អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វិបត្តិ​​នៃ​​ការ​​ត​ភ្ជាប់​ជំនាន់​មនុស្ស​ជា​ឧបសគ្គ​នៃ​កំណែទម្រង់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បោះឆ្នោត​លើក​ចុង​ក្រោយ​នេះ បាន​បង្ហាញ​ថា​សង្គម​ខ្មែរ​ហាក់​កំពុង​ស្គាល់​ការផ្លាស់ប្តូរ​មួយ​គួរ​ឲ្យ​កត់សម្គាល់។ ​យុវជន​កំពុង​បង្ហាញ​ពី​តួនាទី​កាន់​តែ​សំខាន់​ឡើង ក្នុង​សង្គម​ទាំង​ក្នុង​បក្ស​កាន់​អំណាច ទាំង​ក្នុង​បក្ស​ប្រឆាំង ក៏​ដូចជា​ក្នុង​សង្គម​ទូទៅ។ ​ប៉ុន្តែ នយោបាយ​កំណែទម្រង់​របស់​រដ្ឋាភិបាល បាន​ពើប​ប្រទះ​នឹង​ឧបសគ្គ​ដោយសារ​តែ​ក្រុម​មន្ត្រី​វ័យក្មេង ដែល​ចង់​កែ​ទម្រង់​បាន​ប៉ះ​ជាមួយ​នឹង​មន្ត្រី​ចាស់​ៗ ដែល​ចង់​អភិរក្ស។​ តើ​ហេតុអ្វី​បាន​ជា​ដូច្នេះ?

យុវជន ដែល​​ចូលរួម​ក្នុង​យុទ្ឋនាការ​ពិនិត្យ​ និង​ចុះឈ្មោះ​បោះឆ្នោត​នា​ពេល​កន្លង​មក។​
យុវជន ដែល​​ចូលរួម​ក្នុង​យុទ្ឋនាការ​ពិនិត្យ​ និង​ចុះឈ្មោះ​បោះឆ្នោត​នា​ពេល​កន្លង​មក។​ RFI/Im Navin
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​មុន​ យុវជន​សម័យនេះ បានផ្តើម​ចូល​រួម​កាន់តែសកម្មឡើង​ក្នុង​សកម្មភាព​នយោបាយ​និង​សង្គម​​​។​ និន្នាការ​ថ្មី​នេះ បាន​លេច​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ចាប់​តាំង​ពី​ការបោះឆ្នោត​លើក​ចុងក្រោយ កាល​ពី​ខែ​កក្កដា​ឆ្នាំ ២០១៣​។ នេះ​ជា​ហេតុផល ដែល​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​​កម្ពុជា​បាន​ផ្តើម​បញ្ចូល​មន្ត្រី​វ័យ​ក្មេង​មួយ​ចំនួន ទៅ​ក្នុង​ជួរ​រដ្ឋាភិបាល។

ទោះ​បី​ជា​នៅ​មាន​ចំនួន​តិចតួច តែ​វត្តមាន​របស់​មន្ត្រី​វ័យ​ក្មេង​ទាំង​នោះ បាន​បង្ហាញ​ពី​ថាមពល​ថ្មី នៅ​ក្នុង​រដ្ឋាភិបាល​ចាស់។ កំណែទម្រង់​ក្នុង​វិស័យ​អប់រំ វិស័យ​បរិស្ថាន ឬ​ក៏សកម្មភាព​របស់​អ្នក​តំណាងរាស្ត្រ​ថ្មី​វ័យ​ក្មេង បាន​កម្រើក​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ប៉ុន្តែ ការ​បញ្ចូល​គំនិត​ថ្មី ក្នុង​ន័យ​កែទម្រង់ របស់​ក្រុម​មន្ត្រី​វ័យ​ក្មេង បាន​ពើប​ប្រទះ​ជាមួយ​នឹង​មន្ត្រី​វ័យ​ចំណាស់ ដែល​នៅ​តែ​រក្សា​គំនិត​អភិរក្ស ប៉ះ​មិន​បាន ដោយសារ​តែ​កំណែទម្រង់ធ្វើ​ឲ្យ​បាត់បង់​ផល​ប្រយោជន៍​របស់​ពួកគេ។ ការ​ប៉ះ​ទង្គិច​គ្នា​ជួនកាល​ធ្វើ​ឲ្យ​មន្ត្រី​វ័យក្មេងរា​ថយ ឬ​ខកចិត្ត។

ជា​ការ​ពិត​ណាស់​ មិន​ថា​នៅ​ក្នុង​រដ្ឋបាល​សាធារណៈ ​ឬ​ក៏​នៅ​តាម​កន្លែង​ធ្វើការ​ផ្សេង​ទៀត​ឡើយ​ មនុស្ស​ជំនាន់​ចាស់​ និង​មនុស្ស​ស្រករ​ក្រោយ​ហាក់​មាន​គម្លាត​គ្នា​យ៉ាង​​ខ្លាំង​។​ ពួកគេ​ដូចជា​មិន​បាន​ព្យាយាម​​ធ្វើ​សមាហរណកម្ម​​ជាមួយ​គ្នា​ទាល់​តែ​សោះ។ ​មនុស្ស​ចាស់​​ច្រើន​អាង​លើ​អាយុ ​បទពិសោធ​ ​និង​អតីតភាព​ការងារ​យូរ​ឆ្នាំ​ ក៏​មើល​ស្រាល​យុវជន​​ជំនាន់​ក្រោយ​ដែល​បទពិសោធការងារ​​នៅ​ក្មេង​ខ្ចី​នៅ​ ឡើយ។

ចំណែក​ក្មេងៗ​ស្រករ​ក្រោយ​វិញ​ ដោយ​អាង​លើ​សញ្ញាបត្រ​ និង​ចំណេះ​ដឹង​ខាង​ព័ត៌មាន​វិទ្យា ​និង​បច្ចេកវិទ្យា​ថ្មីៗ​ខ្លះ ដែល​មនុស្ស​ចាស់​មួយ​ចំនួន​គ្មាន​ ក៏​ផ្តើម​ពើង​ទ្រូង​ដាក់​មនុស្ស​ចាស់​។ ក្នុង​ក្រសែភ្នែក​របស់​ពួកគេ ​មនុស្ស​ចាស់​ខ្លះ​ហួស​សម័យ​ និង​មិន​អាច​ធ្វើការ​ជាមួយ​នឹង​បច្ចេកវិទ្យា​ ទំនើប​ដូច​ពួកគេ​បាន​ឡើយ។​ ​រីឯ​មន្ត្រី​វ័យចាស់​ខ្លះ​ទៀត​​ដែល​មាន​​ចំណេះ​ដឹង ​និង​​បទពិសោធ​​ ខ្ពង់ខ្ពស់​ ក៏ហាក់​មិន​ទាន់​ត្រៀម​ផ្ទេរ​ចំណេះដឹង​ និង​ត្រៀម​ប្រគល់​ តួនាទី​ទៅ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​នោះ​ដែរ។​ ស្ថានភាព​បែប​នេះ​បាន​បង្ក​ឲ្យ​មាន​គម្លាត​ដាច់​ពី​គ្នា​កាន់​​តែ​​ឆ្ងាយ​​ រវាង​ជំនាន់​​មនុស្ស​​មួយ​ទៅ​មួយ​ទៀត​ ដែល​ពិបាក​នឹង​ត​ភ្ជាប់។

ហេតុផល​សំខាន់​មួយ​ ​​គឺ​មន្ត្រីរាជការ ​ជាច្រើន​បាន​ទទួល​តួនាទី​​ការងារ​តាម​រយៈ​​ការតស៊ូ​​នយោបាយ ​គឺមិន​មែន​ តាមរយៈ​សមត្ថភាព​ជំនាញ​របស់​ខ្លួន​ឡើយ។ ​ក្រៅពី​នោះ ​ការឡើង​ឋានៈ​តួនាទី​តាមរយៈ​សែស្រឡាយ ​ឬធនធាន​ក៏ជា​បញ្ហា​មួយ​ទៀត​ដែល​ បាន​បិទ​ខ្ទប់​ច្រក​សម្រាប់​មនុស្ស​ស្រករ​ក្រោយ ​ជាពិសេស​អ្នក​ដែល​គ្មាន​ ខ្នង​បង្អែក​និង​គ្មាន​លុយ​កាក់​ មិន​ឲ្យ​ឈានទៅកាន់​តួនាទីខ្ពង់ខ្ពស់បានដោយងាយៗទេ។

ម្យ៉ាងទៀត​ សកលភាវូបនីយកម្ម​ដែល​បោក​បក់​យ៉ាង​ខ្លាំង​មក​លើ​សង្គម​កម្ពុជាដែល​ធ្វើ​ឲ្យ​យុវវ័យ​ជាច្រើន​ផ្លាស់ប្តូរ​ផ្នត់​គំនិត​យ៉ាង​ខ្លាំង​ធៀប​នឹង​ មនុស្ស​ចាស់​នោះ​ ក៏ជា​កត្តាមួយ​ទៀត​ជំរុញ​ឲ្យ​មាន​គម្លាត​នៃ​ទស្សនៈ​រវាង​ មនុស្ស​ចាស់​ និង​យុវជន​ផង​ដែរ។ ​ទាំង​នេះ​សុទ្ធតែ​ជា​បញ្ហា​ចាក់ស្រេះ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​មុន​និង ​ជំនាន់​ក្រោយ​ មិន​សូវ​ចុះ​សម្រុង​គ្នា​និង​ធ្វើ​ឲ្យ​រដ្ឋបាល​សាធារណៈ​ បាត់បង់​គុណភាព​ការងារ។ ​

តាមពិត ​ ​មនុស្ស​ចាស់​និង​មនុស្ស​ជំនាន់​ក្រោយ​ ជា​ធាតុ​ផ្សំ​ពីរ​ដែល​មិន​អាច​ខ្វះ​បាន​ដើម្បី​បន្ត​និរន្តរភាព​​នៃ​ការ​អភិវឌ្ឍប្រទេស​ជាតិ ប្រៀបបាននឹង​​ «ទំពាំងស្នង​ប្ញស្សី»។ ​ក្នុងន័យ​នេះ មនុស្ស​ចាស់​ដែល​ពោរពេញ​ដោយ​បទពិសោធ​ការងារ ​ត្រូវ​ផ្ទេរ​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​របស់​ខ្លួន​ទៅ​ឲ្យ​កូន​ចៅ​ ឬ​មនុស្ស​ស្រករ​ក្រោយ ​ហើយត្រូវ​​រីករាយ​នឹង​ឃើញ​ពួកគេ​​មាន​សមត្ថភាព​ដូចខ្លួន ឬ​លើស​ពី​អ្វី​ដែល​ខ្លួន​មាន។​

ចំណែក​ឯ​ក្មេងៗ​ជំនាន់​ក្រោយ​វិញ ​ក៏ត្រូវ​ត្រៀម​ខ្លួន​ទទួល​យក​ពីមនុស្ស​ ចាស់វិញ ទាំងចំណេះ​​ដឹង បទ​ពិសោធ ឬក៏គុណធម៌​ផ្សេងៗ​ទៀត។ ធ្វើ​បែប​នេះ​បាន ទើបសង្គមស្គាល់វឌ្ឍនភាព។ ​ផ្ទុយទៅវិញ ​នៅ​ពេល​ដែល​ជំនាន់​ទាំង​ពីរ​នេះ​មិន​ចុះ​សម្រុង​គ្នា​ហើយ​ចាំ​តែ​មើល​បំណាំ ​ ​បូញ​មាត់ ​និង​បត់​ដុំដៃ​ដាក់​គ្នា ​គ្រោះថ្នាក់​នឹង​កើត​មាន​ចំពោះ​ប្រទេស​ជាតិជា​មិន​ខាន។

បញ្ហា​ដែល​បាន​កើត​ឡើង រវាង​មន្ត្រី​វ័យ​ក្មេង និង​មន្ត្រី​វ័យ​ចំណាស់​នៅ​ក្នុង​រដ្ឋបាល​សាធារណៈ​នៅ​ពេល​នេះ គឺជា​ផលវិបាក​ជាក់​ស្តែង ដែល​កើត​ចេញ​ពី​វិបត្តិ​នៃ​ការ​បន្ត​វេន​នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន។ ឧបសគ្គ​នេះ នឹង​បន្ត​ធ្វើ​ឲ្យ​កំណែទម្រង់​របស់​រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច​ជួប​នឹង​ភាព​យឺតយ៉ាវ និង​មិន​អាច​រត់​ទាន់​សភាពការណ៍​ទេ ប្រសិន​បើ​មុខ​តំណ​រវាង​មនុស្ស​ជំនាន់​មុន និង​មនុស្ស​ស្រករ​ក្រោយ មិន​ត្រូវ​បាន​ត​ភ្ជាប់​ទេ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ