អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អំពើ​ពុករលួយ​បង្កប់​នៅក្នុង​ផ្នត់​គំនិត​មនុស្ស​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា​អំពើ​ពុករលួយ​នៅតែ​ជា​ជំងឺ​សង្គម​ដែល​មិន​ងាយ​នឹង​ព្យាបាល​ឲ្យ​ជា​ដាច់។ បញ្ហា​នៅត្រង់ថា អំពើពុករលួយ​បាន​បង្កប់​នៅ​ក្នុង​ផ្នត់​គំនិត​មនុស្ស​យ៉ាងជ្រៅ។ ជាទូទៅ ការ​សូកប៉ាន់​ហាក់ដូចជា​វត្ថុ​ដែល​ជាប់​នឹង​ខ្លួន​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ ទម្លាប់​សូកប៉ាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​រឿង​មួយ រីឯ​ប្រព​ន្ធ័​ច្បាប់​នៅ​ទន់ខ្សោយ​គឺជា​អំណោយផល​មួយទៀត​សម្រាប់​ការប្រព្រឹត្ត​អំពើពុករលួយ។ អំពើ​ពុករលួយ​ ស៊ីសង្វាក់​គ្នា​បានធ្វើ​ឲ្យ​សង្គម​ពិបាក​នឹង​ស្គាល់​ការអភិវឌ្ឍន៍​ពិត​ប្រាកដ។ ដូច្នេះ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ គេ​ពិត​ជា​មិនអាច​មើលរំលង​កត្តា​ទាំងនេះ​បានឡើយ។

អតីតមេប៉ូលិស ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​ពី​បទពុករលួយ
អតីតមេប៉ូលិស ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​ពី​បទពុករលួយ RFI/Menghour Ly
ផ្សាយពាណិជ្ជកម្ម

និយាយ​ពី​អំពើ​ពុករលួយ គេ​ត្រូវ​គិត​ដល់​តួអង្គ​សំខាន់​ពីរ គឺ​អ្នក​សូក និង​អ្នកទទួល​សំណូក។ តួអង្គ​ទាំងពីរ​នេះ​គឺជា​ក្រុមមនុស្ស​ដែល​បង្កើត​ឲ្យ​មាន​អំពើពុករលួយ។ នៅ​កម្ពុជា ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​គឺជា​បេសកកម្ម​ដ៏​ធំធេង​និង​ចាំបាច់​បំផុត​មួយ​ពីព្រោះ​អំពើ​ពុករលួយ​គឺជា​ដំបៅ​មហារីក​សង្គម​ដ៏​ចំណាស់​មួយ​ដែល​បាន​ស៊ី​រូង​សង្គម​ខ្មែរ​ឲ្យ​រីងរៃ​ពិបាក​​នឹង​ចាក​ចេញពី​ភាព​ក្រីក្រ។

ក៏​​ប៉ុន្តែ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​បាន​ពើបប្រទះ​នឹង​ឧបសគ្គ​សំខាន់ៗ​ជាច្រើន​ក្នុងនោះ​មាន​កត្តា​សំខាន់​ពីរ​យ៉ាង​គឺ ទី១ ឆន្ទៈ​នយោបាយ​របស់​អ្នកដឹកនាំ​នៅមានកម្រិត និង​ទី២ អំពើ​ពុករលួយ​បាន​បង្កប់​យ៉ាងជ្រៅ​នៅក្នុង​ផ្នត់គំនិត​មនុស្ស​ខ្មែរ​ជាទូទៅ​ដែល​ពិបាក​នឹង​លាង​ជម្រះ។ ជាទូទៅ មេដឹកនាំ​ប្រទេស​ពី​ជំនាន់​មួយ​ទៅមួយ​សុទ្ធតែ​បាន​អះអាង​ថា ស្អប់ខ្ពើម​អំពើ​ពុករលួយ។ ក៏ប៉ុន្តែ ប្រសិនបើ​គេ​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ ឆន្ទៈ​នយោបាយ​នៅ​មាន​កម្រិត​ពីព្រោះ​អំពើ​ពុករលួយ​នាំ​ឲ្យ​អ្នកនយោបាយ​មាន​លុយ ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​រក្សា​អំណាច​នយោបាយ​បាន។ នេះ​ជា​ហេតុផល​ដ៏​សំខាន់​មួយ​ដែល​កម្រិត​ប្រសិទ្ធភាព​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុករលួយ​នៅ​កម្ពុជា។

ម្យ៉ាងទៀត មិនមែន​តែ​អ្នកនយោបាយ​ទេ ប៉ុន្តែ ការ​សូកប៉ាន់​ហាក់ដូចជា​វត្ថុ​ជាប់​នឹង​ប្រាណ​របស់​មនុស្ស​ខ្មែរ​ស្ទើរតែ​គ្រប់គ្នា។ នៅពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​ចំពោះ​សមាជិក​ក្រុម​គ្រូ​សារ​របស់ខ្លួន ប្រជាពលរដ្ឋ​ខ្មែរ​ជាទូទៅ​តែង​គិត​ជា​បឋម​ដល់​ការ​ប្រើប្រាស់​លុយកាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ពោលគឺ​ការ​សូកប៉ាន់​នេះឯង។ ពួក​អ្នកមាន​សុខចិត្ត​ចំណាយលុយ​មិន​ស្តាយ​ឲ្យ​តែ​បានឈ្នះ ឬ​បាន​រួចខ្លួន​ពី​ទុក្ខទោស​ទោះជា​ត្រូវ​ចាយ​ក្នុង​តម្លៃ​ណា​ក៏ដោយ។ ចំណែកឯ​អ្នកក្រ​វិញ សុខចិត្ត​លក់​ទ្រព្យសម្បត្តិ គោក្របី ដីស្រែ​ចម្ការ​ដែល​ខ្លួន​មាន ឬ​រហូតដល់​ខ្ចី​បុល​គេ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ផ្លូវ​ពុករលួយ។ ទម្លាប់​នេះ​តែង​លុប​ទៅ​លើ​ការគិតគូរ​ដល់​ប្រពន្ធ័​យុត្តិធម៌ និង​ផ្លូវច្បាប់។

គឺ​ក្នុង​បរិបទ​នេះហើយ​ដែល​ការ​សូក​និង​ការទទួល​សំណូក​ហាក់​បាន​ក្លាយជា​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ទៅហើយ​នៅក្នុង​សង្គម​ខ្មែរ។ ម្យ៉ាងទៀត​មន្ត្រីរាជការ​ដែល​ទទួល​សំណូក​ហាក់​ដូចជា​មិន​ញញើត​នឹង​សម្ញែង​ទ្រព្យសម្បត្តិ​របស់ខ្លួន​ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស​លើស​ពី​ប្រាក់ខែ​ដែល​ពួកគេ​ទទួលបាន​ពី​រដ្ឋ។ ការ​ទទួលស្គាល់​អំពើ​ពុករលួយ​ជាទូទៅ មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​អ្នកប្រព្រឹត្ត​អំពើពុករលួយ​រួច​ផុតពី​សំណាញ់​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកគេ​ថែមទាំង​រស់នៅ​យ៉ាង​មាន​សេចក្តីសុខ​តាមរយៈ​ទ្រព្យសម្បត្តិ​ដ៏​ស្តុកស្តម្ភ​របស់ខ្លួន។ ការ​បង្អួត​គ្នា​អំពី​លុយ ឡាន វីឡា និង​សម្ភារៈប្រើប្រាស់ទំនើបៗនៅក្នុង​ចំណោម​មន្ត្រី​នានា​គឺជា​ឧទាហរណ៍​ស្រាប់។
ក្នុង​ស្ថានភាព​បែបនេះ ការលុបបំបាត់​អំពើ​ពុករលួយ​ឲ្យ​អស់ពី​សង្គម​គឺជា​បេសកកម្ម​ដ៏​លំបាក​មួយ។ លំបាក​ដោយហេតុថា ការ​សូកប៉ាន់​និង​ការទទួល​សំណូក​ត្រូវបាន​គេ​អនុវត្ត​ដោយ​ស៊ីសង្វាក់​គ្នា​និង​ដោយ​លួចលាក់។ ធ្ងន់ធ្ងរ​ជាង​នេះ អំពើពុករលួយ​មួយចំនួន​កើតឡើង​ដោយ​ការ​ជម្រិត​ដោយត្រង់ៗក៏មាន។ ជាទូទៅ ជន​រងគ្រោះ​សុខចិត្ត​បង់ប្រាក់​ឲ្យ​ជន​ពុករលួយ​ជាជាង​ការ​ទាមទារ​រក​យុត្តិធម៌​ពីព្រោះ​ពួកគេ​យល់ថា ពិបាក​នឹង​យក​ឈ្នះ​លើ​អ្នក​មាន​អំណាច។

យ៉ាងណា​ក៏ដោយ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​បាន​និង​កំពុង​ធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា។ ការ​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​សកម្មភាព​របស់​អង្គភាព​នេះ​គឺជា​ចំណុច​ចាប់​ផ្តើម​មួយ​គួរ​ជា​ទី​លើក​ទឹកចិត្ត។ ប៉ុន្តែ សកម្មភាព និង​វិធានការ​ទាំងឡាយ​ត្រូវតែ​ធ្វើឡើង​ដោយ​ឆន្ទៈ​ពិតប្រាកដ និង​ស្មើភាព​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ