អានតួអត្ថបទ
កម្ពុជា

គជប អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ត្រៀម​ខ្លួន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ថ្ងៃ​ទី​១​កញ្ញា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​ប្រកាស​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ១​កញ្ញា ដល់​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះហើយ។ ជាមួយ​គ្នា​នេះ គជប បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​គ្រប់​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​ ត្រៀម​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ហើយ​ថា បើ​ប្រជាពលរដ្ឋ​ណា​មិន​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​ទេ នឹង​មិន​មាន​ឈ្មោះ​នៅ​ថ្ងៃ​បោះឆ្នោត​ឡើយ។

ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ
ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ ដែល​មាន​រយៈ​ពេល​៣​ខែ (១កញ្ញា-២៩វិច្ឆិកា) នឹង​ធ្វើ​ឡើង​នៅ​តាម​សាលា​ឃុំ​សង្កាត់ និង​នៅ​តាម​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​សង្កាត់ ដែល​បើក​ធ្វើ​ការ​ជា​រៀង​រាល់​ថ្ងៃ មិន​ថា ថ្ងៃ​សៅរិ៍ ឬ​ថ្ងៃ​អាទិត្យ​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​មួយចុះ​ថ្ងៃ​ទី​១៨​កក្កដា ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៩ កក្កដា​នេះ។

សេចក្តី​ជូន​ដំណឹង​នេះ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​លំនៅ​ឋាន ឬ​ទី​សំណាក់​ច្រើន​ជាង​មួយ​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​ជ្រើស​រើស​យក​ទី​កន្លែង​តែ​មួយ​គត់ ដើម្បី​ចុះ​ឈ្មោះ​នេះ​ ហើយ​សម្រាប់​ប្រជាពលរដ្ឋ ព្រះ​សង្ឃ ឬ​បុព្វជិត​សាសនា កម្មករ និយោជិត សិស្ស និស្សិត មន្រ្តី​រាជការ​ស៊ីវិល នាយ​ឬ​ពលទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ និង​កង​នគរបាល​ជាតិ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ឃុំ​សង្កាត់​ណា​មួយ សុទ្ធ​តែ​អាច​សុំ​ចុះ​ឈ្មោះ​បោះឆ្នោត​ នៅ​ក្នុង​ឃុំ​សង្កាត់​នោះ​បាន។

គួរ​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃ​ទី​១៧​មិថុនា​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា ទើប​តែ​បាន​ចេញ​អនុក្រឹត្យ​មួយ ដោយ​បាន​សម្រេច​បង្កើត​ឡើង​នូវ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​មួយ​ ដើម្បី​ការពារ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ខាង​មុខ។ គណៈបញ្ជាការ​នេះ ដឹកនាំ​ដោយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន និង​លោក​ឧបនាយក​រដ្ឋ​មន្ត្រីទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ជា​អនុប្រធាន និង​អម​ដោយ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គស្នងការ​នគរបាល​ជាតិ អគ្គមេ​បញ្ជា​ការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អភិបាល​នៃ​គណៈអភិបាល​រាជ​ធានី​ខេត្ត ជា​សមាជិក។

សូម​បញ្ជាក់​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​ធ្វើ​ឡើង​តាម​រយៈ​ម៉ាស៊ីន​កុំព្យូទ័រ ដែល​គេ​គ្រោង​នឹង​ប្រើប្រាស់​កុំព្យូទ័រ​ប្រមាណ ២៤០០ឈុត សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ជិត​១០​លាន​នាក់។ លោក ហង់ ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បញ្ជាក់​ថា គជប បាន​ត្រៀម​កម្លាំង​មនុស្ស​ប្រមាណ​ជា​៨២០០​នាក់ និង​ថវិកា​ប្រមាណ​ជា​២៣​លាន​ដុល្លារ​អាមេរិក ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​រយៈ​ពេល​៣​ខែ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ