អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​ប្រកាស​ក្លាយ​ខ្លួន​ជា​មហាអំណាច​ពាណិជ្ជកម្ម​ពិភពលោក​លេខ​មួយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ​នេះ ចិន​បានប្រកាស​​​ថាអាច​​ធានា​បាន​ភាព​ជា​មហា​អំណាច​សេដ្ឋកិច្ច ទី​មួយ​លើ​ពិភពលោក វ៉ា​ឈ្នះ​សហរដ្ឋ​អាមេរិក ពីព្រោះ​ ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​របស់​ចិន មាន​​ទំហំ​​​ជាង​៤១៦០​ពាន់​លានដុល្លារ​ ពោល​គឺ​ឡើង​ដល់​កំពូល​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន។ ប៉ុន្តែ​ចិន​នៅ​មាន​ឧបសគ្គ​ខ្លះ​ដែល​ឆ្លង​កាត់​ឱ្យ​បាន​សម្រាប់​ឆ្នាំ​២០១៤។

ចិន​ក្លាយ​ជា​មហាអំណាចពាណិជ្ជកម្ម​ពិភពលោក​​លេខ​មួយ​ឈ្នះ​សហរដ្ឋ​អាមេរិក
ចិន​ក្លាយ​ជា​មហាអំណាចពាណិជ្ជកម្ម​ពិភពលោក​​លេខ​មួយ​ឈ្នះ​សហរដ្ឋ​អាមេរិក ©Reuters
ផ្សាយពាណិជ្ជកម្ម

បើ​មើល​ទៅ​តាម​តួលេខ​នៃ​ការ​នាំ​ចេញ គេ​ពិត​ជា​អាច​និយាយ​បាន​ថា​ចិន​វ៉ា​ឈ្នះ​អាមេរិក ដែល​មហា​អំណាច​ពាណិជ្ជកម្ម​លេខ​មួយ​នៅ​លើ​ពិភពលោក តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ​មក។ ចិន​មិន​ដែល​ធ្លាប់​មាន​ការ​នាំ​ចេញ​ឡើង​ដល់​កំរិត​នេះ​ទេ ! ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​២០១៣ មាន​ទំហំ ៤១៦០​ពាន់​លាន។ ការ​នាំ​ចេញ​បាន​ប៉ោង​ឡើង​៧,៩% ឯ​ការ​នាំចេញ​ក៏​បាន​កើន​ដល់​៧,3% ជា​ហេតុធ្វើឱ្យ​សល់​ផល​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​ រីក​ធំ​ ១២,៨% ពោល​គឺ​កើន​ឡើង​លើស​ឆ្នាំ​កន្លង​ទៅ ដល់​ទៅ​ជិតពាក់​កណ្តាល (៥០%)។

 

បើ​និយាយ​ជា​ទូទៅ ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ចិន បាន​កើនឡើង​តិច​ជាង​ការ​កម្មវត្ថុ​កំណត់​ដោយ​​រដ្ឋាភិបាល កាល​ពី​មួយឆ្នាំ​មុន​ទេ។ ប៉ុន្តែ​ជា​មួយ​តួលេខ​ដ៏​ខ្ពស់​មិន​ធ្លាប់​មាន​នេះ គេ​សឹង​តែ​អាច​បញ្ជាក់​​បាន​ថា​ចិន​វ៉ា​ឈ្នះសហរដ្ឋ​អាមេរិក​ ជា​លើក​ទី​មួយ​តាំង​ពី​ឆ្នាំ​ទៅ​ម្ល៉េះ ! ចិន​ជា​មហា​អំណាច​ពាណិជ្ជកម្ម​ទី​មួយ​នៅ​លើ​ពិភពលោក បើនិយាយ​ពី​ផ្នែក​ពាណិជ្ជកម្ម។ នេះ​ជា​ការ​កោត​សរសើរ​ដោយ​ខ្លួន​ឯង​របស់​អ្នក​នាំ​ពាក្យ​ទី​ចាត់ការ​គយ​ចិន។ អ្នក​ធ្វើ​អត្ថាធិប្បាយ​ជា​ច្រើន បាន​ផ្តល់​ចំណាត់​ថ្នាក់​លេខ​មួយ​ដល់​ចិន រួច​ទៅ​ហើយ តាំង​ពីឆ្នាំ​ទៅ ប៉ុន្តែ បើ​តាម​ការ​​អះអាង​របស់​ចិន​ដដែល ចិន​ប្រើ​ពេល​យូរ ទម្រាំ​ប្រកាស​ពី​ភាព​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​មួយ​នៅលើ​ពិភពលោក​នេះ មកពី​ចិន​​​ប្តូរ​ផ្លាស់​វិធីសាស្ត្រ​គិតគូរ។

ទោះ​បី​ចិន​កំពុង​​​អង្គុយ​លើ​ចង្អេរ​លើក​ខ្លួន​ឯង​ឬ​យ៉ាង​ក៏​ដោយ ឬ​ទោះ​បី​ជា​គ្មាន​តួលេខ​ពី​ខាង​អាមេរិក​ក្តី ក៏​ដំណឹង​​នៅ​ឆ្នាំ​នេះ ជា​ដំណឹង​ពិត​ពិបាក​​ប្រកែក​បាន ពីព្រោះ​ពាណិជ្ជកម្ម​អាមេរិក​ ១១​ខែ​ គិត​ត្រឹម​តែ​វិច្ឆិកា ឆ្នាំ​២០១៣ មាន​ត្រឹម​តែ​៣៥៧ពាន់​លាន​ប៉ុណ្ណោះ ធ្វើ​យ៉ាង​ម៉េច​ក៏​មិន​អាច​លើស​ចិន​បាន​ដែរ។ ​តួលេខ​ផ្លូវ​ការ​អាមេរិក នឹង​បង្ហាញ​ឱ្យ​ដឹង​នៅ​ខែ​កុម្ភៈ​ខាង​មុខ។​ យ៉ាង​ណា​ក៏​ដោយ​ ក៏​​​ចិន​មាន​គំលាត​​ពាណិជ្ជកម្ម ច្រើន​ជាង​អាមេរិក​ដល់​ទៅ ២៥០​ពាន់​លាន​ដុល្លារ ដូច្នេះ​គឺ​គ្រប់គ្រាន់​ណាស់​សម្រាប់​បញ្ជាក់​ចំណាត់​ថ្នាក់​ប្រទេស​ទាំង​ពីរ។

​ចំណាត់​ថ្នាក់​ជា​មហាអំណាច​ទី​មួយ​នេះ គឺ​ដោយ​រំពឹង​លើ​ការ​ពាណិជ្ជកម្ម​ នាំ​ចេញ​និង​នាំ​ចូល​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​និយាយ​អំពី​កំរិត​ជីវិត​របស់ប្រជាជន​វិញ ចិន​មិន​ទាន់​អាច​ក្លាយ​ជា​មហាអំណាច​ទី​មួយ​លើ​ពិភពលោក​ទេ ព្រោះ​កំរិត​ជីវិត​ប្រជាជន​ចិន​មាន​ត្រឹម​តែ​៦០%​នេះ​ប្រជាជន​ប្រទេស​អ្នក​មាន។

​ទស្សនវិស័យ​សេដ្ឋកិច្ច​២០១៤

ថ្វី​បើ​សល់ផល​ពាណិជ្ជកម្ម កាលពី​ខែ​ធ្នូ​ធ្លាក់​ចុះ​មែនតែ​ជា​ការ​ធ្លាក់ចុះ​បើ​ប្រៀប​ទៅ​នឹង​ខែ​ឆ្នូ​ឆ្នាំ​២០១២ និង​ម្យ៉ាង​ទៀត មកពី​កាលពី​ខែ​វិច្ឆិកា​២០១៣​នេះ សល់ផល​ពាណិជ្ជកម្មចិន​ កើន​ខ្ពស់​ខ្លាំង។ ប៉ុន្តែ​នេះ​មិន​ថ្វី​ទេ ព្រោះ​ជា​សរុប​ប្រចាំ​ឆ្នាំ​សល់​ផល​ពាណិជ្ជកម្ម​ចិន​កើន​ឡើង។ ការនាំចូល​ ក៏​បាន​កើន​ឡើង​ដែរ​។ កើន​ឡើង​គួរ​ជា​ទី​ពេញ​​ចិត្ត និង​ទុក​ចិត្ត ដែល​បញ្ជាក់​ពី​ភាព​រឹង​មាំ​នៃ​តម្រូវ​ការ​និង​ទីផ្សារក្នុង​ស្រុក។ ក្រុង​ប៉េកាំង​បាន​សម្រេច​អាទិភាព​ដ៏​ចម្បង​មួយ​ ដែល​ចង់​ឱ្យ​មាន​លំនឹង​កំណើន​សេដ្ឋកិច្ច​ តាម​រយៈ​ការ​ធ្វើ​វិនិយោគ​ ការ​ចាយវាយ​ទិញ​ដូរ​ក្នុង​ស្រុក ជា​គំរូសេដ្ឋកិច្ច​ដែល​​មិន​​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​នាំ​ចេញ។ មាន​សល់​ផល​ព្រោះ​តែ​នាំ​ចេញ​និង​ថាំ​មិន​នាំ​ចូល​ទើប​គួរ​ឱ្យ​ព្រួយ​បារម្ភ ដោយ​ត្រូវ​រំពឹង​តែ​អ្នក​​ក្រៅ​។

​ឆ្នាំ​២០១៤​នេះ អាច​ចាត់​ទុក​មាន​ដំណើរ​ការ​ចាប់​ផ្តើម​ល្អ​សម្រាប់​ចិន ព្រោះ​ម្យ៉ាង​តម្រូវ​ការ​​ពិភពលោក​ក៏​ផ្តើម​រើប​។ បើតាម​អាជ្ញាធរ​ចិន សំណើ​ពី​អឺរ៉ុប​មាន​ការ​កើន​ឡើង អឺរ៉ុប​ខ្លួន​ឯង​ក៏​បាន​បញ្ជាក់ថា​ជា​ដៃគូ​ពាណិជ្ជកម្ម​ចិនទី​មួយ។ ប៉ុន្តែ​ចិន​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លាំង ជា​ពិសេស​នៅ​ចំពោះ​មុន​ការពង្រឹង​តម្លៃ​ប្រាក់​យ័ន​ នៅ​លើ​ទីផ្សារ​អន្តរជាតិ ភាព​ចុះ​​ខ្សោយ​របស់​ដៃគូ​ពាណិជ្ជកម្ម​មាន​អាទិ៍​អាស៊ាន​ អាច​ធ្វើ​ឱ្យ​ការនាំ​ចេញ​​ស្មុគស្មាញ។ ការ​ប្រយុទ្ធ​ប្រឆាំង​រីក​លូត​លាស់​ខ្លាំង​ផ្នែក​កម្ចី​ប្រាក់ ក៏​អាច​ប៉ះពាល់​ដល់​លទ្ធភាព​ចាយ​វាយ​ទិញ​ដូរ​ក្នុង​ស្រុកដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ