អានតួអត្ថបទ
កម្ពុជា-នយោបាយ

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​​​ទទូច​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បញ្ចប់​ការ​និរទេស​ខ្លួន​លោក ​សម រង្ស៊ី​

អង្គការ​​ឃ្លាំមើល​​សិទ្ធិមនុស្ស ​(Human​ Right ​Watch​)​ ដែល​មាន​​មូលដ្ឋាន​​នៅ​​ទីក្រុង​​ញូយ៉ក​​សហរដ្ឋ​អាមេរិក​​បាន​​ចេញ​​សេចក្តី​ថ្លែងការណ៍​​មួយ ​ដោយ​​ទ​ទូច​​​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា ​បញ្ចប់​​ការ​និរទេស​​ខ្លួន​​មេបក្ស​​ប្រឆាំង​​លោក ​សម រង្ស៊ី​។ ​សេចក្តី​ថ្លែង​ការណ៍​​ដែល​​ចេញ​ផ្សាយ​​កាល​ពី​​ថ្ងៃ​ទី​២៦​តុលា​​បាន​​ហៅ​​វិធាន​ការ​​របស់​​រដ្ឋាភិបាល​កម្ពុជា​​ថា ​គឺ​ជា​​កិច្ច​ខិតខំ​​ប្រឹង​ប្រែង​​ចុង​ក្រោយ​​របស់​​គណបក្ស​កាន់​អំណាច​ដើម្បី​​ឈ្នះ​​ការ​បោះឆ្នោត​ជាតិ​​នៅ​​អាណត្តិ​​ក្រោយ ​ដោយ​​ពុំ​មាន​​គូ​ប្រជែង​ពិត​ប្រាកដ​មួយ។

មេបក្សប្រឆាំងលោក សម រង្ស៊ី ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​កាល​ពី​ឆ្នាំ​២០១៦​។​
មេបក្សប្រឆាំងលោក សម រង្ស៊ី ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​កាល​ពី​ឆ្នាំ​២០១៦​។​ @HRW
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​រប​ស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ(Human Right Watch) បាន​ស្រង់​​សំដី​លោក Brad Adam នាយក​ប្រចាំ​តំបន់​អាស៊ី ដោយបាន​ហៅ​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​រារាំង​ការវិល​ត្រលប់​របស់លោក សម រង្ស៊ី នោះ​ថា ជាហេតុ​ផល​ចុង​ក្រោយ​​​របស់​​គណបក្ស​កាន់​អំណាច ​ដើម្បី​​ឈ្នះ​​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​​អាណត្តិ​​ក្រោយ​​ទៀត​។ ​

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី២៦តុលា លោក Brad Adam នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Right Watch) ប្រចាំ​តំបន់​អាស៊ី ក៏បាន​ទ​ទួ​ច​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន (​ASEAN) និង​ប្រទេស​ជា​ម្ចាស់ជំនួយ​របស់​កម្ពុជា​ទាំងអស់បង្ហាញ​ការតវ៉ា​ជា​សាធារណៈ​និង​ជា​បន្ទាន់​​មួយ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បញ្ចប់​ការកាត់ទោស​មេដឹកនាំ​បក្ស​ប្រឆាំង​​ដែលមាន​ទម្រង់​ជា​រឿង​នយោបាយ​នេះ។ដោយបាន​រំលឹក​ឡើងវិញ​ពី​លិខិត​របស់​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី១២ តុលា Human Rights Watchក៏បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​លុបចោល​បទបញ្ជា​ទៅកាន់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់ ដែល​ហាម​មិន​ឲ្យ​ដឹក​លោក សម រង្ស៊ី មកកាន់​ប្រទេស​កម្ពុជា​វិញ។

សូមបញ្ជាក់ថា តាមរយៈ​លិខិត​ចុះ​ថ្ងៃទី១២ខែតុលា ដែល​ចុះហត្ថលេខា​ដោយ លោក តឹក រ៉េត​សំរេច រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយយោង​តាម​ចំណារ​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ផ្ញើ​ទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ណែនាំ​ឲ្យ​មាន​ការ​ប្រើ​​​គ្រប់​​មធ្យោបាយ​ទាំងអស់ ដើម្បី​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​បានទេ។ ហើយ​ក្នុងករណី​លោក សម រង្ស៊ី ធ្វើដំណើរ​មក​កម្ពុ​ជាតា​ម​យន្ត​ហោះ​​ណា​មួយ យន្តហោះ​នោះ ត្រូវ​បង្វែរ​ទិសដៅ​ទៅ​អាកាសយានដ្ឋាន​ដើម​វិញ ដោយ​មិន​​អនុញ្ញាត​​ឲ្យ​​ចុះចត​នោះទេ។

នៅក្នុង​សារ​អ៊ី​ម៉ែ​ល​មកកាន់​វិទ្យុ​បារាំង​អន្តរជាតិ RFI កាលពី​ថ្ងៃទី២៥តុលា លោកស្រី វ៉ាន់ ហៀ​លី (Wan-Hea Lee) តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា(OHCHR) បាន​ទ​ទួ​ច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែមាន​ការពន្យល់​ជាបន្ទាន់​មួយ ចំពោះ​វិធាន​ការរារាំង​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ​នេះ។ យ៉ាងណាក៏ដោយលោក តឹក​រ៉េត សំរេច រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃទី២៥តុលា​ថា វិធានការ​បង្ការ​ទុកជាមុន ដើម្បី​ទប់ស្កាត់ លោក សម រង្ស៊ី កុំ​ឲ្យ​វិល​មក​កម្ពុជា​វិញ​នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​នៅ​តំបន់​ព្រលានយន្តហោះ កុំ​ឲ្យ​មានរឿង​អាក្រក់​កើតឡើង។ លោក​បាន​លើកឡើងថា នៅពេល លោក សម រង្ស៊ី ជាន់ដី​កម្ពុជា​​ហើយ​រដ្ឋាភិបាល​ចាប់ខ្លួន នោះ​អាចមាន​មនុស្ស​ច្រើន​តវ៉ា​នាំ​ច្របូកច្របល់ ហើយ​ប៉ះ​ពាល់​​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ព្រលានយន្តហោះ​ដែលមាន​តម្លៃ​រាប់រយ​លាន​ដុល្លារ។

សូមបញ្ជាក់ថា នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human​ Rights Watch) ក៏បាន​រំឭក​ពី​ការ​ធ្វើទុក្ខបុកម្នេញ​មកលើ​គណបក្សប្រឆាំង​ក្នុង​រយៈ​ពេល​១២ខែ​ចុង​ក្រោយនេះ ដោយមាន​ការគំរាមកំហែង​ដោយ​ពាក្យសម្ដី ការ​សម្ញែង​កង​កម្លាំង​​​ប្រដាប់អាវុធ ការ​ធ្វើទុក្ខបុកម្នេញ​មកលើ​លោក កឹម សុខា អនុប្រធាន​គណបក្ស ការ​វាយ​​ដំ​អ្នកតំណាងរាស្ត្រ២នាក់ និង​ការចាប់ខ្លួន​មន្ត្រី​និង​សកម្មជន​គណបក្សប្រឆាំង​ដោយ​មាន​​​ទាំង​អ្នកតំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ដាក់ពន្ធនាគារ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ