អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋមួយចំនួនស្នើសុំឲ្យដោះលែងលោក ហេង ពៅ

ពី​ម្សិលមិញ ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ នៅ​ឯខេត្ត​សៀមរាប​ ពលរដ្ឋ​មួយ​ក្រុម​ បាន​រៀប​ចំ​ញាត្តិ​និង​ស្នាម​មេដាយមួយ​ចំនួន​ ត្រៀម​នឹង​ស្កាត់​យក​ទៅ​​ដាក់​ជូន​លោកនាយ​ករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​សុំ​ឲ្យដោះ​លែង​លោក ហេង ពៅ។ ក៏ប៉ុន្តែ សកម្មភាព​ទាំង​នេះ ត្រូវ​កង​អង្គរក្ស​ការពា​រ​ប្រមុខ​រដ្ឋា​ភិបាល ​រារាំង ​​មិន​ឲ្យ​ជួប​លោក ហ៊ុន សែន ឡើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី ម៉ៅ ស៊ីណាត់ ដែល​ជា​អ្នក​​តំណាងពលរដ្ឋ​ទាំង​នោះ​ និង​ដែល​បាន​ដើរ​ប្រមូល​ស្នាម​មេដៃ​​។

លោក​ ហេង ពៅ អតីត​ស្នង​ការ​នគរបាល​ក្រុង​ភ្នំពេញ
លោក​ ហេង ពៅ អតីត​ស្នង​ការ​នគរបាល​ក្រុង​ភ្នំពេញ @RFI
ផ្សាយពាណិជ្ជកម្ម

អ្នក​ស្រី ម៉ៅ ស៊ីណាត់ ជា​ពលរដ្ឋម្នាក់ រស់​​នៅ​ភ្នំពេញ បាន​អះអាងថា ខ្លួន​និង​ពលរដ្ឋ​ជាង​១០នាក់​ផ្សេងទៀត បាន​នាំ​គ្នា​យក​ញាត្តិ​និង​ស្នាម​មេដៃ​ជា​ច្រើន យក​ទៅ​ជូន​លោកនាយ​ករដ្ឋមន្ត្រី​ នៅ​ឯខេត្ត​សៀមរាប ដើម្បី​សុំ​អន្តរាគមន៍ ឲ្យជួយ​​ដោះ​លែង​លោក ហេង ពៅ។ លោក​ ហេង ពៅ​ ដែល​ជាប់​ពន្ធនាគារ​​ព្រៃ​ស​ជាង​១០ឆ្នាំ​ទៅហើយ​។ អ្នក​ស្រី ស៊ីណាត់ ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា​ នៅ​ពេល​ដែល​ត្រូវ​អង្គរក្ស​លោកនាយករដ្ឋមន្ត្រី​ហាម​ឃាត់ដូច្នោះ​ ពួក​គេ​ទាំង​នោះ​ ក៏​ពុំ​បាន​សម្រេច​បំណង​ឡើយ ហើយ​ក៏​រត់​គេច​ខ្លួន​មក​ភ្នំពេញ​វិញ ដោយ​សារ​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។

ជាអ្នក​​ជឿ​លើគ្រិស្ត​សាសនា​ផង ពលរដ្ឋម្នាក់នេះ​ បាន​ឲ្យ​ដឹង​ទៀត​​​ថា ​គ្រួសារ​របស់​ខ្លួន​ធ្លាប់​ត្រូវ​បាន​​លោក​ ហេង ពៅ ដែល​កាលពី​នៅ​មាន​បុណ្យ​សក្តិ​ ជា​ស្នង​ការរាជធានីភ្នំពេញ​​នោះ​ បាន​ជួយស្រោច​ស្រង់​​សង្គ្រោះពួក​គេ​ឲ្យ​គេ​ច​ផុត​ពី​ការ​ចាប់​ចង​ផ្សេង​ៗ​។​ ​ ដូច្នេះ​ នៅពេល​នេះ រូប​នាង​ចង់​​ស្នើ​សុំ​លោក​នាយ​ក​រដ្ឋ​មន្ត្រី ឲ្យ​ជួយ​លោក ហេង ពៅ វិញ​ម្តង។ បើ​តាម​ស្ត្រី​រូប​នេះ គឺ​មាន​តែ​លោក​​នាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទេ ដែល​អាច​ជួយ​សង្គ្រោះ​​និង​សម្រេច​លើក​លែង​ទោសរូប​​លោក ហេង ពៅ​ បាន។

គួរ​រម្លឹក​ជូន​ថា លោក ហេង ពៅ គឺ​ជាអតីត​ស្នង​ការរាជធានីភ្នំពេញ​​ ហើយ​ដែល​ត្រូវ​តុលាការ តាំង​តែ​ពី​សាលា​ជម្រះ​ក្តី​ជាន់​ទាប ​ដល់​តុលាការ​កំពូល​ សម្រេច​ចោទ​ប្រកាន់​ជា​ច្រើន​ករណី និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​ជា​ច្រើន​សិប​ឆ្នាំ​។

គួរ​​បញ្ជាក់ថា ទណ្ឌិត​រូប​នេះ ត្រូវ​តុលការ​សម្រេច​ផ្តន្ទាទោស​ជុំវិញ​សំណុំ​រឿង​ជា​ច្រើន ដែល​ជាប់​ទាក់​ទិន​នឹង​រឿង​ឃាតកម្ម ការ​បង្ខាំងមនុស្សដោយខុសច្បាប់ និង​ការ​រក្សាទុកក្រដាសប្រាក់ក្លែងក្លាយ ជា​ដើម។ ចំពោះ​បទ​ល្មើស​ខ្លះ លោក​​ត្រូវ​ជាប់​ពន្ធនាគារ​ ៥ឆ្នាំ, ករណី​ខ្លះ​ ៧ឆ្នាំ និង​មួយ​ចំនួនទៀត ជាង​១០ឆ្នាំ​ ដែល​សរុប​ទាំងអស់ទៅ លោក​​​ត្រូវ​ជាប់​រនាំង​គុក​ ចំនួន​ជិត​១០០ឆ្នាំឯណោះ​។

យ៉ាង​ណា​ក៏​ដោយ​ចុះ បើ​តាម​ពលរដ្ឋ​ឈ្មោះ ម៉ៅ ស៊ីណាត់,​ លោក ហេង ពៅ គឺជាមនុស្ស​ដែល​ស្មោះ​ត្រង់​នឹង​លោក​នាយករដ្ឋមន្ត្រី ហើយគោរព​​ស្តាប់​អនុវត្ត​តាម​បញ្ជា​របស់​លោក​ ហ៊ុន សែន ខ្លាំង​ណាស់។ ប្រភព​​ដដែល​អះអាង​ថា​ ចំពោះ​បទ​ចោទ​ប្រកាន់លើ​​រូប​លោក ហេង ពៅ ​ទាំង​អម្បាល់​ម៉ាន គឺ​ជាការ​ប្រឌិត​ដើម្បី​ទម្លាក់​កំហុស​រឿង​រូប​លោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ