អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អយុត្តិធម៌​ក្នុង​ប្រព័ន្ធ​តុលាការ ជា​ផល​វិបាក​នៃ​អសីលធម៌​ច្រើន​ជាង​អសមត្ថភាព​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សន្និសីទ​ជាតិ ស្តី​ពី​ការ​អនុវត្ត​ច្បាប់ នៅ​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គវង្ស វឌ្ឍនា ទទួល​ស្គាល់​ថា បទ​បញ្ញត្តិ​មួយ​ចំនួន នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។ លោក​រដ្ឋ​មន្ត្រី ក៏​បាន​ស្តី​បន្ទោស​ចៅក្រម​មួយ​ចំនួន​អម​ ដោយ​ការ​ក្រើន​រម្លឹក​ឲ្យ​ពួកគេ​អនុវត្ត​ច្បាប់​ដោយ​ស្មារតី​ទទួល​ខុសត្រូវ។ ពិត​ហើយ​ទាំង​រដ្ឋាភិបាល​ក៏​ដូចជា​មជ្ឈដ្ឋាន​ទូទៅ​សុទ្ធ​តែ បាន​មើល​ឃើញ​អំពី​ការ​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ គ្មាន​តម្លាភាព​ និង​មិន​ស្មើភាព​គ្នា។ បែប​នេះ​បង្កើត​ឲ្យ​មាន «​អយុត្តិធម៌​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌»ដែល​ជា​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​សម្រាប់​សង្គម។ តើ​មក​ពី​អសមត្ថភាព ឬ​អសីលធម៌​របស់​មន្ត្រី?

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គវង្ស វឌ្ឍនា។
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គវង្ស វឌ្ឍនា។ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

ការ​បង្កើត​ឲ្យ​មាន​អំពើ​អយុត្តិធម៌ នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ហាក់​បាន​ក្លាយ​ទៅ​ជា​រឿង​សាមញ្ញ​មួយ​ទៅ​ហើយ នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​ក្រីក្រ ដែល​គ្មាន​ប្រាក់ និង​គ្មាន​ខ្នង​បង្អែក​រមែង​តែង​ខ្លាច​រអា​តុលាការ​យ៉ាងខ្លាំង ពីព្រោះ​តែ​ពួកគេ​ច្រើន​តែ​ចាញ់​ក្តី​គូ​ទំនាស់ ដែល​ជា​អ្នក​មាន​ប្រាក់​ឬ​មាន​អំណាច។ ជា​ផល​វិបាក​មនុស្ស​ជា​ច្រើន ទទួល​រក​ការ​ឈឺចាប់។ ការ​ឈឺ​ចាប់​ផ្តុំ​គ្នា​ប្រៀប​បាន​នឹង​គ្រាប់​បែក​កំណត់​ម៉ោង ដែល​ពេល​ណា​មួយ​វា​នឹង​ផ្ទុះ​ឡើង​ជា​មិនខាន។

 
ជាការ​ពិតណាស់ ប្រសិនបើ​យើង​ពិនិត្យមើល​ឫសគល់​នៃ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា ប្រទេស​នេះ​មាន​មរតក​យុត្តិធម៌​យ៉ាង​ក្រាស់ក្រែល​ដែលជា​ជំនួយស្មារតី​ដល់​ចៅក្រម​និង​អ្នកអនុវត្ត​ច្បាប់​ទាំងឡាយ។ មានរឿង​ព្រេង​ខ្មែរ​រាប់សិប​ដែល​ដូនតា​ខ្មែរ​បានបង្ហាញ​ពី​របៀប​កាត់ក្តី​ដ៏​យុត្តិធម៌​បំផុត​សម្រាប់​គូវិវាទ។ ជាទូទៅ ព្រះមហាក្សត្រ ឬ​សុភា​ទន្សាយ​គឺជា​តួអង្គ​តំណាង​ឲ្យ​អ្នកកាត់ក្តី​ប្រកបដោយ​យុត្តិធម៌។

លោក​បណ្ឌិត ហ៊ែ​ល ចំរើន បាន​ស្រាវជ្រាវ​និង​ចងក្រង​រឿងព្រេង​ទាំងនោះ​យ៉ាង​ពឹ​ស្តារ​នៅក្នុង​សៀវភៅ«មរតក​យុត្តិធម៌​ខ្មែរ»របស់លោក​សម្រាប់​ជា​ជំនួយស្មារតី​ដល់​អ្នកច្បាប់​និង​ចៅក្រម​អ្នកកាត់ក្តី​ទាំងឡាយ។ ដូនតា​ខ្មែរ​បាន​ស្គាល់​យ៉ាងច្បាស់​តាំងពី​យូរលង់​ណាស់​មកហើយ​អំពី​មូលដ្ឋាន​នៃ​ការស្វែងរក​យុត្តិធម៌។ មិនគួរ​អី​កូនចៅ​ខ្មែរ​ជំនាន់​នេះ​ដែលមាន​ការរៀនសូត្រ​ទូលំទូលាយ​អំពី​ច្បាប់​ជាតិ និង​អន្តរជាតិ បែរជា​ទុក​ឲ្យ​ប្រព័ន្ធតុលាការ​រួតរឹត​ដោយ​អំពើ​អយុត្តិធម៌ និង​បង្ក​ឲ្យ​មាន​អ្នករងគ្រោះ​យ៉ាងច្រើន​ពី​ការកាត់ក្តី​របស់ខ្លួន​បែបនេះ​ទៅវិញ?

តាម​គោលការណ៍​យុត្តិធម៌ ចៅក្រម​ដែលជា​អ្នកកាត់ក្តី​ត្រូវតែ​ជា​អ្នក​ដែលមាន​បញ្ញា​វៀងវៃ​និង​ត្រូវ​ចៀសវាង​អគតិ​ធម៌៤យ៉ាង​គឺ​ឆន្ទាគតិ(សេចក្តី​ស​ម្អៀ​ង​ព្រោះ​ស្រឡាញ់​ឬ​ព្រោះ​លាភសក្ការៈ) ទោសាគតិ (សេចក្តី​ស​ម្អៀ​ង​ព្រោះ​ស្អប់) ភយាគតិ ( សេចក្តី​លម្អៀង​ព្រោះ​ខ្លាច​អំណាច) និង​មោហោ​គតិ ( សេចក្តី​លម្អៀង​ព្រោះ​អវិជ្ជា)។ អគតិ​ធម៌​ទាំង៤យ៉ាង​ត្រូវគេ​ចាត់ទុកជា​សត្រូវ​ក្នុង​ដំណើរការ​ស្វែងរក​អយុត្តិធម៌។

ប៉ុន្តែ ប្រសិនបើ​គេ​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់ស្តែង​ក្នុង​ប្រព័ន្ធតុលាការ​ខ្មែរ​បច្ចុប្បន្ន​វិញ អគតិ​ធម៌​ទាំង៤យ៉ាង​ហាក់​នៅតែមាន​អត្ថិភាព​យ៉ាងខ្លាំង​នៅឡើយ។ ការ​កាត់សេចក្តី​ក្រោម​ឥទ្ធិពល​នៃ​ការស្រឡាញ់ ស្អប់ លាភសក្ការៈ ឬ​ការខ្លាច​អំណាច ត្រូវបាន​គេ​មើលឃើញ​យ៉ាង​ងាយ​បំផុត។ ការបំពាន​ទៅលើ​វិធាន​យុត្តិធម៌​ជា​ទោសកំហុស​ធ្ងន់ធ្ងរ​ទាំង​ផ្នែក​អាណាចក្រ​និង​ពុទ្ធចក្រ​ពោលគឺ​វា​បាន​បង្ក​ការឈឺចាប់​ដល់​អ្នក​ដែល​ទទួលរង​គ្រោះ។ តើ​ចៅក្រម​ទាំងឡាយ​អាច​សម្រាន្ត​លក់​ស្រួល​ដែរឬទេ​នៅពេលដែល​ពួកគេ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​រងទុក្ខវេទនា​ដោយ​ការ​កាត់សេចក្តី​របស់ខ្លួន​នោះ?

ខាង​ផ្នែក​ពុទ្ធចក្រ​វិញ ការ​បំភ្លៃ​សំណុំរឿង​ពីស​ទៅជា​ខ្មៅ ពី​ខ្មៅ​ទៅ​ជាស​គឺជា​អំពើ​បាប​ធ្ងន់ធ្ងរ បើទោះជា​មិនមែន​ជាតិ​នេះ​ក៏​ជាតិ​ខាងមុខ​ដែរ។ អ្នក​កាន់​ព្រះពុទ្ធសាសនា​ប្រាកដជា​បាន​យល់ច្បាស់​អំពី​ទស្សនៈ​កម្មផល ឬ​អំពើ​បុណ្យ​និង​បាប​ដែល​មិនអាច​កាត់កង​គ្នា​បានឡើយ។ បើ​ដូច្នេះ តើ​ហេតុអ្វី​បានជា​ចៅក្រម​និង​អ្នកអនុវត្ត​ច្បាប់​មួយចំនួន​នៅតែ​បណ្តោយ​ខ្លួន​ឲ្យ​លង់​ក្នុង​អគតិ​ធម៌​ទាំងនោះ​ទៀត?

មាន​ហេតុផល​សត្យានុម័ត​មួយចំនួន​ដែល​បង្កើត​ឲ្យ​មាន​អយុត្តិធម៌​ក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា៖ ទី១ សមត្ថភាព​មាន​កម្រិត​របស់​មន្ត្រី​តុលាការ​ជា​អ្វីដែល​គេ​មិនអាច​មើលរំលង​បាន។ ទី២ គឺ​មកពី​ទម្លាប់​ធំ​ជាង​ច្បាប់​នោះ​គឺ​ទម្លាប់​នៃ​ការខ្លាច​អំណាច​អ្នកធំ។ ទី៣ គឺ​ការបែងចែក​គ្នា​មិន​ដាច់​រវាង​អំណាច​រដ្ឋ​ទាំងបី ជាពិសេស​គឺ​អំណាចនីតិប្រតិបត្តិ​មាន​ទម្ងន់​ខ្លាំងពេក​ទៅលើ​នីតិបញ្ញត្តិ និង​តុលាការ។ និង​ទី៤ គឺ​កង្វះ​មនសិការ​វិជ្ជាជីវៈ​រប​ស់​មន្ត្រី​អនុវត្ត​ច្បាប់​មួយចំនួន។ ពួកគេ​សុខចិត្ត​លម្អៀង​ដោយ​ការខ្លាច​អំណាច​ឬ​ដោយ​លាភសក្ការៈ​ហើយ​បោះបង់ចោល​នូវ​សីលធម៌​និង​មនសិការ​វិជ្ជាជីវៈ។

សរុប​មកវិញ សង្គម​ខ្មែរ​មាន​មូលដ្ឋានគ្រឹះ​នៃ​ការស្វែងរក​យុត្តិធម៌​គ្រប់គ្រាន់ ប៉ុន្តែ អ្វីដែល​នៅ​ខ្វះ​គឺ​ឆន្ទៈ សីលធម៌ និង​មនសិការ​របស់​មនុស្ស​តែប៉ុណ្ណោះ។ បើទោះជា​សមត្ថភាព​រប​ស់​ចៅក្រម​មួយចំនួន​នៅមានកម្រិត ប៉ុន្តែ ប្រសិនបើ​ពួកគេ​ឈរលើ​បុព្វហេតុ​យុត្តិធម៌​ជាធំ សំណុំរឿង​ជាច្រើន​នឹង​ត្រូវបាន​ដោះស្រាយ​ប្រកប​ដោ​យុត្តិធម៌​ជាមិនខាន។ ដូច្នេះ ដើម្បី​កែ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា គេ​មិនអាច​មើលរំលង​បញ្ហា​សីលធម៌​និង​ឆន្ទៈ​របស់​អ្នកនយោបាយ​បានឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ