អានតួអត្ថបទ
កម្ពុជា

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជំរុញ​ក្រសួង​អោយ​តាក់តែង​ក្រម​សីលធម៌​

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កំពុង​ពិភាក្សា​ជាមួយ​ក្រសួង​មួយ​ចំនួន​ដើម្បី​ស្នើ​អោយ​ក្រសួង​ទាំង​នោះ​តាក់តែង​អត្ថបទ​ក្រម​សីលធម៌​របស់​ខ្លួន។ នេះ​ជា​វិធានការ​មួយ​ដែល​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក ឱម យ៉ិនទៀង អះអាង​ថា ជា​ការ​បង្ការ​អំពើ​ពុក​រលួយ។ ក្រម​សីលធម៌​គឺ​ជា​សំណើ​មួយ​ក្នុង​ចំណោម​សំណើ​ចំនួន​២​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​ធ្វើការ​ជាមួយ​ក្រសួង​ទាំង​នោះ។  

លោក ឱម​យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
លោក ឱម​យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

 

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​ធ្វើ​ការ​ងារ​ជាមួយ​ក្រសួង​មួយចំនួន​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​ក្រសួង​ទាំង​នោះ។ គោលដៅ​គឺ​ដើម្បី​ឈាន​ទៅ​រារាំង​មន្ត្រី​មិន​អោយ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ទី​២៧​កញ្ញា លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​បញ្ជាក់​ប្រាប់​ថា អង្គភាព​របស់​លោក​កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួង​ណា​ដែល​មាន​សិទ្ធិ​ចេញ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម។ បើ​តាម​ប្រសាសន៍​របស់​លោក​ឱម យ៉ិន​ទៀង​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចង់​អោយ​ក្រសួង​ទាំង​នោះ មាន​បទ​បញ្ជា​ផ្ទៃ​ក្នុង​រឹងមាំ​ទី​មួយ​និង​ទី២ ត្រូវ​មាន​អត្ថបទ​ក្រម​សីលធម៌។ ចំពោះ​លោក​ឱម យ៉ិន​ទៀង វិធាន​ការ​ទាំង​ពីរ​នេះ គឺ​ជា​វិធានការ​គោល វិធានការ​ក្តៅ​ក្នុង​ការ​បង្ការ​អំពើ​ពុករលួយ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ពន្យល់​ប្រាប់​អោយដឹង​ថា ​វិធានការ​ទាំង​នេះ​ហើយ​ដែល​នឹង​​បំពេញ​ចន្លោះ​ប្រហោង​ នូវ ​ចំណុច​ដែល​ច្បាប់​មិន​បាន​ហាម​ឃាត់​ ហើយ​ដែល​វា​អនុញ្ញាត​​​អោយ​មន្ត្រី​ប្រព្រឹត្ត​​អំពើ​ពុករលួយ​នោះ។

ដើម្បី​តាក់តែង​បទ​បញ្ជា​ផ្ទៃ​ក្នុង និង​ក្រម​សីលធម៌​សម្រាប់​ក្រសួង​ទាំង​នោះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​អញ្ជើញ​អ្នក​ជំនាញ​បរទេស​ដើម្បី​ជួយ​ក្នុង​ការ​តាក់តែង​អត្ថបទ​ទាំង​នោះ​ដែរ។

ក្នុង​រយៈ​ពេល​៨ខែ​ដើម​ឆ្នាំ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ទទួល​បណ្តឹង​ចំនួន​៨០០​បណ្តឹង។ ​បណ្តឹង​ទាំង​នោះ​ទាក់​ទង​ច្រើន​នឹង​អំពើ​សូកប៉ាន់ ដែល​ពាក់ព័ន្ធ​ក្នុង​ប្រព័ន្ធ​តុលាការ និង​ការ​កាប់​ព្រៃឈើ​ជាដើម។

គួររម្លឹក​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​ធ្លាប់​ប្រកាស​សហការ​ជាមួយ​គណបក្ស​នយោបាយ​កាលពី​ពេល​មុន​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ដើម្បី​តាមដាន​ការ​ចំណាយ​ក្រៅ​ផ្លូវការ​លើ​សេវា​សាធារណៈ​នៅ​តាម​ឃុំ​សង្កាត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ