អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិអ៊ុយក្រែន៖តើ​អាច​នឹង​មាន​ច្រកចេញ​ឆាប់ៗ ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ ឈាន​ដល់​ថ្ងៃ​ទី២ និង​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ជំនួបកំពូល​លើកទី ២៨ របស់​អង្គការ​អូតង់​នៅ​ក្នុង​ប្រទេស​អង់គ្លេស។ ជំនួបកំពូល​អូតង់​ឆ្នំា​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​គំរាមកំហែង​របស់​ក្រុមជីហាត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី ព្រម​ការ​ប្រឈម​មុខ​ខ្លំាង​ជាមួយ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន។ គឺ​វិបត្តិអ៊ុយក្រែន​នេះ​ឯង​ដែល​គ្រប់​គ្នា​ក៏​កំពុង​បង្វែរ​ចក្ខុ​ទៅ​កាន់​ទីក្រុង​មីនស្កិ៍ ប្រទេស​បេឡារុស ព្រោះ​ថា​នៅ​ថ្ងៃ​នេះ មាន​បើក​កិច្ចប្រជុំ​នៃ​ក្រុមទំនាក់ទំនង​ដែល​ចូលរួម​ដោយ​ភាគី​អ៊ុយក្រែន រុស្ស៊ី និង​អង្គការ​ដើម្បី​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ទ្វីបអឺរ៉ុប​ដែល​គេ​ហៅ​កាត់​ថា OSCE ។ កម្មវត្ថុ​នៃ​អង្គប្រជុំ​គឺ​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​ឈប់បាញ់​មួយ​រវាង​អ៊ុយក្រែន និង​ចលនាឧទ្ទាម​ទាមទារ​ផ្តាច់ទឹកដី​និយម​នៅ​តំបន់​ប៉ែកខាងកើត​អ៊ុយក្រែន។ ទន្ទឹម​គ្នា​នេះ អូតង់ និង​ប្រទេស​លោកខាងលិច​ក៏​កំពុង​បន្ត​ស្វែង​រក​ទ័ណ្ឌកម្ម​ថ្មី​ទៀត​ប្រឆំាង​នឹង​រុស្ស៊ី​ដែរ។

វិបត្តិអ៊ុយក្រែន៖តើ​អាច​នឹង​មាន​ច្រកចេញ​ឆាប់ៗ ឬ​ទេ?
វិបត្តិអ៊ុយក្រែន៖តើ​អាច​នឹង​មាន​ច្រកចេញ​ឆាប់ៗ ឬ​ទេ? REUTERS/Sergei Bondarenko/Kazakh Presidential Office/Pool
ផ្សាយពាណិជ្ជកម្ម

អ្នក​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​មុន​គេ​ថា​នឹង​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់​ក្នុង​ថ្ងៃ​នេះ គឺ​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉េត្រូ ប៉ូរ៉ូឆេនកូ។ លោក​ប៉ូរ៉ូឆេនកូ​បាន​ប្រកាស​យ៉ាង​ដូច​នេះ​នា​ឱកាស​ដែល​លោក​បាន​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​អូតង់​ក្នុង​ប្រទេស​អង់គ្លេស​នា​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ សម្រាប់​លោក​ប៉ូរ៉ូឆេនកូ អ៊ុយក្រែន​ជា​ប្រទេស​ដែល​ចង់​បាន​សន្តិភាព និង​ថា ក្នុង​នាម​ជា​ប្រធានាធិបតី លោក​ត្រៀម​ខ្លួន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បញ្ចប់​សង្រ្គាម។

« អ៊ុយក្រែន​ប្រយុទ្ធ​ដើម្បី​សន្តិភាព។ យើង​បាន​ប្រឹងប្រែង​ធ្វើ​អ្វីៗ​​គ្រប់​យ៉ាង​ទំាង​អស់​ដើម្បី​បញ្ឈប់​ការ​ឈ្លានពាន និង​ដើម្បី​ទទួល​បាន​នូវ​ការ​បញ្ឈប់​ការ​ប្រយុទ្ធ ព្រោះ​ថា​ពិតប្រាកដ​ទៅ គឺ​អ៊ុយក្រែន​ទេ​ដែល​កំពុង​ទទួល​ការ​ខាតបង់​ខ្លំាង។ ទាហាន និង​ប្រជាជន​ស៊ីវិល​ស្លូតត្រង់​បាន​បាត់បង់​ជីវិត​ជា​រៀងរាល់ថ្ងៃ។ ក្នុង​នាម​ខ្ញុំ​ជា​ប្រធានាធិបតី ខ្ញុំ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទំាង​អស់​ដែល​អាច​ធ្វើ​បាន​ដើម្បី​បញ្ឈប់​សង្រ្គាម »

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា កិច្ចប្រជុំ​ត្រីភាគី អ៊ុយក្រែន រុស្ស៊ី និង OSCE ថ្ងៃ​នេះ​ក្នុង​ទីក្រុង​មីនស្កិ៍ ប្រទេស​បេឡារុស​គឺ​ជា​កិច្ចប្រជុំ​លើកទី២ បន្ទាប់​ពី​បាន​ជួប​ប្រជុំ​លើកទី១ នៅ​ដើម​សប្តាហ៍​នេះ។ មួយ​វិញ​ទៀត កិច្ចប្រជុំ​លើកទី២ ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន និង​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉ូរ៉ូឆេនកូ​បាន​ជួបជជែក​គ្នា​តាម​ទូរស័ព្ទ​ស្តីពី​បទឈប់បាញ់ និង​បន្ទាប់​ពី​រូប​លោក​ពូទីន​ដដែល​បាន​ស្នើ​ចេញ​នូវ​ផែនការ​សន្តិភាព​មួយ។

ភាគី​នីមួយៗ​បន្ត​បញ្ចេញ​លក្ខខណ្ឌ​រៀងៗ​ខ្លួន

គឺ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ប៉ូរ៉ូឆេនកូ និង​លោក​ពូទីន ព្រម​ទំាង​ផែនការ​សន្តិភាព​ស្នើ​ឡើង​ដោយ​លោក​ពូទីន​ដែល​ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​ឈប់បាញ់​មួយ​ដែល​អាច​ទទួល​យក​បាន​ទំាង​អស់​គ្នា ពិសេស​រវាង​អ៊ុយក្រែន និង​ពួកឧទ្ទាម​គំាទ្រ​រុស្ស៊ី។ តែ​ទន្ទឹម​គ្នា​នេះ ភាគី​នីមួយៗ​ក៏​បាន​ទាមទារ​លក្ខខណ្ឌ​រៀង​ខ្លួន​ដែរ។ សម្រាប់​ទីក្រុង​គៀវ ទី១ គេ​ត្រូវ​តែ​ដាក់​ខ្សែបន្ទាត់​ព្រំដែន​អ៊ុយក្រែន រុស្ស៊ី​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អង្គការ OSCE ទី២ វត្តមាន​កម្លំាង​ទ័ព​រុស្ស៊ី​នៅ​ក្នុង​ទឹកដី​អ៊ុយក្រែន​នឹង​ត្រូវ​ដកចេញ​ទំាង​អស់ និង​លក្ខខណ្ឌ​ទី៣ រុស្ស៊ី និង​ពួក​ឧទ្ទាមនិយម​រុស្ស៊ី​ត្រូវ​តែ​ដោះលែង​ឈ្លើយសឹក​អ៊ុយក្រែន​ទំាង​អស់។ នៅ​ខាង​រុស្ស៊ី​វិញ ក្រុង​ម៉ូស្គូ​បាន​ប្រឆំាង​ដាច់​ខាត​ចំពោះ​ការ​ភ្ជាប់​រុស្ស៊ី​ទៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន​សព្វថ្ងៃ​ដោយ​រុស្ស៊ី​អះអាង​ជា​ថ្មី​ថា វា​ជា​ជម្លោះ​ផ្ទៃក្នុង​របស់​អ៊ុយក្រែន​សុទ្ធសាធ និង​ថា អ៊ុយក្រែន​គួរ​តែ​បញ្ឈប់​ការ​វាយប្រហារ​ផ្លូវអាកាស​លើ​តំបន់​ប៉ែកខាងកើត។

ដូច្នេះ អ្វីៗ​វា​អាស្រ័យ​លើ​ឆន្ទៈ និង​លក្ខខណ្ឌ​របស់​ភាគី​នីមួយៗ​ដែល​ត្រូវ​យក​ទៅ​ជជែក​រួម​គ្នា។ លោក​ប៉ូរ៉ូឆេនកូ​បាន​បញ្ជាក់​ថា លោក​នឹង​បញ្ជា​ឲ្យ​ទ័ព​អ៊ុយក្រែន​ផ្អាក​ច្បំាង ប្រសិន​បើ​កិច្ចប្រជុំ​ថ្ងៃ​នេះ​បាន​ចាប់​ផ្តើម។ តែ​ពួកឧទ្ទាម​បាន​អះអាង​ផ្សេង​ថា ពួក​គេ​នឹង​ផ្អាក​ប្រយុទ្ធ​នៅ​ពេល​ដែល​មាន​កិច្ចព្រមព្រៀង​មួយ និង​ដែល​អ៊ុយក្រែន​យល់ព្រម​ចុះ​ហត្ថលេខា​លើ​ផែនការ​នយោបាយ​មួយ។

សហគមន៍​អន្តរជាតិ​បន្ត​ដាក់​គំនាប​លើ​រុស្ស៊ី ដោយ​កំពុង​ពិចារណា​រក​ទណ្ឌកម្ម​ថ្មី
 

យើង​នឹង​លក់​នាវាចម្បាំង​ទៅ​ឲ្យ​រុស្ស៊ី​ប្រសិន​បើ​មាន​លក្ខខណ្ឌ​សមស្រប គឺ​មាន​បទឈប់បាញ់ និង​ដំណោះស្រាយ​នយោបាយ​នៅ​អ៊ុយក្រែន

01:12

ប្រសាសន៍​របស់​លោក​ហ្វ្រង់ស័រ ហូឡង់

គ្រប់​គ្នា​កំពុង​រង់ចំា​មើល​ពី​លទ្ធផល​ប្រជុំ​នៅ​ក្នុង​ប្រទេស​បេឡារុស​រវាង​អ៊ុយក្រែន រុស្ស៊ី និង​អង្គការ OSCE។ តែ​ទន្ទឹម​គ្នា​នេះ សហគមន៍​អន្តរជាតិ​ក៏​បន្ត​ដាក់​គំនាប​លើ​រុស្ស៊ី​ដោយ​កំពុង​បន្ត​ស្វែង​រក​ទ័ណ្ឌកម្ម​ថ្មី​ទៀត​ប្រឆំាង​ក្រុង​ម៉ូស្គូ។ មក​ដល់​ពេល​នេះ គេ​ច្រើន​ឃើញ​មាន​តែ​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ដែល​ត​ទៅ​ថ្ងៃ​មុខ អាច​នឹង​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្មីៗ​បន្ថែម​ទៀត។ ទន្ទឹម​គ្នា​នេះ សហគមន៍​អន្តរជាតិ​ក៏​កំពុង​ពិចារណា​លើ​ជំនួយ​ផ្នែក​យោធា​ចំពោះ​អ៊ុយក្រែន ដូច​ជា​ការ​បញ្ជូន​អាវុធ​ទៅ​ឲ្យ​ទ័ព​អ៊ុយក្រែន ឬ​មួយ​ក៏​បញ្ជូន​អ្នកឯកទេស​យោធា​ទៅ​ជួយ​ហ្វឹកហ្វឺន​ទាហាន​អ៊ុយក្រែន​ដែល​នៅ​មាន​សមត្ថភាព​ទាប​ប្រឈម​នឹង​ទាហាន​រុស្ស៊ី។ នៅ​ថ្ងៃ​ម្សិលមិញ អង្គការ​អូតង់​បាន​សម្រេច​ផ្តល់​ជំនួយ​ឲ្យ​អ៊ុយក្រែន​ជា​លុយ​ចំនួន ១៥លានអឺរ៉ូ​ទុក​សម្រាប់​ពង្រឹង​វិស័យ​កងទ័ព។

ការ​ដែល​សហគមន៍អន្តរជាតិ​នៅ​បន្ត​ដាក់​គំនាប​ដល់​រុស្ស៊ី​ពេល​នេះ​ក៏​ដោយសារ​ថា ពួក​គេ​មិន​ទុក​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បន្តិច​ណា​សោះ ព្រោះ​ថា គឺ​រូបលោក​ពូទីន​នោះ​ហើយ​ដែល​បាន​ដើរ​ជា​តួអង្គឯក​នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន​តំាង​ពី​ដើម​មក នោះ​បើ​ទោះ​បី​ជា​លោក​ពូទីន​តែងតែ​ចេញ​មុខ​បដិសេធ​ក៏​ដោយ។ ជាក់ស្តែង​នៅ​ពេល​នេះ លោក​ពូទីន​កំពុង​មាន​វត្តមាន​នៅ​ជួរ​មុខ​តែ​ម្តង។ គឺ​លោក​ពូទីន​នេះ​ហើយ​ដែល​បាន​​ចេញ​មុខ​ជជែក​ជាមួយ​លោក​ប៉ូរ៉ូឆេនកូ​ពី​រឿង​កិច្ចព្រមព្រៀង​ឈប់បាញ់ គឺ​រូបលោកពូទីន​ដដែល​នោះ​ហើយ​ដែល​បាន​ស្នើ​ឡើង​នូវ​ផែនការ​សន្តិភាព​មួយ និង​គឺ​មាន​តែ​រូបលោក​ពូទីន​ទេ​ដែល​អាច​និយាយ​ជាមួយ​ពួក​ឧទ្ទាមបាន។ ដូច្នេះ​សម្រាប់​សហគមន៍​អន្តរជាតិ មាន​តែ​បន្ថែម​គំនាប​លើ​លោក​ពូទីន​ទេ​ទើប​គេ​អាច​រក​ដំណោះស្រាយ​បាន​ឆាប់​ចំពោះ​វិបត្តិ​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ