អានតួអត្ថបទ

គណបក្ស​ដែល​គ្មាន​អាសនៈ​នៅ​សភា​ចំនួន​បី​ហើយ​ដែល​បដិសេធ​ការប្រជុំ​ចង​សម្ព័ន្ធ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹងមិន​ទៅ​ប្រជុំ​ជាមួយ​គណបក្ស​អំណាច​ខ្មែរ​របស់លោក សួន សេរី​រដ្ឋា ដែល​បានស្នើ​ចងសម្ព័ន្ធ​គណបក្ស​ដែល​គ្មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​កម្ពុជា។ ការប្រជុំ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥នោះ ក៏ត្រូវ​បាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បដិសេធចោល​ដែរ។ មូលហេតុ​មួយចំនួន​ត្រូវបាន​គណបក្ស​ទាំងនោះ​លើកឡើង។

លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ។
លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ។
ផ្សាយពាណិជ្ជកម្ម

គឺ«ដើម្បី​តស៊ូ​គោលនយោបាយ​រួម» ដែល​គណបក្ស​អំណាច​ខ្មែរ​ចង់ឱ្យ​គណបក្ស​នានា​ដែល​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា​កម្ពុជា ចង់សម្ព័ន្ធ​នឹង​គ្នា។ ទោះបីជា«មិនមែន​មានន័យថា​ហៅ​មក​ចងសម្ព័ន្ធ​ធ្វើជា​គណបក្ស​តែមួយ»ក្តី ក៏​មកដល់ពេលនេះ គណបក្ស​បី​ហើយ​ដែលថា​មិន​ទៅ​ប្រជុំ នៅ​ដើមខែ​តុលា។

លោក សាម អ៊ី​ន អ្នកនាំពាក្យ​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ពន្យល់ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ថា គណបក្ស​របស់លោក«រវល់​ច្រើន​ទាក់ទង​នឹង​កិច្ចការងារ​ពង្រឹង​ស្ថាប័ន​របស់​គណបក្ស ហើយ​និង​កិច្ចការងារ​ផ្តល់​វគ្គ​បណ្ដុះបណ្ដាលផ្សេងៗដល់​សមាជិក​នៅតាម​មូលដ្ឋាន»។

កាលពីដើម​សប្ដាហ៍​នេះ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​លោក ម៉ម សូណង់ដូ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក ខឹម វាសនា ក៏បាន​លើក​មូលហេតុ​ខ្លះ​នៃ​ការបដិសេធ​សំណើ​របស់លោក សួន សេរី​រដ្ឋា ដែលជា​ប្រធាន​ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ​ដែរ។

លោក ម៉ម សូ​ណង់ បាន​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ថា លោក«ប្រហែលជា​អត់​បាន​ទៅ​ចូលរួម​ទេ» ព្រោះ​លោក«មាន​កិច្ច​ការធ្វើ​ផ្សេងទៀត» រីឯ​លោក ខឹម វាសនា វិញ បាន​អះអាង​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ដែរ​ថា «អត់​ទៅ​ទេ» ដោយសារ​គណបក្ស​អំណាច​ខ្មែរ​សរសេរ​ឈ្មោះ​គណបក្ស​លោក​ខុស ហើយ​ថា«អ្នកនយោបាយ​ខ្មែរ​ចូលចិត្ត​បង្កើត​ព្រឹត្តិការណ៍»។

ដោយឡែក គណបក្ស​ហ្វ៊ុនស៊ីនប៉ិច «កំពុង​ពិចារណា»សំណើ​របស់លោក សួន សេរី​រដ្ឋា។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ ញេ​ប ប៊ុនជិន ដែល​បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន​គណបក្ស​រាជានិយម កំពុង​មមាញឹក​ពង្រឹង​រចនាសម្ព័ន្ធ​នៅក្នុង​ខេត្តធំៗរបស់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ