អានតួអត្ថបទ
កម្ពុជា

ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ស្នើ​ឲ្យ​ពិនិត្យ​ឡើង​វិញ​ពី​ស្តង់ដារ​ និង​នយោបាយ​ប្រឆាំង​ភេរវកម្ម​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​សភា​នៃ​តំបន់​អាស៊ី ​រួម​ចំណែក​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នានា​ពិនិត្យ​ឡើង​វិញ​ពី​នយោបាយ​ប្រឆាំង​ភេរវកម្ម។​ ការ​ពោល​ដូច្នេះ​បាន​ធ្វើ​​ឡើង​ខណៈ​ដែល​ លោក​ចូល​រួម​នៅ​ក្នុង​មហា​សន្និបាត​សភា​តំបន់​អាស៊ី​នៅ​ថ្ងៃ​ពុធ​នេះ ដែល​មាន​កម្ពុជាជា​ម្ចាស់​ផ្ទះ។ ក្រៅ​ពី​នេះ​លោក​ហ៊ុន ​សែន​ ក៏​បាន​និយាយ​ដល់​ការ​រីករាល​ដាល​នៃ​បដិវត្តព័ណ៌​ ដែល​ជា​ប្រធាន​បទ​ក្តៅ ​និង​ស្តង់ដារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​។

លោកហ៊ុន សែន ក្នុងកិច្ចប្រជុំសភា​នៃ​តំបន់​អាស៊ី ​
លោកហ៊ុន សែន ក្នុងកិច្ចប្រជុំសភា​នៃ​តំបន់​អាស៊ី ​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

«សម្លេងលោក​ ហ៊ុន សែន »
គឺ​ជា​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​ឱកាស​នៃ​ការ​បើក ​សន្និបាត​ សភា​តំបន់​អាស៊ី​លើ​​ក​ទី​៨​ នា​ព្រឹក​ថ្ងៃ​ទី​៩​ធ្នូ​នេះ ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ​ដែល​ កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​នេះ។

​ក្រោម​ប្រធាន​បទ​ «ការ​ជំរុញ​សន្តិភាព ​ការ​ផ្សះផ្សា​ និង​ការ​សន្ទនា​ក្នុង​តំបន់​អាស៊ី» ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លៀត​យក​ឱកាស​នេះ​ លើក​ឡើង​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ ដែល​មាន​ស្តង់ដារ​ពីរ​ ការ​ធ្វើ​បដិវត្ត​ន៍ព័ណ៌​នៅ​មជ្ឈឹមបូព៌ា ​ពី​ទុយ​នេ​ស៊ី ដល់​អេហ្ស៊ីប ​លីប៊ីយ៉េមែន​ និង​នៅ​ស៊ីរី ​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្តៅ​គគុក​ ទន្ទឹម​នឹង​ការ​សម្លាប់​ជា​រៀង​រាល់​ថ្ងៃ​ពី​សំណាក់​​ពួក​អ៊ីស្ត្រាអែល ​ទៅ​លើ​ប្រជាជ​ន​ប៉ាឡេស្ទីន ​នៅ​តំបន់​កាសា។

​លោក ហ៊ុន សែន បាន​ចោទ​សួរ​នៅ​ពី​មុខ​ប្រមុខ​អង្គ​នីតិ​បញ្ញតិ​អាស៊ី​នានា​ថា​ «តើ​ពិភព​លោក​ គួរ​មាន​ស្តង់ដារ​តែ​មួយ ​ស្តង់​ដារ​ពីរ​ ឬ​ក៏​មាន​ស្តង់​ដារ​បី?»​ លោក​ថា​គួរ​ល្មម​ដល់​ពេល​ដែល​ត្រូវ​ដក​ហូត​ពិសោធន៍​លើ​បញ្ហា​នេះ។

​លើស​ពី​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ បាន​រំលឹក​ពី​កិច្ច​ប្រជុំ​អាស៊ាន-អាមេរិក កាល​ពី​ឆ្នាំ​ទៅ​នៅ​ប្រទេស​ភូមា ​ដោយលោក​បាន​និយាយ​ត្រង់​ៗ​ និង​ចោទ​ជា​សំណួរ​ទៅ​លើ​អគ្គលេខាធិការ​អង្គការ​ស​ហប្រជាជាតិ ​លោក​ បាន​ គីមូន និង​ប្រធានាធិបតី​អាមេរិក ​លោក​បារ៉ាក់ អូបាម៉ា ដៃ​ម្ខាង​វ៉ៃ​អាសាធ ​និង​ដៃម្ខាងវ៉ៃ​ ISIS ​វា​គ្រាន់​តែ​ជា​គណិត​វិទ្យា ១-១ ស្មើ ​០ ​ប៉ុណ្ណោះ។ ជា​មួយ​នឹង​​ការ​លើក​ឡើង​នេះ ​លោក ហ៊ុន សែន បន្លឺ​ជា​សំណួរ​បន្ត​ថា​ «តើ​ល្មម​ដល់​ពេល​ពិនិត្យ​ឡើង​វិញ​នូវ​​នយោបាយ ចំពោះ​របប​អាសាធ​ឬ​ទេ ​ខណៈ​ដែល​ប្រទេស​ជា​ច្រើន​មិន​ស្រប​ជាមួយ​គ្នា?»

ជាមួយ​គ្នា​នេះ ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ក៏​បាន​រិះគន់​ដល់​ក្រុម​ភេរវកម្ម​គ្រប់​ប្រភេទ​ ដែល​បាន​ធ្វើ​សកម្មភាព​ខុស​ៗ​គ្នា​ ដែល​មាន​គោលដៅ​តែមួយ​ គឺ​ការ​បំផ្លាញ​ជីវិត​មនុស្ស​ដោយ​ឥត​រើស​មុខ​ ក្នុ​ងពេល​កំលាំង​ប្រឆាំង​ភេរវកម្ម​កំពុង​មាន​ការ​បែក​ខ្ញែក។​ លោក​សង្ឃឹម​ថា​ស្ថាប័ន​នីតិបញ្ញតិ​នឹង​អាច​ជួយ​រួម​ចំណែក​ ដើម្បី​ឲ្យ​ប្រទេស​នីមួយៗ​ពិនិត្យ​ឡើង​វិញ​នូវ​នយោបាយ​ប្រឆាំង​ភេរវកម្ម។ ដោយ​ឡែក​នៅ​កម្ពុជា​ ចំពោះ​មុខ​មេដឹកនាំ​សភា​អាស៊ី ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បញ្ជាក់​ថា​បើ​ទោះណា​ជា​មិន​មាន​ពួក​រដ្ឋ​ឥស្លាម​ ISIS ចូល​មក​ដល់​ ក៏​ប៉ុន្តែ​កម្ពុជា​មិន​ត្រូវ​ភ្លេច​ខ្លួ​ន ​គឺ​គេ​អាច​វ៉ៃ​នៅ​ប្រទេសដ​ទៃ​ក្នុង​តំបន់​ ក៏​ប៉ុន្តែ​គេ​យក​កម្ពុជា​ធ្វើ​ជា​តំបន់​សុវត្ថិភាព​​ក៏​ថា​បាន​ ដែល​បញ្ហានេះ​ចាំបាច់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ