អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​៖​ លោក​ វន់​ ពៅ​នឹង​អាច​ត្រូវ​បាន​ដោះ​លែង​ បើ​មិន​ភ្ជាប់​នឹង​រឿង​នយោបាយ​

ក្រោយ​ការបដិសេធ​ការសុំ​នៅក្រៅ​ឃុំ​ម្តង​រួចមកហើយរបស់លោក វន់​ ពៅ ប្រធាន​សមាគម​បណ្តាញ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​តុលាកា​រ​សាលាឧទ្ធរណ៍​នោះ ជាថ្មី​ម្តងទៀត​ នៅថ្ងៃ​ចន្ទ​ទី២៤ សប្តាហ៍​ក្រោយនេះ តុលាការ​សាលាឧទ្ធរណ៍​ នឹង​បើកសវនាការ​សម្រេច​លើ​សំណើ​នៅក្រៅ​ឃុំ​របស់​ប្រធាន​បណ្តាញ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រូបនេះ។ សង្គម​ស៊ីវិល ​ដែល​តាមដាន​បញ្ហា​នេះ មាន​សង្ឃឹមថា លោក វន់ ពៅ​ នឹង​អាច​នៅក្រៅ​ឃុំ ប្រសិនបើ​មិនមែនជា​ការសម្រេច ចិត្ត​តាមបែប​នយោបាយ​នោះ។  

លោក វន់ ពៅ ប្រ​ធានសមាគមន៍​​អ្នក​ប្រកប​របរ​ក្រៅ​​ប្រពន្ធ័។
លោក វន់ ពៅ ប្រ​ធានសមាគមន៍​​អ្នក​ប្រកប​របរ​ក្រៅ​​ប្រពន្ធ័។ RFI
ផ្សាយពាណិជ្ជកម្ម

សំណើ​សុំ​នៅក្រៅ​ឃុំ​សារជាថ្មី​ម្តងទៀត​របស់លោក វន់ ពៅ ប្រធាន​សមាគម​បណ្តាញ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ត្រូវបាន​ចាប់ខ្លួន​ការផ្ទុះ​អំពើហិង្សា​កន្លងទៅ នឹងត្រូវ​តុលាកា​រ​សាលា​ឧ​ទ្ធ​ណ៍​នឹង​បើក​សវនា​ការ​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី២៤ មីនា សប្តាហ៍​ក្រោយ។ ជាស​វនា​ការដែល​ក្រុម​សង្គម​ស៊ីវិល​អះអាងថា អាច​នឹងមាន​ការសម្រេច​ជា​វិជ្ជមាន។

ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក អ៊ំ សំអាត មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​របស់​អង្គការ​លីកាដូ បានឱ្យដឹង​ថាស​វនាការបស់​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រូបនេះ គឺ​នឹងមាន​លទ្ធផល​ជា​វិជ្ជមាន ព្រោះថា​ជនជាប់ចោទ លោក វន់ ពៅ មាន​លក្ខ​ខ័​ណ្ឌ​គ្រប់គ្រាន់​ដើម្បី​អាច​ចេញ​នៅក្រៅ​ឃុំ​បាន ហើយ​ម្យ៉ាងទៀត ករណី​របស់​ជនជាប់ចោទ​ដែល​ត្រូវ​រដ្ឋាភិបាល​ចោទប្រកាន់​ពីបទ​បង្ក​អំពើហិង្សា និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជនរូបនេះ គឺជា​បទល្មើស​ម​ជ្ឈឹ​ម​តែប៉ុណ្ណោះ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក អ៊ំ សំអាត បាន​បញ្ជាក់ថា លោក វន់ ពៅ​នឹង​អាច​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ប្រសិនបើ តុលា​ការមិន​សម្រេច​ដោ​យ​ភ្ជាប់​ជាមួយ​រឿង​នយោបាយ​នោះទេ។

សូមបញ្ជាក់ថា នៅ​ថ្ងៃទី២៤ មីនា​សប្តាហ៍​ក្រោយនេះ តុលាកា​រសាលាឧទ្ធរណ៍​ នឹង​បើក​សវ​នា​ការ​លើ​ការ​នៅក្រៅ​ឃុំ​របស់លោក វន់ ពៅ​​ តែ​ម្នាក់​ប៉ុណ្ណោះ។ បើតាម​លោក អ៊ំ សំអាត មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​លីកាដូ​ដដែល មូលហេតុ​ដែល​លោក វន់​ ពៅ ត្រូវ​តុលាការ​សាលា​ឧទ្ធរណ៍​​ត្រូវ​បើកសវនាកា​​រតែម្នាក់ឯង គឺ​ដោយសារ​មេធាវី​របស់លោក ​វន់ ​ពៅ បានដាក់​ពាក្យសុំ​នៅក្រៅ​ឃុំ​នៅ​សាលាឧទ្ធរណ៍​សារជាថ្មី​បន្ទាប់ពី​ការសម្រេច​មិនឱ្យ​នៅក្រៅ​ឃុំ​ម្តង​រួច​មក​ហើយ​​។ ចំណែកឯ​អ្នក​ទាំង​២០នាក់​ផ្សេងទៀត​ ដែល​រួមមាន​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ និង កម្មករផ្សេងៗទៀត ត្រូវ​រង់ចាំ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល។

អគ្គលេខាធិការ សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ហេង សំ​អ៊​ន បានឱ្យដឹង​ដែរ​ថា ក្នុង​សវ​នា​ការអសាធារណៈ​របស់ លោក វន់ ពៅ សមាគម​ នឹង​កែន​​មនុស្ស​ប្រមាណ៣០០នាក់​ទៅ​ចូលរួម​ស្តាប់​សវ​នាការ​ផ្ទាល់​តែ​ម្តង។ បើតាម លោក សំ​អ៊​ន ​ដដែល លោក វន់ ពៅ​នឹងមាន​វត្តមាន​ក្នុង​សវ​នាការ​អសាធារណៈ​ជាមួយ​មេធាវី។

សូមបញ្ជាក់ថា តុលាការ​កាលពីពេល​ក​ន្ល​ង​ទៅ បាន​ដោះលែង​អ្នក​ជាប់ឃុំ​ដែលជា​កម្មករ​ចំនួន២នាក់ ក្នុងចំណោម​អ្នក​ជាប់ឃុំ​ទាំង២៣នាក់ នៅ​មណ្ឌល​កែប្រែ​ម៣ ក្នុង​ខេត្តកំពង់ចាម​ម្តង​​រួចមកហើយ។ សូម​រម្លឹក​ផងដែរ​ថា​នៅក្នុង​ហេតុការណ៍​បាតុកម្ម​នៅ​ថ្ងៃទី២ និង​ទី​៣​ខែ​មករា​​សមត្ថកិច្ច ​យោធា និង​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​កម្មករ​ចំនួន២៣នាក់ និង​បញ្ជូន​ដាក់​មន្ទីរឃុំឃាំង​នៅក្នុង​ខេត្តកំពង់ចាម បន្ទាប់ពី​សាលាដំបូង​រាជធានីភ្នំពេញ​ចោទប្រកាន់​ពួកគេ​ពីបទ​ធ្វើ​ឲ្យ​ខូចខាតទ្រព្យសម្បត្តិ​ដោយ​ចេតនា ប្រមាថ​មន្ត្រីរាជការ​សាធារណៈ និង​ធ្វើឱ្យប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ។

យ៉ាងណាក៏ដោយ សាធារណមតិ​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​តុលាការ​លើ​ករណី​ស្នើសុំ​ឱ្យនៅ​ក្រៅ​ឃុំ​របស់​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វន់ ពៅ​រូបនេះ។ សំណុំ​រឿងក្តី​ដែលមាន​មតិ​មួយចំនួន​អះអាងថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​បញ្ហា​ជម្លោះ​នយោបាយ​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ