អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ផ្នត់​គំនិត«ប្រធាន​និយម»ក្នុង​សង្គម​ខ្មែរ​គួរ​ត្រូវ​បំបែក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នយោបាយ​វិមជ្ឈការ​ឬ​ហៅ​តាម​ពាក្យ​សាមញ្ញ​ថា​ការ​ផ្តល់​អំណាច​ទៅ​ឲ្យ​ថ្នាក់​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ត្រូវ​បាន​រដ្ឋាភិបាល​អនុវត្ត​ជា​យូរ​មក​ហើយ។ ប៉ុន្តែ ដើម្បី​ឲ្យ​នយោបាយ​វិមជ្ឈការ​មាន​ប្រសិទ្ធ​ភាព គេ​ត្រូវ​ចាប់​ផ្តើម​ពី​ការ​បំបែក​ផ្តត់​គំនិត«ប្រធាន​និយ ម» ចេញ​ពី​បុគ្គល​ម្នាក់​ៗ​សិន​។ ផ្នត់​គំនិត«ប្រធាន​និយម»ដែល​អំណាច​ប្រមូល​ផ្តុំ​តែ​នៅ​លើ​លោក​ប្រធាន បាន​ក្លាយ​ជា​ជំងឺ​សង្គម​មួយ​ទៅ​ហើយ។ ជំងឺ​នេះ​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​ជា​ចាំបាច់​។

អំណាចសន្លឹកឆ្នោតនឹងជួយវាយបំបែកទស្សនៈ«ប្រធាននិយម»
អំណាចសន្លឹកឆ្នោតនឹងជួយវាយបំបែកទស្សនៈ«ប្រធាននិយម» @RFI
ផ្សាយពាណិជ្ជកម្ម

 

នៅ​កម្ពុជា បញ្ហា​អំណាច​ប្រមូល​ផ្តុំ​ត្រូវ​បាន​គេ​លើក​មក​និយាយ​តាំង​ពីរ​យូរ​ណាស់​មក​ហើយ។ ប៉ុន្តែ ការ​លើក​បញ្ហា​នេះ​មក​និយាយ​ហាក់​ចង់​សំដៅ​តែ​ទៅ​លើ​នាយក​រដ្ឋមន្ត្រី​ដែល​ជា​អ្នក​ដឹកនាំ​ប្រទេស​ប៉ុណ្ណោះ។ តាម​ពិត បញ្ហា​នេះ​កើត​មាន​នៅ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង ហើយ​បាន​ក្លាយ​ជា​ជំងឺ​សង្គម​មួយ​ទៅ​ហើយ​ពោល​គឺ​ជំងឺ«ប្រធាន​និយម»នេះ​ឯង។

នៅ​តាម​ស្ថាប័ន​រដ្ឋ​ស្ទើរ​តែ​គ្រប់​កន្លែង​ចាប់​តាំង​ពី​ថ្នាក់​លើ​ដល់​ក្រោម ជា​ទូទៅ​អ្នក​ដែល​មាន​សិទ្ធិ​សម្រេច​ការងារ​ច្រើន​តែ​ជា«លោក​ប្រធាន»និង​អ្នក​ជំនិត​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។ ចំណែក​មន្ត្រី​ផ្សេងទៀត​មិនដឹង​រឿង​និង​គ្មាន​សិទ្ធិ​ធ្វើ​អ្វី​ទាំងអស់។ នៅពេលដែល​លោក​ប្រធាន​អវត្តមាន កិច្ចការ​ជាច្រើន​បាន​រាំងស្ទះ។ លោក​ប្រធាន​ខ្លះ​ចាស់​ហើយ​មាន​ជំងឺ​ទៀត​ក៏​នៅ​តែ​មិន​ព្រម​ផ្ទេរ​អំណាច​ដល់​អ្នក​ផ្សេង​ឡើយ។ «ជំងឺ​ប្រធាន​និយម»បាន​ធ្វើ​ឲ្យ​ស្ថាប័ន​ជាច្រើន​ជា​ពិសេស​រដ្ឋ​បាល​សាធារណៈ​មិន​អាច​ដំណើរ​ការ​បាន​ឬ​បាន​ដែរ​តែ​យឺត​យ៉ាវ​។

នៅ​ក្នុង​ក្រសួង​ជា​ច្រើន មាន​មន្ត្រី​ច្រើន​ណាស់​ដែល​មាន​តែ​តួនាទី​តែ​គ្មាន​ការងារ​ពិត​ប្រាកដ​ពី​ព្រោះ​តែ​លោក​ប្រធាន​មិន​ប្រគល់​ការងារ​ឲ្យ។ ក្រសួង​ខ្លះ ខ្វះ​អ្នក​នាំ​ពាក្យ ឬ​មាន​ដែរ​តែ​គ្មាន​ពាក្យ​នាំ​ដោយ​សារ​តែ​ប្រធាន​ស្ថាប័ន​មិន​ប្រគល់​សិទ្ធ​អំណាច​ឲ្យ​ឬ​មិន​ឲ្យ​ដឹង​រឿង​ដែល​ពួកគេ​ត្រូវ​ឆ្លើយតប​ជាមួយ​អ្នក​កាសែត។ នៅ​ឯ​ថ្នាក់​មូល​ដ្ឋាន មេឃុំ​ឬ​ចៅ​សង្កាត់​ជា​ច្រើន​ក៏​នៅ​តែ​ធ្វើ​ឲ្យ​ការងារ​រាំងស្ទះ​ដោយ​សារតែ​ខ្លួន​អវត្តមាន​ហើយ​មិន​ព្រម​ផ្ទេរ​សិទ្ធិ​អំណាច​ឲ្យ​អ្នក​ដទៃ​។
«ជំងឺ​ប្រធាន​និយម»មិន​មែន​កើត​មាន​តែ​នៅក្នុង​រដ្ឋបាល​សាធារណៈ​ទេ តែ​វា​ក៏​មាន​ដែរ​នៅ​ក្នុង​គណបក្ស​នយោបាយ សង្គម​ស៊ីវិល និង​ស្ថាប័ន​ផ្សេង​ទៀត​ពោល​គឺ​អំណាច​ច្រើន​តែ​ប្រមូល​ផ្តុំ​នៅលើ​លោក​ប្រធាន។ ដូច្នេះ បើ​លោក​ប្រធាន​មិន​នៅ ការងារ​អ្វី​ក៏​មិន​អាច​សម្រេច​បាន​ដែរ។ ជាទូទៅ កិច្ចការ​អ្វី​ក៏ដោយ​ត្រូវ​ចាំ​ឆ្លង​យោបល់​លោក​ប្រធាន​សិន​ទើប​អាច​និយាយ​បាន​សូម្បី​តែ​កិច្ចការ​នោះ​ជា​ជំនាញ​ដែល​ខ្លួន​ទទួល​បន្ទុក​សោះ​ក៏ដោយ​។

ជា​ការ​ពិត​ណាស់ ការ​គោរព​ឋានានុក្រម​គឺ​ជា​រឿង​ធម្មតា​ទេ​ទោះ​ជា​នៅ​ក្នុង​ប្រទេស​ណា​ក៏​ដោយ​។ ជា​ទូ​ទៅ អ្នក​ដឹកនាំ ឬ​ប្រធាន​ស្ថាប័ន មាន​ការ​ទទួល​ខុស​ត្រូវ​និង​មាន​សិទ្ធិ​សម្រេច សិទ្ធិ​ចុះហត្ថលេខា​លើ​សំណុំ​ឯកសារ​ផ្សេង​ៗ​ជា​ពិសេស​ឯកសារ​សំខាន់​។ គ្មាន​អ្នក​ណា​អាច​ធ្វើ​ការ​រំលង​ឋានានុ​ក្រម​បាន​ទេ​។ ប៉ុន្តែ ការ​ឲ្យ​តម្លៃ​ខ្លាំងពេក​ទៅលើ​បុគ្គល​ដែលជា​មេដឹកនាំ​ឬ​ជា​ប្រធាន​ស្ថាប័ន​ហាក់​បាន​ក្លាយជា​លក្ខណៈពិសេស​របស់​សង្គម​ខ្មែរ​តាំងពី​យូរលង់​ណាស់​មកហើយ។

មូលហេតុ​ទី១គឺ​បណ្តាល​មក​ពី​ខ្មែរ​យើង​ចូលចិត្ត​លើកតម្កើង​បុគ្គល​ខ្លាំងពេក។ រីឯ​បុគ្គល​ខ្លួនឯង​ក៏​ចូលចិត្ត​ឲ្យ​គេ​លើកតម្កើង យកចិត្ត និង​អែបអប​ដែរ។ មូលហេតុ​ទី២ គឺ​មកពី​សង្គម​ខ្មែរ​មាន​ទម្លាប់​ដឹកនាំ​តាមបែប​ផ្តាច់ការនិយម​ដែល​ខ្វះ​លក្ខណៈ​ប្រជាធិបតេយ្យ​និង​ដែល​ជំរុញ​ឲ្យ«លោក​ប្រធាន»ចូលចិត្ត​ក្តោប​អំណាច​ណែន​ក្នុង​ដៃ​មិន​ងាយ​របូត។ មូលហេតុ​ទី៣ គឺ​មកពី​បញ្ហា​ផលប្រយោជន៍​ដែល​ជំរុញ​ឲ្យ«លោក​ប្រធាន»មិនសូវ​ហ៊ាន​បណ្តោយ​ការងារ​ឲ្យ​ទៅ​អ្នកផ្សេង។

ទស្សនៈ​ដែល​បាន​កប់​យ៉ាងជ្រៅ​ទៅក្នុង​ផ្នត់គំនិត​មនុស្ស​ខ្មែរ​បែបនេះ​បង្កបញ្ហា​ច្រើនយ៉ាង​ណាស់​នៅក្នុង​សង្គម។ ជំងឺ​នេះ​ធ្វើ​ឲ្យ​អ្នក​ដែល​មិនមែនជា​ប្រធាន​មិន​ហ៊ាន​បញ្ចេញមតិ​ហើយ​សុខចិត្ត​នៅ​ស្ងៀម​ដើម្បី​កុំ​ឲ្យ​ត្រូវមាត់។ នៅក្នុង​បក្សនយោបាយនីមួយៗ គេ​ឃើញ​មានតែ​មនុស្ស​ម្នាក់​ឬ​ពីរ​បីនាក់​ប៉ុណ្ណោះ​ដែល​សំខាន់។ សំខាន់​រហូតដល់​ថ្នាក់«អត់​មិនបាន»។ ជំងឺ​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​ទន់ខ្សោយ ការដឹកនាំ​ខ្វះ​តម្លាភាព ហើយ​ពឹងផ្អែក​សំខាន់​ទៅលើ​បុគ្គល​ជាង​ទៅលើ​ប្រព័ន្ធ។

ដូច្នេះ ដើម្បី​ឲ្យ​នយោបាយ​វិមជ្ឈការ​មានដំណើរ​ការ​លឿន​ទៅមុខ ក៏ដូចជា​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ សង្គម​ខ្មែរ​គួរតែ​ដល់ពេល​ដែល​ត្រូវ​វាយ​បំបែក​ផ្នត់គំនិត«ប្រធាន​និយម»ដែលជា​ឫសគល់​នៃ​អំណាច​ប្រមូលផ្តុំ​នេះ​ឲ្យ​បាន។ ដើម្បី​សម្រេច​គោលដៅ​នេះ មាន​កិច្ចការ​ច្រើនយ៉ាង​ដែល​ត្រូវធ្វើ។ ជាបឋម កម្ពុជា​ត្រូវ​កសាង​ទម្លាប់​ថ្មី​មួយ​ដែល​ការដឹកនាំ​ពឹងផ្អែក​សំខាន់​ទៅលើ​ប្រព័ន្ធ​ច្បាប់​មួយ​ដ៏​រឹងមាំ ច្បាស់លាស់ និង​មាន​តម្លាភាព។
 

បន្ទាប់មក បុគ្គល​អ្នកមានអំណាច តួនាទី​ទាំងឡាយ​ត្រូវ​ត្រៀមខ្លួន ត្រៀម​ចិត្ត ផ្ទេរ​ឬ​រម្លែក​អំណាច​ទៅ​ឲ្យ​ថ្នាក់ក្រោម​ហើយ​ទទួលយក​ការបន្ត​វេន​ពី​មនុស្ស​ជំនាន់​ថ្មី។ ដើម្បី​ឲ្យ​ការបន្ត​វេន​ប្រព្រឹត្ត​ទៅដោយ​រលូន អ្នកដឹកនាំ​ឬ​លោក​ប្រធាន​ទាំងឡាយ​គួរតែ​បង្រៀន​ដល់​អ្នកក្រោមបង្គាប់​ឲ្យ​ចេះ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើជាបណ្តើរ។ នេះ​គឺជា​វប្បធម៌​ថ្មី​ដែល​ត្រូវតែ​នាំគ្នា​បណ្តុះ​ដើម្បី​ឈានទៅ​វាយ​បំបែក​ផ្នត់គំនិត«ប្រធាន​និយម»ចេញពី​សង្គម​ខ្មែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ