"ក្រុមប្រទេសជាមិត្តស៊ីរី" ប្រកាសទទួលស្គាល់ក្រុមប្រឆាំងស៊ីរី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣២
នៅក្នុងកិច្ចប្រជុំ នៅប្រទេសទុយនីស៊ី កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ប្រទេសជាង ៦០ ដែលគេឲ្យឈ្មោះថា “ក្រុមប្រទេសជាមិត្តរបស់ស៊ីរី” បានប្រកាសទទួលស្គាល់ជាផ្លូវការនូវ “ក្រុមប្រឹក្សាជាតិស៊ីរី” ថាជាតំណាងស្របច្បាប់របស់ប្រជាជនស៊ីរីដែលទាមទារលទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ កិច្ចប្រជុំនេះមិនបានរកឃើញដំណោះស្រាយអ្វីពិតប្រាកដ ដើម្បីបញ្ឈប់អំពើហិង្សា នៅស៊ីរីនោះទេ។ ក្នុងពេលជាមួយគ្នា អ្នកកាសែតលោកខាងលិច ដែលរងរបួសនៅក្នុងទីក្រុង Homs ក៏គេនៅមិនទាន់អាចជម្លៀសចេញរួចដែរ។
គំនិតផ្តួចផ្តើមបង្កើត “ក្រុមប្រទេសជាមិត្តរបស់ស៊ីរី” កើតចេញពីរដ្ឋាភិបាលបារាំង ក្រោយពីដំណោះស្រាយក្នុងក្របខ័ណ្ឌអ.ស.ប. ត្រូវជាប់គាំង ដោយមានវ៉េតូរបស់រុស្ស៊ី និងចិន។ ក៏ប៉ុន្តែ នៅក្នុងកិច្ចប្រជុំ នៅទុយនីស៊ី កាលពីម្សិលមិញនេះ គេមិនឃើញមានដំណោះស្រាយអ្វីជាក់លាក់លើសពីអ្វី ដែលធ្លាប់បានធ្វើពីមុននោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយ “ក្រុមប្រទេសជាមិត្តរបស់ស៊ីរី” បានថ្កោលទោសរដ្ឋាភិបាលរបស់លោកបាស្ហា អាល់អាសាដ ដែលបានប្រើកម្លាំងវាយប្រហារលើជនស៊ីវិល ហើយបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ នូវរាល់អំពើហិង្សា នៅស៊ីរី។ ការទាមទារអស់ទាំងនេះ ធ្លាប់ត្រូវបានគេធ្វើម្តងរួចមកហើយ នៅក្នុងក្របខ័ណ្ឌមហាសន្និបាតអ.ស.ប. ដោយមានប្រទេសរហូតដល់ទៅ ១៣៧ បោះឆ្នោតគាំទ្រ។ ក៏ប៉ុន្តែ រដ្ឋាភិបាលស៊ីរីមិនខ្ចីអើពើនឹងការទាមទាររបស់អ.ស.ប.នេះទេ។ ដូច្នេះ គេមិនរំពឹងថា ការទាមទាររបស់ “ក្រុមប្រទេសជាមិត្តរបស់ស៊ីរី” អាចនឹងមានប្រសិទ្ធភាពអ្វីលើសពីសេចក្តីសម្រេចរបស់មហាសន្និបាតអ.ស.ប.នោះទេ ពីព្រោះ ការទាមទារអស់ទាំងនេះមិនមានចែងច្បាស់លាស់អំពីវិធានការ ក្នុងករណីដែលលោកអាសាដមិនគោរពតាម។
“ក្រុមប្រទេសជាមិត្តរបស់ស៊ីរី” បានប្រកាសទទួលស្គាល់ “ក្រុមប្រឹក្សាជាតិស៊ីរី” ជាតំណាងស្របច្បាប់របស់ប្រជាជនស៊ីរី ដែលធ្វើការទាមទារដោយសន្តិវិធីឲ្យមានកំណែទម្រង់ប្រជាធិបតេយ្យ។ ប៉ុន្តែ នេះមិនមានន័យថា គេទទួលស្គាល់ “ក្រុមប្រឹក្សាជាតិស៊ីរី” ជារដ្ឋាភិបាលស្របច្បាប់ស៊ីរីនោះទេ។
ប្រទេសចូលរួមក្នុងកិច្ចប្រជុំម្សិលមិញ មានយោបល់ខ្វែងគ្នាជុំវិញការបញ្ជូនកងកម្លាំងអារ៉ាប់ ទៅរក្សាសន្តិភាពនៅស៊ីរី និងការផ្តល់អាវុធទៅឲ្យក្រុមប្រឆាំង។ ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅស៊ីរី ដោយគ្មានការយល់ព្រមពីសំណាក់រដ្ឋាភិបាលស៊ីរី និងដោយគ្មានការឈប់បាញ់ជាមុន គឺមានន័យថាត្រូវបញ្ជូនទាហានទៅធ្វើសង្រ្គាមនឹងកងទ័ពរបស់លោកអាសាដ។
រដ្ឋមន្រ្តីការបរទេសបារាំងបានបញ្ជាក់សាជាថ្មីម្តងទៀតថា អន្តរាគមន៍យោធានៅស៊ីរីអាចធ្វើទៅបាន លុះត្រាតែមានសេចក្តីសម្រេចពីក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។ លោកស្រីហ៊ីឡារី គ្លីនតុន រដ្ឋមន្រ្តីការបរទេសអាមេរិក បានធ្វើការរិះគន់ដោយសម្តីធ្ងន់ៗបំផុត ចំពោះរុស្ស៊ី និងចិន ដែលបានប្រើសិទ្ធិវ៉េតូលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។
ការបាញ់ផ្លោងលើទីក្រុង Homs ដែលជាទីតាំងរបស់ក្រុមប្រឆាំង នៅតែបន្តធ្វើ នៅថ្ងៃសៅរ៍នេះ។ កាលពីថ្ងៃសុក្រ ការព្យាយាមរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ក្នុងការជម្លៀសអ្នកកាសែតបរទេស និងយកសាកសពអ្នកកាសែតពីររូប ដែលស្លាប់ដោយគ្រាប់ផ្លោង នៅទីក្រុង Homs ត្រូវទទួលបរាជ័យ។ ការព្យាយាមជម្លៀសអ្នកកាសែតទាំងនេះ កំពុងបន្តធ្វើ នៅថ្ងៃសៅរ៍នេះ។
គួររំឭកឡើងវិញថា កាលពីថ្ងៃពុធ អ្នកកាសែតបរទេសពីររូប (ជនជាតិបារាំងម្នាក់ និងអាមេរិកម្នាក់) បានបាត់បង់ជីវិតដោយគ្រាប់ផ្លោង នៅពេលពួកគេកំពុងយកព័ត៌មាន នៅក្នុងទីក្រុង Homs ។ អ្នកកាសែតពីររូបទៀតត្រូវរងរបួស ហើយត្រូវការការព្យាបាលជាបន្ទាន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ