អានតួអត្ថបទ
កម្ពុជា

គណបក្ស​​អំណាច​​ខ្មែរ​​អញ្ជើញ​​គណបក្ស​​ដែល​​គ្មាន​​អាសនៈ​​ក្នុង​​រដ្ឋសភា ​ចង​សម្ព័ន្ធ​

គឺ«ដើម្បី​តស៊ូ​គោលនយោបាយ​រួម» ដែល​គណបក្ស​អំណាច​ខ្មែរ​របស់លោក សួន សេរី​រដ្ឋា ចង់ឱ្យ​គណបក្ស​នានា​ដែល​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា​កម្ពុជា ចងសម្ព័ន្ធ​នឹង​គ្នា។ ប្រធាន​គណបក្ស​នេះ មាន​មូលហេតុ​មួយចំនួន​ដែល​ធ្វើឱ្យ​ការ​ចងសម្ព័ន្ធ​នេះ«ចាំបាច់​សម្រាប់​គ្រប់​គណបក្សនយោបាយ​ទាំងអស់​ដែល​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា»។

គណបក្ស​អំណាច​ព​លរដ្ឋ​ខ្មែរ​
គណបក្ស​អំណាច​ព​លរដ្ឋ​ខ្មែរ​ @Sourn Serey Ratha Facebook
ផ្សាយពាណិជ្ជកម្ម

 

លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​គ្រោង​ត្រឡប់​ពី​បរទេស​មកដល់​អាកាសយានដ្ឋាន​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០១៥ តាម​ច្រក​ឥស្សរជន​ជាន់ខ្ពស់ នឹង​ចូលប្រជុំ​ជាមួយ​ប្រធាន​គណបក្សនយោបាយ​មួយចំនួន នៅ​ថ្ងៃ​សុក្រ ទី០២ ខែតុលា ឆ្នាំ​ដដែល។

គោលបំណង​នៃ​ការប្រជុំ​នេះ​គឺ«ចងសម្ព័ន្ធ​គណបក្ស​ដែល​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា ដើម្បី​តស៊ូ​គោលនយោបាយ​រួម»។ នេះ​បើតាម​លិខិតអញ្ជើញ​ដែល​ប្រមុខ​បក្ស​នៅក្រៅ​រដ្ឋាភិបាល​ទើប​បង្កើត​ថ្មី​ខាងលើ បាន​ផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥។ ប៉ុន្តែ ពីរ​ថ្ងៃ​ក្រោយមក លោក សួន សេរី​រដ្ឋា បាន​បំភ្លឺ​បន្ថែមថា ការជជែក​នោះ«មិនមែន​មានន័យថា​ហៅ​មក​ចងសម្ព័ន្ធ​ធ្វើជា​គណបក្ស​តែមួយ​ទេ»។

គោលនយោបាយ​ដែល​គណបក្ស​អំណាច​ខ្មែរ​បាន​ចម្រាញ់​ធ្វើជា​មូលដ្ឋាន​សម្រាប់​តស៊ូ​មតិរួម​គ្នា​ជាមួយ​គណបក្ស​នានា​ដែល​គ្មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​កម្ពុជា មាន៥ចំណុច ក្នុង​ចំណោម​នោះ​ក៏មានដែរ៖ ១) ការទាមទារ​បង្កើត​ឲ្យ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ឯករាជ្យ​ពិតប្រាកដ ២) ការទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឯ​បរទេស​បាន​បោះឆ្នោត​នៅ​ទីកន្លែង​ដែល​ពួកគេ​រស់នៅ និង​ធ្វើការ និង៣) ការទាមទារ​ឲ្យ​មានច្បាប់​កំណត់​អាណត្តិ​បេក្ខជន​អ្នក​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី ហើយ​នាយករដ្ឋមន្ត្រី​ត្រូវ​បោះឆ្នោត​រើស​ផ្ទាល់​ដោយ​ពលរដ្ឋ។

មន្ត្រី​គណបក្ស​អំណាច​ខ្មែរ​បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ថា រហូតមកដល់​ពេលនេះ គណបក្ស​អំណាច​ខ្មែរ​បាន​បញ្ជូន​លិខិតអញ្ជើញ​ទៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​រួចហើយ។

ចំពោះ​រឿងនេះ លោក ម៉ម សូ​ណង់ ដែលជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិប​តេយ្យ បាន​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ដែរ​ថា លោក​គាំទ្រ​ការតវ៉ា​ដើម្បីឱ្យ​មានការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ប៉ុន្តែ​ថា«ប្រហែលជា​អត់​បាន​ទៅ​ចូលរួម​ទេ» ព្រោះ​លោក«មាន​កិច្ច​ការធ្វើ​ផ្សេងទៀត»៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ