អានតួអត្ថបទ
កម្ពុជា-ច្បាប់

CNRP​ សោក​ស្ដាយ​ដែល គ.ជ.ប បដិសេធ​សំណើ​សុំ​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​បុណ្យភ្ជុំ​បិណ្ឌ

មួយ​ថ្ងៃ​បន្ទាប់​ពី គ.ជ.ប ប្រកាស​ថា នឹង​មិន​ពិចារណា​លើ​សំណើ​សុំ​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​សៅ​នេះ​តាមរយៈ​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ បាន​សម្ដែង​ការ​សោក​ស្ដាយ​និង​ស្នើ​ឲ្យ គ.ជ.ប ពិចារណា​ឡើង​វិញ​នូវ​លទ្ធភាព​ដែល​អាច​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​បាន​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ។  

លោក ស៊ិក ប៊ុនហុក ប្រធានគជបថ្មី។
លោក ស៊ិក ប៊ុនហុក ប្រធានគជបថ្មី។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​បដិសេធ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត គ.ជ.ប ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥សីហា​បន្ទាប់​ពី គណបក្ស​សង្គ្រោះជាតិ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ គ.ជ.ប ដើម្បី​ស្នើ​សុំពិនិត្យ​លទ្ធ​ភាពឲ្យ​មាន​ការ​ចុះ​ឈ្មោះបោះឆ្នោតនៅ​ថ្ងៃ​ឈប់​សម្រាកបុណ្យ​ភ្ជុំ​បិណ្ឌដើម្បី​បង្ក​លក្ខណៈ​ងាយ​​ស្រួល អាច​ឲ្យ​ពួក​គេ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត បាន តាម​ទីកន្លែង​ដែល​សាមី​ខ្លួន​មាន​បំណង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។

លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប លើក​ឡើង​ថា ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​រៀប​ចំ​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌ អាច​ប៉ះ​ពាល់​ដល់​ភាព​ឯករាជ្យ​របស់ គ.ជ.ប និង ប៉ះពាល់​ដល់​សិទ្ធិ​មន្ត្រី​រាជការ​ដែល​ត្រូវ​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​ជាតិ។

លោក​បន្ថែម​ថា គ.ជ.ប មិន​អាច​ធ្វើ​អ្វី​លើស​ពី​ច្បាប់​កំណត់​បាន​ទេ។ ច្បាប់​កំណត់ដែល តម្រូវ​ឲ្យ គ.ជ.ប ប្រើ​រយៈ​ពេល​៩០​ថ្ងៃ ធ្វើ​ការ​ទាំង​ថ្ងៃ​សៅរ៍​និង​អាទិត្យ ដែល​ចាប់​ពីថ្ងៃ​ទី​១​ខែ​កញ្ញា​រហូត​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុម​ហ្វ្រែល​ទទួល​ស្គាល់​ថា អាច​នឹង​មាន​ការ​ប្រឈម​​​​ខ្លះ​ប្រសិន​បើ​ឲ្យ​មន្ត្រី​រាជការ​ធ្វើ​ការ​ចុះ​ ឈ្មោះ​បោះ​ឆ្នោត​របស់​ពលរដ្ឋ​ចំណាកស្រុក​នៅ​​ថ្ងៃ​ភ្ជុំ​បិណ្ឌ​នោះ។ ប៉ុន្តែ​លោក​ផ្ដល់​យោបល់​ថា គ.ជ.ប អាច​ធ្វើ​ការងារ​នេះបាន​តាម​រយៈ​ការ​ដាក់​វេន​គ្នា​ឬ​ក៏​បន្ថែម​ប្រាក់​ ឧបត្ថម្ភ។ លោក គល់ បញ្ញា គូស​បញ្ជាក់ថា គ.ជ.ប គួរ​តែ​បង្ហាញ​ឆន្ទៈ​ជួយ​សម្រួល​ដល់​កម្មករ​ចំណាក់​ស្រុក​ឲ្យ​បាន​ចុះ​ ឈ្មោះបោះ​ឆ្នោត​ក្នុង​គ្រា​ដែល​គ្នា​ឈប់​សម្រាក់​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ។

សូម​បញ្ជាក់​ថា គ.ជ.ប បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​មាន​ជាង​១៥​លាន​នាក់។ ក្នុង​នោះ​អាយុ១៨​ឆ្នាំ​ឡើង​មាន​ជាង​៩​លាន​៦​សែន​នាក់​ហើយ​អត់​ទាន់​មាន​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​មាន​ជិត​២លាន​នាក់។ ដោយ​ឡែក​ន្លង​មក​ក្រសួងការងារ​ក៏​បាន​ប្រកាស​សហការជា​មួយ ​គ.ជ.ប សម្រួល​ដល់​ពលករ​ខ្មែរ​នៅ​ថៃ​ឲ្យ​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាំង​តែ​មួយ​ខែ​ទៀត​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​១​កញ្ញា​ខាង​មុខ៕

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ