អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កាត់​បន្ថយ​ការ​ស្លាប់​ដោយ​ចរាចរណ៍​ អាស្រ័យ​លើ​ឆន្ទៈ​អ្នក​អនុវត្ត​ច្បាប់​ និង​​អ្នក​គោរព​ច្បាប់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ដំណាច់​ឆ្នាំ​២០១៥​នេះ ​គេ​សង្ឃឹម​ថា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ ដែល​មាន​វិសាលភាព​ធំធេង​នឹង​រួម​មក​តូច​វិញ​ ប្រសិន​បើ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដូរ​ទំលាប់​ និង​ឥរិយាបទ​អាក្រក់ ​ក្នុង​ការ​បើក​បរ​ចោល​ បែរ​ទៅ​រក​ការ​គោរព​ច្បាប់។ ដូចគ្នា​នេះ​ដែរ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដែល​អនុវត្ត​ច្បាប់​ ត្រូវ​តែ​ម៉ឺង​ម៉ាត់​ក្នុង​ការ​ផាក​ពិន័យ​និង​មិន​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ។​ ចំណុច​ទាំង​អស់​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​ស្លាប់​និង​របួស​តាម​ដង​ផ្លូវ។​

គ្រោះ​ថ្នាក់​​ចរាចរណ៍​​​នៅ​​ស្រុក​​ស្វាយ​​ទាប​ ​ខេត្ត​​ស្វាយ​​រៀង​​ នា​ពេល​កន្លង​ទៅ។​
គ្រោះ​ថ្នាក់​​ចរាចរណ៍​​​នៅ​​ស្រុក​​ស្វាយ​​ទាប​ ​ខេត្ត​​ស្វាយ​​រៀង​​ នា​ពេល​កន្លង​ទៅ។​
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ទី​០១ ខែ​០១ ឆ្នាំ២០១៦ ​នៅមិ​ន​ឆ្ងាយ​ប៉ុន្មាន​ទេ ​ធ្មេច​បើក​ៗ​​នឹង​ដល់​ហើយ ​ប៉ុន្តែ​កែវ​ភ្នែក​ដែល​ស្រវាំង​ ដោយសារ​ឈាម​ក្រាល​លើ​ដង​ផ្លូវ​នៅ​ឆ្នាំ​ចាស់ ​នឹង​ភ្លឺ​ឡើង​វិញ​នៅ​ឆ្នាំថ្មី​ ហើយ​សង្ឃឹម​ថា​នឹង​មើល​មិន​ឃើញ​មនុស្ស​នៅ​បន្ត​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​នាក់​ទៀត​ទេ​ក្នុង​មួយ​ថ្ងៃ​ៗ ​ខណៈ​ដែល​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នឹង​ត្រូវ​បាន​អះអាង​ថា​រឹត​បន្តឹង​មែន​ទែន​ហើយ​នៅ​ពេល​នោះ?​

តាម​ការ​ជូន​ដំណឹង​របស់​មេ​ប៉ូលិស​​ជាតិ​លោក​នេត សាវឿន ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​មន្ត្រី​នគរបាល​ចរាចរណ៍​ត្រូវ​បាន​ប្រាប់​ឲ្យ​ប្រុង​ប្រៀប​រៀបចំ​ខ្លួន​លោក​ចូល​ទៅ​ក្នុង​របត់​ថ្មី​មួយ​ក្នុង​ការ​អនុវត្ត ​និង​ពង្រឹង ច្បាប់​ចរាចរណ៍​ឲ្យ​បាន​តឹង​តែង​ចាប់​ពី​ថ្ងៃ​០១ មករា ឆ្នាំ​២០១៦​តទៅ។ យុទ្ធនាការ​រឹត​បន្តឹង​នោះ​រួមមាន​ការ​ត្រួត​ពិនិត្យ​ព្រម​ៗ​គ្នា​​នៅ​គ្រប់​ទី​កន្លែង​ទូទាំង​ប្រទេស​ទាំង​នៅ​លើ​ទ្រូង​ផ្លូវ​ ចំណត​យានយន្ត​ កំពង់​ផែ ​កំពង់​ចំលង ​សាលា​បង្រៀន​បើកបរ​​យានដ្ឋាន​ជួស​ជុល​កែច្នៃជា​ដើម។​

ហើយ​ចំណុច​ដែល​ត្រូវ​កត់​សម្គាល់​នោះ​នឹង​ត្រូវ​តែ​ផាក​ពិន័យ​ឲ្យ​បាន​ម៉ឺងម៉ាត់​នោះ​ គឺ​ករណី​បើកបរ​ដោយ​គ្មាន​ប័ណ្ណ​បើកបរ​ បើកបរ​លើស​ល្បឿន​កំណត់ ​មិន​គោរព​ផ្លាក​ចរាចរណ៍ ​បើកបរ​ក្រោមឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ​មិន​ពាក់​មួក ​ខ្សែ​ក្រវ៉ាត់ ​ការ​ផ្ទុក​ទំនិញសំ​ពីង​សំពោង ​យានយន្ត​មិន​គ្រប់​លក្ខណៈ​បច្ចេកទេស។ល។និង។ល។

ជា​ការ​កត់​សម្គាល់​នៅ​ថ្ងៃ​០១​ មករា​ ឆ្នាំ​២០១៦ ​គឺ​ជា​ឱកាស​ចុង​ក្រោយ​ហើយ​នៃ​ប្រទេស​កម្ពុជា​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ប្រឹង​ប្រែង​នាំ​មក​នូវ​ភាព​សុខដុម​រម្យនា​តាម​ដង​ផ្លូវ​ជូន​ប្រជាពលរដ្ឋ ​បន្ទាប់​​ពី​​ការ​​​​​ស្លាប់​​ដោយសារ​​ចរាចរណ៍​​​នៅ​​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ការ​ស្លាប់​ដ៏​ច្រើន​បំផុត​លើស​សម័យ​សង្គ្រាម​ទៅ​ទៀត។ ​ការ​ដែល​គិតថា​វា​ជា​ឱកាស​ចុង​ក្រោយ​លើ​បញ្ហា​ចរាចរណ៍​នោះ​ ក៏​ដោយសារ​ប្រទេស​កម្ពុជា​បាន​សាក​ល្បង​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ​ជា​ច្រើន​ដង​ហើយ ​តែ​មិន​ដែល​បាន​ទទួលជោ​គជ័យ​នោះទេ​។ ​ការ​ដែល​មិន​មាន​ជោគ​ជ័យ​​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ចរាចរណ៍​មាន​ការ​កើន​ឡើង​មិន​ថមថយ​ក្នុង​រង្វង់​ជា​មធ្យម​ពី​៥​ទៅ​៦​នាក់​ក្នុង​មួយ​ថ្ងៃ។​

មែន​ហើយ​ ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ដែល​ធ្លាប់​តែ​ប្រើប្រាស់​ផ្លូវ​ ឬ​ធ្វើ​អ្វី​ៗ​ទៅ​តាម​ទំលាប់​នោះ​ មិនសូវ​ខ្វល់​ពី​ច្បាប់​ទេ​។ ឥរិយាបទ​បែប​នេះ​ គឺជា​កំហុស​ឆ្គង​ដ៏​ធំ​បំផុត​របស់​មនុស្ស​ខ្មែរ​ នៅ​ពេល​ដែល​ពលរដ្ឋ​ដទៃ​ឈាន​ទៅ​ដល់​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើប​អស់​ទៅ​ហើយ។ ​កំហុស​ត្រ​ង់ថា​ទំលាប់​អាក្រក់​វា​ឈាន​ទៅ​ដល់​ការ​បាត់បង់​ជីវិត​ដ៏​ច្រើនស​ន្ធឹក​សន្ធាប់​ ដោយ​សារ​ចរាចរណ៍ ​ដែល​ជា​រឿង​អាម៉ាស់​មួយ​សម្រាប់​ប្រជាជន​នឹង​ប្រទេស​ដែល​មិន​មាន​លទ្ធភាព​កែ​លម្អរ​ស្ថានភាព​អាក្រក់​បាន​ បើ​ទោះ​ថា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​មាន​សន្តិភាព​យូរ​ឆ្នាំ​មក​ហើយ។

​ទាក់​ទង​គ្នានេះដែ​រ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ទទួល​បន្ទុក​ចរាចរណ៍​ វប្បធម៌​អន្តរាគមន៍​របស់​សមត្ថកិច្ច​ឯ​ទៀត​លើ​រឿង​ចរាចរណ៍ ​កន្លង​មក​បាន​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​រុញ​ច្រាន​ឲ្យ​ប្រជាជន​ព្រងើយ​កន្តើយ​ និង​មិ​នយ​កចិត្ត​ទុក​ដាក់​ពី​ការ​គោរព​ច្បាប់។ ​មិន​គោរព​ដោយសារ​ប៉ូលិស​ចរាចរណ៍​នៅ​មាន​ភាព​មិន​ច្បាស់​លាស់​ក្នុង​ការ​ផាក​ពិន័យ ​ដោយ​កន្លែង​ខ្លះ​ប៉ូលិស​ចរាចរណ៍​នៅ​តែ​បន្ត​យក​លុយ​ពី​ម្ចាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ល្មើស​ច្បាប់​ ក្រោម​រូបភាព​ប្រើប្រាស់​ជន​ស៊ីវិល ​បើ​ទោះ​ណា​ជា​ចំណូល​ពី​ការ​ផាក​ពិន័យ​ស្រប​ច្បាប់​ត្រូវ​បាន​ចែក​រំលែក​ជាង​៩០%​ទៅ​ឲ្យ​ប៉ូលិស​ក៏​ដោយ។

តាម​ន័យ​សត្យានុម័ត​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​មួ​យ​ចំនួន​កន្លង​មក​ ក្រៅ​​​ពីទំលាប់​និង​ឥរិយាបទ​ ដែល​ពិបាក​កែ ​គឺ​មក​ពី​មន្ត្រី​អនុវត្ត​ច្បាប់​ដូចជា​ប៉ូលិស​ចរាចរណ៍​ជា​ដើម​មាន​ភាព​ធូរលុង។

ដូច្នេះ​សម្រាប់​ការ​តាំង​ចិត្ត​នៅ​ឆ្នាំ​ថ្មី​នេះ​ថា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​លើ​ការ​គោរព​ច្បាប់​ចរាចរណ៍​នោះ ​គឺ​ជាកា​រពឹ​ងពាក់​ទាំង​ស្រុង​ទៅ​លើ​ប៉ូលិស​ចរាចរណ៍​នេះ​ឯង។​ តែ​បើ​ប៉ូលិស​ ចរាចរណ៍​និង​ពលរដ្ឋ​ខ្លះ​នៅ​តែ​ប្រកាន់អ​កប្បកិរិយា​ដូច​មុន​ទៀត ​នោះ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ​នឹង​មិន​ទទួល​បាន​ជោគ​ជ័យ​ទេ ​ហើយ​ពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​ស្លាប់​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ថ្ងៃ​ៗ​នៅ​​តែ​ច្រើន​ដដែល។

ទោះ​យ៉ាង​នេះ​ក្តី​ មាន​ការ​កត់​សម្គាល់​ថា​នៅ​ក្នុង​សម័យ​កាល​មួយ​ដែល​វិទ្យាសាស្ត្រ​មាន​ការ​វិវត្ត​ទៅ​មុខ ​ទំលាប់​អាក្រក់​របស់​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ក្នុង​ការ​បើកបរ​នឹង​មិន​អាច​ធំ​ជាង​ច្បាប់​ទៀត​ឡើយ ​ដរាប​ណា​ច្បាប់​គឺ​ជា​ច្បាប់ ​អ្នក​អនុវត្ត​ច្បាប់​ត្រូវ​មាន​ភាព​ប្រាកដ​ប្រជា ​ដោយ​គ្មាន​ការ​យោគ​យល់។​

លើស​ពី​នេះ​ រដ្ឋ​ក៏​មាន​ភារកិច្ច​ចាំបាច់​ដែរ​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ​និង​ការ​គោរព​ច្បាប់​ គឺ​ធ្វើ​យ៉ាង​ណា​កែ​សម្រួល​ស្ថានភាព​ផ្លូវ​ថ្នល់​នៅ​ទូទាំង​ប្រទេស ​ដោយ​បំពាក់ ​ស្លាក​សញ្ញា ​ចំណាំង​ផ្លាត​ និង​គំនូស​ចរាចរណ៍​ឲ្យ​គ្រប់​លក្ខណៈ​បច្ចេក​ទេស។​ ការ​ចូលរួម​ព្រម​ៗ​គ្នា​ ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច ​និង​ប្រជាពលរដ្ឋ​ឈរ​នៅ​លើ​គោល​ការណ៍​ច្បាប់​តែ​មួយ​ គេ​​មា​នជំនឿថា​ការ​ស្លាប់​ និង​របួស​ដោយសារ​ចរាចរណ៍​ប្រាកដ​ជា​មាន​ការ​កាត់​បន្ថយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ