អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុអ្វី​សីលធម៌​សំខាន់​សម្រាប់​ទូរទស្សន៍?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទូរទស្សន៍​គឺ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ពេញ​និយម​មួយ​ប្រភេទ​នៅ​កម្ពុជា​។ ពេញ​និយម​ព្រោះ​តែ​ទូរទស្សន៍​មាន​កម្មវិធី​ចម្រុះ​សម្បូរ​បែប រាប់​ចាប់​តាំង​ពី ការ​ប្រគុំ​តន្ត្រី រឿង​ភាគ កម្មវិធី​កម្សាន្ត​ផ្សេង​ៗ និង​កម្មវិធី​ព័ត៌មាន​។ កម្មវិធីទាំង​អស់​នេះ ក៏​ដូច​ជា​អ្នក​ដែល​ធ្វើ​ការ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​​ទាំង​អស់ ត្រូវ​បាន​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ក្លា ឲ្យ​រក្សា​នូវ​ក្រម​សីលធម៌ ក៏​ដូច​ជា​សុជីវធម៌​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ?

ហេតុអ្វីសីលធម៌សំខាន់សម្រាប់ទូរទស្សន៍?
ហេតុអ្វីសីលធម៌សំខាន់សម្រាប់ទូរទស្សន៍? Internet
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា ទូរទស្សន៍​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឧបករណ៍​ឃោសនា​មហាជន​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ ដើរ​តួ​ជា​អ្នក​អប់រំ ផ្សព្វផ្សាយ និង​ផ្ដល់​ការ​កម្សាន្ត​។ ការ​ប្រើប្រាស់​ទូរទស្សន៍​ដើម្បី​បញ្ជូន​សារ​អប់រំ​ ឬ​សារ​នៃ​ការ​ឃោសនា​ផលិតផលនានា បាន​ក្លាយ​ទៅ​ជា​វប្បធម៌​ដែល​មាន​តម្លៃ​គ្រប់​សម័យ​កាល​។ តាម​រយៈ​តម្លៃ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​កម្ពុជា​ជាទូទៅ និយម​មើល​ទូរទស្សន៍ ជា​ពិសេស​ប្រជាជន​ដែល​ពុំ​មាន​លទ្ធភាព​ទទួល​ព័ត៌មាន​ឬ​ការ​កម្សាន្ត​តាម​បណ្ដាញ​អ៊ីនធឺណែត​។

សព្វ​ថ្ងៃ កម្ពុជា​មាន​ប៉ុស្តិ៍​ទូរទស្សន៍​ជិត​២០​ប៉ុស្តិ៍ ដែល​មាន​​កម្មវិធី​ចម្រុះ​សម្បូរ​បែប រាប់​ចាប់​តាំង​ពី ការ​ប្រគុំ​តន្ត្រី ការ​ប្រឡង​ចម្រៀង រឿង​ភាគ កម្មវិធី​កម្សាន្ត​ប្លែក​ៗ និង​កម្មវិធី​ព័ត៌មាន​។ កម្មវិធី​ទាំង​អស់​នេះ ត្រូវ​បាន​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ក្លា ឲ្យអ្នក​ដំណើរការ​កម្មវិធី​​រក្សា​នូវ​វិជ្ជាជីវៈ ក្រម​សីលធម៌ ក៏​ដូច​ជា​សុជីវធម៌​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។ នោះ​ក៏​ព្រោះ​តែ​ទូរទស្សន៍ត្រូវ​បាន​មើល​ដោយ​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​ នៅ​ទូទាំង​ប្រទេស រាប់​ចាប់​តាំង​ពី​អ្នក​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​ដល់​ថ្នាក់​បណ្ឌិត និង​អ្នក​ដែល​មាន​ការ​អប់រំ​តិច​តួច ឬ​មិន​បាន​ទទួល​ការ​អប់រំ​សោះ​តែ​ម្ដង​។

នៅ​ក្នុង​យុគ​សម័យ​អ៊ីនធឺណែត​ដូច​សព្វ​ថ្ងៃ អ្វី​ដែល​ផ្សព្វផ្សាយ​លើ​ទូរទស្សន៍ មិន​មែន​ស្ថិត​តែ​នៅ​លើ​ទូរទស្សន៍​ទេ​។ វា​អាច​ត្រូវ​បាន​ថត​ទុក ដើម្បី​ផ្សព្វផ្សាយ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត ទៅ​កាន់​សកល​លោក​ថែម​ទៀត​។ ក្នុង​ន័យ​នេះ អ្វី​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ទូរទស្សន៍ មាន​ឥទ្ធិពល​ធំធេង​ណាស់​​ទៅ​លើ​សង្គម​ ហើយ​ថែម​ទាំង​អាច​ឆ្លុះ​បញ្ចាំង​ពី​សង្គម​មួយ ទៅ​កាន់​ពិភពលោក​ផង​ដែរ​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទូរទស្សន៍ ទាំង​សិល្បករ ពិធីករ តារា​សម្ដែង និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ផង នៅ​តែ​មិន​ទាន់អាច​ប្រកាន់​ខ្ជាប់​នូវក្រម​សីលធម៌ ​​វិជ្ជាជីវៈ និង​​សុជីវធម៌ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ។ កន្លង​មក គេ​សង្កេត​ឃើញ​ថា អ្នក​ទាំង​នេះ នៅ​តែ​​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​និង​កាយ​វិការ​ឆ្គាំឆ្គង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​។

ពាក្យ​សម្ដី និង កាយវិការ​ឆ្គាំឆ្គង នៅ​តាម​ទូរទស្សន៍ បាន​​បង្ហាញ​គំរូ​អាក្រក់​ដល់​សង្គម ដោយ​ចំពោះ​បុគ្គល​ដែល​កំពុង​តាមដាន​តាម​តាម​កញ្ចក់​ទូរទស្សន៍​។ មិន​ត្រឹម​តែ​ប៉ុនណោះ វា​​អាច​ធ្វើ​ឲ្យ​ពិភពលោក​មើល​មក​សង្គម​កម្ពុជា ក្នុង​រូបភាព​អវិជ្ជមាន​ថែម​ទៀត​។

ជា​ការ​ពិត គេ​អាច​យល់​បាន​ថា ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដី ឬ​កាយវិការ​មួយ​ចំនួន​របស់​អ្នក​ធ្វើ​ការ​លើ​កញ្ចក់​ទូរទស្សន៍ ពេល​ខ្លះ ត្រូវ​បាន​តាំង​ចិត្ត​ប្រព្រឹត្ត​ឡើង​ដើម្បី​ជា​ការ​កម្សាន្ត ដើម្បី​ឲ្យ​អ្នក​ទស្សនា​បាន​សប្បាយ​ចិត្ត​​តែ​ប៉ុនណោះ​។ ឬ​ពេល​ខ្លះ ពាក្យ​សម្ដី​និង​កាយ​វិការ​ទាំង​នោះ មិន​មែន​កើត​ឡើង​ដោយ​ចេតនា​ឬ​ការ​ព្រៀង​ទុក​ណា​មួយ​ទេ តែ​ជា​សកម្មភាព​តប​ត​ភ្លាម​ៗ ដោយ​សារ​តែ​គ្រប់​គ្រង​ខ្លួន​ឯង​មិន​បាន។ ប៉ុន្តែ​គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា ពាក្យ​ពេចន៍​អសុរស​ទាំង​ឡាយ ឬ​កាយ​វិការ​មិន​សមរម្យ​របស់​ពួក​គេ ត្រូវ​បាន​​ផ្សាយ​យ៉ាង​ទូលំទូលាយ​ទៅ​ដល់​កញ្ចក់​ទូរទស្សន៍​របស់​ទស្សនិកជន​នៅ​ទូទាំង​ប្រទេស​។

ទាក់ទង​នឹង​ការ​និយាយ​ស្ដី ឬ​កាយវិការ​នៅ​តាម​កញ្ចក់​ទូរទស្សន៍ កន្លង​មក ក្រសួង​វប្បធម៌ ក្រសួង​ព័ត៌មាន និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ធ្លាប់​បានរៀបចំ​កម្មវិធី​ប្រជុំ​បណ្ដុះ​បណ្ដាល ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អ្នក​ធ្វើ​ការ​លើ​កញ្ចក់​ទូរទស្សន៍ កែ​តម្រូវ​កំហុស​ឆ្គង​មួយ​ចំនួន ដែល​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​​ដល់​សង្គម​។ នេះ​គឺ​ជា​កាយការ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត ជា​សកម្មភាព​ដែល​បង្ហាញ​ថា ស្ថាប័ន​ពាក់ព័ន្ធ​មិន​បាន​ព្រងើយ​កន្តើយ​នឹង​សកម្មភាព​របស់​អ្នក​ធ្វើ​ការ​លើ​កញ្ចក់​ទូរទស្សន៍​ ដែល​ជា​មុខមាត់​របស់​ប្រទេស​ជាតិ​ឡើយ​។ ប៉ុន្តែ​កម្មវិធី​ដូច្នេះ គួរ​តែ​ត្រូវ​បាន​រៀបចំ​ឲ្យ​បានម៉ត់ចត់​និង​​ញឹកញាប់ ខណៈ​ការ​រិះ​គន់​លើ​សីលធម៌ និង សុជីវធម៌ របស់​អ្នក​ធ្វើ​ការ​លើ​កញ្ចក់​ទូរទស្សន៍ នៅ​តែ​មាន​នៅ​ឡើយ​។

សរុប​មក​វិញ សីលធម៌ និង សុជីវធម៌ នៅ​លើ​កញ្ចក់​ទូរទស្សន៍ សំខាន់​ខ្លាំង​ណាស់ ព្រោះ​ទូរទស្សន៍​មាន​ឥទ្ធិពល​ធំធេង​ណាស់​លើ​សង្គម​ជាតិ​។ ពាក្យ​សម្ដី ឬ កាយ​វិការ ឆ្គាំឆ្គង គ្មាន​សីលធម៌ នឹង​ក្លាយ​ទៅ​ជា​គំរូ​មិន​ល្អ​ដល់​សង្គម។ មិន​ត្រឹម​តែ​ប៉ុនណោះ វា​ថែម​ទាំង​អាចឆ្លុះ​បញ្ចាំង​ពី​សង្គម​មួយ ទៅ​កាន់​ពិភពលោក​ផង​ដែរ​។ ក្នុង​ន័យ​នេះ ប្រសិន​បើ​អ្នក​ធ្វើ​ការ​លើ​កញ្ចក់​ទូរទស្សន៍​ខ្មែរ ប្រើ​ប្រាស់​ភាសា ឬ​សម្ដែង​កាយ​វិការ​មិន​សម​រម្យ នោះ​ពិភពលោក​នឹង​មើល​មក​ប្រជាជាតិ​កម្ពុជា​ក្នុង​រូបភាព​មិន​សមរម្យ​ដូច​គ្នា​ដែរ​។ នៅ​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ទូរទស្សន៍ដើរ​​​តួ​ជា​អ្នក​អប់រំ ផ្សព្វផ្សាយ និង​ផ្ដល់​ការ​កម្សាន្ត។ ​គុណ​តម្លៃ​ដែល​មាន​​​តាំង​ពី​ដើម​រៀង​មកទាំង​នេះ​ គួរ​តែ​ត្រូវ​បាន​រក្សា​ទុក​ឲ្យ​បាន​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ