អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​ក្នុង​ភាព​ទាល់​ច្រក​នយោបាយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មិន​បាន​កើត​ឡើងដូ​ច​ការ​គ្រោង​ទុក​នោះ​ទេ ​មន្ត្រី​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​មិន​អាច​រក​ឱកាស​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​ទំនាស់​នយោបាយ​បាន​នៅ​ឡើយ។​ ការ​អូស​បន្លាយ​ឬ​បណ្តែត​បណ្តោយ​ពេល​វេលា​នេះ​បាន​ទម្លាក់​ទំនាស់​នយោបាយ​ខ្មែរ​ទៅ​ក្នុង​ភាព​ទាល់​ច្រក។​ ហើយ​ភាព​ទាល់ច្រក​នយោបាយ​បែប​នេះ​ផ្តល់​ភាព​ចំណេញ​ជា​ច្រើន​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​។សូមស្តាប់បទវិភាគដោយគង់ សុឋានរិទ្ធ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា នាឆ្នាំទៅ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា នាឆ្នាំទៅ។ @RFI
ផ្សាយពាណិជ្ជកម្ម

ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ​រវា​ងគណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​មើល​ទៅ​ដូចជា​បាន​ធ្លាក់​ដល់​ចំណុច​ទាល់​ច្រក​ នៅ​ពេល​ដែល​គណបក្ស​ទាំងពីរ​បាន​បង្ហាញ​ជំហរ​ផ្ទុយ​គ្នា​ដូច​មេឃ​និង​ដី។ ​គណបក្ស​ទាំងពីរ​គ្រោង​នឹង​ជួបគ្នា​ដើម្បី​ដោះស្រាយ​ភាព​តាន​តឹង​នយោបាយ​ចុង​ក្រោយ​ប៉ុន្តែ​ត្រូវ​ខក​ខាន​ទៅ​វិញ។ ​ការ​ខកខាន​ដោយ​សារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្លើយ​ថា​រវល់​ មិន​មាន​ពេល​ជួបគ្នា។

ហើយ​មួយ​វិញ​ទៀត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​តាម​រយៈ​អ្នក​នាំ​ពាក្យ​របស់​ខ្លួន​ថា​កា​​រជួ​បគ្នា​ដើ​ម្បី​ជជែក​ដោះស្រាយ​ករណី​លោក​សម រង្ស៊ី ​ករណី​ដក​ដំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​របស់​លោក​កឹម សុខា និង​អំពើ​ហិង្សា​លើ​តំណាង​រាស្ដ្រ​បក្ស​ប្រឆាំង​ផុត​ពី​ព្រំដែន​រួម​នៃ​គណបក្ស​ទាំង​ពីរ​ត្រូវ​ជជែក។ ដ្បិត​នេះ​ជា​សំណុំ​រឿង​ស្ថិត​ក្នុង​ដៃ​តុលាការ។​ ហើយ​ក៏​មិន​អាច​ប្រើប្រាស់​យន្តការ​នៃ​វប្បធម៌​សន្ទនា​បាន​ដែរ។​

ប៉ុន្តែ​គណបក្ស​ប្រឆាំង​យល់​ថា​គួរ​តែ​បន្ត​វប្បធម៌​សន្ទនា​សម្រាប់​ដោះស្រាយ​វិបត្តិ​ខាង​លើ​នេះ​។ វប្បធម៌​​សន្ទនា​គឺ​ជា​ពាក្យ​គន្លឹះ​នយោបាយ​ថ្មី​ដែល​ត្រូវ​បង្កើត​ឡើង​តាម​រយៈការ​ចរចា​ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។ ប៉ុន្តែ​វប្បធម៌​នៃ​ការ​ជជែក​គ្នា​ ឬ​សន្ទនា​គ្នា​នៅ​លើ​តុ​នៅ​ពេល​នេះ​ លែង​មាន​ទៀត​ហើយ។​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​មើល​មុខ​គ្នា​លែង​ត្រង់ ​ហើយ​ដំណើរ​នយោបាយ​ដែល​អូស​ទាញ​ដោយ​គណបក្ស​ទាំងពីរ​កាន់​តែ​តាន​តឹង​ទៅ​ៗ​មិន​ទាន់​មាន​ឃើញ​ចំណុច​ធូរស្រាល​នៅ​ឡើយ​។​ ការ​ខ្វែង​គំនិត​គ្នា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ដំណោះស្រាយ​នយោបាយ​ធ្លាក់​ក្នុង​រណ្តៅ​ទាល់​ច្រក។

ប៉ុន្តែ​ហេតុអ្វី​បានជា​ចំណង​នយោបាយ​នេះ​ពិបាក​ដោះស្រាយ?

ទី១​៖ ការ​ទម្លាក់​បន្ទុក​លើ​តុលាការ​ជា​អ្នក​ដោះស្រាយ​សំណុំ​រឿង​ទាក់ទង​នឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​និង​មន្ត្រី​នយោបាយ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​គឺ​ជា​ផល​ចំណេញ​របស់​គណបក្ស​កាន់​អំណាច។​ផល​ចំណេញ​ដោយសារ​តែ​បក្ស​ប្រឆាំង​នឹង​ស្ថិត​នៅ​ក្នុង​ភាព​ស្មុគស្មាញ ​ពិបាក​រៀបចំ​នយោបាយ ​ឬ​ធ្វើ​កិច្ចការ​ដោយ​មាន​ការ​​បែងចែក​​ ពិបាក​ក្នុង​ការ​ផ្ចង់​គោលដៅ។ ​ម្យ៉ាង​វិញ​ទៀត​ការ​ដោះស្រាយ​សម្រាប់​មេបក្ស​ប្រឆាំង​រួច​ផុត​ពី​នឹម​តុលាការ​ និង​សកម្មជន​និង​អ្នក​នយោបាយ​ប្រឆាំង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​គឺ​ជា​បន្ទុក​ធ្ងន់ធ្ងរ​មួយ​របស់​បក្ស​ប្រឆាំង។​ ជា​ពិសេស​ប្រសិន​បើ​សំណុំ​រឿង​ទាំង​នេះ​កាន់​តែ​ស៊ី​ពេល​យូរ​សម្រាប់​ដោះស្រាយ​នោះ ​មាន​ន័យ​ថា​ទម្ងន់​ធ្លាក់​លើ​គណបក្ស​ប្រជែង​អំណាច​កាន់​តែ​ធំ​ឡើង​ៗ។ គណបក្ស​កាន់​អំណាច​មាន​ឱកាស​អោប​ដៃ​មើល​ភាព​ឆ្លេឆ្លា​របស់​គណបក្ស​ប្រឆាំង។ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តែ​បណ្តោយ​ស្ថានការណ៍​បែប​នេះ​ទៅ​មុខ​ទៀត។

​ទី២ គណបក្ស​ប្រឆាំង​មិន​មាន​កម្លាំង​គ្រប់​គ្រាន់​សម្រាប់​ទាញ​ឬ​តថ្លៃ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ឲ្យ​គណបក្ស​នេះ​បន្ទន់​ឥរិយាបថ​សម្រាប់​ការ​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ។​ ពីព្រោះ​​ថា​ក្នុង​ពេល​នេះ​គណបក្ស​ប្រឆាំង​កំពុង​ប្រឈម​នឹង​ការ​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​ចំនួន​ពីរ​ក្នុង​ពេល​តែ​មួយ។ ​នោះ​គឺ​ការ​រៀបចំ​យុទ្ធសាស្ដ្រ​នយោបាយ​និង​ការ​ត្រៀមខ្លួន​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​ មិន​យូរ​ប៉ុន្មាន​នឹង​ការ​ប្រមូល​ផ្តុំ​ការ​គិត​ដើម្បី​បើក​ផ្លូវ​ឲ្យ​មេបក្ស​របស់​ខ្លួន​មាន​ឱកាស​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​និង​ការ​គិត​គូ​ដោះស្រាយ​សម្រាប់​សកម្មជន​និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ដើម្បី​ឲ្យ​ពួក​គេ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ។​ គណបក្ស​ប្រឆាំង​នឹង​ត្រូវ​ធ្វើ​កិច្ចការ​សម្រប​សម្រួល​នយោបាយ​និង​ការ​ទូត​ជា​ច្រើន​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ។ 

ដូច្នេះ​កិច្ចការ​ពីរ​មុខនេះ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ស្រវ៉េះស្រវ៉ះ​ចាប់​នេះ​ផង​និង​ចាប់​នោះ​ផង។ នៅ​ពេល​ដែល​​គណបក្ស​ប្រឆាំង​ខ្សោយ​ឥទ្ធិពល​ គណបក្ស​នេះ​មិន​អាច​ទាញ​បង្វិល​គណបក្ស​កាន់អំណាចឲ្យងាកមករកការចរចាសម្រួល​ស្ថានការណ៍​នយោបាយ​បាន​នោះ​ទេ។

សរុប​មក​វិញ​ប្រសិន​បើ​ស្ថានការណ៍​នយោបាយ​នៅ​ទ្រឹង​បែប​នេះ​តទៅទៀត​មិន​ខុស​អ្វី​ពី​ការ​ជាប់​ផុង​នៅ​ក្នុង​ភាព​ទាល់​ច្រក​នោះ​ទេ។ ​ប៉ុន្តែ​ផល​វិបាក​នៃ​ភាព​ទាល់​ច្រក​នយោបាយ​នេះ​នឹង​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​សង្គម​ជា​មិន​ខាន​ជា​ពិសេស​ការ​ប្រកាន់​និន្នាការ​ងុបងល់​ចំពោះ​បក្ស​នីមួយៗ​ និង​អាច​ធ្វើ​ឲ្យ​មាន​ការ​បែង​ចែក​ពណ៌​សំបុរ​នយោបាយ​តាម​គណបក្ស​នីមួយៗ។​ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​ភាព​ទាល់ច្រក​នេះ​ច្បាស់​ជា​នឹង​ស្តែង​ចេញ​ដោយ​កង្វះ​ការ​ស្រោច​ស្រង់​វប្បធម៌​សន្ទនា​ឡើងវិញ។​ ការ​បាត់បង់​នូវ​វប្បធម៌​សន្ទនា​គឺ​មាន​ន័យ​ថា​នឹង​បាត់បង់​ឱកាស​នៃ​ការ​ផ្សះ​ផ្សា​ជាតិ។​ ដូច​ទស្សនៈ​នៃ​អ្នក​ដឹកនាំ​ក្នុង​លោក​និយាយ​ថា​ការ​សន្ទនា​ឬ​ការ​ចរចា​គ្នា​នឹង​នាំ​ឲ្យ​ចៀសផុត​ពី​សង្គ្រាម។​បើ​ទោះ​ជា​ការ​ចរចា​មិន​បាន​ទទួល​លទ្ធផល​ល្អ​ភ្លាម​ៗ​ក៏​ដោយ ​ក៏​វា​នៅ​តែ​ជា​សញ្ញា​វិជ្ជមាន​ជាង​ការ​មិន​ព្រម​ចាប់​ដៃ​គ្នា​រលាក់​នោះ​ដែរ។​

ហេតុ​ដូចនេះ​ហើយ​ដើម្បី​ទម្លាយ​ភាព​ទាល់ច្រក​នយោបាយ​នៅ​ពេល​នេះ​បាន​គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​ត្រឡប់​មក​រក​តុ​ចរចា​វិញ​ហើយ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​តម្លាភាព​និង​ការ​យោគយល់​ដោយ​តម្កល់​ប្រយោជន៍​ជាតិ​និង​ប្រជារាស្ដ្រ​ខ្ពស់​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ