​លោកស្រី​ឡឺប៉ែន​វិញ ​ដោយសារ​​គិត​តែ​​​វាយប្រហា​រ​លោក​ម៉ាក្រុង​​ពេក ​លោកស្រី​​​មិនបាន​​បង្ហាញ​កម្មវិធី​ច្បាស់លាស់ រឺ​លម្អិត​​​ទេ។

លោកស្រី​ភ្លេច​ថា ការតស៊ូ​មតិ​សម្រាប់​ការបោះឆ្នោត​ជុំទី២​នេះ ជា​ឱកាសល្អ​​ ​​សម្រាប់​បក្ស​រណសិរ្ស​ជាតិ​ ដើម្បី​បង្រួប​បង្រួបបញ្ចុះបញ្ចូល ​​​អ្នកបោះឆ្នោត​ដែល​នៅ​ស្ទាក់ស្ទើរ​ចិត្ត​ អោយ​​​ពួកគេ​បោះអោយ​លោកស្រី និង​ដើម្បី​រកសន្លឹកឆ្នោត​ពី​អ្នកដែល​អាច​បោះអោយ​លោក​ម៉ាក្រុង​ដែរ។

តាំង​ពី​លោកស្រី​ឡើង​កាន់កាប់​បក្ស​រណសិរ្ស​ជាតិ​មក លោកស្រី​បាន​កែប្រែ​មុខមាត់​បក្ស​អោយ​គ្រប់គ្នា​មើលឃើញថា បក្ស​រណសិរ្ស​ជាតិ​មិនមែន​ជា​បក្ស​ជ្រុលនិយម​ប្រកាន់​ពូជសាសន៍​​​ទេ។ លោកស្រី​លើកស្ទួយ​រហូត​បក្ស​រណសិរ្ស​ជាតិ​ក្លាយជាបក្ស​សំខាន់​ទី៣​ក្នុងប្រទេស​។ លើកស្ទួយ ​រហូត​​​បក្ស​រណសិរ្ស​ជាតិ​​​មាន​វត្តមាន​​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​​ជុំទី២​ពេលនេះ គឺបង្ហាញថា ប្រជាជន​បារាំង​ច្រើនណាស់ ​បាន​​ផ្លាស់ប្តូរ​ការយល់ឃើញ​ចំពោះ​បក្ស​នេះ​។

កន្លងមក ​ការស្ទាបស្ទង់​មតិ​​​បង្ហាញថា ត្បិតថា លោក​ម៉ាក្រុង​អាច​ជាប់ឆ្នោត នៅ​ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ ភាគរយ​ប្រជាជន​គាំទ្រ​លោក​ចេះតែ​ធ្លាក់ចុះ​ជាលំដាប់ រហូត​ដល់​៥៩ភាគរយ ខណៈ​អ្នកអាច​បោះឆ្នោត​អោយ​លោកស្រី​ឡឺប៉ែន អាច​កើន​ដល់​៤០ភាគរយ។

តែ​យប់មិញ​​ លោកស្រី​ឡឺប៉ែន​គិតតែ​វាយប្រហារ​សំដី​ជាមួយ​លោក​ម៉ាក្រុង ​មិនចេះ​ចាប់​ឧកាស​ល្អក្នុង​ការ​ដេញដោល​មតិ​ ដើម្បី​​បង្ហាញ​លម្អិត​កម្មវិធី​នយោបាយ​ ធ្វើអោយ​អ្នកដែល​​​បោះឆ្នោត​អោយ​លោក​ម៉ាក្រុង​អាច​​កើន ភាគរយ​ឡើង​វិញ។ ​វា​​​​ជា​កំហុស​មួយ​ចំណែក​​​របស់​លោកស្រី បើ​លោកស្រី​ចាញ់​ឆ្នោត​ថ្ងៃអាទិត្យ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ