អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​បរិហារ​​រិះគន់​ប្រធានាធិបតី​ហ្វីលីពីន​ដែល​ប្រៀបធៀប​ឥរិយាបថ​ចិន​ទៅនឹង​ហ៊ីត្លែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាសែត​ផ្លូវការ​របស់​ចិន​បាន​ធ្វើការ​បរិហារ​រិះគន់​យ៉ាងធ្ងន់ៗ​ទៅលើ​លោក​អាគីណូ ប្រធានាធិបតី​ហ្វីលីពីន ដែល​​កាល​ពីថ្ងៃ​អង្គារ​បាន​ធ្វើការ​​ប្រៀបធៀប​ឥរិយាបថ​របស់​ចិន ក្នុង​ជម្លោះ​ដែនសមុទ្រ នាពេល​បច្ចុប្បន្ន​ ទៅនឹង​ឥរិយាបថ​របស់​​​​ហ៊ីត្លែរ មុន​សង្រ្គាម​លោក​លើកទី២។ កាសែត​ចិន​បាន​ហៅ​លោក​អាគីណូ​ថា​ជា​ “មនុស្ស​ដែល​អត់ដឹងអី” និង​ជា​ “អ្នក​នយោបាយ​ស្ទើរភ្លើង”។

លោក​អាគីណូ ប្រធានាធិបតី​ហ្វីលីពីន (ឆ្វេង) និង​លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន កាល​ពីថ្ងៃ​ទី១៣ ធ្នូ ២០១៣
លោក​អាគីណូ ប្រធានាធិបតី​ហ្វីលីពីន (ឆ្វេង) និង​លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន កាល​ពីថ្ងៃ​ទី១៣ ធ្នូ ២០១៣ Reuters
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អាមេរិក The New York Times កាលពីថ្ងៃ​អង្គារ លោក​អាគីណូ​ បានអំពាវនាវ​ឲ្យ​ពិភពលោក​ឲ្យ​បង្កើន​​ការគាំទ្រ​ដល់​ហ្វីលីពីន ដែល​កំពុង​ប្រឈមមុខ​ជាមួយ​ចិន ក្នុង​ជម្លោះ​ដណ្តើម​កោះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​មិន​ត្រូវ​ទុក​បណ្តោយ​ឲ្យ​ចិន​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត​នោះទេ។ លោក​បាន​បញ្ជាក់បន្ថែម​ថា “គេគួរ​នឹកចាំថា ទឹកដី Sudètes (របស់​ឆេកូស្លូវ៉ាគី) ត្រូវបាន​គេ​ទុក​បណ្តោយ​ឲ្យ​ហ៊ីត្លែរ​កាត់យក ដោយសារតែ​ចង់​តម្រូវចិត្ត​ហ៊ីត្លែរ និង​បញ្ចៀស​សង្រ្គាម​លោក​លើកទី២”

គួររំឭកឡើងវិញ​ថា ទឹកដី ​Sudètes ជាផ្នែក​មួយ​នៃ​​អតីតឆេកូស្លូវ៉ាគី ដែល​បារាំង និង​អង់គ្លេស​បាន​បណ្តោយ​ឲ្យ​​​ហ៊ីត្លែរ​កាត់យក​មក​ធ្វើ​ជា​ទឹកដី​អាល្លឺម៉ង់ នៅ​ក្នុង​ឆ្នាំ​១៩៣៨ ដោយ​គ្មាន​ប្រតិកម្ម​អ្វី​ទាំងអស់​។

សម្រាប់​លោក​អាគីណូ ការ​នៅ​ស្ងាត់ស្ងៀម​របស់​បារាំង និង​អង់គ្លេស នៅ​ពេលនោះ មិនបាន​ធ្វើ​ឲ្យ​ហ៊ីត្លែរ​ស្កប់ចិត្ត​នោះទេ ហើយ​ទីបំផុត​ទៅ សង្រ្គាម​លោក​លើកទី២ នៅតែ​ត្រូវ​ផ្ទុះឡើង។ ដូច្នេះ​ហើយ​បាន​ជា​គេ​មិន​ត្រូវ​ដើរ​ជាន់ដាន​ប្រវត្តិសាស្រ្ត​ម្តងទៀត ដោយ​ធ្វើ​មិនដឹង​មិនឮ ទុក​បណ្តោយ​ឲ្យ​ចិន​វាតទី នៅ​ក្នុង​តំបន់​អាស៊ី ​តាមចិត្ត។

សូមអាន៖ ហ្វីលីពីន​គ្រោង​ពង្រីក​សហប្រតិបត្តិការ​យោធា​ជាមួយ​អាមេរិក​ដើម្បី​ទប់ទល់​​នឹងចិន

ការលើកឡើង​បែបនេះ ត្រូវ​បាន​គេ​មើលឃើញ​ថា លោក​អាគីណូ កំពុងតែ​ចង់​ប្រៀបធៀប​ហ្វីលីពីន​បច្ចុប្បន្ន ទៅនឹង​អតីត​ឆេកូស្លូវ៉ាគី​មុន​សង្រ្គាម​លោក​លើកទី២ ចំណែក​ចិន​វិញ គឺ​ប្រៀបបាន​ទៅនឹង​អាល្លឺម៉ង់​សម័យ​ហ៊ីត្លែរ។

បណ្តាញ​សារព័ត៌មាន​រដ្ឋ​ចិន​បាន​ធ្វើការ​តបត​វិញ​យ៉ាង​ចាស់ដៃ នៅថ្ងៃ​នេះ ដោយ​បាន​​ហៅ​លោក​អាគីណូ​ថា “ជា​អ្នក​នយោបាយ​ស្ទើរភ្លើង ដែល​មិនស្គាល់​ទាំង​ប្រវត្តិសាស្រ្ត និង​ទាំង​ស្ថានភាព​ជាក់ស្តែង​បច្ចុប្បន្ន”

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​បាន​បន្ថែម​ទៀត​ថា “លោក​អាគីណូ​​កំពុងតែ​ដើរតាម​គន្លង​របស់នាយករដ្ឋមន្រ្តី​​ដ៏​គួរឲ្យ​អាម៉ាស់​របស់​ជប៉ុន គឺ​លោក​ស្ហ៊ីនហ្សូ អាបេ ដែល​កាល​ពី​ខែមុន​បាន​​ប្រៀបធៀប​ទំនាក់ទំនង រវាង​ចិន និង​ជប៉ុន ទៅនឹង​ទំនាក់ទំនង រវាង​អង់គ្លេស និង​អាល្លឺម៉ង់ នៅ​មុន​សង្រ្គាម​លោក​លើកទី១”

គួររំឭកឡើងវិញ​ថា នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក Davos នៅ​ក្នុង​ប្រទេស​ស្វ៊ីស កាល​ពី​ចុងខែ​មករា លោក​ស្ហ៊ីនហ្សូ អាបេ បាន​បង្កើត​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស​មួយ ក្រោយ​ពីលោក​បាន​មាន​ប្រសាសន៍​ថា ចិន និង​ជប៉ុន “កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រហាក់ប្រហែល​គ្នា” ទៅនឹង​អាល្លឺម៉ង់ និង​អង់គ្លេស នៅមុន​ពេល​ផ្ទុះ​សង្រ្គាម​លោក​លើកទីមួយ។ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​​បាន​លើកឡើង​ថា ទំនាក់ទំនង​រឹងមាំ​ខាង​ផ្នែក​ពាណិជ្ជកម្ម​មិនមែន​ជា​កត្តា​ដែល​អាច​បញ្ចៀស​សង្រ្គាម​បាន​នោះទេ។ នៅ​ពេលនោះ លោក​ស្ហ៊ីនហ្សូ អាបេ ក៏​បាន​រិះគន់​ចិន​ផងដែរ ជុំវិញ​ការ​បង្កើន​ថវិកា​វិស័យ​ការពារជាតិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់។

សូមអាន​៖ ១សតវត្សរ៍​ក្រោយមក​ សង្រ្គាម​លោក​នៅតែ​បន្ត​តាម​លង​ជប៉ុន

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ វិទ្យាស្ថាន​ស្រាវជ្រាវ​​ខាង​ផ្នែក​យុទ្ធសាស្រ្ត (International Institute for Strategic Studies-IISS) ដែល​មាន​ទីស្នាក់ការ​នៅ​អង់គ្លេស ទើប​នឹង​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ បង្ហាញ​ថា កាលពី​ឆ្នាំ​២០១៣​កន្លងទៅនេះ ការ​ចំណាយ​ខាង​ផ្នែក​យោធា នៅ​ក្នុង​តំបន់​អាស៊ី បានកើនឡើង​ជាង ១១% ប្រៀបធៀប​នឹង​ឆ្នាំ​២០១០ ហើយ​កំណើន​នេះ កើតមាន​ច្រើន​ជាងគេ នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា រួមមាន​ ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។

តាម​អ្នកជំនាញ​ខាង​យោធា​របស់​វិទ្យាស្ថាន IISS ជម្លោះ​ដែនសមុទ្រ គឺ​ជា​មូលហេតុ​ចម្បង​ជាងគេ ដែល​នាំ​ឲ្យ​ប្រទេស​នៅ​អាស៊ី នាំគ្នា​បង្កើន​​ការចំណាយ​ក្នុង​វិស័យ​ការពារជាតិ​ ជាពិសេស ខាង​ទ័ព​ជើងទឹក ហើយ​ថា ការ​កើនឡើង​នៃ​កម្លាំង​ទ័ព​ចិន គឺ​ជា​ដើមហេតុ​ចម្បងមួយ ដែល​នាំ​ឲ្យ​ប្រទេស​ជិតខាង​របស់​ចិន នាំគ្នា​បង្កើន​ថវិកា​ការពារជាតិ​របស់​ពួកគេ​តាមចិន​ដែរ។

យោងតាម​របាយការណ៍​របស់​វិទ្យាស្ថាន IISS ​កាលពី​ឆ្នាំ​២០១៣​កន្លងទៅនេះ សហរដ្ឋ​អាមេរិក​​នៅតែ​ជា​ប្រទេស​ដែល​ជាប់លេខ១ ខាង​ថវិកា​ការពារជាតិ (ជាង ៦០០ពាន់លាន​ដុល្លារ) ចិន​ស្ថិត​នៅ​លំដាប់ទី២ (ជាង ១១២​ពាន់លាន​ដុល្លារ) ហើយ​រុស្ស៊ី ស្ថិត​នៅ​លំដាប់ទី៣ (​ជាង ៦៨ពាន់លាន​ដុល្លារ)។ ជប៉ុនវិញ​ជាប់លេខ​៧ (៥១ពាន់លាន​ដុល្លារ) ឥណ្ឌា លេខ៩ (ជាង ៣៦ពាន់លានដុល្លារ) និង​កូរ៉េ​ខាង​ត្បូង លេខ១១ (ជិត ៣២ពាន់លាន​ដុល្លារ)។

វិទ្យាស្ថាន IISS ក៏​បាន​ព្យាករ​ផងដែរ​​ថា នៅ​​ក្នុង​រយៈពេល​ប្រហែល​ជា ២០ឆ្នាំ​ខាងមុខនេះ ថវិកា​ការពារជាតិ​របស់​ចិន​នឹង​​កើន​ឡើង​ស្មើ​សហរដ្ឋ​អាមេរិក។

ក៏ប៉ុន្តែ ថវិការ​ការពារជាតិ​ស្មើគ្នា​នេះ​មិនមែន​មានន័យថា ​ចិន​នឹង​មានកម្លាំង​ទ័ព​ស្មើ​សហរដ្ឋ​អាមេរិក​នោះទេ។ ចិន​មាន​លុយ ដើម្បី​បង្កើន​ការ​ចំណាយ​ខាង​កងទ័ព ក៏ប៉ុន្តែ អ្វី​ដែល​ចិន​ខ្វះខាត​ខ្លាំង គឺ​ចំណេះដឹង និង​បច្ចេកវិទ្យា ដែល​ចាំបាច់​ត្រូវការ​ពេលវេលា​ច្រើន​ទៀត។

បើ​តាម​ការ​ព្យាករ​របស់​វិទ្យាស្ថាន IISS នៅ​ពេល​ដែល​ចិន​បង្កើន​ថវិកា​ការពារជាតិ​បាន​ស្មើ​នឹង​សហរដ្ឋ​អាមេរិក​ហើយ ចិន​ត្រូវការ​ពេល​ប្រហែល​ពី ២០ ទៅ ៣០ឆ្នាំ​ទៀត ទើប​អាច​មាន​កម្លាំង​ទ័ព​ប្រហាក់ប្រហែល​នឹង​សហរដ្ឋ​អាមេរិក​បាន។ នេះ​មានន័យថា រហូតទៅដល់​ឆ្នាំ​២០៥០ ឬ​២០៦០​ ទើប​ចិន​អាច​ក្លាយ​ជា​មហាអំណាច​យោធា​ប្រហាក់ប្រហែល​នឹង​សហរដ្ឋ​​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ