អានតួអត្ថបទ
កម្ពុជា

គជប ​ធ្វើ​ប្រតិភូ​កម្ម​អំណាច​ដល់​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ​លើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​ថ្មី

គណៈកម្មាធិការ​​ជាតិ​​រៀបចំ​​ការ​បោះឆ្នោត ​ហៅ​​កាត់​ថា ​(គជប) ​បាន​សម្រេច​​ធ្វើ​​ប្រតិភូកម្ម​​អំណាច​​ដល់​​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ​ក្នុង​ការ​​ពិនិត្យ​​បញ្ជី​​ឈ្មោះ​​និង​​ចុះ​ឈ្មោះ​​បោះឆ្នោត​​ថ្មី។ ​ការ​ផ្តល់​អំណាច​​ក្នុង​ការ​​ចុះ​ឈ្មោះ​​និង​​ពិនិត្យ​​បញ្ជី​​ឈ្មោះ​​បោះឆ្នោត​​របស់​​អាជ្ញាធរ​​ឃុំ​​សង្កាត់​​កាល​ពី​​ពេល​មុន ​ត្រូវ​​ទទួល​រង​​នូវ​​ការ​​រិះគន់​ថា ​បាន​ធ្វើ​​ឲ្យ​​បាត់​ឈ្មោះ​​អ្នក​បោះឆ្នោត ​ប៉ុន្តែ​​មន្ត្រី ​គជប ​បាន​​អះអាង​ថា ​ការ​ធ្វើ​ប្រតិភូកម្ម​​អំណាច​​ក្រោម ​គជប ​ថ្មី​នេះ ​នឹង​មិន​​ផ្តល់​​អំណាច​​​ច្រើន​​ដល់​​ពួកគេ​​ទៀត​​ទេ។

ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ
ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

 

ការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១ខែកញ្ញា​តទៅ នៅតាម​ឃុំ​សង្កាត់​ចំនួន​១៦៣៣​ឃុំ។ យោង​តាម​ប្រតិ​ទិននៃ​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០១៦ របស់​គណៈ​កម្មាធិការ​ជាតិ​​​រៀប​ចំ​ការបោះឆ្នោត ហៅ​កាត់​ថា (គជប) ចុះ​ថ្ងៃទី៣១ឧសភា​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​១​ខែ​​សីហា​ខាងមុខនេះ​តទៅ គជប នឹង​ចាប់ផ្តើម​ចែក​លិខិតអញ្ជើញ​ដល់​អ្នក​ចុះឈ្មោះ​បោះ​ឆ្នោត​​ថ្មី ហើយក៏​ជា​ពេលវេលា​ដ៏​មមាញឹក ដែល គជប ត្រូវបំពេញ​ការងារ​រ​បស់​ខ្លួន រហូតដល់​ខែ​​កុម្ភៈ​​ឆ្នាំ​២០១៧ ​ដើម្បី​​ត្រៀម​រៀបចំ​​ការ​បោះឆ្នោត​​ឃុំ​​សង្កាត់ ​ដែល​​នឹង​​ប្រព្រឹត្ត​ទៅ ​នៅ​​ថ្ងៃទី​៤ មិថុនា ឆ្នាំ២០១៦​។​

ទន្ទឹម​​គ្នា​នេះ ​គជប ក៏បាន​សម្រេច​ធ្វើ​ប្រតិភូកម្ម​អំណាច​ដល់​ក្រុម​ប្រឹក្សា​ឃុំ-​​សង្កាត់​​ក្នុង​ការ​​ពិនិត្យ​​​​និង​​ចុះឈ្មោះ​បោះឆ្នោត ដែល​កន្លងមក​ត្រូវបាន​គេ​រិះគន់ថា បានធ្វើ​ឲ្យ​បាត់ឈ្មោះ​អ្នក​បោះ​​ឆ្នោត​​ផងដែរ។ ​ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក ហង់ ពុទ្ធា ​អ្នកនាំពាក្យ​ គជប បាន​​បញ្ជាក់​ថា ​ការធ្វើប្រតិភូកម្ម​អំណាច​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុងការ​​ពិនិត្យ​​និង​​ចុះឈ្មោះ​បោះ​​ឆ្នោត​ថ្មី​នេះ ពួកគេ​នឹងមិន​មាន​សិទ្ធិអំណាច​ដូច​មុន​នោះទេ ព្រោះថា នៅត្រង់​ប្រការ៨នៃ​សេចក្តីសម្រេច​ចុះ​ថ្ងៃទី៣១ឧសភា​បាន​ចែងថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​​តែ​​ទទួលខុសត្រូវ​រួម​លើ​ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ និង​​ចុះឈ្មោះ​បោះឆ្នោត​​នេះ។ លោក ហង់ ពុទ្ធា បាន​បញ្ជាក់ថា ពួកគេ​នឹងមាន​ទោស ប្រសិន​បើ​រក​ឃើញ​​ពី​​កំហុស​​ក្នុង​កិច្ច​ដំណើរ​ការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ។

ចំណែក លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា ហៅថា ខុម​ហ្វ្រែល បានប្រកាសថា អង្គការ​សង្គម​ស៊ីវិល​របស់លោក រួម​ជាមួយនឹង​​អង្គការ​​សង្គម​ស៊ីវិល​​​មួយ​​ចំនួន​ទៀត បាន​ត្រៀម​បញ្ជូន​អ្នកសង្កេតការណ៍​ប្រមាណ​ជា​៦០០នាក់ ដើម្បី​​ឃ្លាំ​មើល​​​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ។ ប៉ុន្តែ លោក គល់ បញ្ញា បារម្ភ​ថា បញ្ហា​នយោ​បាយ និង​អាកាសធាតុ ​អាច​​នឹង​​រំខាន​​ដល់​​ដំណើរ​ការ​​ចុះ​ឈ្មោះ​​បោះឆ្នោត​​ថ្មី​​នេះ។​

សូមបញ្ជាក់ថា ការចុះឈ្មោះ​បោះឆ្នោត​ថ្មី នឹង​បញ្ចប់ទៅ​នៅ​ថ្ងៃទី ២៩ ខែវិច្ឆិការ ឆ្នាំ២០១៦។​ ក្នុង​​​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ដែលមាន​រយៈពេល៣ខែ​នេះ គជប បាន​​ទុក​​រយៈពេល​​២​ខែ​​ ដើម្បី​ប្តឹងតវ៉ា​ជំទាស់។ ហើយ​នៅ​ថ្ងៃទី៣មករា​ឆ្នាំ២០១៧ បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​មួយ នឹង​ត្រូវ​បិទ​ផ្សាយ​នៅតាម​ឃុំ-​​សង្កាត់​​នៅ​​ទូទាំង​ប្រទេស។​

សូម​បញ្ជាក់ដែរថា ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ​ដែលមាន​អាយុ​​​ចាប់​ពី១៨ឆ្នាំ​ឡើងទៅ ក្នុងនោះ រួមទាំង​ព្រះសង្ឃ​ផង ត្រូវមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​​​ខ្មែរ ​ប៉ុន្តែ​​ក្នុង​ករណី​​ដែល​​ប្រជាពលរដ្ឋ ​រឺ​ ព្រះសង្ឃ​មិនមាន​អត្តសញ្ញាណប័ណ្ណ ពួកគេ​ក៏​​អាច​ចុះឈ្មោះ​បាន​ដែរ ដោយ​គ្រាន់តែ​ទៅសុំ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ពី​អាជ្ញាធរ​ឃុំ​សង្កាត់​​ដែល​​ខ្លួន​រស់នៅ ដោយ​យកទៅ​ជាមួយ​នូវ​សំបុត្រកំណើត និង​សៀវភៅ​គ្រួសារ​តែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ