អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​ផ្តល់​ថវិកា​៥០​លាន​រៀល​ដល់​គ្រួសារ​សព​លោក​ប៉ែន​ សុវណ្ណ

រដ្ឋសភា​កម្ពុជា​នឹង​ផ្តល់​ថវិកា​៥០​លាន​រៀល​សម្រាប់​គ្រួសារ​សព​លោក​ប៉ែន​ សុវណ្ណ ​ហើយ​នឹង​រៀប​ចំ​ពិធីបុណ្យ​សព​លោក​ប៉ែន​ សុវណ្ណ ​ដោយ​សហការ​ជា​មួយ​គ្រួសារ​សព​។ រដ្ឋ​សភា​បាន​ឲ្យដឹង​ទៀត​ថា​គណៈកម្មការ​ទាំង​ពីរ​ ដែល​រៀប​ចំ​បុណ្យ​សព​លោក​ប៉ែន​​ សុវណ្ណ ​អាច​ប្រជុំ​គ្នា​ល្ងាច​នេះ ​ដើម្បី​រៀប​ចំ​ពិធី​ឈាប​នកិច្ច​។   

លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្ដ្រី​ទី​១ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា
លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្ដ្រី​ទី​១ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

លោក​ឡេង​ ប៉េង​ឡុង​ អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​កម្ពុជា​បាន​ថ្លែង​ថា​រដ្ឋ​សភា​បាន​ចាត់​តាំង​គណៈ​កម្មការ​រៀប​ចំបុណ្យ​សព​លោក​ប៉ែន​ សុវណ្ណ​រួច​រាល់​ហើយ ​ដែល​មាន​លោក​យ៉ែម ​បុញ្ញឫទ្ធិ​ជា​ប្រធាន​។ នៅ​រសៀល​នេះ ​គណៈកម្មការ​រៀច​បុណ្យ​សព​លោក​ប៉ែន ​សុវណ្ណ​នឹង​ប្រជុំ​សមា​ជិក​របស់​ខ្លួន ​ដើម្បី​រៀប​ចំ​ពិធី​ឈាបន​កិច្ច​។

 
បើ​តាម​លោក​ឡេង​ ប៉េង​ឡុង​រដ្ឋសភា​បាន​ផ្តល់​ថវិកា​ប្រមាណ​៥០​លាន​រៀល​សម្រាប់​រៀប​ចំ​បុណ្យ​សព​លោកប៉ែន​សុវណ្ណ ​ហើយ​ក៏​មាន​ការ​រៀប​ចំ​ពិធី​ផ្លូវ​ការ​ផ្សេងៗ​ ដោយ​មាន​ការ​សហការ​ជា​មួយ​គ្រួសារ​សព​ ហើយ​គណៈ​កម្មការ​បុណ្យ​នឹង​សម្រេច​ទៅ​តាម​ការ​ចង់​បាន​របស់​គ្រួសារ​សព​។

បើ​តាម​គម្រោង​​ក្រៅ​ផ្លូវ​ការ​ សព​រប​ស់លោក​ប៉ែន​ សុវណ្ណ​នឹង​ត្រូវ​ហែ​ម​​ករាជ​ធានី​ភ្នំ​ពេញ​នៅ​ព្រឹក​ថ្ងៃ​ទី២​ ខែ​វិច្ឆកា ​ខាង​មុខ​នេះ ​ដើម្បី​តម្កល់​ទុក​ក្នុង​វត្ត​ថាន់​ ហើយ​នៅ​ថ្ងៃទី៦​ ខែ​វិច្ឆកា ​សព​របស់​លោក​នឹង​ត្រូវ​បូជា​នៅ​មុខវត្ត​បុទុម​រាជ​ធានី​ភ្នំពេញ។​  

លោក​​ម៉ៅ​ មុនី​​វណ្ណ​ប្រាប់​វិទ្យុ​បារាំ​ងកា​ល​ពី​ថ្ងៃម្សិល​មិញ​ថា ​ការ​​ដង្ហែ​​មក​​រាជ​​ធានី​ភ្នំពេញ គឺ​ដោយ​សារ​តែ​លោក​ប៉ែន ​សុវណ្ណ​ជា​តំណាង​រាស្ត្រ និង​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី កេរ្តិ៍​ឈ្មោះ និង​វីរភាព គាត់​បាន​ដក់​ក្នុង​ដួង​ចិត្ត​កូន​ខ្មែរ​គ្រប់​គ្នា និង​ដោយ​សារ​មាន​ការ​សំណូមពរ​ពី​ប្រជាពល​រដ្ឋ​ផង​ដែរ​។

យ៉ាង​ណាមិញ ​លោក​យ៉ែម ​បុញ្ញឫទ្ធិ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ម្សិលមិញដែរ​ថា មិន​ទាន់​មាន​ការ​ព្រម​ព្រៀង​គ្នា​នៅឡើយ​ទេ ​ចំពោះ​ការ​ជ្រើស​រើស​ទី​តាំង​វត្ត​ណាមួ​យស​ម្រាប់​តម្កល់ ​និង​បូជា​សព​លោក​ប៉ែន​ សុវណ្ណ។​ ប៉ុន្តែលោក​យ៉ែម​ បុញ្ញឫទ្ធិ​បាន​លើក​ឡើង​ថា​អាច​នឹង​មាន​វត្ត​ផ្សេងៗ​ ដូច​ជា​វត្ត​ថាន់ ​វត្ត​ចាស់​ជាដើ​ម។

សូម​បញ្ជាក់​ថា​លោកប៉ែន​ សុវណ្ណ បាន​ទទួល​មរណ​ភាព​កាល​ពី​ថ្ងៃទី២៩ ​ខែ​តុលា ក្នុង​ជន្មាយុ​៨០ឆ្នាំ​ ដោយរោគាពាធ ហើយ​សព​របស់​លោក​ត្រូវ​បាន​តម្កល់​ទុក​នៅ​គេហដ្ឋាន​របស់​លោក​នៅ​ភូមិ​ស្នោរ សង្កាត់រ​កាក្នុ​ង ក្រុង​ដូន​កែវ​ ខេត្តតាកែវ​។ លោក​ប៉ែន​ សុវណ្ណ គឺ​តំណាង​រាស្ត្រម​ណ្ឌលកំ​ពង់​ស្ពឺ ឧ​ត្តម​ទី​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​សម័យ​សាធារណ​រដ្ឋ​ប្រជា​មានិត​កម្ពុជា៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ