អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​ប្រាក់​បំណុល៖ តើ​ចិន​មាន​ចំណែក​ទទួល​ខុសត្រូវ​ដែរ​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​សុក្រ ១២ សីហា ២០១១​នេះ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​​​ចិន​បាន​ជំរុញ​ឲ្យ​អឺរ៉ុប និង​អាមេរិក​ចាត់វិធានការ​ប្រកប​ដោយ​ការទទួលខុសត្រូវ ដើម្បី​គ្រប់គ្រង​ប្រាក់​បំណុល​របស់​ខ្លួន។ យើង​សង្កេត​ឃើញ​ថា ចាប់តាំង​ពី​មាន​ផ្ទុះ​វិបត្តិ​ប្រាក់​បំណុល​មក​ ចិន​បាន​​ដំឡើង​សំឡេង​​ដាក់​លោកខាងលិច ដោយ​ស្តីបន្ទោស​ផង ហើយ​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​លោកខាងលិច​មាន​ការទទួលខុសត្រូវ​ផង។ តើ​ក្នុង​វិបត្តិប្រាក់​បំណុលនេះ ​ចិន​ខ្លួនឯង​ពិតជា​មិនមាន​ចំណែក​ទទួល​ខុសត្រូវ​អ្វី​សោះ​ឬ?

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន (កណ្តាល) ជាមួយ​រដ្ឋមន្រ្តី​អាស៊ាន នៅ​ឥណ្ឌូណេស៊ី
រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន (កណ្តាល) ជាមួយ​រដ្ឋមន្រ្តី​អាស៊ាន នៅ​ឥណ្ឌូណេស៊ី REUTERS/Yusran Uccang
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​អំឡុង​ជំនួប​ថ្នាក់​រដ្ឋមន្រ្តី​អាស៊ាន នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាលពីថ្ងៃ​សុក្រ ម្សិលមិញ​នេះ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​លើកឡើង​អំពី​កង្វល់​ជុំវិញ​វិបត្តិ​ប្រាក់​បំណុល​​របស់​លោក​ខាងលិច ហើយ​បាន​ជំរុញ​ឲ្យ​​សហភាព​អឺរ៉ុប និង​អាមេរិក​ចាត់វិធានការ​​ ដើម្បី​គ្រប់គ្រង​ប្រាក់​បំណុល​របស់​ខ្លួន​ ប្រកប​ដោយ​ការ​ទទួលខុសត្រូវ។ ចាប់តាំង​ពី​ផ្ទុះវិបត្តិ​ប្រាក់​បំណុល​មក នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ដែល​ចិន​ដំឡើង​សំឡេង​ដាក់​លោក​ខាងលិច។ កន្លងមក ចិន​ក៏​ធ្លាប់​បាន​ស្តីបន្ទោស​អ្នក​នយោបាយ​អាមេរិក​ដែរ នៅពេល​ដែល​សភា​អាមេរិក​​​ជាប់គាំង​ក្នុង​ការ​អនុម័ត​ច្បាប់​ទាក់ទង​នឹង​ប្រាក់​បំណុល។

បើ​យើង​មើល​អំពី​ឥរិយាបថ​របស់​អ្នក​នយោបាយ​អាមេរិក និង​អឺរ៉ុប ក្នុង​ការដោះស្រាយ​វិបត្តិ​ប្រាក់​បំណុល​នៅពេលនេះ ការ​ស្តីបន្ទោស​របស់​ចិន​ក៏​ជា​រឿង​សមហេតុផល​ដែរ។

យើងឃើញ​ស្រាប់ហើយ​ថា នៅ​ពេល​វិបត្តិ​បំណុល​​ទើប​តែ​ផ្ទុះ​ឡើង នៅ​ត្រឹមតែ​​ប្រទេស​ក្រិក​មួយ មេដឹកនាំ​​នៅ​អឺរ៉ុប​​មិន​បាន​​ខ្នះខ្នែង​រកវិធី​ដោះស្រាយ​ឲ្យ​បាន​ស្រាចបាច់​នោះ​ទេ គឺ​រវល់​តែខ្វែងគំនិត​​គ្នា បណ្តោយ​​ឲ្យ​បញ្ហា​​​រាលដាល​ទៅ​ដល់​ប្រទេស​ផ្សេងទៀត ជាពិសេស ទៅ​ដល់​ប្រទេស​ធំៗ ដូចជា អ៊ីតាលី និង​អេស្ប៉ាញ។

នៅ​សហរដ្ឋ​អាមេរិក​វិញ សមាជិក​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​បាន​យក​មនោគមន៍​វិជ្ជា​បក្ស​ជា​ធំ បង្ក​ជា​ជម្លោះ​នយោបាយ​ ធ្វើ​ឲ្យ​​​អាមេរិក​ហៀបតែ​នឹង​ក្ស័យធន ដោយ​​មិន​គិតគូរ​ពី​ម្ចាស់​បំណុល និង​ពី​បញ្ហា​សេដ្ឋកិច្ច។

ចិន ​ដែល​ជា​ម្ចាស់​បំណុល​ដ៏ធំ​បំផុត​របស់​អាមេរិក ពិតជា​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​ស្តីបន្ទោស​ឥរិយាបថ​ខ្វះ​ការទទួលខុស​ត្រូវនេះ។ ក៏ប៉ុន្តែ និយាយបែបនេះ មិនមានន័យថា ចិន​មិនមាន​ចំណែក​ទទួលខុសត្រូវ​អ្វី​សោះ ក្នុង​វិបត្តិ​នេះ​នោះទេ។ បើ​និយាយទៅ​ដល់​​ឫសគល់​នៃ​បញ្ហា នយោបាយ​រូបិយវត្ថុ​របស់​ចិន​ក៏​មាន​ចំណែក​ទទួលខុសត្រូវ​ក្នុង​វិបត្តិ​​​បំណុល​នៅពេលនេះ​ដែរ។

​អាជ្ញាធរ​ចិន​​តែងតែ​លូកដៃ​ចូល​ធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារប្តូរប្រាក់ ដើម្បី​ទប់​លុយ​យ័ន​ឲ្យ​នៅ​ទាប​ធៀប​នឹង​លុយ​ដុល្លារ ឬ​លុយ​អឺរ៉ូ ដើម្បី​ងាយស្រួល​នាំទំនិញ​ចេញ​ទៅលក់​នៅ​បរទេស។ តម្លៃ​ពលកម្ម​​នៅ​ចិន​ក៏​ថោក​ស្រាប់ផង ហើយ​បន្ថែម​លុយ​ចិន​ក៏​ថោក​ទៀត វា​ធ្វើ​ឲ្យ​ការ​ផលិត​ទំនិញ​នៅ​ចិន​​មាន​តម្លៃកាន់តែ​ថោក​ធៀប​នឹង​​ទំនិញ​នៅ​អាមេរិក និង​អឺរ៉ុប។ សូម្បីតែ​ក្រុមហ៊ុន​ធំៗ​​ខ្លះ របស់​អាមេរិក និង​អឺរ៉ុប​​ក៏​មក​បង្កើត​រោងចក្រ​ផលិតទំនិញ​​នៅ​ចិន​ដែរ។ ជាលទ្ធផល ​កំណើន​សេដ្ឋកិច្ច​នៅ​អាមេរិក និង​អឺរ៉ុប​ មាន​អត្រា​ទាប​បំផុត ពិបាក​ក្នុង​ការ​ងើបចេញ​​ពី​វិបត្តិ​សេដ្ឋកិច្ច។ ចំណែក​ចិនវិញ​​បាន​ងើប​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​បាន​លឿន​​ រហូត​បង្ក​ជា​បញ្ហា​អតិផរណា ដោយសារ​តែ​​សេដ្ឋកិច្ច​មាន​កំណើន​ខ្ពស់ពេក។

យុទ្ធសាស្រ្ត​របស់​​ចិន​​​​នេះ​​ គឺ​ជា​ការ​ប្រកួត​ប្រជែង​ដោយ​មិនស្មើ​ភាព ពីព្រោះថា ចិន​​ប្រកាន់​របប​ដឹកនាំ​បែបកុម្មុយនិស្ត ដូច្នេះ រដ្ឋាភិបាល​ចិន​​មាន​សិទ្ធិ​អំណាច​គ្រប់គ្រង​ទីផ្សារ​ប្តូរប្រាក់​បាន​តាមចិត្ត។ ចំណែក​​​នៅ​​អាមេរិក និង​អឺរ៉ុប​វិញ ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ រដ្ឋាភិបាល​មិន​អាច​គ្រប់គ្រង​ទីផ្សារប្តូរប្រាក់​បាន​​តាមចិត្ត ដូច​រដ្ឋាភិបាល​ចិននោះ​ទេ។ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​ងើប​ចេញ​ពីវិបត្តិ​ អាមេរិក និង​អឺរ៉ុប ​មាន​តែ​បង្កើន​ការចំណាយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បំណុល​រដ្ឋ​ត្រូវ​កើនឡើង។

ការណ៍​ដែល​ចិន​មាន​លុយ​ដុល្លារ​ច្រើន​ក្នុង​ដៃ ក៏​ជា​លទ្ធផល​នៃយុទ្ធសាស្រ្ត​ទប់​លុយ​យ័នឲ្យ​នៅទាប​នេះ​ដែរ។ ដើម្បី​ទប់លុយ​យ័ន​ឲ្យ​នៅទាប​ធៀប​នឹង​ដុល្លារ ចិនប្រើ​វិធី​​ប្រមូលទិញ​ដុល្លារ​ពី​ទីផ្សារ។ បើយោង​​តាម​ប្រធាន​វិទ្យាស្ថាន​សេដ្ឋកិច្ច​អន្តរជាតិ (Peterson Institute for International Economics) អន្តរាគមន៍​របស់​អាជ្ញាធរ​ចិន​ក្នុង​ទីផ្សារ​ប្តូរប្រាក់​ មាន​បរិមាណ​យ៉ាងតិច ១ពាន់​លាន​ដុល្លារ ក្នុង​មួយ​ថ្ងៃៗ ក្នុង​រយៈពេល​យ៉ាងតិច ៥ឆ្នាំ​ចុងក្រោយ​នេះ។

ណាមួយ​ដុល្លារ​ដែល​សល់​ពី​ការ​នាំទំនិញ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​​ក៏​មាន​ច្រើន​ផង ហើយ​បន្ថែម​​ដុល្លារ​ដែល​ប្រមូលទិញ​ពី​ទីផ្សារ​ប្តូរ​ប្រាក់​​ទៀត ជាលទ្ធផល ​ចិន​សល់​លុយ​ដុល្លារ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដែល​ចិន​យក​ទៅ​ទិញ​មូលបត្រ​បំណុល​របស់​​រដ្ឋាភិបាល​អាមេរិក។

និយាយជារួម ឫសគល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ពេលនេះ កើត​ចេញ​ពី​​ប្រព័ន្ធ​នៃ​សេដ្ឋកិច្ច​ពិភពលោក ដែល​​ជា​បញ្ហា​អូសបន្លាយ​ពេល​ជាយូរ​មកហើយ​។ អាមេរិក​ប្រកាន់យក​របៀបរស់​នៅ​​ហ៊ឺហា​ហួស​ពី​សមត្ថភាព ដោយ​ចាយ​ច្រើន​ជាង​លុយ​ដែល​រក​បាន ជា​ហេតុ​​ធ្វើ​ឲ្យ​ជំពាក់​បំណុលគេ​វ័ណ្ឌ ក។ ​អឺរ៉ុប​មាន​ប្រព័ន្ធ​សេដ្ឋកិច្ច​ដ៏ចម្លែកមួយ​​​ដែល​បំបែក​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ជាពីរ​ដាច់ពី​គ្នា​ គឺ​នយោបាយ​រូបិយវត្ថុ និង​នយោបាយ​ថវិកា (ចាយលុយ​រួមគ្នា​តែមួយ​ ក៏ប៉ុន្តែ មាន​នយោបាយ​ថវិកា​ខុសៗគ្នា ទៅតាម​ប្រទេស​ជា​សមាជិក​នីមួយៗ​​​)។ នៅអាស៊ីជាពិសេស ចិន​​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ក៏ប៉ុន្តែ យុទ្ធសាស្រ្ត​កំណើន​សេដ្ឋកិច្ច​ផ្តោត​លើ​ការ​ទប់​រូបិយប័ណ្ណ​ជាតិ​ឲ្យ​នៅ​ទាប ​ដែល​ជា​ការ​ប្រកួតប្រជែង​ដោយ​មិន​ស្មើភាព។ តាមរយៈ​យុទ្ធសាស្រ្ត​នេះ ចិន​ទទួលបាន​ផលប្រយោជន៍​ខ្លួន​ឯង តែបង្ក​បញ្ហា​ដល់​​ប្រទេស​ជា​ដៃ​គូ​ពាណិជ្ជកម្ម។ ប៉ុន្តែ នៅពេល​​ប្រទេស​ដៃ​គូ​ជួប​បញ្ហា​ វិបត្តិ​សេដ្ឋកិច្ច​​​អាច​នឹង​រាលដាល​មក​ដល់​ចិន​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ