អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន៖« រដ្ឋាភិបាល​នឹង​ការពារ​អធិបតេយ្យ​របស់ខ្លួន​ដោយ​មិន​ឲ្យ​បាត់​មួយសង់ទីម៉ែត្រ​ទេ »

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរិ៍ ទី៨ មីនា​នេះ លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​វ៉ាង យី (Wang Yi) បាន​ប្រកាស​ថា រដ្ឋាភិបាល​នឹង​ចេញ​មុខ​ការពារ​ទឹកដី​របស់​ខ្លួន​ដោយ​មិន​ឲ្យ​បាត់​មួយ​សង់ទីម៉ែត្រ​ឡើយ។ ទន្ទឹម​គ្នា​នេះ និង​ដោយ​មិន​និយាយ​បញ្ឆិតបញ្ឆៀង លោក​ប្រមុខ​ការទូត​ចិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ជប៉ុន​ដោយ​បញ្ជាក់​ថា ទីក្រុង​ប៉េកំាង​ក៏​គ្មាន​ហេតុផល​ណា​មួយ​ដើម្បី​និយាយ​សម្រុះសម្រួល​ជាមួយ​ទីក្រុង​តូក្យូ​ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹកដី ឬ​មួយ​ក៏​រឿងរ៉ាវ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ទេ។ ក្រៅ​ពី​នោះ លោក​វ៉ាង យី​ក៏​បាន​ប្រកាស​ពី​ជំហរ​របស់​ចិន​ពាក់ព័ន្ធ​នឹង​បញ្ហា​អន្តរជាតិ​មួយ​ចំនួន​ដែរ។

លោក​រដ្ឋមន្រ្តី​ក្រសួងការបរទេស​ចិនវ៉ាង យី (Wang Yi)
លោក​រដ្ឋមន្រ្តី​ក្រសួងការបរទេស​ចិនវ៉ាង យី (Wang Yi) Reuters
ផ្សាយពាណិជ្ជកម្ម

លោក​ប្រមុខ​ការទូត​ចិន វ៉ាង យី​បាន​ប្រកាស​យ៉ាង​ដូច្នេះ នៅ​ក្នុង​សនិ្នសីតកាសែត​មួយ​នា​ទីក្រុង​ប៉េកំាង​ក្នុង​ថ្ងៃ​សៅរិ៍​នេះ។ នៅ​ក្នុង​សន្និសីត​កាសែត​នោះ លោក​វ៉ាង យី​បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ពី​ជំហរ​របស់​ចិន​ដែល​ថា ទីក្រុង​ប៉េកំាង​នឹង​ចាត់​វិធានការ​គ្រប់បែប​យ៉ាង​ទំាង​អស់​ដើម្បី​ការពារ​ដែនដី​របស់​ខ្លួន​ដោយ​មិន​ឲ្យ​បាត់​មួយ​សង់ទីម៉្រែត​ឡើយ និង​ថា ចិន​ការពារ​ដែនដី​ណា​ដែល​ជា​របស់​ចិន​ប៉ុណ្ណោះ ពោល​គឺ​មិន​ទៅ​ទាមទារ​យក​ដែនដី​ណា​មួយ​ដែល​មិន​មែន​ជា​របស់​ចិន​ទេ។

គួររម្លឹក​ជូន​ឡើង​វិញ​ថា សព្វថ្ងៃ​នេះ ចិន​កំពុង​មាន​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​នៅ​ក្នុង​សមុទ្រចិន​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន​នៅ​ក្នុង​តំបន់។ ជាក់ស្តែង ទីប្រជុំកោះ Spratleys និង Paracels នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ប៉េកំាង​កំពុង​ប្រឈម​មុខ​នឹង​កោះតៃវ៉ាន់ ព្រម​ទាំង​ប្រទេស​អាស៊ាន​មួយ​ចំនួន មាន​វៀតណាម ម៉ាឡេស៊ី ព្រុយណេ និង​ប្រទេស​ហ្វីលីពីន។ ចំណែក​នៅ​ក្នុង​សមុទ្រចិន​ខាង​កើត​ឯណោះ ក្រុងប៉េកំាង​កំពុង​មាន​ជម្លោះ​ជាមួយ​ជប៉ុន​ជុំវិញ​ទីប្រជុំកោះ​សេនកាគុ​ដែល​សព្វថ្ងៃ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​ជប៉ុន តែ​ចិន​កំពុង​ទាមទារ​ថា​ជា​របស់​ខ្លួន។

នៅ​ក្នុង​ជម្លោះ​ទំាង​ពីរ​ខាង​លើ ជម្លោះ​រវាង​ចិន និង​ជប៉ុន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជម្លោះ​មួយ​តានតឹង​ខ្លំាង​ជាង​គេ នោះ​បើ​ទោះ​បី​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី​ទំាង​ពីរ​នៅ​បន្ត​ត្រូវ​ការ​គ្នា​ទៅ​វិញ ទៅ​មក​សឹង​តែ​នៅ​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​សេដ្ឋកិច្ច។ ដោយឡែក ក្រៅ​ពី​ជម្លោះ​ដំណ្តើម​ទីប្រជុំកោះ​សេនកាគុ ប៉េកំាង និង​តូក្យូ​ក៏​កំពុង​តឹងសរសែ ក ដាក់​គ្នា​ជុំវិញ​រឿង​ប្រវត្តិសាស្រ្ត ពិសេស​ក្នុង​សម័យ​សង្រ្គាមលោក​លើក​ទី២ ដែល​ជប៉ុន​បាន​ចូល​វាតទី​ក្នុង​តំបន់​អាស៊ី។ ជម្លោះ​ដែនដី ក៏​ដូច​ជា​ប្រវត្តិសាស្រ្ត​ត្រូវ​បាន​លោក​ប្រមុខ​ការទូត​ចិន​វ៉ាង យី​បាន​បញ្ជាក់​ច្បាស់ៗ​ថា ជា​គោលការណ៍ ប៉េកំាង​បដិសេធ​មិន​សម្រុះសម្រួល និង​ថា គ្មាន​ហេតុផល​ណា​មួយ​ដែល​ចិន​ត្រូវ​សម្របសម្រួល​ទេ។

ជប៉ុន​ក៏​មិន​សុខចិត្ត​ចាញ់ច្រាប​មហាអំណាច​ចិន

ការ​ដែល​លោក​វ៉ាង យី​បាន​ចេញ​មុខ​ប្រកាស​ឲ្យ​ដឹង​ពី​ជំហរ​ជា​ថ្មី​របស់​ចិន​ពេល​នេះ មក​ពី​ចិន​ខ្លួន​ឯង​ក៏​បារម្ភ​ពី​ជំហរ​ដាច់ណាត់​របស់​ជប៉ុន​ដែល​មិន​សុខចិត្ត​ចាញ់ច្រាប​មហាអំណាច​ចិន។ ថ្មីៗ​នេះ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​បាន​ធ្លាប់​បាន​ប្រកាស​ព្រមាន​ថា ការ​ផ្ទុះ​សង្រ្គាមលោក​លើកទី១ ក្នុង​ឆ្នំា ១៩១៤ ក៏​បាន​ផ្តើម​ចេញ​ដំបូង​ពី​ជម្លោះ​ដណ្តើម​ទឹកដី​គ្នា​ដែរ។ តែ​លោក​ប្រមុខ​ការទូត​ចិន​វ៉ាង យី​បាន​ឆ្លើយ​ពន្យល់​បក​វិញ​ថា ឆ្នំា ២០១៤ មិន​មែន​ជា​ឆ្នំា ១៩១៤ ហើយ​ក៏​មិន​មែន​ជា​ឆ្នំា ១៨៩៤ ដែល​ជប៉ុន និង​ចិន​បាន​​ផ្ទុះ​អាវុធ​ដាក់​គ្នា​មួយ​ប្រាវ និង​ដែល​កាលណោះ ចិន​បាន​ទទួល​បរាជ័យ​នៅ​ចំពោះ​មុខ​ជប៉ុន។

នេះ​ជា​ការ​ឆ្លើយតប​មួយ​ដែល​លោក​ប្រមុខ​ការទូត​ចិន​ចង់​ព្រមាន​ប្រាប់​ទៅ​ជប៉ុន​វិញ​ថា ចិន​សម័យ​នេះ មិនមែន​ដូច​ចិន​កាល​ពី​ជាង ១០០ឆ្នំា​មុន​ទេ គឺ​ខុស​គ្នា​ដូច​មេឃ និង​ដី។ តាម​រយៈ​ពាក្យ​សម្តី​របស់​លោក​ប្រមុខ​ការទូត​ចិន​ពេល​នេះ​នំា​ឲ្យ​គេ​យល់​បាន​ថា ចិន​មិនមែន​ត្រឹមតែ​កំពុង​បង្ហាញ​សាច់ដុំ​ដាក់​ជប៉ុន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​សារ​មួយ​ដែល​ចិន​ចង់​ផ្ញើ​ទៅ​ពិភពលោក​ទំាង​មូល​ដែរ។ គឺ​នៅ​ក្នុង​ហេតុផល​នេះ​ហើយ​បាន​ជា​ជប៉ុន​កំពុង​ពិចារណា​លើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញសន្តិភាពនិយម​របស់​ខ្លួន​ឲ្យ​បាន​មុន​ឆ្នំា ២០២០។

គួរ​រម្លឹក​ជូន​ថា ជប៉ុន​ដែល​បាន​ចាញ់​សង្រ្គាមលោក​លើកទី២ ប្រឈម​មុខ​នឹង​អាមេរិក​នោះ ត្រូវ​បាន​អាមេរិក​ចាប់​បង្ខំ​ឲ្យ​បង្កើត​រដ្ឋធម្មនុញ្ញ​មួយ​ដែល​ដាក់​កំហិត​ឲ្យ​ជប៉ុន​មាន​កម្លាំង​ទ័ព​សម្រាប់​តែ​ការពារខ្លួន​ប៉ុណ្ណោះ ពោល​គឺ​មិន​ចូលរួម​ជាមួយ​កម្លំាងទ័ពអន្តរជាតិ​នៅ​ក្នុង​តំបន់ ឬមួយ​ក៏​នៅ​ក្នុង​ពិភពលោក​ទេ។ ទង្វើ​របស់​រដ្ឋបាល​អាមេរិកំាង​ជំនាន់​នោះ គឺ​ដើម្បី​រារំាង​ជប៉ុន​កុំ​ឲ្យ​ធ្វើ​ការ​អភិវឌ្ឍន៍​កម្លំាង​យោធា ពិសេស​ទប់​កុំ​ឲ្យ​ជប៉ុន​វិលត្រឡប់​ទៅ​រក​នយោបាយ​យោធានិយម និង​នយោបាយ​វាតទីនិយម​ដូច​កាល​ពី​មុន​សម័យ​សង្រ្គាមលោក​លើកទី២ ជា​ថ្មី​ទៀត។

ចិន​មិន​អនុញ្ញាត​ឲ្យ​មាន​អស្ថិរភាព ឬ​ក៏​ការ​ផ្ទុះ​សង្រ្គាម​ក្នុង​ឧបទ្វីប​កូរ៉េ​ទេ

នៅ​ថ្ងៃ​នេះ លោក​ប្រមុខ​ការទូត​ចិន​វ៉ាង យី​បាន​កំណត់​ចេញ​នូវ​ខ្សែបន្ទាត់ក្រហម​មួយ​ដោយ​បញ្ជាក់​ច្បាស់ៗ​ថា ចិន​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ស្ថានភាព​ច្របូកច្របល់ ឬមួយ​ក៏​ការ​ផ្ទុះ​សង្រ្គាម​ជា​យថាហេតុ​ណា​មួយ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ទេ។ ទន្ទឹម​គ្នា​នេះ លោក​វ៉ាង យី​ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទំាង​អស់​ឲ្យ​មាន​ការ​អត់ធ្មត់ និង​បាន​ប្រកាស​ទទួល​ស្គាល់​ថា សន្តិភាព​ពិតប្រាកដ និង​យូរអង្វែង​អាច​នឹង​កើត​មាន​បាន លុះត្រា​តែ​គ្មាន​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

គួរ​ជម្រាប​ជូន​ថា ចិន​ត្រូវ​បាន​គេ​ប្រៀប​ដូច​ជា​ឱពុកធម៌​របស់​កូរ៉េខាងជើង ដែល​បាន​ជួយ​ជ្រោមជ្រែង​ទំាង​នៅ​ផ្នែក​សេដ្ឋកិច្ច និង​ការទូត។ តំាង​តែ​ពី​ដើម​មក ប៉េកំាង​បាន​ចេញ​មុខ​ការពារ​ព្យុងយ៉ាង​មិន​ឲ្យ​មាន​ការ​ដាក់​ទ័ណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ​ទេ នោះ​បើ​ទោះ​បី​ជា​មាន​ពេល​ខ្លះ ឱពុកធម៌ និង​កូនធម៌​បាន​តឹងសរសៃ ក ដាក់​គ្នា ដោយសារ​តែ​កូនធម៌​ក្បាលរឹង​បន្ត​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​បន្ត​បន្ទាប់​ក្តី។ ជា​ថ្មី​ម្តង​ទៀត ចិន​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា ៦ភាគី​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ឡើង​វិញ។ ៦ភាគី​នោះ មាន​កូរ៉េ​ទំាង​ពីរ ជើង ត្បូង អាមេរិក ជប៉ុន ចិន និង​រុស្ស៊ី។

ការ​អំពាវនាវ​ឲ្យ​មាន​កិច្ចចរចា និង​ភាព​អត់ធ្មត់​ក៏​ត្រូវ​បាន​លោក​ប្រមុខ​ការទូត​ចិន​ផ្តោត​លើ​វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​សព្វថ្ងៃ​ដែរ ពិសេស​អធិករ​រវាង​ក្រុមប្រទេស​លោកខាងលិច និង​ប្រទេស​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​តំបន់​ស្វ័យត​គ្រីមេ​របស់​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ