អានតួអត្ថបទ
កម្ពុជា

គណ​បក្ស​សង្រ្គោះ​ជាតិ និង​រដ្ឋ​សភា​នឹង​រួម​គ្នា​រៀប​ចំ​បុណ្យ​សព​លោក​ប៉ែន សុវណ្ណ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​លើក​ឡើង​ថា​គណៈកម្មការ​រៀប​ចំបុណ្យ​សព​របស់​រដ្ឋសភា និងគណបក្ស​សង្រ្គោះ​ជាតិ​នឹង​ជជែក​គ្នា ដើម្បី​រៀប​ចំ​ពិធី​ហែ​សព​លោក​ប៉ែន សុវណ្ណ​ពី​ខេត្ត​តាកែវ មក​កាន់​រាជធានី​ភ្នំ​ពេញ​នៅ​ថ្ងៃទី២ ខែ​វិច្ឆកា​ខាង​មុខ​នេះ​។ សព​លោក​ប៉ែន សុវណ្ណ នឹង​តម្កល់​ទុក​នៅ​វត្ត​ថាន់​រាជធានីភ្នំពេញ​មុន​នឹង​បូជា។   

លោកប៉ែន សុវណ្ណ ពេល​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់​។
លោកប៉ែន សុវណ្ណ ពេល​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់​។ សហការី
ផ្សាយពាណិជ្ជកម្ម

លោក​ម៉ៅ មុនីវណ្ណ​អនុ​ប្រធាន​គណៈ​កម្មការ​រៀប​ចំ​បុណ្យ​សព លោក​ប៉ែន សុវណ្ណ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណៈកម្មការ​រៀប​ចំ​បុណ្យ​សព​ទាំង​ពីរ​នឹង​រៀប​ចំ​បុណ្យ​សព​លោក​ប៉ែន សុវណ្ណ។ លោក​បញ្ជាក់​ថាលោក​យ៉ែម បុញ្ញាឫទ្ធិ ត្រូវ​បាន​រដ្ឋ​សភា​ចាត់​តាំង​ជា​ប្រធាន​គណៈ​កម្មការ​បុណ្យ​សព​នេះ​ ហើយ​គណ​បក្សសង្រ្គោះ​ជាតិ​គឺ​មាន​លោក​ប៉ុល ហំម​ជា​ប្រធាន​។ គណៈ​កម្មការ​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា ដើម្បី​រៀប​ចំ​ពិធី​ហែ​សព ពី​ខេត្ត​តាកែវ ទៅ​រាជ​ធានី​ភ្នំពេញ ឲ្យ​សាក​សម​នឹង​កិត្តិ​យស​របស់​លោក​ប៉ែន សុវណ្ណ​។

 
​លោក​បន្ថែមថា​សព​លោក​ប៉ែន សុវណ្ណ នឹង​ត្រូវ​ហែ​ទៅ​រាជ​ធានី​ភ្នំ​ពេញ​នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​២ ខែ​វិច្ឆកា ហើយតម្កល់​ទុក​ក្នុង​វត្ត​ថាន់​រាជា​ធានី​ភ្នំពេញ ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​មក​គោរព។ យ៉ាង​ណា​មិញ​អនុ​ប្រធាន​គណៈកម្មការ​រៀប​ចំ​បុណ្យ​សព​នេះ បានឲ្យដឹងថាមិន​​ទាន់​​មាន​ការ​កំណត់​ពី​ពេល​វេលា​ជាក់​លាក់​នៅ​ឡើយ​ទេ​ចំពោះ​ការ​បូជា​សព​លោកប៉ែន​ សុវណ្ណ។

ការ​ដង្ហែ​មក​រាជ​ធានី​ភ្នំពេញ គឺ​ដោយ​សារ​តែ​លោក​ប៉ែន ​សុវណ្ណ​ជា​តំណាង​រាស្ត្រ និង​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី កេរ្តិ៍​ឈ្មោះ និង​វីរភាព គាត់​បាន​ដក់​ក្នុង​ដួង​ចិត្ត​កូន​ខ្មែរ​គ្រប់​គ្នា និង​ដោយ​សារ​មាន​ការ​សំណូមពរ​ពី​ប្រជាពល​រដ្ឋ​ផង​ដែរ​។ នេះ​បើ​តាម​លោក​ម៉ៅ មុនី​វណ្ណ។

យ៉ាងណាមិញ លោក​យ៉ែម បុញ្ញ​ឫទ្ធិ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា មិន​ទាន់​មាន​ការ​ព្រម​ព្រៀង​គ្នា​នៅ​ឡើយ​ទេ ចំពោះ​ការ​ជ្រើស​រើស​ទី​តាំង​វត្ត​ណា​មួយ​សម្រាប់​តម្កល់​ និង​បូជា​សព​លោក​ប៉ែន សុវណ្ណ​។ ប៉ុន្តែ​លោក​យ៉ែម បុញ្ញ​ឫទ្ធិបាន​លើក​ឡើង​ថា​អាច​នឹង​មាន​វត្ត​ផ្សេងៗ ដូច​ជា​វត្ត​ថាន់ វត្ត​ចាស់​ជា​ដើម។

សូម​បញ្ជាក់​ថា​លោក ប៉ែន សុវណ្ណ បាន​ទទួល​មរណ​ភាព​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ក្នុង​ជន្មាយុ​៨០​ឆ្នាំ ដោយរោគាពាធ ហើយ​សព​របស់​លោក​ត្រូវ​បាន​តម្កល់​ទុក​នៅ​គេហដ្ឋាន​របស់​លោក​នៅ​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ។ លោក​ប៉ែន សុវណ្ណ គឺ​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ឧត្តម​ទី​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​សម័យ​សាធារណ​រដ្ឋ​ប្រជា​មានិត​កម្ពុជា​។  

លោក​ឡេង ប៉េង​ឡុង​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​បាន​ឲ្យ​ដឹង​ថា​សភា​នឹង​ធ្វើ​ពិធី​ឈាបន​កិច្ច​ផ្លូវ​ការ​ជូន​​សពលោក​ប៉ែន សុវណ្ណ ដូច​តំណាង​រាស្ត្រ​មុនៗ ទៅ​តាម​ច្បាប់​បាន​កំណត់​។ រដ្ឋ​សភា​ក៏​បាន​បង្កើត​គណៈ​កម្មការរៀប​ចំ​បុណ្យ​សព​លោក​ប៉ែន សុវណ្ណ​នេះ​ផង​ដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ