អានតួអត្ថបទ
កម្ពុជា-ច្បាប់

គណៈអចិន្ត្រៃយ៍​រដ្ឋសភា​អនុម័ត​វិធានការ​ពិន័យ​លើ​ក្រុម​អ្នក​តំណាង​រាស្ត្រ​ដែល​អវត្តមាន​

គណៈកម្មាធិការ​​អចិន្ត្រៃយ៍​​នៃ​​រដ្ឋសភា​​នៅ​​ថ្ងៃទី​២៦​តុលា​​នេះ ​បាន​អនុម័ត​​វិធានការ​​ពិន័យ​​លើ​ក្រុម​​អ្នក​តំណាងរាស្ត្រ​​រូប​​ណា​​ដែល​​អវត្តមាន​។ ​វិធាន​ការ​​ពិន័យ​​ដែល​​ទើប​ត្រូវ​​បាន​អនុម័ត​​នេះ ​គឺ​​បន្ទាប់​ពី​​ក្រុម​​អ្នក​តំណាង​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​ជាតិ​​បាន​ធ្វើ​​ពហិការ​​មិន​​ចូល​រួម​​ប្រជុំ​​សភា​ពេញ​អង្គ​​នា​ពេល​​កន្លង​មក​។ ​សម្រាប់​​តំណាងរាស្រ្ត​មក​ពី​គណបក្ស​​ប្រជាជន​​កម្ពុជា ​វិធានការ​​​ពិន័យ​​​នេះថា ​​វា​ជា​ជំហាន​ដ៏​ល្អ​ក្នុង​ការជំរុញ​ឲ្យ​តំណាងរាស្ត្រ​ទាំងអស់​គោរព​កាតា​ព្វ​កិច្ច​របស់ខ្លួន​ ​ប៉ុន្តែ​​សម្រាប់​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ ​មិន​​គាំទ្រ​​ឲ្យ​​មាន​​វិធានការ​​ពិន័យ​​នេះ​​ទេ​។ ​

លោក​ យ៉ែម បុញ្ញឬទ្ធិ​ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ ​និង​លោក ​ឈាង វុន ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​រដ្ឋសភា​ ក្រោយ​កិច្ច​ប្រជុំ​​គណៈអចិន្រ្តៃយ៍​នៃ​រដ្ឋសភា​ ថ្ងៃទី​ ២៦ ​តុលា ​ឆ្នាំ ២០១៦។​
លោក​ យ៉ែម បុញ្ញឬទ្ធិ​ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ ​និង​លោក ​ឈាង វុន ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​រដ្ឋសភា​ ក្រោយ​កិច្ច​ប្រជុំ​​គណៈអចិន្រ្តៃយ៍​នៃ​រដ្ឋសភា​ ថ្ងៃទី​ ២៦ ​តុលា ​ឆ្នាំ ២០១៦។​ @Va Somnob
ផ្សាយពាណិជ្ជកម្ម

វិធានការ​ពិន័យ​ដែល​គេ​ហៅថា សេចក្តីព្រាង​សេចក្តីសម្រេច ស្តីពី ការអនុវត្ត​វិន័យ​ចំពោះ​តំណាង​រាស្ត្រ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​អនុម័ត​ដោយ​សំលេង៨លើ១២ បើទោះបីជា​មានការ​ប្រឆាំង​ពី​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ។

 
សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ការអនុម័ត​នូវ​វិធានការ​ពិន័យ​នេះ មិនចាំបាច់​នោះទេ ខណៈ​ដែល​​រដ្ឋសភា​ទាំងមូល​មាន​បទបញ្ជាផ្ទៃក្នុង​ដែលមាន​ចែង​ពី​វិធានការ​ពិន័យ​ទៅលើ​ក្រុម ឬ តំណាង​រាស្ត្រ​រូប​ណា​ដែល​អវត្តមាន​ដោយ​មិន​សម​ហេតុ​សម​ផល​ទៅហើយនោះ។ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ គួរ​មាន​ត្រឹម តែ​ក្រ​មសិល​ធម៌​គឺ​គ្រប់គ្រាន់​ហើយ។ នេះ​បើតាម​ការ​បញ្ជាក់​​ពី​​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ។

គួរ​ជំរាបជូន​ថា សេចក្តីព្រាង​សេចក្តីសម្រេច ស្តីពី ការអនុវត្ត​វិន័យ​ចំពោះ​តំណាងរាស្ត្រ ដែល​ស្នើឡើង​ដោយ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ របស់លោក ប៉ែន បញ្ញា បាន​ធ្វើឡើង​បន្ទាប់​ពី​​ក្រុម​​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តំណាង​ឲ្យ​មតិ​ភាគតិច បានធ្វើ​ពហិការ​មិន​​ចូល​រួម​​ប្រជុំ​សភា​ជា​បន្តបន្ទាប់ ចាប់តាំងពី​ទំនាក់ទំនង​រវាង​គណ​បក្ស​ទាំង​ពីរបាន​ធ្លាក់​ចុះ​។

ប៉ុន្តែ​លោក ឈាង វុន អ្នក​នាំំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​តំណាង​ឲ្យ​មតិ​ភាគច្រើន បាន​ចាត់​ទុក​​សេចក្តីសម្រេច​នេះ​ថា វា​ជា​ជំហាន​ដ៏​ល្អ​ក្នុង​ការជំរុញ​ឲ្យ​តំណាងរាស្ត្រ​ទាំងអស់​គោរព​កាត​ព្វ​កិច្ច​​របស់​ខ្លួន។ លោក​បាន​សង្កត់ធ្ងន់ថា សូមកុំ​ឲ្យ​គ្រប់គ្នា​គិតថា សេចក្តីសម្រេច​នេះ គឺ​ជា​​ការ​ដាក់​សម្ពាធ​តែ​ទៅលើ​គណបក្សប្រឆាំង ព្រោះ​វិធានការ​នេះ នឹង​អនុវត្ត​ចំពោះ​អ្នក​តំណាង​រាស្ត្រ​​ទាំង១២៣រូប។ វិធានការ​ពិន័យ​ដែល​អាច​មានការ​កាត់​ប្រាក់ខែ​របស់​អ្នក​តំណាង​រាស្ត្រ​នោះ នឹង​អនុវត្ត​ចាប់ពី​ថ្ងៃនេះ​តទៅ តែ​នឹងមិន​អនុវត្ត​រឿងរ៉ាវ​ពី​អតីតកាល​នោះ​ទេ​។

សម្រាប់​គណបក្សប្រឆាំង នេះ​គឺជា​សម្ពាធ​ថ្មី​មួយទៀត មកលើ​ក្រុម​អ្នកតំណាងរាស្ត្រ​របស់​ខ្លួន​។ ​តែ​យ៉ាងណាក៏ដោយ គណបក្សប្រឆាំង​នៅតែ​អះអាងថា ក្រុមតំណាងរាស្ត្រ​មតិ​ភាគតិច​នៅ​តែ​​បំពេញ​​កាតព្វកិច្ច​និង​តួនាទី​ជា​តំណាងរាស្ត្រ​របស់ខ្លួន តែបើ​គណបក្សប្រឆាំង​យល់ថា គួរ​ធ្វើ​ពហិការ គណបក្ស​នឹង​បន្តធ្វើ​ដោយ​មិន​បារម្ភ​ពី​ការ​កាត់​ប្រាក់ខែ​នោះឡើយ។

ក្រៅពី​របៀបវារៈ​ស្តីពី​ការអនុវត្ត​វិន័យ​តំណាងរាស្ត្រ​នេះ កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោក ហេង សំរិន ក៏បាន​អនុម័ត​ទាត់ចោល​នូវ​សេចក្តីស្នើច្បាប់ ស្តីពី​វិសោធន​កម្ម​​​លើ​ច្បាប់​ចំនួន៣ស្តីពី​តុលា​ការដែល​ស្នើឡើង​ដោយ​គណបក្សប្រឆាំង​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ