អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្រ្គាមពាណិជ្ជកម្ម៖ អាមេរិកនិងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំហានទី១

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្រុង​វ៉ាស៊ីនតោនថ្ងៃ​ពុធទី​១៥មករា​​ ប្រធានាធិបតីអាមេរិក​ និង​ លោក Liu He ឧបនាយករដ្ឋមន្ត្រីចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំហានទី១ ស្តីពីសង្រ្គាមពាណិជ្ជកម្ម។ កិច្ចព្រម​ព្រៀម​ថ្មី​កម្រាស​ជិត​៩០ទំព័រ គឺ​ផ្តោត​ជាសំខាន់​លើ​ពាណិជ្ជកម្ម​ខាងវិស័យ​​កសិកម្ម​។​ តើ​ការ​ចុះ​កិច្ចព្រមពៀង​ពេល​​នេះ មាន​ន័យ​ថា សង្រ្គាមពាណិជ្ជកម្ម បាន​ចប់​ហើយ​មែនទេ? តើ​មហាយក្ស​ទាំងពីរ​ អាមេរិកចិន មាន​ផលប្រយោជន៍​អ្វីខ្លះ ​នៅ​ពីក្រោយ​កិច្ចព្រមព្រៀង​ជំហាន​ទី១នេះ?

ឧបនាយករដ្ឋមន្ត្រីចិន Liu He នៅ​ការិយាល័យ​របស់​លោក​ប្រធានាធិបតី​ Donald Trump ថ្ងៃទី​១៥ មករា ២០២០។
ឧបនាយករដ្ឋមន្ត្រីចិន Liu He នៅ​ការិយាល័យ​របស់​លោក​ប្រធានាធិបតី​ Donald Trump ថ្ងៃទី​១៥ មករា ២០២០។ Reuters
ផ្សាយពាណិជ្ជកម្ម

ជម្លោះសង្រ្គាមពាណិជ្ជកម្ម ជាការ​ទំនាស់​ដែល​ប៉ះទង្គិច​គ្នា ប្រមាណ​ជា ​២ឆ្នាំមកហើយ​។ ​​ តើការចុះកិច្ចព្រមពៀងពេលនេះ គឺ​មានន័យថា សង្រ្គាមពាណិជ្ជកម្ម បានចប់ហើយមែនទេ?

​គេ​មិន​អាច​អះអាង​ដាច់​ណាត់ថា សង្រ្គាមពាណិជ្ជកម្មរវាង​មហាយក្ស​អាមេរិក​និងចិន ចប់​នៅពេល​នេះ​ នោះទេ។ ព្រោះអ្វី? គឺថា ស្ថានការណ៍​អាច​ប្រែប្រួល​គ្រប់ពេល។ ហើយ​ម្យ៉ាង​ទៀត គឺគួរ​តែ​បញ្ជាក់​ឱ្យច្បាស់​ថា  កិច្ចព្រមព្រៀង​ថ្មី​ស្តី​ពាណិជ្ជកម្ម ដែល​ចុះ​នៅ​ក្រុង​វ៉ាស៊ីនតោន​ ថ្ងៃ​ពុធ​ ទី​១៥មករា គឺគ្រាន់តែ​ដំណាក់​កាល​ជំហានទី១ តែប៉ុណ្ណោះ។ ទោះយ៉ាងណាក្តី​ គេក៏​​​អាច​និយាយ​បា​ន​ថា ស្ថានការណ៍​តានតឹង​ តឹង​សរសៃកដាក់គ្នា ឈ្លោះគ្នា​ប្រមាណ​ជា​២០ខែ​មកនេះ ចាប់ពី​ដើមឆ្នាំ​​២០១៨​មក គឺហាក់​បាន​ធូរស្រាល​មកវិញ​ ហើយ​អាច​នឹងឈាន​ទៅរក​សភាព​ប្រសើរ​ បាន​មួយ​កម្រិតដែរ​​។

កិច្ចព្រមព្រៀងថ្មីជំហានទី១នេះ គឺមិនទាន់​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​សេចក្តីន័យ​ខ្លឹ​ម​សារ​ច្រើន​នោះទេ។ តែតាម​ការ​ប្រកាស​ត្រួសៗ​ពី​លោក ដូណាល់​ ត្រាំ និងមន្ត្រី​របស់​គាត់ ព្រមទាំង​ពី​កាសែត​រដ្ឋ​ចិន គឺ​យើង​បាន​ដឹង​ខ្លះៗ។ ពីខាងអាមេរិក រដ្ឋមន្ត្រី​រតនា​ជាតិ​អាមេរិក ប្រកាស​ថា ភាគី​ចិន​សន្យា​នឹង​បង្កើន​ការ​ទិញ​ទំនិញ​អាមេរិក​ ក្នុង​តម្លៃ​ទឹក​ប្រាក់ ២០០ពាន់​លាន​ដុល្លារ​ បន្ថែម​ ដោយ​ធៀប​នឹង​ការ​ទិញ​ឆ្នាំ​២០១៧។ ទឹកប្រាក់​នេះ ទាំង​លោក ដូណាល់ ត្រាំ និង​ទាំង​មន្ត្រី​ខាង​ហិរញ្ញវត្ថុ អបអរទះដៃ​សរសើរ​និង​សរសេរ​ ​ព្រមៗគ្នា​ថា «ជាចំនួនទឹក​ប្រាក់មួយ​យ៉ាង​ច្រើន​សម្បើម ជា​ជ័យ​ជម្នះ​មួយ​យ៉ាង​អស្ចារ្យ​ ហើយ​ជា​ជំហាន​យក្ស​ សម្រាប់​អាមេរិក និង​ក្រុម​ហ៊ុន​សហគ្រាស ពិសេស​សហគ្រាស​ខាង​កសិកម្ម​​»។​

​ជា​ថ្នូរ​មកវិញ ភាគី​រដ្ឋបាលអាមេរិក ត្រូវ​ឈប់​ដំឡើង​ពន្ធ​គយ​បន្ថែម​ទៀត​ឱ្យសោះ ចំពោះ​ទំនិញ​ចិន ហើយ​មិន​តែប៉ុណ្ណោះ ត្រូវ​បញ្ចុះ​​ពន្ធ​ពាក់​កណ្តាល​ ចំពោះ​វិធានការ​ពន្ធគយ​ ដែលអាមេរិក​​បាន​ដាក់​កាលពី​ខែ​កញ្ញា​ឆ្នាំ២០១៩ គឺ​បញ្ចុះ​ពាក់កណ្តាល​ចំពោះ​ទំនិញចិន​ដែល​មាន​ក្នុង​​រង្វង់​តម្លៃ​ទឹកប្រាក់ ១២០ពាន់​លា​នដុល្លារ​។​
 

តើ​ភាគីទាំងពីរ​បាន​ចំណេញ​អ្វី​ចំពោះកិច្ចព្រមព្រៀង​ថ្មីនេះ?​

ក្នុង​រឿងចរចា​​ពាណិជ្ជក​ម្មដូច្នេះ បើ​មិន​ចំណេញ ទំនង​ភាគី​ទាំងពីរ​មិន​ព្រមធ្វើ​​នោះទេ។ ចំពោះ​ខាង​អាមេរិក​របស់​លោក​ ដូណាល់ ត្រាំ ដែល​ជាអ្នក​ជំនួញ​ស្រាប់ រឿង​ចំណេញ​លុយកាក់​ជារឿង​ធំដុំ។ តែ​លើសពីនេះ គឺចំណេញ​នយោបាយ។

បើ​តាម​អ្នក​វិភាគ, ខណៈ​ពេល​ដែល​លោក​កំពុងតែ​ត្រូវ​ស្រអាប់​មុខ​មាត់​ ដោយសារតែ​នីតិវិធី​ទម្លាក់​ប្រធានាធិបតី​ចុះពីតំណែង ដែលនេះ បទ​ចោទប្រកាន់​ផ្លូវការ​ បា​នដៅដល់​ដៃ​ព្រឹទ្ធសភា​អាមេរិក​ទៅហើយ នៅថ្ងៃ​ពុធ​ ទី​១៥មករា គឺ​ លោក​ ដូណាល់ ត្រាំ ​ចង់លើក​មុខ​ ស្តារ​បង្កើនប្រជាប្រិយភាព​របស់ខ្លួន​ឡើងវិញ សម្រាប់​អាច​ឈ្នះ​ការ​បោះឆ្នោត​ជាថ្មី​ នៅ​អាណត្តិ​ទី២ ដែល​ការ​បោះឆ្នោត​ប្រធានធិបតី​ នឹង​ចាប់ផ្តើម​នៅ​ដើម​ខែ​វិច្ឆិកា​ខាងមុខនេះ។

ការ​ចំណេញ​ចំពោះ​អាមេរិកដដែល គឺ​តាម​ការ​សន្យា​របស់​លោក  ដូណាល់ ត្រាំ ក្នុង​ការ​សើរើ​រឿង​ពាណិជ្ជកម្ម! បើ​លោក​បា​នសម្រេច​ចុះ​កិច្ចព្រមព្រៀងថ្មី ដែល​គេ​មើលទៅ​​ អាច​នាំប្រយោជន៍​ដល់​សេដ្ឋកិច្ច​និង​កសិកម្ម​អាមេរិក​នោះ គឺ​ច្បាស់​ជា​បំពេញ​ចិត្ត​អ្នក​បោះឆ្នោត​អាមេរិក​ ក្នុង​ចំនួន​ណា​មួយ​ជាមិនខាន។ ហើយ​ក៏​បង្ហាញ​ដែរថា លោក​ត្រាំ បា​នគោរព​ពាក្យ​សន្យា​របស់លោក​ ក្នុង​ការ​លើកកម្ពស់​​វិស័យ​កសិកម្ម។

ត្រង់​នេះ គេ​ក៏​គួរ​បញ្ជាក់ដែរ​ ថា​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម ប្រមាណ​២ឆ្នាំមកនេះ អាមេរិក ខាត​បង់​ថ្លៃ​មិន​ស្ទើរដែរ ទៅលើ​​ផ្នែក​នាំ​ទំនិញ​កសិកម្ម​ចូល​ស្រុក​ចិន។ ឧទាហរណ៍​ នៅ​មុន​ឆ្នាំ​២០១៨ អាមេរិក​នាំ​សណ្តែ​ក​​ចូល​ស្រុក​ចិន​ មាន​តម្លៃ​ទឹក​ប្រាក់​ស្មើ​១២,៣ពាន់​លាន​ដុល្លារ​អាមេរិក​។ ក៏ប៉ុន្តែ ចាប់ពី​ផ្ទុះ​ជម្លោះ​ពាណិជ្ជកម្ម​មក ការនាំ​សណ្តែកអាមេរិក​​ទៅ​លក់​នៅ​ចិន គឺធ្លាក់​ចុះ​យ៉ាងគំហុក​ មកបាន​ត្រឹមតែ​៣,១ពាន់​លាន​ដុល្លារ​ តែប៉ុណ្ណោះ គឺធ្លាក់​ចុះ​ជិត​៤ដង​ឯណោះ។ នេះក៏ព្រោះ​តែ​ការ​វាយបក​សងសឹក​ពី​ប៉េកាំង ដែល​ចិន​ដាក់កម្រិត​ទណ្ឌកម្ម​ចំពោះ​​ពន្ធនាំចូល​ទំនិញ​អាមេរិក។

ដូច្នេះ នៅ​ថ្ងៃទី​១៥មករា ក្រោយ​ពេល​សម្រេច​ថា​ចុះកិច្ចព្រមព្រៀង​ជំហា​នទី១ លោក ដូណាល់ ត្រាំ ប្រកាស​ឱ្យ​កសិករ​ទិញ​ត្រាក់ទ័រ​ថ្មីបន្ថែម ដើម្បី​បង្កើន​ផលិតកម្ម​កសិកម្ម​របស់ខ្លួន។​

ពី​ភាគី​ចិន​វិញ ​រដ្ឋាភិបាល​ចិន បាន​ទទួល​ស្គាល់​ថា ​កំណើនសេដ្ឋកិច្ច​ មាន​ភាព​យឺតយ៉ាវ ជាង​ការ​គិត​ទុក​ពី​មុន​ទៅ​ទៀត។ ផលិតផល​​ឧស្សាហកម្ម​ សកម្មភាព​លក់​រាយ បាន​បន្ថយ​ល្បឿន ចំណែក​សកម្មភាព​វិនិយោគ​វិញ បាន​ធ្លាក់​ចុះ​ទាប​ក្នុង​កម្រិ​ត​ដ៏​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ឡើយ ក្នុង​អំឡុង​ពេល២ទសវត្សរ៍​​កន្លង​មក​នេះ។  ហើយ​ចិន ធ្លាក់​ពីប្រទេស​ដែល​នាំ​ទំនិញ​កសិកម្ម​ទៅអាមេរិក លំដាប់​ទី​២ ធ្លាក់​មកនៅ​លេខ​រៀង​ទី​៥វិញ។ ហេតុនេះ ការ​ចុះ​កិច្ចព្រមព្រៀង​ថ្មី ស្តីពី​ពាណិជ្ជកម្ម ជាមួយ​អាមេរិក, ចិន​រំពឹង​ថា​នឹង​ជួយ​ស្រោ​ច​ស្រង​ការ​ខាត​បង់​មកវិញ ជាក់ជា​មិន​ខាន។​

ជាប្រយោជន៍​ដល់​ចិនដែរ គឺអាមេរិក​សម្រេច​ដក​ចិន​ចេញពី​បញ្ជី​ខ្មៅ នៃប្រទេស​ដែលបង្វិល​កែប្រែអត្រា​ប្តូរ​ប្រាក់ បញ្ជុះដំឡើង​ តាម​ទំនើង​ចិត្ត​នឹកឃើ​ញ​របស់ខ្លួន។ ​( Les pays manipulateurs des monnaies, ប្រទេស​ដែល​អនុវត្តមិនយុត្តិធម៌ លើនយោបាយរូបិយប័ណ្ណ ឬឧបាយកលនយោបាយរូបិយបណ្ណ)​។​

តើ​អ្វីដែលនៅជាចំណោទ សម្រាប់ការចរចាកិច្ចព្រមព្រៀង​ជំហានទី២?

ក្នុង​កិច្ចព្រមព្រៀងបឋម ជំហាន​ទី១នេះ  ចិនសន្យាធ្វើ​កំណែទម្រង់ហិរញ្ញវត្ថុ មួយចំនួនមានដូចជា ឈប់ផ្តល់ប្រាក់ឧបត្ថម្ភធនឲ្យឧស្សាហកម្មសាធារណៈ បើកទីផ្សារបន្ថែមសម្រាប់ក្រុមហ៊ុនបរទេស និងឈប់បង្ខំក្រុមហ៊ុនបរទេសឲ្យយល់ព្រមផ្ទេរបច្ចេកវិទ្យា ទៅ​រដ្ឋ​អំណាច​ចិន​ជាដើម​។ ចំណុច​សំខាន់​ៗ​ផ្នែក​រកស៊ី​ខាង​បច្ចេកវិទ្យា​និង​ហិរញ្ញវត្ថុទាំងនេះ គឺជាការ​ទាមទារ​ចង់​បាន​របស់​អាមេរិក និង​លោក ដូណាល់ ត្រាំ។ ក៏ប៉ុន្តែ នៅពេល​នេះ រដ្ឋបាល​ក្រុង​ប៉េកាំង សន្យា​ធ្វើ​កែសម្រួល​មែន ក៏ប៉ុន្តែ ចំពោះ​ក្រុម​អ្នក​វិភាគ ចោទ​សួរ​ថា តើ​ចិន​អាច​នឹង​គោរព​តាម​ការ​សន្យា​ដែរឬទេ ? ជាចំណោទ និង​នៅតែ​ជាសំណួរ​ដដែល។​

ម្យ៉ាង​វិញទៀត ករណី ​Huawei ក្រុម​ហ៊ុន​ទូរសព្ទ​យក្ស​របស់​ចិន ដែល​ជាប់​បញ្ជី​ខ្មៅ​របស់​អាមេរិក! រឿងនេះ គឺតាម​ការ​កត់​សម្គាល់​របស់​អ្នក​ជំនាញ​និងអ្នក​តាម​ដាន​ដំណើរការ​ចរចា គឺ​ហាក់​​ដូច​ជាគ្មាន​បាន​លើកឡើង​ ឬ​ក៏​បង្ហាញ​ណាមួយ​ពីខាង​អាមេរិក​សោះ។ បើសិន​ជា ​Huawei នៅតែជា​​ចំណាប់​ខ្មាំង និង​ចំណាប់​ថ្នូរដដែល ក៏​នៅតែជា​លំបាក​ផងដែរ​ ហើយ​ក៏​លំបាក​ចាប់បង្ខំ​ឱ្យ​ចិន​គោរព​សន្យាដែរ បើអាមេរិក​នៅ​តែ​​​លេង​ធ្ងន់ដៃ​ចំពោះ​ ​Huawei របស់​ចិន​ បែបនេះ។

​លក្ខខណ្ឌ​ដែល​គេ​នៅ​រង់ចាំ​មើល​ជាបន្ទាប់ សម្រាប់​ជំហានទី២ តើ​អាមេរិក​នឹង​សម្រេច​បន្ថយ​ពន្ធគយ​ចំពោះ​ទំនិញ​ចិន តាម​ការ​ទាមទារ​របស់​ចិន​ ​ដែរឬទេ? ហើយបើ​បញ្ចុះ បន្ថយ​ក្នុង​កម្រិត​ណា? ចំពោះ​ភាគ​ចិន​វិញ ក៏​គេ​កំពុង​ផ្តោតដូចគ្នា​​មើលដែរ! តើ​ចិន​គោរព​សម្តី​ឬទេ? តើ​ភាគី​ម្ខាងៗ​ហ៊ាន​សម្បទាន​ឱ្យ​គ្នា​កម្រិតណា?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ